វិវរណៈ ២១
ក្រុងយេរូសាឡិមថ្មី
២១បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានបាត់ទៅ ក៏គ្មានសមុទ្រទៀតឡើយ ២ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។
៣ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្ស ហើយព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេពួកគេ នឹងធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់ នឹងនៅជាមួយពួកគេ ៤ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។
៥ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ «មើល៍ យើងធ្វើអ្វីៗទាំងអស់ជាថ្មី»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។ ៦បន្ទាប់មកព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិតដោយឥតគិតថ្លៃ។៧អ្នកណាមានជ័យជម្នះ នឹងទទួលបានសេចក្ដីទាំងនេះជាមរតក យើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ៨ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។
៩បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពានទាំងប្រាំពីរ ពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមក ហើយនិយាយមកខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំដែលជាប្រពន្ធរបស់កូនចៀម»។
១០ទេវតានោះ ក៏នាំខ្ញុំទៅលើភ្នំមួយយ៉ាងធំ ហើយខ្ពស់ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ១១ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃ គឺដូចជាត្បូងមណីជោតិរស ថ្លាដូចកែវចរណៃ។ ១២ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារដប់ពីរ ហើយនៅទ្វារទាំងនោះមានទេវតាដប់ពីររូប រួចនៅលើទ្វារទាំងនោះមានសរសេរឈ្មោះ ដែលជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់ពួកកូនចៅអ៊ីស្រាអែល។១៣នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី និងទិសខាងលិចមានទ្វារបី។ ១៤រីឯកំផែងរបស់ក្រុងនោះ មានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះ មានឈ្មោះទាំងដប់ពីរ របស់សាវកទាំងដប់ពីររបស់កូនចៀម។
១៥ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយ ជារង្វាស់សម្រាប់វាស់ក្រុងទ្វារ និងកំផែងក្រុង។ ១៦ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះ ឃើញមានមួយម៉ឺនពីរពាន់ស្តេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។ ១៧ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានមួយរយសែសិបបួនហត្ថ តាមរង្វាស់របស់មនុស្សដែលទេវតាប្រើ។
១៨កំផែងក្រុងធ្វើពីត្បូងមណីជោតិរសហើយក្រុងនោះធ្វើពីមាសសុទ្ធ ដែលថ្លាដូចកែវសុទ្ធ។ ១៩គ្រឹះរបស់កំផែងក្រុងនោះ តុបតែងដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ គ្រឹះទីមួយគឺជាត្បូងមណីជោតិរសទីពីរគឺជាត្បូងកណ្ដៀង ទីបីគឺជាត្បូងមោរ៉ា ទីបួនគឺជាត្បូងមរកត ២០ទីប្រាំគឺជាត្បូងសាមស៊ី ទីប្រាំមួយគឺជាត្បូងពិទាយ ទីប្រាំពីរគឺជាត្បូងប៊ុតលឿងទីប្រាំបីគឺជាត្បូងបេរីល ទីប្រាំបួនគឺជាត្បូងទោប៉ាត់ ទីដប់គឺជាត្បូងយក់ ទីដប់មួយគឺជាត្បូងនិល ទីដប់ពីរគឺជាត្បូងត្របែក។ ២១ទ្វារទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវរបស់ក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវ។
២២ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀម គឺជាព្រះវិហាររបស់ក្រុងនោះ។ ២៣ក្រុងនោះមិនត្រូវការដួងអាទិត្យ ឬលោកខែដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបំភ្លឺក្រុងនោះហើយ រីឯកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។ ២៤ជនជាតិទាំងឡាយនឹងដើរនៅក្នុងពន្លឺរបស់ក្រុងនោះ ហើយពួកស្ដេចនៅលើផែនដីក៏នាំយកសិរីរុងរឿងរបស់ខ្លួនមកក្នុងក្រុងនោះដែរ ២៥ហើយទ្វារក្រុងនោះមិនដែលបិទឡើយនៅពេលថ្ងៃ ដ្បិតនៅទីនោះគ្មានយប់ទេ ២៦ពួកគេនឹងនាំយកសិរីរុងរឿង និងកិត្តិយសរបស់ជនជាតិទាំងឡាយមកក្នុងក្រុងនោះ ២៧ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រពឹ្រត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរ មិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នក ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត របស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។