KCB - ម៉ាថាយ ៨


ម៉ាថាយ ៨

ព្រះយេស៊ូ​ប្រោស​មនុស្សឃ្លង់​

ពេល​ព្រះអង្គ​ យាងចុះ​ពី​ភ្នំ​មក​ បណ្តាជន​ច្រើន​កុះករ ​បាន​ដើរតាម​ព្រះអង្គ​ នោះ​មាន​មនុស្ស​ឃ្លង់​​ម្នាក់​បាន​ចូល​មក​ជិត​​ ថ្វាយ​បង្គំ​ព្រះអង្គ​ និង​ទូល​ថា៖ «លោក​ម្ចាស់​អើយ! លោក​អាច​ធ្វើ​ឲ្យខ្ញុំ​ជា​ស្អាត​​បាន ប្រសិន​បើ​លោកចង់ធ្វើ»។​​ ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​​​ទៅ​​ពាល់​​គាត់​ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ចង់​ ចូរ​ឲ្យជា​ស្អាត​​ចុះ»​ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ស្អាត​​ពី​ជំងឺ​ឃ្លង់​​តែ​ម្ដង។​ ព្រះ​យេស៊ូ​ មាន​បន្ទូល​ទៅ​គាត់​​​ ថា៖ «ចូរ​​ប្រយ័ត្ន​​ កុំ​ប្រាប់​​​​​រឿង​នេះ​​ ដល់​​អ្នក​ណា​ឲ្យសោះ ប៉ុន្ដែ​ត្រូវ​​ទៅ​ បង្ហាញ​ខ្លួន​ដល់​សង្ឃ​​ ហើយ ​​ថ្វាយ ​តង្វាយ ​​ ដែលលោក​ម៉ូសេ បាន​បង្គាប់​ចុះ​ ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្ស​​ទាំង​​ឡាយ»។​

ជំនឿ​របស់នាយ​ទាហាន​រ៉ូម​

កាល​ព្រះអង្គ​យាងចូល​​ក្នុង​ ក្រុង​កាពើណិម​មាន​​នាយទាហាន​ម្នាក់​ បាន​ចូល​មក​ជិត​​ព្រះអង្គ​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ! បាវ​​​បម្រើ​​ខ្ញុំ​ស្លាប់​​​ដៃជើង ​ដេក​​​នៅ​​​​ផ្ទះ វេទនា​​ណាស់» ​​ព្រះ​​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​នឹង​ទៅ​​ប្រោស​​គាត់​ឲ្យជា»​នាយ​ទាហាន​​នោះ​ទូល​វិញ​ថា៖ «លោកម្ចាស់​អើយ​! ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក ​​មក​ក្នុង​​ផ្ទះ​​របស់ខ្ញុំ​ទេ គឺ ​សូម​លោក​គ្រាន់តែ​និយាយ​​ពាក្យ​​មួយម៉ាត់​ប៉ុណ្ណោះ នោះ​បាវ​បម្រើ​​របស់​ខ្ញុំ​នឹង​ជា​សះ​ស្បើយ​​​​មិន​ខាន​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​​មាន​ទាហាន​ជា​ច្រើន ​នៅ​ក្រោម​បញ្ជា​​ខ្ញុំ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ គេ​​នឹង​​ទៅ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​​នឹង​​មក ហើយ​ប្រាប់​​បាវបម្រើ​​របស់​ខ្ញុំ​ឲ្យធ្វើ​ការ​នេះ​ គេ​ក៏​​ធ្វើ»។​ ១០កាល​​​ស្ដាប់​ឮដូច្នេះ ព្រះ​យេស៊ូ​ស្ងើច​​​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា នៅ​អ៊ីស្រាអែល ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា ​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ ១១ហើយ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​​កើត​ និងទិស​ខាង​លិច​មក​អង្គុយនៅ​តុ​អាហារ​​​ជាមួយ​លោក​អ័បា្រហាំ លោក​​អ៊ីសាក និង​លោក​យ៉ាកុប​នៅ​នគរ​ស្ថានសួគ៌។ ​១២ឯ​មនុស្សនៃ​នគរ​​នោះ​ នឹង​ត្រូវ​បោះទៅ​ខាង​ក្រៅ​​ ក្នុង​សេចក្ដី​ងងឹត​​ដែល​មាន​តែ​ការ​ទ្រហោយំ​ និង​ការសង្កៀត​ធ្មេញ​នៅ​ទីនោះ»។​១៣ព្រះយេស៊ូ​​ ក៏​​មានបន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖ «ចូរ​ទៅ​ចុះ សូម​​ឲ្យបាន​សម្រេច​ដូច​ដែល​​​លោក​ជឿ» ឯ​បាវ​បម្រើ​​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​

