ម៉ាថាយ ៦
ព្រះយេស៊ូបង្រៀនអំពីការចែកទាន
៦ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នា នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌នោះឡើយ។ ២ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែដើម្បីចេញមុខដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដ ថា គេមានរង្វាន់របស់គេហើយ។ ៣ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការ ដែលដៃស្តាំរបស់អ្នកធ្វើឡើយ ៤ដើម្បីឲ្យការចែកទានរបស់អ្នកស្ងាត់កំបាំង ហើយព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន
៥នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ និងទីសាធារណៈដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ ៦ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតា ដែលគង់នៅទីស្ងាត់កំបាំងនោះព្រះវរបិតា ដែលទតឃើញនៅទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។ ៧ហើយនៅពេលអធិស្ឋាន ចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃ ព្រោះគេគិតថា ព្រះរបស់គេឮសំដីដ៏ហូរហៀររបស់គេ។ ៨ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះវរបិតា ជ្រាបពីសេចក្តីត្រូវការរបស់អ្នករាល់គ្នា មុនអ្នករាល់គ្នាទូលសុំទៅទៀត។
៩ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា
«ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ
១០សូមឲ្យរាជ្យរបស់ព្រះអង្គ បានមកដល់ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
១១សូមប្រទានអាហារប្រចាំថ្ងៃ ដល់យើងខ្ញុំនៅថ្ងៃនេះ។
១២សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នក ដែលធ្វើខុសនឹងយើងខ្ញុំដែរ។
១៣សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែ សូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច អាម៉ែន]»។
១៤ដ្បិតបើអ្នករាល់គ្នា លើកលែងទោសកំហុសដល់មនុស្ស នោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នឹងលើកលែងទោសដល់អ្នករាល់គ្នាដែរ ១៥ប៉ុន្ដែ បើអ្នករាល់គ្នា មិនលើកលែងទោសដល់មនុស្សទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ក៏មិនលើកលែងទោសកំហុសរបស់អ្នករាល់គ្នាដែរ។
ព្រះយេស៊ូបង្រៀនអំពីការតមអាហារ
១៦នៅពេលអ្នករាល់គ្នា តមអាហារ ចូរកុំធ្វើមុខក្រៀមដូចជា ពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។ ១៧ដូច្នេះនៅពេលអ្នកតមអាហារ ចូរលុបលាងមុខ ហើយលាបប្រេងលើក្បាលចុះ ១៨ដើម្បីកុំឲ្យអ្នកបង្ហាញដល់មនុស្សថា អ្នកកំពុងតមអាហារ ប៉ុន្ដែបង្ហាញដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងវិញ ហើយព្រះវរបិតារបស់អ្នក ដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។
ព្រះយេស៊ូបង្រៀនអំពីទ្រព្យសម្បត្ដិនៅផែនដី
១៩ចូរកុំសន្សំទ្រព្យសម្បត្ដិ សម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែង ដែលមានចោរគាស់ទម្លាយចូលលួចផង ២០ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួន នៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ ២១ដ្បិតទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅទីនោះដែរ។ ២២ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះ បើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺដែរ ២៣ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នក ជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត!
២៤គ្មានអ្នកណា អាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ។
ព្រះយេស៊ូបង្រៀនកុំឲ្យខ្វល់ខ្វាយ
២៥ដូច្នេះ ខ្ញុំបា្រប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត និងអ្វីដែលត្រូវបរិភោគ ឬផឹកនោះឡើយ ហើយក៏កុំខ្វល់ខ្វាយនឹងរូបកាយថា ត្រូវស្លៀកពាក់អ្វីដែរ តើជីវិតមិនវិសេសជាងអាហារ ហើយរូបកាយ មិនវិសេសជាងសម្លៀកបំពាក់ទេឬ? ២៦ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែ ព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ? ២៧ក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយ អាចបន្ថែមកំពស់ខ្លួនឯងបានមួយហត្ថដែរឬទេ? ២៨ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់យ៉ាងដូច្នេះ? ចូរសង្កេតមើលផ្កាព្រៃនៅតាមវាល ពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ ២៩ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា សូម្បីតែស្តេចសាឡូម៉ូន ដែលមានសិរីរុងរឿងគ្រប់យ៉ាង ក៏ស្លៀកពាក់មិនបានស្អាតដូចជាផ្កាមួយទង ក្នុងចំណោមផ្កាទាំងនេះផង។ ៣០បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែក ត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱ មនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ? ៣១ដូច្នេះ កុំខ្វល់ខ្វាយថា ត្រូវបរិភោគអ្វី ផឹកអ្វី ឬស្លៀកពាក់អ្វីឡើយ ៣២ដ្បិតសាសន៍ដទៃស្វែងរករបស់ទាំងអស់នេះ ឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានជ្រាបថា អ្នករាល់គ្នាក៏ត្រូវការរបស់ទាំងអស់នេះដែរ។ ៣៣ចូរស្វែងរកនគរព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុន នោះព្រះជាម្ចាស់នឹងបំពេញ គ្រប់សេចក្ដីត្រូវការរបស់អ្នករាល់គ្នា ៣៤ដូច្នេះចូរកុំខ្វល់ ខ្វាយពីថ្ងៃស្អែកឡើយ រឿងថ្ងៃស្អែកចាំគិតថ្ងៃស្អែក ដ្បិតបញ្ហាមួយថ្ងៃៗល្មមគ្រប់គ្រាន់ហើយ។