KCB - ភីលេម៉ូន ១


ភីលេម៉ូន

ភីលេម៉ូន

ពាក្យជម្រាបសួរពីលោកប៉ូល

ខ្ញុំប៉ូល​ជា​អ្នកទោស​ដោយ​ព្រោះ​ព្រះ​​គ្រិស្ដយេស៊ូ និង​ធីម៉ូថេ​ជា​បង​ប្អូន ជូន​ចំពោះ​​លោក​ភីលេម៉ូន​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​រួម​ការ​ងារ​ជាមួយ​យើង ហើយ​ជូន​ចំពោះ​នាង​អាប់ភា​​​ជា​បងប្អូន​របស់​យើង និង​​លោក​អើឃីព​​ជា​អ្នក​រួម​ប្រយុទ្ធ​ជាមួយ​យើង ព្រមទាំង​​​ក្រុម​ជំនុំ ​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលេម៉ូន​ផង។

​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ ជា​ព្រះ​វរបិតា​របស់​​យើង និង​ព្រះ​អម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា។

ពាក្យអរព្រះ​គុណ និងសេចក្ដី​អធិស្ឋានរបស់​លោកប៉ូល

ខ្ញុំ​តែងតែ​ អរ​ព្រះគុណ​ព្រះ​ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច ទាំង​នឹក​ចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ ដ្បិត​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​ និង​ជំនឿ​របស់​អ្នក​ដែល​មាន​​ចំពោះ​​ព្រះ​អម្ចាស់​យេស៊ូ និង​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ ​ដូច្នេះសូម​ឲ្យការរួមចំណែក​ ខាងឯ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធិភាព​ឡើង​ ដើម្បី​​ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ល្អ​ទាំងអស់ ​ដែល​មាន​នៅក្នុង​​យើងសម្រាប់​​ព្រះគ្រិស្ដ។​ ប្អូន​អើយ​!​ ​ខ្ញុំ​មាន​អំណរ និង​បាន​ទទួល​ការ​លើក​ទឹកចិត្តយ៉ាង​​ខ្លាំង ដោយសារ​សេចក្ដី​ស្រឡាញ់​​របស់​អ្នក ពី​ព្រោះ​ពួក​បរិសុទ្ធបា​ន​​​ធូរ​ស្បើយ​ក្នុង​ចិត្ត ​ដោយសារ​អ្នក។

ពាក្យអង្វររបស់​លោកប៉ូលសម្រាប់ អូនេស៊ីម

​ដូច្នេះ ទោះបី​ខ្ញុំ​ជឿជាក់យ៉ាងខ្លាំង​នៅ​ក្នុង​ព្រះគ្រិស្ដ​ថា​​ អាច​បង្គាប់​អ្នក​ឲ្យ ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ​ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​​ដែរ ដ្បិត​ប៉ូល​ខ្ញុំ​ជា​មនុស្ស​ចាស់ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​​ព្រះ​គ្រិស្ដ​យេស៊ូ​ទៀត។​

១០ខ្ញុំ​សូម​អង្វរ​អ្នក ​អំពី​កូន​របស់​ខ្ញុំ ឈ្មោះ​អូនេស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង ១១កាល​ពី​ដើម អូនេស៊ីម​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេ ប៉ុន្ដែ​ឥឡូវ​នេះ​គាត់​មាន​ប្រយោជន៍ ​ទាំង​សម្រាប់​អ្នក និង​ខ្ញុំ។ ១២​ខ្ញុំ​បាន​​ចាត់​គាត់ដែល​ជា​ដួងចិត្ត​របស់​ខ្ញុំ ​ឲ្យត្រលប់​មក​ឯ អ្នក​វិញ។​

១៣ខ្ញុំ​ចង់​ទុក​គាត់ ​ឲ្យនៅ​ជាមួយ​ខ្ញុំ​ណាស់ ដើម្បី​ឲ្យគាត់​បម្រើ​ខ្ញុំ​ជំនួស​អ្នក ​ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ​ ១៤ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​អំពើ​ល្អ​ដោយ​បង្ខំ​ចិត្ត​ឡើយ គឺ​ដោយ​ស្ម័គ្រ​​ចិត្ត​វិញ។ ១៥ប្រហែល​ជា​ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ បាន​ជា​គាត់​ត្រូវ​បែក​ពី​អ្នក​មួយ​រយៈ គឺ​ដើម្បី​ឲ្យអ្នក​ទទួល​គាត់​វិញ ​អស់កល្ប​ជានិច្ច ១៦​ហើយ​មិន​មែន​ក្នុង​នាម​ជា ​បាវ​បម្រើ​ទៀត​ទេ ប៉ុន្ដែ​ប្រសើរ​​ជាង​បាវ​បម្រើ​ទៅទៀត ​គឺ​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ពិសេស ​ សម្រាប់​ខ្ញុំ រីឯ​សម្រាប់​អ្នក​វិញ គាត់​កាន់​តែ​ពិសេស​ជាង​អ្នកជា​ទី​ស្រឡាញ់​​ទៅ​ទៀត​ ទាំង​ខាង​សាច់​ឈាម និង​ក្នុងព្រះ​អម្ចាស់។ ១៧​ដូច្នេះ បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​គូកនមែន​ សូម​អ្នក​ទទួល​គាត់​ទុក​ដូចជា​ទទួល​ខ្ញុំចុះ។​ ១៨បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ​ឬជំពាក់​អ្នក សូម​គិត​លើ​ខ្ញុំ​ចុះ​ ១៩ប៉ូល​ខ្ញុំ​សរសេរ​ដោយផ្ទាល់​​ដៃ​ថា ខ្ញុំ​នឹង​សង​អ្នក​វិញ ប៉ុន្ដែ​ខ្ញុំ​មិន​រំឭក​អ្នក​ទេ​ថា សូម្បីតែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។

២០​មែន​ហើយ ប្អូន​អើយ!​ សូម​ឲ្យ​​ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ព្រះ​អម្ចាស់​ដោយសារ​អ្នក​ផង សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​នៅ​ក្នុង​ព្រះ​គ្រិស្ដ​ផង។ ២១ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​ទៀត។ ២២ម្យ៉ាង​ទៀត​ សូម​អ្នក​រៀបចំ​កន្លែង​មួយ សម្រាប់ឲ្យ​ខ្ញុំស្នាក់​នៅ​ផង ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ ព្រះ​ជាម្ចាស់​​នឹងប្រទាន​ឲ្យ​ខ្ញុំ​ បានមក​ជួប​អ្នកមិនខាន។​

ពាក្យជម្រាបសួរចុងក្រោយរបស់​លោកប៉ូល

២៣លោក​អេប៉ាប្រាស ​​ជា​អ្នក​ជាប់​ឃុំ​ឃាំង​ជាមួយ​ខ្ញុំ ​ដោយព្រោះ​​ព្រះគ្រិស្ដ​យេស៊ូក៏ជម្រាប​សួរ​មក​អ្នក​ដែរ​ ២៤ហើយ​​ម៉ាកុស លោក​អើរីស្ដាក លោក​ដេម៉ាស និង​លោក​លូកា​ ដែល​ជា​អ្នក​រួម​ការ​ងារ​ជាមួយ​ខ្ញុំ ក៏ជម្រាប​សួរ​មក​អ្នក​ដែរ។​

២៥សូម​ឲ្យ​ព្រះគុណ​របស់​ព្រះ​អម្ចាស់​យេស៊ូ​គ្រិស្ដ​ ស្ថិត​នៅ​ជាមួយ​វិញ្ញាណ​របស់​អ្នក​៕

ភីលេម៉ូន