ព្រះយេស៊ូ​ប្រោស​មនុស្ស​នៅ​ក្រុង ​ កាពើណិម​

១៤កាល​​​ព្រះយេស៊ូ​ យាងចូល​​ទៅ​ក្នុង​ផ្ទះ​លោក​ពេត្រុស ព្រះអង្គ​បាន​ទតឃើញ​ម្ដាយក្មេក​របស់​គាត់ កំពុង​​ដេក​គ្រុន​​ ១៥ព្រះអង្គ​ពាល់​​ដៃ​គាត់ គាត់​​​ក៏​បាន​ជា​ពី​​​គ្រុន ហើយ​ក្រោកឡើង​បម្រើ​​ព្រះអង្គ។​

១៦​នៅ​ល្ងាច​នោះ គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ ដែល​មាន​អារក្ស​​ចូល​មក​រក​​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​​ដោយ​ព្រះ​បន្ទូល​ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ ​​ឲ្យបាន​ជាទាំងអស់គ្នា​​ ១៧ដើម្បី​​ឲ្យបាន​សម្រេច​សេចក្តី​ដែល​​ថ្លែង​​ទុក​​មក​តាម​រយៈ​លោក​អេសាយ​​ ជា​អ្នក​នាំ​ព្រះបន្ទូល​​ថា «ព្រះអង្គ​បាន​ទទួល​យក​ជំងឺ​ ហើយ​ផ្ទុក​​យក​គ្រប់​​រោគា​​របស់​យើង»។​

ការ​ត្រលប់​​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូ

១៨ពេល​ព្រះយេស៊ូ ​ទតឃើញ​មនុស្សកុះករ​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​​ពួក​​សិស្ស​​ឲ្យ​ឆ្លង​ទៅ​​ត្រើយម្ខាងទៀត។​ ១៩មាន​​គ្រូ​វិន័យ​​ម្នាក់​ចូល​មក​ជិត​​​ព្រះអង្គ ​ទូល​ថា៖«លោក​គ្រូ ខ្ញុំ​នឹង​ដើរតាម​លោក​ ទោះលោក​ទៅ​​ទី​ណា​ក៏​ដោយ»។​ ២០ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់ថា​៖ «សត្វ​កញ្ជ្រោង​​មាន​រូង ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​​​​កូន​មនុស្ស ​​គ្មាន​កន្លែង​​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ» ២១សិស្ស​របស់ព្រះអង្គ​ម្នាក់​​ទៀត ​បាន​ទូល​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! សូម​​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ទៅ​បញ្ចុះសព​​ឪពុក​របស់​ខ្ញុំ​​​ ជាមុនសិន» ២២ប៉ុន្ដែ​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​មកតាមខ្ញុំ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​​គេ​ចុះ»។​

