វិវរណៈ ៧
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់នឹងត្រូវរក្សាទុក
៧ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញ ទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បី កុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។ ២បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀត ឡើងមកពីទិសខាងកើត ទាំងមានត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតាទាំងបួនរូបដែលបានទទួលអំណាចឲ្យធ្វើទុក្ខផែនដី និងសមុទ្រ ៣ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។
៤ខ្ញុំក៏ឮចំនួនពួកអ្នក ដែលត្រូវបានបោះត្រានោះ គឺមានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃពួកកូនចៅអ៊ីស្រាអែលដែលបានបោះត្រា។ ៥ពីកុលសម្ព័ន្ធយូដា មានមួយម៉ឺនពីរពាន់នាក់បានបោះត្រា ហើយពីកុលសម្ព័ន្ធរូបេន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធកាដ មានមួយម៉ឺនពីរពាន់នាក់ ៦ពីកុលសម្ព័ន្ធអេស៊ើរ មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធណែបថាលី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធម៉ាណាសេ មានមួយម៉ឺនពីរពាន់នាក់ ៧ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់ ៨ពីកុលសម្ព័ន្ធសាប់យ៉ូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់។
មនុស្សគ្រប់ក្រុមនៅក្នុងពិភពលោកសរសើរតម្កើងព្រះជាម្ចាស់
៩ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញមនុស្សយ៉ាងច្រើនសន្ធឹក ដែលគ្មានអ្នកណាអាចរាប់បានឡើយ អ្នកទាំងនោះមកពីគ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅនឹងដៃរបស់ពួកគេផង ១០ពួកគេបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «សេចក្ដីសង្គ្រោះស្រេចលើព្រះជាម្ចាស់របស់យើង ដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម» ១១នោះទេវតាទាំងអស់ ដែលឈរជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាប ផ្កាប់មុខចុះនៅពីមុខបល្ល័ង្ក ហើយថ្វាយបង្គំព្រះជាម្ចាស់ ១២ទាំងនិយាយថា៖ «អាម៉ែន! សូមឲ្យព្រះជាម្ចាស់របស់យើង បានប្រកបដោយព្រះពរ សិរីរុងរឿង ប្រាជ្ញា ការអរព្រះគុណ កិត្តិយស អំណាច និងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ច អាម៉ែន!» ១៣មានចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវសវែងទាំងនេះ ជានរណា ហើយមកពីណា?» ១៤នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្តីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យស ដោយសារឈាមរបស់កូនចៀម។ ១៥ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ក របស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គ ទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គ លើពួកគេ។ ១៦ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ក៏មិនត្រូវថ្ងៃចាំង ឬត្រូវកម្ដៅណាទៀតដែរ ១៧ដ្បិតកូនចៀមដែលនៅកណ្តាលបល្ល័ង្កនោះ ព្រះអង្គនឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកជីវិត ហើយព្រះជាម្ចាស់ នឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ»។