KCB - វិវរណៈ ២


វិវរណៈ ២

ព្រះ​រាជសារទៅក្រុមជំនុំនៅក្រុង អេភេសូរ

«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា ព្រះអង្គ​ ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ត​​ស្តាំ ហើយ​ដែល​​យាង​ដើរ​នៅ​កណ្តាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរមានបន្ទូលដូច្នេះ​​ថា យើងស្គាល់​ការប្រព្រឹត្តិ​​ ការ​នឿយ​ហត់ ព្រមទាំង​​​​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ ទាំង​​​ដឹង​ថា អ្នក​មិន​អាច​ទ្រាំទ្រ​ នឹង​ពួក​មនុស្ស​អាក្រក់​បានឡើយ។​​ អ្នក​បាន​ល្បងល​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក ប៉ុន្តែ​ពួកគេ​មិន​មែនជា​សាវក​ទេ គឺ​អ្នក​បាន​​ឃើញថា ពួក​គេ​ជា​អ្នក​ភូតភរវិញ។ អ្នក​បានអត់ធ្មត់ ហើយ​ស៊ូទ្រាំ​​​​ដោយ​ព្រោះ​​ឈ្មោះ​របស់​យើង ឥត​នឿយ​ណាយ​​ឡើយ ​ប៉ុន្ដែ ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​របស់​អ្នកហើយ។ ​ដូច្នេះចូរ​នឹក​ចាំ​ពី​កន្លែង ​ដែល​អ្នក​បាន​ធ្លាក់​ចុះ រួច​​​ប្រែ​ចិត្ត​ ហើយ​​ប្រព្រឹត្ត​អំពើ​​ដែល​​អ្នកបាន​​ប្រព្រឹត្ត​កាល​ពី​ដើម​នោះ​​វិញ បើ​មិន​ដូច្នេះ​ទេ យើង​នឹង​មក​ឯ​អ្នក ហើយ​​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ ចេញ​ពី​កន្លែង​របស់​វា ​លើកលែង​តែ​អ្នក​ប្រែចិត្ដ។ ​ប៉ុន្ដែ​អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្តិ​របស់​ពួក​នីកូឡាស​ ដែល​យើង ​ក៏​ស្អប់​ដែរ។ ​អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ ដែល​ព្រះវិញ្ញាណមាន​បន្ទូល មកកាន់ក្រុម​ជំនុំ​ទាំង​នោះ​ចុះ។ អ្នកណា​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​​ស្ថានសួគ៌​​ជា​ស្ថាន​របស់ព្រះជាម្ចាស់»

ព្រះ​រាជសារទៅក្រុមជំនុំនៅក្រុង​ ស្មឺណា​

«ចូរ​សរសេរទៅ​ទេវតា​របស់​​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺណា​ថា ព្រះ​ដ៏​ជា​មុន​គេ​ និង​​ជា​ក្រោយ​គេ​ដែល​បាន​ស្លាប់ ហើយ​​រស់​ឡើង​វិញ ​មាន​បន្ទូល​ដូច្នេះ​​ថា ​​យើង​ស្គាល់​សេចក្ដីវេទនា និង​ភាព​ក្រីក្រ​របស់​អ្នកហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នក​មាន​វិញ ហើយ​​យើង​​ស្គាល់ ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នកដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ គឺជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​​ វិញ។ ១០​កុំ​​ខ្លាច​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ត្រូវ​រង​ទុក្ខនោះ​ឡើយ មើល៍អារក្ស​សាតាំង​ បម្រុង​នឹង​បោះអ្នក​ខ្លះក្នុងចំណោមអ្នក​រាល់គ្នា​ ទៅ​ក្នុង​គុក​ហើយ​ ដើម្បី​ល្បងល‍អ្នករាល់គ្នា ហើយ​អ្នក​រាល់គ្នា នឹង​ត្រូវ​រង​ទុក្ខវេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ ១១អ្នក​ណា​មាន​ត្រចៀកចូរ​ស្តាប់​សេចក្ដី​ ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ។ អ្នកណា​មានជ័យជម្នះសេចក្ដី​ស្លាប់​ទី​ពីរ​​ នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ»

ព្រះ​រាជសារទៅក្រុមជំនុំនៅក្រុង​ ពើកាម៉ុស

១២«ចូរ​សរសេរ​ទៅ​ទេវតា​ របស់​​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថា ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត មាន​បន្ទូល​​ដូច្នេះ​​ថា​ ១៣យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅហើយ​ គឺជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្តែអ្នក​​នៅតែស្មោះស្ម័គ្រនឹង​ឈ្មោះរបស់​យើង ហើយ​មិន​បាន​លះ​បង់​ចោល​​ ជំនឿ​លើ​យើង​ឡើយ ទោះបីជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស ជា​សាក្សី​ដ៏​ស្មោះ​ត្រង់​របស់​យើង ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏ដោយ​ ១៤​ប៉ុន្ដែ​យើង​ប្រកាន់​​នឹង​អ្នកអំពី​សេចក្តី​ខ្លះ​ ពីព្រោះ​ក្នុង​ចំណោម​អ្នក ​មាន​អ្នកដែល​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាម ដែល​បាន​បង្រៀន​បាឡាក​ ឲ្យ​ដាក់​អន្ទាក់នៅ​ពីមុខ​​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​នាំពួក​គេ ឲ្យ​​បរិភោគ​សំណែន​ដល់​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​ អំពើ​អសី​លធម៌​ខាង​ផ្លូវ​ភេទ ១៥ហើយ​ក្នុង​ចំណោម​អ្នក ​ក៏​មាន​​អ្នក​ដែល​​កាន់​តាម​សេចក្តី​បង្រៀន ​របស់​ពួក​នីកូឡាស​យ៉ាង​ដូច្នោះ​​ដែរ។ ១៦​ដូច្នេះ​ចូរ​ប្រែ​ចិត្ត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​​ ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ ដែល​ចេញ​ពី​មាត់​របស់​យើង។​ ១៧​អ្នកណា​មាន​ត្រចៀក​ ចូរស្តាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ ​មាន​បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មានជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​​​​​ដែល​បានលាក់​ទុក​ដល់​អ្នក​នោះ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​ មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើកលែង​​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»

