KCB - វិវរណៈ ២២


វិវរណៈ ២២

ទន្លេទឹកជីវិត

២២បន្ទាប់មក ទេវតា​នោះ​បាន​​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ ថ្លា​ដូចជា​កែវចរណៃ​​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូនចៀម​ មក​​តាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុងនោះ​ គឺ​ចំកណ្ដាល​ផ្លូវ​ ហើយនៅ​​សង​ខាង​ទន្លេមាន​ដើម​​ជីវិត​ ដែល​មាន​ផ្លែ​ដប់ពីរ គឺ​​ឲ្យ​ផល​​រៀងរាល់​ខែ រីឯ​ស្លឹក​របស់​ដើមឈើ​នោះ​​ សម្រាប់​ប្រោស​​ជន​ជាតិទាំង​ឡាយ​​ឲ្យ​​បាន​ជា។

​គ្រប់​ទាំង​បណ្ដាសាលែង​មាន​នៅ​ក្នុង​ក្រុង​នោះ​ទៀតហើយ គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូនចៀម​​ប៉ុណ្ណោះនៅ​ក្នុង​ក្រុងនោះ​ ហើយ​ពួក​បាវ​បម្រើ​របស់​ព្រះអង្គ​ នឹង​​បម្រើ​ព្រះអង្គ។ ​ពួកគេ​នឹង​ឃើញ​ព្រះភក្ដ្រ​​​​​របស់​ព្រះអង្គ ហើយ​ព្រះនាម​របស់​ព្រះអង្គ នឹង​នៅ​លើ​ថ្ងាស​របស់​ពួកគេ។ ​ក្រុង​នោះ ​​លែង​មាន​យប់​ទៀត​ហើយ ពួកគេ​​មិន​ត្រូវការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ដួងអាទិត្យ​ទៀតឡើយ​​ ព្រោះ​ព្រះអម្ចាស់​ដ៏ជា​ព្រះនឹងបំភ្លឺ​ពួកគេ​ ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជា​និច្ច។

ទេវតា​នោះ ​ក៏​និយាយ​មក​ខ្ញុំ​ថា​៖ «ពាក្យ​ទាំងនេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​​គួរ​ឲ្យ​ជឿ»។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់ពួក​អ្នក​នាំ​ព្រះបន្ទូល​ បាន​ចាត់​ទេវតា​របស់​ព្រះអង្គ មក​បង្ហាញ​ពួក​បាវ​​បម្រើ​របស់​ព្រះអង្គ​ ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត ​ឡើង​ឆាប់ៗនេះ។

ព្រះយេស៊ូ​​យាងមក

​«មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។ មាន​ពរ​ហើយ អ្នកណា​ដែល​កាន់​តាមព្រះបន្ទូល​ ដែល​បាន​​ថ្លែង​​ទុក​នៅ​ក្នុង​​សៀវភៅ​នេះ»។​

ខ្ញុំ​យ៉ូហាន​ ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ ហើយ​ពេល​ដែល​ខ្ញុំបាន​​ឮ និងបាន​​​ឃើញ ខ្ញុំ​ក៏​ក្រាប​ចុះនៅ​ទៀប​ជើងរបស់​​ទេវតា​ដែល​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ហេតុការណ៍​ទាំង​នេះ ដើម្បី​​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​​និយាយ​មក​ខ្ញុំ​ថា​៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ក៏​ជា​បាវ​បម្រើ​រួម​ការងារ​ជាមួយ​អ្នក និង​រួម​ជា​មួយ​ពួក​អ្នក​នាំ​ព្រះបន្ទូល ដែល​ជា​បងប្អូន​របស់​អ្នក ​ព្រមទាំង​រួម​ជាមួយ​​អស់​អ្នក​ដែល​កាន់​តាមព្រះបន្ទូល​នៅ​​ក្នុង​សៀវភៅ​នេះ​ដែរ ចូរ​​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។ ១០ទេវតា​នោះ​​ក៏និយាយ​មក​​ខ្ញុំទៀត​ថា​៖ «ចូរ​កុំ​បំបិទ​​​ព្រះបន្ទូលដែល​បាន​ថ្លែង​ទុក​​នៅក្នុង​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេល​កំណត់​​​ជិត​មក​ដល់​ហើយ។ ១១​អ្នក​ណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ អ្នកណា​​ដែល​ស្មោក​គ្រោក ចូរឲ្យ​អ្នក​នោះ​​នៅ​តែ​ស្មោក​គ្រោក​ចុះ​ រីឯ​អ្នក​ណា​ដែល​សុចរិត ចូរ​ឲ្យ​អ្នក​នោះនៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិតចុះ​ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​​បរិសុទ្ធ​ចុះ»។​

