ម៉ាថាយ ២៨
ព្រះយេស៊ូរស់ឡើងវិញ
២៨ព្រលឹមស្រាងៗ នៅក្នុងថ្ងៃទីមួយ នៃសប្តាហ៍ក្រោយ ថ្ងៃសប្ប័ទ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានមកមើលផ្នូរ។ ២ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។ ៣រូបរាងរបស់ទេវតានោះ ភ្លឺដូចជាផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចព្រឹល។ ៤ពួកអ្នកយាមភ័យញ័ររន្ធត់ ដោយខ្លាចទេវតានោះ ហើយពួកគេត្រលប់ដូចជាមនុស្សស្លាប់។ ៥ទេវតានោះក៏និយាយទៅពួកស្រ្តីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ ៦ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែង ដែលគេផ្ដេកសពព្រះអង្គចុះ ៧ហើយចូរប្រញាប់ទៅប្រាប់ ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុន អ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។ ៨កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផងនោះពួកនាងក៏រត់ទៅបា្រប់ ពួកសិស្សរបស់ព្រះអង្គ ៩ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។ ១០បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។
ពួកមេដឹកនាំសាសនាសូកពួកទាហាន
១១កាលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះ បានចូលទៅក្នុងក្រុង បា្រប់ពួកសម្ដេចសង្ឃអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង។ ១២បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យ ប្រាក់ជាច្រើនដល់ពួកទាហាន ១៣ដោយប្រាប់ថា៖ «ចូរនិយាយថា ពេលយើងកំពុងដេកលក់ ពួកសិស្សរបស់វាបានមកលួចយកសពរបស់វាទាំងយប់ ១៤ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។ ១៥ពួកទាហានក៏ទទួលយកប្រាក់ ហើយធ្វើតាមដូចដែលពួកគេបង្គាប់។ ដូច្នេះ រឿងនេះក៏បានឮសុសសាយ ក្នុងចំណោមជនជាតិយូដារហូតដល់សព្វថ្ងៃ។
ព្រះយេស៊ូប្រទានមហាបេសកកម្ម
១៦ពួកសិស្សទាំងដប់មួយនាក់ បានទៅស្រុកកាលីឡេឆ្ពោះទៅភ្នំ ដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគេទៅ។ ១៧កាលឃើញព្រះអង្គហើយ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្ដែ អ្នកខ្លះនៅតែសង្ស័យ ១៨នោះព្រះយេស៊ូ ក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ១៩ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ២០ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្តីទាំងឡាយ ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នា គ្រប់ពេលវេលា រហូតដល់អស់កល្ប»៕