ព្រះ​រាជសារទៅក្រុមជំនុំនៅ​ក្រុង​ ធាទេរ៉ា​

១៨«ចូរ​សរសេរ​ទៅ​​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ ដែល​មាន​ព្រះនេត្រ​​ដូច​ជា​អណ្តាត​ភ្លើង និង​បាទា​​ដូចជា​លង្ហិន​ដ៏​ភ្លឺ​រលោង មាន​បន្ទូលដូច្នេះ​ថា​ ១៩យើង​ស្គាល់​ការប្រព្រឹត្តិ​ សេចក្តីស្រឡាញ់ជំនឿ ការ​បម្រើ និង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ ការ​ប្រព្រឹត្តិ​របស់​អ្នក​នៅ​គ្រា​ចុង​ក្រោយ​នេះ ​ប្រសើរ​​ជាង​មុន​ទៅ​ទៀត ២០​ប៉ុន្ដែ​ យើង​ប្រកាន់​​នឹង​អ្នកអំពីសេចក្តី​នេះ​ គឺ​​អ្នក​បាន​បណ្តោយឲ្យ​យេសិបិល​ជា​ស្ដ្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​នាំ​ព្រះបន្ទូល បង្រៀន​ ហើយ​នាំ​ពួក​បាវ​បម្រើ​របស់​យើង​ឲ្យ​វង្វេងទៅ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ និង​បរិភោគ​សំណែន​ ដល់​រូប​ព្រះ​ទៀតផង ២១យើង​បាន​ផ្តល់​ឱកាស​ ឲ្យ​នាង​ប្រែ​ចិត្ត ប៉ុន្ដែ​នាង​មិន​ចង់​​ប្រែ​ចិត្ត​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​របស់​នាង​ឡើយ។២២​មើល៍ យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​ពួកអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ជា​មួយ​នាងទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​ពួកគេ​​ប្រែ​ចិត្ត​​ពី​ការ​ប្រព្រឹត្តិ​​របស់​នាង។ ២៣​យើង​នឹង​សម្លាប់​​កូន​ចៅ​របស់​នាង​ រីឯក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា ​យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​​ចិត្តគំនិត ហើយ​យើង​នឹង​សង​អ្នក​រាល់​គ្នា​​ តាម​ការ​ប្រព្រឹត្តិ​រៀងៗ​ខ្លួន​ ២៤​ប៉ុន្ដែ​ អ្នកផ្សេង​ទៀត​​ក្នុងចំណោមអ្នក​រាល់គ្នានៅក្រុងធាទេរ៉ា ដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺ​ដែល​មិនបានស្គាល់ សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំង​ដូច​ដែល​គេហៅ​​ ​យើង ប្រាប់អ្នក​រាល់គ្នាថា យើង​​នឹងមិន​ដាក់​បន្ទុក​អ្វីទៀត​លើ​អ្នករាល់គ្នា​ទេ​​ ២៥​ប៉ុន្តែ​ចូរ​កាន់​ខ្ជាប់សេចក្ដី ​ដែល​អ្នក​រាល់គ្នា​មាន​រហូត​ដល់​យើង​មក​ចុះ។ ២៦​អ្នកណាមានជ័យជម្នះ​ ហើយ​បំពេញ​កិច្ចការ​​​របស់​យើង​រហូត​ដល់​ទី​បញ្ចប់ ​យើង​នឹង​ឲ្យ​អ្នកនោះ​មាន​សិទ្ធិ​អំណាច​លើជន​ជាតិទាំង​ឡាយ​ ២៧អ្នក​នោះ​នឹង​គ្រប់គ្រង​​ពួកគេ​​ដោយ​ដំបង​ដែក និង​​កម្ទេចពួកគេ​ដូចជា​​​ភាជនៈ​​ធ្វើ​ពី​ដីឥដ្ឋ ២៨​គឺដូច​ដែល​​យើង​បាន​ទទួលសិទ្ធិ​អំណាច​​ពី​ព្រះវរបិតា​​របស់​យើង​ដែរ ហើយ​យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​​ដល់​អ្នក​នោះ។ ២៩អ្នកណា​​មាន​ត្រចៀក ចូរស្តាប់​សេចក្ដី​ ដែល​ព្រះវិញ្ញាណមាន​បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ»

វិវរណៈ ២