ភីលីព ៣
កុំរស់នៅតាមនិស្ស័យសាច់ឈាម
៣នៅទីបញ្ចប់នេះ បងប្អូន អើយ! ចូរមានអំណរនៅក្នុងព្រះអម្ចាស់ចុះ។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះ ផ្ញើមកអ្នករាល់គ្នាទេ ដ្បិតការសរសេរនេះ គឺដើម្បីការពារអ្នករាល់គ្នា។
២ចូរប្រយ័ត្ននឹងពួកឆ្កែ ពួកអ្នកធ្វើអាក្រក់ និងពួកអ្នកកាត់ស្បែកតែខាងក្រៅ ៣ដ្បិតយើងទេតើដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ ៤ទោះបីខ្ញុំមានការទុកចិត្ដលើសាច់ឈាមក៏ដោយ។ បើមានអ្នកណាម្នាក់ផ្សេងទៀតគិតថា ខ្លួនមានការទុកចិត្ដលើសាច់ឈាម នោះខ្ញុំមានលើសគេទៅទៀត ៥ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី ៦រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។
៧ប៉ុន្ដែដោយសារព្រះគ្រិស្ដអ្វីៗដែលធ្លាប់តែជាការចំណេញដល់ខ្ញុំនោះ ខ្ញុំ បានរាប់ជាការខាតបង់វិញ ៨ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃ ដើម្បីឲ្យ ខ្ញុំចំណេញបានព្រះគ្រិស្ដ ៩និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គ ដោយសារសេចក្ដីសុចរិត តាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំ ដែលមកពីគម្ពីរវិន័យទេ ១០ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ត និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែក នៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត ១១ដើម្បីឲ្យខ្ញុំបានរស់ពីស្លាប់ឡើងវិញ។
ការព្យាយាមឲ្យទៅដល់គោលដៅ
១២មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្តែខ្ញុំព្យាយាមចាប់ឲ្យបាន សេចក្តីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំ សម្រាប់សេចក្តីនោះ។ ១៣បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ ១៤ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
១៥ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសំដែង ឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ ១៦ទោះបីយើងបានទៅដល់ត្រឹមណាក៏ដោយ ក៏យើងត្រូវបន្តទៅរកគោលដៅដដែល។
១៧បងប្អូនអើយ! ចូរយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលពួកអ្នករស់នៅតាមគំរូដែល អ្នករាល់គ្នាបានទទួលពីយើង ១៨ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះ ខ្ញុំសូមប្រាប់ ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ ១៩ហើយទីបញ្ចប់របស់អ្នកទាំងនោះ ជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់ របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ ២០ប៉ុន្តែយើងជារាស្ដ្រស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំ ព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ ២១ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។