KCB - វិវរណៈ ២០


វិវរណៈ ២០

រាជ្យមួយពាន់ឆ្នាំ

២០បន្ទាប់​មក​ ខ្ញុំ​បានឃើញ​ទេវតា​ មួយរូប​ចុះ​ពី​លើមេឃ​មក​ ទាំង​កាន់​កូនសោ​ទី​ជម្រៅ​ និង​ច្រវាក់​​យ៉ាង​ធំ​នៅ​ក្នុង​ដៃ ​ទេវតានោះ​ក៏​ចាប់​នាគ​នោះ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជាមេ​អារក្សផង ​និង​​ជាសាតាំង​ផង ហើយ​ចង​វា​ទុក​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ រួច​បោះ​វា​​ទៅ​ក្នុងទី​ជម្រៅ​​ ​ចាក់សោរ ​ហើយ​បោះ​ត្រា​ពី​លើវា ដើម្បី​កុំ​ឲ្យ​វាបោក​បញ្ឆោត​ជនជាតិ​ទាំងឡាយទៀត​ រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ ​​ប៉ុន្ដែក្រោយ ​ពីហេតុការណ៍ទាំង​នោះ​ វានឹងត្រូវ​ដោះ​លែងមួយ​រយៈ​ពេល​ខ្លី។

​ខ្ញុំ​បានឃើញ​បល្ល័ង្ក​ជា​ច្រើន ​ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។ ខ្ញុំ​ក៏​បានឃើញ​ព្រលឹងរបស់អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ ដោយ​ព្រោះ​សេចក្ដីបន្ទាល់ របស់ព្រះ​យេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ ​គឺជា​​អស់​អ្នក​ដែល​មិន​បាន​ថ្វាយ​បង្គំ​សត្វសាហាវ​នោះ​ ឬ​រូប​ចម្លាក់របស់​វា ​ក៏មិន​បាន​ទទួល​សញ្ញា​សំគាល់​​នៅ​លើ​ថ្ងាស​ ឬនៅ​លើ​ដៃ​របស់​ពួកគេដែរ អ្នក​ទាំង​នោះ​​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជា​មួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ ​រីឯ​មនុស្ស​ស្លាប់​ឯ​ទៀត​ៗ​ មិន​បាន​រស់​ឡើង​វិញ​ទេ រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​នោះ​សិន។ ​នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ។ ​មាន​ពរ​ហើយ ​បរិសុទ្ធ​ហើយ ​អស់អ្នក​ដែល​មាន​ចំណែក​ ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ​នេះ សេចក្ដី​ស្លាប់​ទី​ពីរ​​ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​ របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ ហើយ​​សោយរាជ្យជា​មួយ​ព្រះអង្គ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

ការបរាជ័យរបស់​អារក្ស​សាតាំង

​លុះ​គ្រប់​មួយ​ពាន់​ឆ្នាំ​ហើយ ​អារក្ស​សាតាំង​ នឹង​ត្រូវបាន​ដោះ​លែង​ពីកន្លែងឃុំឃាំង ​ហើយ​វា​នឹង​ចេញ​ទៅ​បោកបញ្ឆោត​ជនជាតិទាំងឡាយដែល​នៅ​ជ្រុង​ទាំង​បួននៃផែនដី​​ គឺ​ពួក​កុក​​ និងពួក​ម៉ាកុក​ ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។ ពួក​គេ មាន​ចំនួន​ដូច​ជា​​ខ្សាច់​​សមុទ្រ។ ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំរបស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើមេឃ​មក​ហើយ​ឆេះបំផ្លាញ​ពួក​គេ​អស់​ទៅ​ ១០រីឯ​អារក្សសាតាំង​ដែល​បោកបញ្ឆោត​ពួកគេ ​ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វសាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយក៏​​នៅ​​ទីនោះដែរ​ ហើយ​ពួក​វា​នឹង​ត្រូវ​ទទួលទារុណកម្ម​ទាំងយប់​ ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។

ការជំនុំជម្រះចុងក្រោយ

១១​បន្ទាប់​មក ខ្ញុំ​បានឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​ និងព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះដែរ ​រីឯផែនដី ​ និង​ផ្ទៃ​មេឃ​ក៏​រត់​គេចពី​ព្រះភក្ត្រ​​ របស់​ព្រះអង្គ​ទៅ​ ហើយ ឥតឃើញ​​​មាន​កន្លែង​ណា​ទៀត​សម្រាប់ពួកវាឡើយ។ ១២​ខ្ញុំ​​បានឃើញ​មនុស្ស​ស្លាប់​ទាំង​​តូច ទាំង​​ធំ ឈរ​នៅ​ពីមុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏ត្រូវបាន​បើក​ឡើង រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ​ក៏​ត្រូវបាន​បើក​ឡើង​ដែរ។ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំង​ឡាយ ដែល​បាន​កត់​ទុក​ក្នុងសៀវភៅ​ទាំង​នោះ​ ទៅតាម​ការ​ប្រពឹ្រត្ដិ​របស់​ពួកគេ។ ១៣​សមុទ្រ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​​នៅ​ក្នុង​វា ​រីឯ​សេចក្ដី​ស្លាប់ ​និង​ស្ថាន​នរក ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​​នៅ​ក្នុងវាមក​វិញ​ដែរ ​ហើយ​ពួកគេ​​ម្នាក់ៗត្រូវបាន​ជំនុំ​ជម្រះ​ ទៅតាម​ការ​ប្រព្រឹត្តិ​របស់​ពួកគេ។​ ១៤បន្ទាប់មក សេចក្ដី​ស្លាប់​ និង​ស្ថាន​នរក​ត្រូវ​បានបោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ ១៥​ហើយ​បើអ្នកណាដែលមិនឃើញមានឈ្មោះកត់ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​ អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​នោះ។

វិវរណៈ ២០