KCB - រ៉ូម ១


រ៉ូម ១

រ៉ូម

ពាក្យជម្រាប​សួរពីលោកប៉ូល

ខ្ញុំ​ ប៉ូល ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ ​និងជា​សាវក​​ម្នាក់​ដែល​ត្រូវ​បាន​ត្រាស់​ហៅ ព្រមទាំង​ញែក​ចេញ​ សម្រាប់​ដំណឹង​​ល្អ​របស់​ព្រះជាម្ចាស់​ ដែល​បាន​សន្យា​ពីមុន​មក​តាម​រយៈ​ពួក​អ្នកនាំ​ព្រះបន្ទូល​​​របស់​ព្រះអង្គនៅ​​ក្នុង​បទគម្ពីរ​​បរិសុទ្ធ​​​ អំពី​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ ដែលខាងឯ​​សាច់ឈាម​ បាន​ប្រសូត​ពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​បុត្រា​របស់ព្រះជាម្ចាស់​ ដោយ​ព្រះ​ចេស្ដា​​របស់ព្រះវិញ្ញាណ នៃ​សេចក្ដី​បរិសុទ្ធ​បាន​រស់​ពី​ការ​សោយទិវង្គត​​ឡើង​វិញ គឺ​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង ដែល​យើង​បាន​ទទួល​ព្រះគុណ និង​តួនាទី​ជាសាវក​ដើម្បី​ឲ្យ​

គ្រប់​ជនជាតិ​​ បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ ​សម្រាប់​ព្រះ​នាម​របស់ព្រះអង្គ។​

​អ្នករាល់គ្នា​ ក៏​នៅ​ក្នុងចំណោម​ពួកអ្នក​ដែល​ព្រះយេស៊ូ​គ្រិស្ដ​បាន​ត្រាស់​ហៅ​ដែរ‍។​ ជូន​ចំពោះ​បងប្អូន​​ជា​ទីស្រឡាញ់​ទាំងអស់​នៅ​ក្នុង​ព្រះជាម្ចាស់​​ ដែល​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​ពួក​​បរិសុទ្ធ នៅ​ក្រុង​ រ៉ូម។​ សូម​​ឲ្យព្រះជាម្ចាស់​ជា​ព្រះវរ​បិតារបស់​យើង​ ​និង​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​​ប្រទាន​​ព្រះគុណ និង​សេចក្ដី​​សុខសាន្ត​​ដល់​​​​អ្នករាល់គ្នា។​

លោកប៉ូលចង់មកសួរសុខទុក្ខ​ក្រុម​ជំនុំនៅក្រុងរ៉ូម

ជា​បឋម ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់របស់​ខ្ញុំ​ ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដសម្រាប់​អ្នក​ទាំងអស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី ជំនឿ​របស់​អ្នករាល់គ្នា​ពាសពេញ​ពិភព​លោក​ ហើយ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​​ដំណឹង​ល្អ​អំពី​ព្រះរាជបុត្រា​របស់​ព្រះអង្គ ជា​សាក្សី​របស់​​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​​អ្នករាល់គ្នា​ ​១០ជានិច្ច​នៅ​ក្នុង​​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ដោយ​ទូល​សូម​​ឲ្យ​ម្ដង​នេះ​ ខ្ញុំ​អាច​​មក​លេង​អ្នករាល់គ្នា​បាននៅ​ទីបំផុត ​ដោយ​វិធី​ណា​មួយ តាម​បំណង​របស់​ ព្រះជាម្ចាស់។​

១១ដ្បិត​ខ្ញុំ​ទន្ទឹងរង់​ចាំ​ ជួប​អ្នករាល់គ្នា ដើម្បី​​ចែក​​អំណោយទាន​ខាង​វិញ្ញាណ​ខ្លះដល់​អ្នករាល់គ្នា​ ដើម្បី​​ឲ្យ​អ្នករាល់គ្នា​បាន​រឹងមាំ​ ១២គឺ​ឲ្យ​យើង​បាន​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ ពេល​នៅ​ជាមួយ​​គ្នា​ តាមរយៈ​ជំនឿ​របស់​យើង​ម្នាក់ៗ គឺ​ទាំងជំនឿ​របស់​អ្នករាល់គ្នា​ និង​របស់ខ្ញុំ។​

១៣បងប្អូន​អើយ​ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​មាន​គម្រោង​មក​លេង​បងប្អូនច្រើនដង​មកហើយដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​ខ្ញុំ​ធ្លាប់​បានទទួល​ ​នៅក្នុង​ចំណោម​​ជនជាតិ​ផ្សេង​ទៀត​ដែរ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​បាន​រារាំងរហូត​ដល់​ពេល​នេះ។

១៤ខ្ញុំ​ជំពាក់​ទាំង​​ជនជាតិ​ក្រេក​ និងជន​ជាតិ​ដទៃ​ទៀត​ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ល្ងង់ខ្លៅ ​១៥ដូច្នេះ​ខ្ញុំ​ក៏​​ចង់​ប្រកាស​ដំណឹងល្អ​ដល់​អ្នករាល់គ្នា​ ដែល​នៅ​ក្រុង​​រ៉ូម​ខ្លាំង​ណាស់​​ដែរ។​

១៦គឺ​ខ្ញុំ​ មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ ព្រោះ​​ជា ​​ព្រះ​ចេស្ដា​​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ជឿ មុន​ដំបូង​ជនជាតិ​យូដា បន្ទាប់​មក​​ជនជាតិក្រេក​​ ១៧ដ្បិត​នៅ​ក្នុង​ដំណឹងល្អ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើក​សំដែង​​​​ដោយសារ​​ជំនឿ​ ហើយ​ឲ្យ​​ជំនឿ​នោះ​ចម្រើន​​ច្រើន​ឡើង​ ដូច​មាន​ចែង​ទុក​ថា៖ «មនុស្ស​សុចរិត​នឹង​រស់​ដោយ​​ជំនឿ‍»។

