KCB - វិវរណៈ ៥


វិវរណៈ ៥

កូនចៀមបើកក្រាំង

បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​ នៅ​ក្នុង​ព្រះហស្ដ​​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក សៀវភៅ​​នោះ​មាន​សរសេរអក្សរ​ទាំងក្នុងទាំង​​ក្រៅ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។ ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​​ខ្លាំង​ពូកែមួយ​រូប​​ ប្រកាស​ដោយ​សំឡេង​ខ្លាំង‍ៗថា៖ «តើ​អ្នក​ណា​ស័ក្តិសម​នឹង​បើក​សៀវភៅ​នេះ និង​បកត្រា​ទាំង​នេះ​​បាន?» ប៉ុន្ដែ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​នៅ​ស្ថានសួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី អាច​បើក​ ឬ​មើលសៀវភៅ​នោះ​បាន​ឡើយ។

​ពេល​នោះ ខ្ញុំ​យំ​យ៉ាង​ខ្លាំង ព្រោះ​មិន​ឃើញ​​​អ្នក​ណា​ម្នាក់​ស័ក្តិសម​នឹង​បើក​ ឬ​មើល​សៀវភៅ​​នោះ​​​ឡើយ​ ​រួច​មាន​ចាស់​ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា​៖ «កុំ​យំ​អី មើល៍ តោ​ដែល​ចេញ​ពី​កុលសម្ព័ន្ធ​យូដា ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ ព្រះអង្គ​មាន​ជ័យ​ជម្នះ​ ​ព្រះអង្គ​អាចបើកសៀវភៅ និង​បកត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។

​ខ្ញុំ​ឃើញ​កូន​ចៀម​មួយ ដែល​មើលទៅដូចជាគេសម្លាប់រួចហើយ ​​កំពុង​ឈរ​នៅ​​រវាង​បល្ល័ង្ក និង​សត្វ​មាន​ជីវិត​ទាំង​បួន ព្រមទាំង​នៅ​កណ្ដាល​​​ពួកចាស់ទុំទាំងឡាយ​ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាស​ពេញ​លើ​ផែនដី។​ កូន​ចៀម​នោះ​ ក៏​​មក​យក​សៀវភៅ​ពី​ព្រះហស្ត​​ស្តាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ ពេល​​កូន​ចៀម​​មក​យក​សៀវភៅ​នោះ ​សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួននាក់​ក៏​ក្រាប​ចុះ​នៅ​ពី​​មុខ​កូន​ចៀមនោះ​ ម្នាក់​ៗ​មាន​កាន់​ពិណ​មួយ និង​ពាន​មាស​ពេញទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។ ​អ្នក​ទាំង​នោះ​ ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ «ព្រះអង្គ​ស័ក្តិសម​ នឹង​យក​សៀវភៅ​នេះ និង​បក​ត្រា​នៅលើសៀវភៅ​​នេះ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុល​សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​ សម្រាប់​​ព្រះជាម្ចាស់ ដោយសារ​ឈាម​របស់​ព្រះអង្គ ១០និង​​បានធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ជា​​នគរមួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​​ ព្រះជាម្ចាស់​នៃ​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​សោយ​រាជ្យ​លើ​ផែនដី»។

១១នោះ​ខ្ញុំ​ឃើញ ហើយ​ឮសំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ​សត្វ​មាន​ជីវិត និង​​ពួក​ចាស់​ទុំ រីឯ​ចំនួន​​ទេវតា​ទាំង​នោះ​មានរាប់ពាន់​រាប់​ម៉ឺន​ ១២នាំគ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង‍ៗ​ថា​​​​​​​​​​​៖ «កូន​ចៀម​ដែល​គេ​បាន​សម្លាប់នោះ​ ស័ក្តិសម​នឹង​ទទួល​អំណាច ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ​ឫទ្ធិ កិត្តិយស សិរីរុងរឿង​ និង​ព្រះ​ពរ»។

១៣​នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​ជីវិត ​ដែល​បាន​បង្កើត​មកដែល​​នៅ​ស្ថានសួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី និង​​នៅ​ក្នុង​សមុទ្រ ព្រមទាំង​អ្វី​ៗទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា​៖ «សូមឲ្យព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​កូន​ចៀម​បាន​ប្រកប​ដោយ​ព្រះ​ពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្តា​ រហូតអស់កល្ប​ជានិច្ច»។​

១៤រីឯ​​សត្វ​មាន​ជីវិត​ទាំង​បួនក៏​និយាយ​ថា​៖​ «អាម៉ែន​!» នោះ​ពួក​ចាស់​ទុំ​ក៏​ក្រាប​​ថ្វាយបង្គំ។

វិវរណៈ ៥