KCB - វិវរណៈ ១៦


វិវរណៈ ១៦

១៦បន្ទាប់​មក​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារមក បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​ថា​៖​ «ចូរ​ចេញ​ទៅ​ ហើយ​ចាក់​សេចក្ដី​ក្រោធ​ របស់​ព្រះជាម្ចាស់​ចេញ​ពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅ​លើ​ផែនដី​ទៅ»។​ដូច្នេះ​ ទេវតា​ទី​មួយ​ក៏​ចេញ​ទៅ ​ហើយ​យកពាន​របស់​ខ្លួន ចាក់​​​ទៅ​លើ​ផែនដី​ នោះ​ក៏​មាន​ដំបៅ​យ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ ​កើត​​លើ​មនុស្ស​ដែល​មាន​សញ្ញា​សំគាល់​របស់​សត្វសាហាវ​នោះ​ និង​ពួកអ្នក​ដែល​ថ្វាយ​បង្គំ​រូប​ចម្លាក់របស់​វា។​

​ទេវតា​ទី​ពីរ​ យកពាន​របស់​ខ្លួនចាក់​ទៅ​ក្នុង​សមុទ្រ​ នោះសមុទ្រ​ក៏ត្រលប់​ជា​ឈាម ​ដូច​ជា​ឈាម​របស់​មនុស្ស​ស្លាប់​ ហើយអ្វី​ៗទាំង​អស់ដែល​មាន​ជីវិត ​នៅ​ក្នុង​សមុទ្រ​​ក៏​ស្លាប់​អស់។

​បន្ទាប់​មក​ ទេវតា​ទី​បី​យក​​ពានរបស់​ខ្លួនចាក់​ទៅ​ក្នុង​ទន្លេ​ និង​ប្រភព​ទឹក​ទាំងឡាយ ​នោះទី​ទាំង​នោះ​ក៏​ត្រលប់ជា​ឈាម​ដែរ។ ​ខ្ញុំ​បានឮ​ទេវតា​នៃទឹក​និយាយ​ថា​៖​ «ឱ ព្រះអង្គ​ដ៏​បរិសុទ្ធ​​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ និង​​គង់​នៅ​តាំង​ពី​ដើមអើយ!​ ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត ព្រោះ​ព្រះអង្គ​បាន​សម្រេចធ្វើការ​ទាំង​នេះ​ហើយ​ ដ្បិត​ពួកគេ​បាន​បង្ហូរ​ឈាម​ពួក​បរិសុទ្ធ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ហើយព្រះអង្គ​​ក៏ឲ្យ​ឈាមពួកគេផឹក​​​ គឺពួក​គេ​សម​នឹង​​ដូច្នេះ​ហើយ»​ ​នោះ​ខ្ញុំ​ឮកន្លែងថ្វាយតង្វាយ​និយាយ​ថា​៖​ «មែន​ហើយ​ ឱ ព្រះអម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើ​អ្វី​ៗទាំង​អស់អើយ!​ ការជំនុំ​ជម្រះរបស់​ព្រះអង្គ​ពិត​ត្រង់ ហើយ​សុចរិត»។

​ទេវតា​ទី​បួន​យកពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ដួងអាទិត្យ ហើយដួងអាទិត្យ​ក៏​បាន​ទទួល​អំណាចនឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយ​សារ​ភ្លើង។​ ​មនុស្ស​ត្រូវ​ខ្លោច​ដោយសារ​កំដៅ​យ៉ាង​ខ្លាំង នោះពួកគេក៏ជេរ​ប្រមាថ​ព្រះនាម​របស់ព្រះជាម្ចាស់​ដែល​មាន សិទ្ធិអំណាច​លើ​គ្រោះ​កាចទាំង​នោះ ​ហើយក៏​មិន​បាន​ប្រែ​ចិត្ដ​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គដែរ។

