KCB - ភីលីព ២


ភីលីព ២

ការរួបរួមតាមរយ:ការបន្ទាបខ្លួន

ដូច្នេះ បើ​មាន​ការ​លើក​ទឹក ចិត្ដ​ណាមួយ ​​​នៅ​ក្នុង​ព្រះគ្រិស្ដ បើ​មាន​ការ​កម្សាន្ដ​​ចិត្ដ​​ណា​មួយ ​របស់​​សេចក្ដី​ស្រឡាញ់​ បើ​មាន​សេចក្ដី​ប្រកប​ណា​មួយ​របស់​ព្រះវិញ្ញាណ​ បើ​មាន​ព្រះហឫទ័យសន្ដោស និង​សេចក្ដី​មេត្ដាករុណាណា​មួយ​នោះ​ ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ​ចុះ ដោយ​អ្នករាល់គ្នា​មាន​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ដ​រួបរួមគ្នា ហើយ​មានឆន្ទៈតែ​មួយ។ ចូរ​កុំ​ធ្វើ​អ្វី​ដោយ​​ការ​​ប្រជែង ឬ​ដោយ​ចិត្ដ​អំនួត ​​​ឥត​ប្រ​យោជន៍​ឡើយ ផ្ទុយទៅវិញ ចូរ​បន្ទាបខ្លួន​ ទាំ​ង​គិត​ថា អ្នក​ដទៃ​ប្រ​សើរ​ជាង​ខ្លួន​ឯង។ ​កុំ​ឲ្យម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យម្នាក់ៗ​គិត​ពី​អ្នកដទៃ​ផង។​

ព្រះគ្រិស្ដបន្ទាបខ្លួន និងទទួលសិរីរុងរឿង

ចូរ​ឲ្យមាន​គំនិត​ដូច្នេះ ​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នាចុះ ព្រោះគំនិត​​ដូច្នេះ​ ក៏​មាន​នៅក្នុង​​​ព្រះគ្រិស្ដ​យេស៊ូ​​ដែរ​​ ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ ​ក៏ដោយ ក៏​ព្រះអង្គ​​​មិន​បានរាប់​ភាព​ស្មើ​នឹង​ព្រះនោះ​ទុក​ជា​ សេចក្តី​ដែល​ត្រូវ​​កាន់​ខ្ជាប់ឡើយ​​ គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​​​មក​យក​សណ្ឋាន​ ជា​បាវបម្រើ​ ដោយ​បាន​ប្រសូត​​​មក​​ជា​​មនុស្ស​​ ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។​ ព្រះអង្គ​បាន​បន្ទាប​ខ្លួន ​ទាំង​ស្តាប់​បង្គាប់​រហូត​ដល់​​សោយទិវង្គត គឺ​សោយទិវង្គត​នៅ​លើ​ឈើ​ឆ្កាងនោះ​ឯង‍។ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង ព្រមទាំង​ប្រទាន​ឲ្យព្រះអង្គ​មាន​នាម​លើ​អស់ទាំង​នាម​ផង​ ១០ដើម្បី​ឲ្យ គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ផែនដី​​ត្រូវ​លុត​​ចុះ ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​ ១១ហើយ​អណ្តាត​ទាំងអស់​ត្រូវ​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ដើម្បី​ជា​​​​សិរីរុងរឿង​ដល់​​​​​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា។

គ្រិស្ដបរិស័ទជាពន្លឺពិភពលោក

១២ដូច្នេះ ឱ​ បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យបាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នករាល់គ្នា​ ដោយ​ការ​កោត​ខ្លាច និង​ញាប់ញ័រ​ចុះ គឺ​ដូច​ដែល​អ្នករាល់គ្នា​បាន​ស្តាប់​បង្គាប់​ជា​ដរាប​មក​ហើយ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​ ១៣​ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នករាល់គ្នា​ ទាំង​ឲ្យអ្នករាល់គ្នា​មាន​ឆន្ទៈ ហើយ​ប្រព្រឹត្តតាម ​ដើម្បី​ឲ្យ​ព្រះអង្គ​​សព្វ​ព្រះហឫទ័យ។ ១៤​ចូរ​ធ្វើ​អ្វីៗ​​ទាំងអស់​ដោយ​មិន​​​រអ៊ូរទាំ និង​ប្រកែក​ឡើយ​ ១៥ដើម្បី​ឲ្យអ្នករាល់គ្នា​ ត្រលប់​ជា​មនុស្ស​ដែលស្លូត​ត្រង់​​​ ឥត​​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់ ​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោមជំនាន់​មនុស្ស​ដែល​វៀចវេរ ហើយ​ខិលខូច​នេះ គឺ​អ្នករាល់គ្នា​កំពុង​ចាំង​ពន្លឺក្នុង​ចំណោម​ ពួកគេដូចជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ ១៦​ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ​ដើម្បី​ឲ្យខ្ញុំ​មាន​អំនួត ​នៅ​ថ្ងៃ​​របស់​ព្រះគ្រិស្ដ​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ធ្វើ​ការ​នឿយ​ហត់​ ដោយ​ឥត​ប្រយោជន៍​ទេ‍។ ១៧​ហើយ​ទោះបី ​ត្រូវ​ច្រូច​ខ្ញុំ​លើ​​យញ្ញបូជា និង ​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នករាល់គ្នា​ក៏ដោយ ក៏​ខ្ញុំ​មាន​អំណរ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍ ១៨​ចូរ​អ្នករាល់គ្នា​​មាន​អំណរ​ដូចគ្នា ហើយ​ត្រេកអរ​ជាមួយ​ខ្ញុំ​ដែរ​ចុះ។

