វិវរណៈ ១៧
ស្ដ្រីពេស្យាដ៏ល្បីអសោច
១៧បន្ទាប់មក ទេវតាមួយរូបក្នុង ចំណោមទេវតាទាំងប្រាំពីរដែល កាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញ ការជំនុំជម្រះស្ដ្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយលើទឹកជាច្រើន ២ពួកស្ដេចនៅផែនដីបានប្រព្រឹត្តអំពើ អសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយពួកអ្នកដែលរស់នៅលើផែនដីបានស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង»។
៣ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋានពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្ដ្រីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាស ពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។ ៤ស្ដ្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមទុំ ហើយតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយនៅក្នុងដៃដែលពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោក នៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ៥ហើយនៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះ ជាសេចក្ដីអាថ៌កំបាំងថា «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ជាម្ដាយរបស់ពួកស្ដ្រីពេស្យា និងអំពើគួរស្អប់ខ្ពើមនៅផែនដី»។ ៦ខ្ញុំឃើញស្ដី្រនោះស្រវឹងឈាម របស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សី របស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។
៧ទេវតានោះនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងបា្រប់អ្នក អំពីអាថ៌កំបាំងរបស់ស្ដ្រីនោះ និងសត្វសាហាវមានក្បាលប្រាំពីរ និងស្នែងដប់ដែលនាងជិះនោះ។ ៨សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវ ដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
៩នេះហើយជាគំនិតដែលមានបា្រជ្ញា គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្ដ្រីនោះអង្គុយលើ និងជាស្តេចប្រាំពីរអង្គដែរ ១០ស្តេចប្រាំអង្គត្រូវបានផ្ដួលរំលំហើយ មួយអង្គនៅសព្វថ្ងៃនេះ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ ប៉ុន្ដែ ពេលស្ដេចនោះមកដល់ ស្តេចនោះត្រូវនៅមួយភ្លែតប៉ុណ្ណោះ ១១រីឯសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំ ពីរអង្គនោះដែរ រួចវាក៏វិនាសបាត់ទៅ។ ១២ស្នែងដប់ដែលអ្នកឃើញនោះជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានរាជ្យនៅឡើយ ប៉ុន្ដែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេច រយៈពេលមួយម៉ោងជាមួយសត្វសាហាវនោះ ១៣ស្ដេចទាំងនោះមានគំនិតតែមួយ ហើយពួកគេប្រគល់អំណាច និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វសាហាវនោះ ១៤ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែ កូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
១៥ទេវតានោះ ក៏និយាយមកកាន់ខ្ញុំទៀតថា៖ «ទឹកដែលអ្នកបានឃើញ ហើយជាកន្លែងដែលស្ត្រីពេស្យាបានអង្គុយនោះគឺជាប្រជាជន បណ្ដាជន ជនជាតិ និងភាសាទាំងឡាយ។ ១៦រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វសាហាវនោះ ពួកគេនឹងស្អប់ស្ដ្រីពេស្យានោះ ហើយនឹងធ្វើឲ្យនាងហិនហោច និងនៅអាក្រាត ពួកគេនឹងស៊ីសាច់នាង ហើយដុតនាងដោយភ្លើងទៀតផង ១៧ដ្បិតព្រះជាម្ចាស់ បានដាក់សេចក្ដីនេះនៅក្នុងចិត្ដពួកគេ ដើម្បីសម្រេចបំណងរបស់ព្រះអង្គ ដោយឲ្យពួកគេមានគំនិតតែមួយ ហើយប្រគល់រាជ្យរបស់ពួកគេដល់សត្វសាហាវនោះ រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ ១៨រីឯ ស្ដ្រីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំ ដែលមានអំណាចគ្រប់គ្រងស្ដេចទាំងឡាយនៅលើផែនដី»។