ព្រះជាម្ចាស់ក្រោធ​នឹង​បាប

១៨សេចក្ដី​ក្រោធ​ របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌ ​មក​ទាស់​នឹង​គ្រប់​ទាំង​ ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង ​​សេចក្ដី​​ទុច្ចរិត​របស់​មនុស្សដែល​កំពុង​បង្ខាំង​សេចក្តី​ពិតក្នុង​សេចក្ដីទុច្ចរិត​ ១៩ព្រោះ​អ្វី​ដែល​អាច​ ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​បាន គឺ​បាន​បង្ហាញ​នៅក្នុង​ចំណោម​ពួកគេ​​ហើយ ដ្បិត​ព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ។ ២០តាំងពី​កំណើត​ពិភព​លោក​មក​ ​លក្ខណៈ​របស់​ព្រះអង្គ​ដែល​​មិន​អាច​មើលឃើញ​ ​គឺ​​​ព្រះចេស្ដា​ដ៏​អស់កល្ប និង​​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

២១​ទោះជា​ ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ ក៏​មិន​តម្កើងព្រះអង្គ ជា​ព្រះជាម្ចាស់​​ ឬ​អរ​ព្រះគុណ​ព្រះអង្គ​ដែរ ផ្ទុយទៅវិញ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ ហើយ​ចិត្ត​ល្ងង់ខ្លៅ​​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​ ២២ពួកគេ​អះអាង​ថា​ ខ្លួនឯង​មាន​ប្រាជ្ញា ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​ ២៣ព្រោះ​ពួកគេ​បាន​​ដូរ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ ដែល​មិន​ចេះ​ស្លាប់​ យក​​រូប​សំណាករបស់​មនុស្ស ​ដែល​ពុក​រលួយ ព្រម​ទាំង​សត្វស្លាប សត្វ​ជើងបួន និង​សត្វ​លូន​វារ​​មក​ជំនួស​វិញ។

២៤ដូច្នេះ​ហើយ​ បានជា​ព្រះជាម្ចាស់​បណ្តោយ​ពួកគេ​ ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក​​ទៅ​តាម​ចំណង់​​តណ្ហា​របស់​ពួកគេ ដែល​​ប្រមាថ​រូបកាយ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។​ ២៥ពួកគេ​បាន​ដូរ​សេចក្តី​ពិត​របស់​​ព្រះជាម្ចាស់​ យក​​សេចក្ដី​ភូតភរ​ ហើយ​បាន​ថ្វាយបង្គំ​ និង​បម្រើ​អ្វីៗ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ ជា​ជាង​ព្រះ​ដែល​បាន​បង្កើត​ និង​​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់​កល្ប​ជានិច្ច​ អាម៉ែន។​

២៦ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្តោយ​ពួកគេ​ ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប សូម្បីតែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា ​ទៅ​ជា​ខុស​ធម្មតា​ ២៧ឯពួក​ប្រុសៗ​ក៏​ដូច្នោះ​ដែរ ពួកគេ​បោះ​​បង់​ការ​រួមភេទ​តាម​ធម្មតា​ជាមួយ​​មនុស្ស​ស្រី ហើយ​បែរជា​ពុះកញ្ជ្រោល​ក្នុង​ការ​ស្រើបស្រាល​ជាមួយ​ប្រុសដូចគ្នា។ ​ពួកគេ​បាន​ប្រព្រឹត្ដយ៉ាង​អាក្រក់​ គឺ​ប្រុស​ជាមួយ​ប្រុស ហើយ​ពួកគេ​បាន​ទទួល​ការ​តប​ស្នង​ចំពោះ​ពួកគេ​វិញ​ យ៉ាង​សក្ដិសម​នឹង​កំហុស​របស់​ខ្លួន។​

២៨​ដោយ​ព្រោះ​ ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ ព្រះអង្គ​ក៏​បណ្តោយ​ពួកគេ​ ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​ ២៩ដូច្នេះ​ ពួកគេ​ពេញ​ដោយ ​សេចក្ដី​ទុច្ចរិត​គ្រប់​បែបយ៉ាង ​សេចក្ដី​អាក្រក់ សេចក្ដី​លោភលន់ និង​សេចក្ដី​កំណាច ហើយ​ពេញ​ដោយ​សេចក្ដី​ឈ្នានីស​​ ការ​កាប់​សម្លាប់ ការ​ឈ្លោះ​ប្រកែក ល្បិចកល និង​គំនិត​ព្យាបាទ‍ទៀត​ផង។ ពួកគេ​ជា​មនុស្ស​និយាយដើម​គេ​ ​៣០មនុស្ស​និយាយបង្ខូច​គេ​​ ​មនុស្ស​ស្អប់​ព្រះជាម្ចាស់ មនុស្ស​ព្រហើន មនុស្ស​ក្អេងក្អាង មនុស្ស​អួត មនុស្ស​បង្កើត​ការ​​អាក្រក់ មនុស្ស​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ ៣១មនុស្ស​មិន​ដឹង​ខុសត្រូវ មនុស្ស​មិន​ស្មោះត្រង់ មនុស្ស​គ្មាន​សេចក្ដី​ស្រឡាញ់​​ មនុស្ស​គ្មានសេចក្ដី​មេត្ដា។ ៣២​ពួកគេ​ដឹង​​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ​ សម​នឹង​ស្លាប់ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ពេញចិត្ដ​នឹងពួក​អ្នក ​ដែល​ប្រព្រឹត្ត​​​អំពើ​ទាំង​នោះ​ទៀត​ផង។

រ៉ូម ១