ព្រះយេស៊ូធ្វើ​ឲ្យ​ព្យុះ​លើបឹងស្ងប់​

២៣ព្រះអង្គ​បាន​យាង​ចុះ​​ទូក​ ហើយសិស្ស​របស់​​ព្រះអង្គ​ បាន​តាម​ព្រះអង្គ។​ ២៤ពេលនោះ​ កើតមាន​ព្យុះ​មួយ​យ៉ាងធំ​នៅលើ​បឹង​ ហើយ​​រលក​បាន​បោក​បក់​គ្រប​លើ​ទូក ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​​ ២៥គេ​បាន​ចូល​មក​ជិត​ព្រះអង្គ ដាស់​​ថា៖ «ព្រះអម្ចាស់! ជួយ​ផង យើង​កំពុង​​វិនាស​ហើយ!» ២៦ព្រះអង្គ​ មាន​បន្ទូល​​ទៅ​គេ​ថា៖ «ឱ ​អ្នក​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​​ជា​​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?»​​ ព្រះអង្គ​ក៏​ក្រោកឡើង​ ស្ដីបន្ទោស​ខ្យល់ និង​រលក​ នោះ​បឹង​ក៏​មាន​ភាពស្ងប់​ឈឹងវិញ។​ ២៧ពួក​គេ​​នឹក​អស្ចារ្យ​ ទាំង​និយាយ​​ថា៖ «តើ​លោក​នេះ​ជា​​មនុស្ស​បែប​ណា​ហ្ន៎! សូម្បីតែ​​ខ្យល់ និង​រលក​​​ក៏​ស្ដាប់​បង្គាប់​លោក»។

ព្រះយេស៊ូបណ្ដេញ​អារក្ស​​ពី​មនុស្ស​ ពីរ​នាក់​

២៨កាល​​ព្រះអង្គ​យាងមក​ដល់​ត្រើយម្ខាង​ ជា​តំបន់​របស់​​ពួក​គេរ៉ាស៊ីន​​ នោះ​មាន​បុរស​ពីរ​នាក់ ​ដែល​មានអារក្ស​ចូល​ បាន​ចេញ​​ពី​ផ្នូរ​​ខ្មោច​​មក​ជួប​ព្រះអង្គ ពួក​វា​​​កាច​សាហាវ​​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​​អ្នក​ណា​​អាច​ឆ្លងកាត់​តាម​ផ្លូវ​នោះ ​បាន​ឡើយ​​ ២៩ពួក​វា​ស្រែក​ឡើង​ថា៖ «ឱ​ព្រះរាជ​បុត្រា​ របស់ព្រះ​ជា​ម្ចាស់​អើយ! តើ​យើង​ និង​ព្រះអង្គ​មានហេតុ​​​​អ្វី​នឹង​គ្នា? តើ​ព្រះអង្គ​មក​ទីនេះ ​ដើម្បី​​ធ្វើ​​ទោស​យើង​មុន​ពេល​កំណត់​​ឬ?»​​ ៣០នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន​​​ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ីចំណី​ ៣១​ពេល​នោះ​ ពួក​​អារក្ស​​បាន​អង្វរ​ព្រះ​អង្គ​​ថា៖ «បើ​ព្រះអង្គ​បណ្ដេញ​​យើង សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​ ៣២ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកវា​ថា៖ «ចេញ​ទៅ!» ពួកវា​ក៏​ចេញ​ ហើយ​ចូលទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ។​ ហ្វូង​ជ្រូក​បាន​បោល​​ចុះ​​​ចំណោត​ ​ចូល​ទៅ​ក្នុង​បឹង​ ហើយ​ស្លាប់​​ក្នុង​ទឹក​អស់​ទៅ។​ ៣៣ពួក​​អ្នកចិញ្ចឹម​ជ្រូក ​បាន​រត់គេច​​ចូល​ទៅ​ក្នុង​ក្រុង​​ ហើយ​​រៀបរាប់​បា្រប់​គេ​អំពី​ហេតុ​ការណ៍​​ទាំង​អស់ និង​​ហេតុ​ការណ៍​​អំពី​​បុរស​ ​ដែល​មានអារក្ស​ចូល​ផង​ដែរ​​ ៣៤ពួក​​អ្នក​ក្រុង​​ទាំងអស់ ​បាន​ចេញមក​ជួប​ព្រះយេស៊ូ​ ពេល​ឃើញ​ព្រះអង្គ​ ពួកគេបាន​អង្វរ​ព្រះអង្គ ​ឲ្យ​ចាក​ចេញ​​​ពី​​ស្រុក​របស់​​ពួកគេ។

ម៉ាថាយ ៨