KCB - រ៉ូម ១៣


រ៉ូម ១៣

ចុះចូលនឹងរដ្ឋអំណាច

១៣មនុស្ស​គ្រប់គ្នា​ ត្រូវចុះចូល​នឹង​រដ្ឋ​អំណាច​​ ដ្បិត​សិទ្ធិ​អំណាច​ទាំងនោះ​ មក​ពី​ព្រះជាម្ចាស់ ហើយ​សិទ្ធិ​អំណាច​ដែល​កំពុង​មាន​នេះក៏​ព្រះអង្គ​បាន​តែងតាំង​ដែរ​ ដូច្នេះអ្នក​ណា​ប្រឆាំង​នឹង​រដ្ឋអំ​ណាច​ អ្នកនោះ​ក៏​ប្រឆាំង​ បញ្ញត្ដិ​​របស់​ព្រះ​ជាម្ចាស់​ដែរ ហើយ​អ្នក​ប្រឆាំងទាំងនោះ​ នឹង​នាំ​ឲ្យខ្លួន​ឯង​​ជាប់​ទោស​ ដ្បិត​អ្នក​ធ្វើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ឡើយ ផ្ទុយទៅវិញ មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​បើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋ​អំណាច​​ទេ ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​គ្រប់គ្រង ​នឹង​សរសើរ​អ្នក​មិន​ខាន​ ព្រោះ​គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក ប៉ុន្ដែ​បើ​អ្នក​ធ្វើ​អាក្រក់ ចូរ​ភ័យ​​ខ្លាច​ចុះ ដ្បិត​គេ​មិនមែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ទេ គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់ ហើយ​ជា​អ្នក​តបស្នង​ តាម​​សេចក្ដី​ក្រោធ​ដល់​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ ដូច្នេះចូរ​ចុះចូល​ចុះ មិន​មែន​ដោយ​ខ្លាច​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ គឺ​ដោយព្រោះ​មនសិការ​ផង។​

ហេតុនេះ​ហើយ បានជា​អ្នករាល់គ្នា​ត្រូវ​បង់​ពន្ធដារ​ដែរ ព្រោះ​អ្នក​ទាំងនោះ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​បំពេញ​តួនាទី​នេះ​ ដូច្នេះ ចូរ​សង​ដល់​អ្នក​ទាំង​នោះ គឺ​ចូរ​បង់​ពន្ធដារ និង​ពន្ធអាករ​ដល់​ពួក​អ្នក ​ដែល​អ្នករាល់គ្នា​ត្រូវ​បង់ ចូរ​កោត​ខ្លាច​ពួក​អ្នក​ដែល​អ្នករាល់គ្នា​ត្រូវ​កោត​ខ្លាច ហើយ​ចូរ​គោរព​ពួក​អ្នក​ដែល​អ្នករាល់គ្នា​ត្រូវ​គោរព‍។​

ក្ដីស្រឡាញ់សម្រេចក្រឹត្យវិន័យរបស់ព្រះជាម្ចាស់

ចូរ​កុំ​ជំពាក់​អ្វី​អ្នកណា​ឡើយ ជំពាក់​តែ​សេចក្ដីស្រឡាញ់​ ​ដល់​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ ដ្បិត​អ្នក​ណាស្រឡាញ់​​អ្នក​ដទៃ អ្នក​នោះ​បាន​សម្រេច​តាម​ក្រឹត្យវិន័យ​​ហើយ​ ព្រោះ​បញ្ញត្ដិ​​ដែលថា​ កុំ​ផិតក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់ ព្រមទាំង​បញ្ញត្តិអ្វី​ផ្សេង​ទៀត​បើមាន គឺ​​ត្រូវ​បាន​សង្ខេប​ដូច​​នេះ​ថា ចូរស្រឡាញ់​​អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង‍។​ ១០សេចក្ដីស្រឡាញ់​​មិន​ដែល​ធ្វើ​អាក្រក់​ ដល់​អ្នក​ជិតខាង​ឡើយ ដូច្នេះ សេចក្ដីស្រឡាញ់​​ជា​ការ​សម្រេច​​ក្រឹត្យវិន័យ។​

១១ចូរ​ធ្វើ​ដូច្នេះ ដោយ​ដឹង​ពី​ពេល​វេលា​ចុះ​ថា ដល់​ម៉ោង​សម្រាប់​អ្នករាល់គ្នា​ត្រូវ​ភ្ញាក់​ហើយ ដ្បិត​ឥឡូវ​នេះ​សេចក្ដី​សង្គ្រោះ​របស់​យើង​ មក​ជិត​បង្កើយ​ជាង​ពេល​ដែល​យើង​ទើបតែ​បាន​ជឿ​ ១២ដ្បិត​រាត្រី​កាល​ជិត​កន្លង​ផុត​ហើយ រីឯ​ថ្ងៃ​ក៏​ជិត​មក​ដល់​​ដែរ ដូច្នេះចូរ​យើង​បោះបង់​ចោល​ អំពើ​នៃ​សេចក្ដី​ងងឹតទាំងឡាយ​​ ហើយ​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​វិញ។ ១៣​ចូរ​យើង​រស់នៅតាម​បែប​ត្រឹមត្រូវ ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ គឺ​មិន​​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​​ មិន​ប្រ​ព្រឹត្ដ​​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ ល្មោភ​កាម ឈ្លោះ​ប្រកែក ឬ​ច្រណែន​​គ្នា​ឡើយ​ ១៤គឺ​ចូរ​ប្រដាប់​ខ្លួន ​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ ហើយ​កុំ​គិត​តែ​​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់​ឈាម​ឡើយ។

រ៉ូម ១៣