១២«មើល៍ ​យើង​នឹង​មក​យ៉ាង​ឆាប់ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយផង​ ដើម្បី​​​ប្រគល់​ឲ្យ​ម្នាក់​ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​​ខ្លួន។ ​១៣យើង​​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​មុនគេ​​ និង​ជា​ក្រោយ​គេ​ ហើយ​ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត»។

១៤​មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវវែង​របស់​ខ្លួន​ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិលើ​​ដើម​ជីវិត​ និង​​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។ ១៥នៅខាងក្រៅ​ក្រុង​ ​ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម ​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួកឃាតក​ ​ពួក​ថ្វាយបង្គំ​រូបព្រះ និង​ពួក​អ្នក​ដែលស្រឡាញ់​​​សេចក្តីភូតភរ​ ​ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។

១៦​«យើង​ជា​យេស៊ូ​ យើង​បាន​ចាត់​ទេវតា​របស់​យើង​ឲ្យ​មក​ធ្វើ​បន្ទាល់​​សេចក្ដី​ទាំងនេះ បា្រប់​អ្នករាល់​គ្នា​អំពី​ក្រុមជំនុំទាំង​ឡាយ​ ហើយ​យើង​ជា​ពន្លក​ ​ជា​ពូជ​របស់​ដាវីឌ និង​ ជា​ផ្កាយ​ពឹ្រក​ដ៏​ភ្លឺ​ចិញ្ចែង»។

១៧​ព្រះវិញ្ញាណ និង​កូន​ក្រមុំ​និយាយ​​​ថា​៖​ «សូម​យាង​មក» ហើយ​អ្នក​ណា​ដែល​ឮ ចូរ​ឲ្យ​អ្នក​នោះ​និយាយ​​ថា​៖ «សូម​យាង​មក»។ អ្នក​ណា​ដែល​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក អ្នក​ណា​ដែល​ចង់​បាន​ ចូរ​ឲ្យ​អ្នក​នោះ​ ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​​ចុះ។​ ១៨ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ដែលបាន​​​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ថា​ បើ​អ្នកណា​បន្ថែម​អ្វី​​ទៅ​ក្នុង​សេចក្ដី​ទាំងនេះ ព្រះជាម្ចាស់​ នឹង​បន្ថែម​គ្រោះ​កាចដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ ១៩​ហើយ​បើ​អ្នកណា​ដកយក​​អ្វី​​ចេញ​ពី​ព្រះបន្ទូល​ ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​​នេះ ព្រះជាម្ចាស់​នឹង​ដក​យក​ចំណែក​របស់អ្នក​នោះ ​​ចេញ​ពី​ដើមជីវិត និង​ពី​ក្រុង​បរិសុទ្ធ​ ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។​ ២០ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំងនេះ​ មាន​បន្ទូល​ថា​៖ «មែន​ហើយ យើង​នឹង​មក​យ៉ាង​​ឆាប់»។ ​អាម៉ែន ​ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។ ២១សូមឲ្យ​ព្រះគុណ​របស់​ព្រះ​​យេស៊ូ​ស្ថិត​នៅ​ជា​មួយ​អ្នកទាំង​អស់​គ្នា។ អាម៉ែន​៕

វិវរណៈ ២២