វិវរណៈ ៦
កូនចៀមបកត្រាប្រាំមួយដំបូង
៦ពេលកូនចៀម បកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោម សត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!» ២ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។
៣ពេលកូនចៀមបកត្រាទីពីរ នោះខ្ញុំឮសត្វមានជីវិតទីពីរនិយាយថា៖ «ចូរមក!» ៤នោះមាន សេះមួយទៀតមក មានសម្បុរក្រហម ហើយអ្នកជិះនៅលើវាបានទទួលអំណាច ដកយកសេចក្តី សុខសាន្តចេញពីផែនដី និងធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយគាត់បានទទួលដាវមួយយ៉ាងធំ។
៥ពេលកូនចៀមបកត្រាទីបី នោះខ្ញុំឮសត្វមានជីវិត ទីបីនិយាយថា៖ «ចូរមក!» ខ្ញុំក៏ឃើញសេះខ្មៅមួយមក ហើយអ្នកជិះនៅលើវា កាន់ជញ្ជីងមួយនៅក្នុងដៃ ៦ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ នៅកណ្តាលសត្វមានជីវិតទាំងបួននិយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិ ក៏ថ្លៃមួយឌេណារីដែរ ប៉ុន្ដែកុំធ្វើឲ្យប្រេង និងស្រាទំពាំងបាយជូរខូចឡើយ!»។
៧ពេលកូនចៀមបកត្រាទីបួន នោះខ្ញុំបានឮសំឡេង សត្វមានជីវិតទីបួននិយាយថា៖ «ចូរមក!» ៨ខ្ញុំក៏ឃើញសេះមួយ សម្បុរស្លេកស្លាំង ហើយអ្នកជិះនៅលើវាឈ្មោះសេចក្ដីស្លាប់ ហើយ ស្ថាននរកបានមកតាមក្រោយអ្នកនោះ។សេចក្ដីស្លាប់ និងស្ថាននរកបានទទួលសិទ្ធិអំណាច លើផែនដីមួយភាគបួនដើម្បីសម្លាប់ដោយដាវ ដោយគ្រោះអត់ឃ្លាន ដោយជំងឺអាសន្នរោគ និងដោយ សត្វសាហាវនៅលើផែនដី។
៩ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយ មានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្តីបន្ទាល់ ដែលពួកគេបានប្រកាន់យក ១០អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្តិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះ ពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹក ឲ្យឈាមរបស់យើង?» ១១ពួកគេម្នាក់ៗ បានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្តិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេ ដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។
១២ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម ១៣រីឯផ្កាយលើមេឃក៏ធ្លាក់ចុះមកផែនដី ដូចជាផ្លែល្វាខ្ចីៗ ជ្រុះពីដើមដោយត្រូវខ្យល់ធំបក់ប៉ះ ១៤ហើយផ្ទែមេឃបានបាត់ទៅ ដូចជាគេមូរអត្ថបទគម្ពីរទុក ហើយគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានរើចេញពីកន្លែងរបស់វាដែរ។ ១៥នោះពួកស្តេចនៅផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ និងពួកបាវបម្រើ ព្រមទាំងពួកអ្នកជាទាំងឡាយបានលាក់ខ្លួននៅក្នុងរអាងភ្នំនិងនៅតាមក្រហែងថ្មភ្នំ ១៦ទាំងនិយាយទៅភ្នំ និងថ្មថា៖ «ចូរធ្លាក់មកលើយើង ហើយបំបាំងយើងពីព្រះភក្រ្តរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមចុះ ១៧ដ្បិតថ្ងៃដ៏អស្ចារ្យនៃសេចក្ដីក្រោធរបស់ព្រះអង្គនិងរបស់កូនចៀមបានមកដល់ហើយ តើអ្នកណាអាចទ្រាំបាន?»