លោកប៉ូលសរសើរធីម៉ូថេ

១៩​ខ្ញុំ​សង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា នឹង​ចាត់​​ធីម៉ូថេ​​ឲ្យមក​ជួប​អ្នករាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​​អំពី​អ្នករាល់គ្នា‍ ២០ដ្បិត​ខ្ញុំ​គ្មាន​អ្នកណា ​ដែល​មាន​ចិត្ដ​ដូច​គាត់​ទេ ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ ​ចំពោះ​អ្នករាល់គ្នា​អស់​ពី​ចិត្ដ ២១ព្រោះ​​មនុស្ស​ទាំងអស់រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ គេ​មិន​រក​ប្រយោជន៍ ​សម្រាប់​ព្រះ​យេស៊ូ​គ្រិស្ដ​ទេ​ ២២រីឯ​​អ្នករាល់គ្នា​វិញ ក៏​ដឹង​អំពី​អត្តចរិត​របស់​គាត់​ស្រាប់​ហើយ គឺ​គាត់​បាន​បម្រើ​នៅ​ក្នុង​ដំណឹង​ល្អ​ជាមួយ​ខ្ញុំ​ដូចជា​ឪពុក​ និង​​កូន។ ២៣​ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​​ នឹង​ចាត់​គាត់​ឲ្យមក​ភ្លាម ​នៅ​ពេល​ណា​​​ខ្ញុំ​ឃើញ​ថា ​រឿង​របស់​ខ្ញុំ​បាន​ជ្រះ​ស្រឡះ​ហើយ ២៤​រីឯ​​ខ្ញុំ​វិញ ខ្ញុំ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​ថា ​ខ្ញុំ​នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​​ដែរ។

លោកប៉ូលសរសើរលោក​អេប៉ាប្រូឌីត

២៥​ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ចាត់​លោក​អេប៉ាប្រូឌីត​​ឲ្យមក​ជួប​អ្នករាល់គ្នា​ដែរ គាត់​ជា​បងប្អូន ជា​អ្នក​រួម​ការងារ ជា​អ្នក​រួម​ប្រយុទ្ធ​ និង​ជា​អ្នក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ ហើយក៏​​ជា​អ្នក​នាំ​សារ​របស់​អ្នករាល់គ្នា​ដែរ​ ២៦​ព្រោះ​គាត់​មាន​បំណង​ចង់​មក​ជួប ​អ្នក​រាល់​គ្នា​ណាស់ ហើយ​គាត់​ពិបាក​ចិត្ដ​ណាស់​ ដោយសារ​តែ​អ្នករាល់​គ្នា​បាន‍ឮ​ថា ​ គាត់​ឈឺ‍។ ២៧​មែន​ហើយ គាត់​ឈឺ​ធ្ងន់​ស្ទើរ​តែ​​ស្លាប់​មែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មេត្តា​ដល់​គាត់ ហើយ​មិន​មែនតែ​គាត់​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យខ្ញុំ​មាន​ទុក្ខ​ត្រួត​លើ​ទុក្ខ។ ២៨ហេតុនេះ​ហើយ​ បានជា​ខ្ញុំរូតរះចាត់​គាត់​ឲ្យមក​ជួប​អ្នករាល់គ្នា​ ដើម្បី​ឲ្យអ្នករាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួប​គាត់​ម្តងទៀត ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ពី​ទុក្ខព្រួយ​ដែរ។ ២៩ចូរ​ទទួល​គាត់​នៅ​ក្នុង​ព្រះអម្ចាស់​ ដោយ​អំណរ​គ្រប់​យ៉ាង​ ហើយ​ចូរ​គោរព​មនុស្ស​បែប​នេះ​ចុះ​ ៣០ព្រោះ​ដោយសារ​​កិច្ចការ​របស់​ព្រះគ្រិស្ដ គាត់​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​បំពេញ​ ភាព​ខ្វះខាត​ក្នុង​កិច្ចការ​របស់​អ្នករាល់គ្នា​សម្រាប់​ខ្ញុំ។

ភីលីព ២