វិវរណៈ ៤
ការថ្វាយបង្គំនៅស្ថានសួគ៌
៤ក្រោយការទាំងអស់នេះ ខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នក ឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើង ក្រោយការទាំងអស់នេះ»។ ២រំពេចនោះ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយមើល៍ មានបល្ល័ង្កមួយតាំងនៅស្ថានសួគ៌ ក៏មានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ ៣ហើយព្រះអង្គដែលគង់នៅលើបល័ង្កនោះ មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឥន្ទធនូ នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ដែលមើលទៅដូចជាត្បូងមរកត។ ៤នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។ ៥មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ ចេញពីបល្ល័ង្កនោះ ហើយមានចង្កៀង ប្រាំពីរកំពុងឆេះនៅពីមុខបល្ល័ង្កនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ ៦នៅពីមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវដែលដូចជាកែវចរណៃ ហើយនៅកណ្តាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួន ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។ ៧សត្វមានជីវិតទីមួយដូចជាតោ សត្វមានជីវិតទីពីរដូចជាកូនគោ សត្វមានជីវិតទីបី មានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួន ដូចជាឥន្ទ្រីដែលកំពុងហើរ។ ៨សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ក៏មានភ្នែកពេញនៅជុំវិញខ្លួន និងនៅខាងក្នុងខ្លួនដែរ ក៏ពោលពាក្យឥតឈប់ទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។ ៩ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្តិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គ ដែលមានព្រះជន្មរស់អស់កល្បជានិច្ច ១០នោះពួកចាស់ទុំទាំងម្ភៃបួននាក់ ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គ ដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖ ១១«ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គស័ក្តិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងអំណាច ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយអ្វីៗទាំងអស់សុទ្ធតែកើតមក និងស្ថិតស្ថេរដោយសារបំណងរបស់ព្រះអង្គ»។