១០​ទេវតា​ទី​ប្រាំ​​​​ យកពាន​របស់​ខ្លួន​ចាក់ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​សាហាវនោះ​នោះ​នគរ​របស់​វា​ ក៏ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​មនុស្ស​​ខាំ​អណ្តាត​របស់​ខ្លួន​ដោយព្រោះ​តែការឈឺ​ចាប់​ ១១​ពួកគេក៏​ជេរ​ប្រមាថ​ ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌ ដោយព្រោះ​តែ​ការ​ឈឺ​ចាប់ និង​ដោយព្រោះ​តែ​ដំបៅ​របស់​ពួកគេ ហើយក៏​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្តិ​របស់​ខ្លួនដែរ។

១២ទេវតា​ទី​ប្រាំមួយ​ យក​​ពាន​របស់​ខ្លួន​ចាក់ទៅ ​លើ​ទន្លេ​ធំ​ គឺ​ទន្លេ​អើប្រាត​ នោះ​ទឹក​ទន្លេ​​ក៏​រីង​អស់ ដើម្បី​រៀប​ចំ​ផ្លូវ​សម្រាប់​ពួក​ស្តេច ដែលមក​ពី​ទិស​ខាង​កើត។ ១៣​ខ្ញុំ​បានឃើញ​វិញ្ញាណ​អាក្រក់ បី​ ដូច​ជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ ពី​មាត់​សត្វសាហាវ​នោះ​ និង​ពី​មាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ ១៤​ដ្បិត​វិញ្ញាណ​ទាំង​នោះ​ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្សដែលធ្វើ​ទី​សំគាល់ ពួកវា​ចេញ​ទៅ​រក​ពួក​ស្តេច​នៅ​លើ​ផែនដី​ទាំង​មូល ដើម្បី​ប្រមូលស្តេច​ទាំង​នោះ​មក​ក្នុងចម្បាំងនៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើ​អ្វី​ៗទាំង​អស់។

១៥(​«មើល៍ យើង​នឹង​មក​ដូច​ជា​ចោរ! មាន​ពរ​ហើយអ្នក​ដែល​ប្រុង​ស្មារតី ​ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​ មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់ខ្លួន»)។​​

១៦វិញ្ញាណ​ទាំង​នោះ​​ប្រមូល​ពួក​ស្តេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ ​ដែល​ហៅជាភាសា​ហេព្រើរ​​ថា​ អើម៉ាគេដូន។​

១៧ទេវតា​ទី​ប្រាំពីរ យកពាន​របស់​ខ្លួន​ចាក់​​ទៅ​ក្នុង​អាកាស នោះមាន​សំឡេង​មួយ​យ៉ាង​ខ្លាំងចេញ​ពី​ព្រះវិហារ​ គឺចេញពី​បល័្លង្ក​មកថា​៖​ «ការបានសម្រេច​ហើយ​!»​១៨នោះ​ក៏​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង មាន​​ផ្គរលាន់​ និងមាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ​ដែល​មិន​ធ្លាប់​កើតមាន​ចាប់​តាំង​ពីមនុស្ស​ កើត​មក​នៅ​លើ​ផែនដី​ គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ និងធំសម្បើម។ ១៩​ទី​ក្រុងដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិទាំងឡាយ​ក៏​ដួល​រលំ។ ព្រះជាម្ចាស់​នឹក​ចាំ​ពី​ក្រុងបាប៊ីឡូន​ជា​ក្រុង​ដ៏ធំ ​ដើម្បី​​ឲ្យ​ពែង​ស្រា​ នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។ ២០​គ្រប់​ទាំង​កោះ​ក៏​រត់​ទៅ​បាត់​ ហើយ​ភ្នំ​ក៏​លែង​ឃើញ​មាន​ទៀតដែរ​ ២១ហើយមាន​គ្រាប់​ព្រឹល​ធំ​ៗ ដែលគ្រាប់​នីមួយ​ៗមានទម្ងន់​មួយ​ឋាឡាន់​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស ដូច្នេះ​ មនុស្ស​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ​ដោយ​ព្រោះ​គ្រោះ​កាច​នៃ​ការ​ធ្លាក់​ព្រិលនោះ​ ដ្បិត​គ្រោះ​កាច​នោះ​ខ្លាំង​ក្រៃ​លែង។

វិវរណៈ ១៦