ម៉ាថាយ ២៧
ព្រះយេស៊ូនៅចំពោះមុខលោកពីឡាត់
២៧លុះព្រលឹមឡើង ពួកសម្ដេចសង្ឃ និងពួកចាស់ទុំទាំងអស់របស់ប្រជាជន បានពិគ្រោះគ្នាប្រឆាំងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ២ហើយបានចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាអភិបាលក្រុង។
យូដាសអ៊ីស្ការីយ៉ុតចងកសម្លាប់ខ្លួន
៣កាលយូដាស ជាអ្នកក្បត់ព្រះយេស៊ូឃើញថា ពួកគេផ្ដន្ទាទោសព្រះអង្គដូច្នេះ ក៏សោកស្ដាយ គាត់បានប្រគល់កាក់ប្រាក់សាមសិបកាក់ ទៅឲ្យពួកសម្តេចសង្ឃ និងពួកចាស់ទុំវិញ ៤ដោយនិយាយថា៖«ខ្ញុំប្រព្រឹត្តបាបហើយ ដែលបានប្រគល់ឈាមគ្មានទោស» ប៉ុន្ដែពួកគេនិយាយថា៖ «តើទាក់ទងអ្វីនឹងយើង? ស្រេចលើឯងទេតើ» ៥ពេលគាត់ គ្រវែងកាក់ប្រាក់ទៅក្នុងព្រះវិហារហើយ គាត់ក៏ចេញទៅ ហើយបានចងកសម្លាប់ខ្លួន។ ៦ពួកសម្ដេចសង្ឃ យកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេដែលដាក់កាក់ទាំងនេះ ទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។ ៧កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះ ទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ ៨ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។ ៩ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ ជាតម្លៃរបស់ព្រះអង្គដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ ១០រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
លោកពីឡាត់កាត់ក្ដីព្រះយេស៊ូ
១១កាលព្រះយេស៊ូ កំពុងឈរនៅចំពោះមុខលោកអភិបាល នោះលោកអភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះយេស៊ូមានបន្ទូលថា៖ «លោកនិយាយត្រូវហើយ»។ ១២ពេលពួកសម្ដេចសង្ឃ និងពួកចាស់ទុំ ចោទប្រកាន់ព្រះអង្គ ព្រះអង្គមិនបានឆ្លើយអ្វីឡើយ។ ១៣ពេលនោះ លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកមិនឮ ពួកគេកំពុងចោទប្រកាន់អ្នកពីករណីជាច្រើនទេឬ?» ១៤ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។
១៥រៀងរាល់ថ្ងៃបុណ្យ លោកអភិបាល ធ្លាប់ដោះលែងអ្នកទោសម្នាក់ ឲ្យបណ្តាជន តាមដែលពួកគេចង់បាន។ ១៦គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោចឈ្មោះយេស៊ូបារ៉ាបាស ១៧ដូច្នេះកាលពួកគេបានមកជួបជុំគ្នា លោកពីឡាត់ក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា យេស៊ូបារ៉ាបាស ឬយេស៊ូដែលហៅថា ព្រះគិ្រស្ដ?» ១៨ដ្បិតគាត់ដឹងថា ពួកគេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្តីឈ្នានីស។ ១៩ពេលគាត់កំពុងអង្គុយលើទីកាត់ក្តី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់ នៅក្នុងយល់សប្ដិ»។ ២០ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្តាជន ឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។ ២១លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស» ២២នោះលោកពីឡាត់ក៏និយាយទៅពួកគេវិញថា៖ «តើឲ្យខ្ញុំធ្វើដូចម្ដេចចំពោះយេស៊ូដែលហៅថា ព្រះគិ្រស្ដនេះ?» គេក៏និយាយទាំងអស់គ្នាថា៖ «ឆ្កាងវាទៅ!»។ ២៣លោកពីឡាត់បានសួរទៀតថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» នោះពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!» ២៤កាលលោកពីឡាត់ឃើញថា គាត់ធ្វើអ្វីក៏មិនបានការដូច្នេះ ហើយបែរជាមានចលាចលខ្លាំងឡើង គាត់ក៏យកទឹកមក លាងដៃនៅចំពោះមុខបណ្តាជន ហើយនិយាយថា៖ «ខ្ញុំមិនជំពាក់អ្វីនឹងឈាមរបស់មនុស្សនេះទេ គឺអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវ» ២៥ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ» ២៦បន្ទាប់មក លោកពីឡាត់ ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ គាត់ឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ពួកទាហានចំអកឲ្យព្រះយេស៊ូ
២៧បន្ទាប់មក ទាហានរបស់លោកអភិបាល បានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។ ២៨ពេលដោះ សម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែង ពណ៌ក្រហមទុំឲ្យព្រះអង្គវិញ ២៩រួចពួកគេបានក្រងមកុដបន្លាមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដាក់ដើមត្រែង ក្នុងព្រះហស្ដស្តាំរបស់ព្រះអង្គ និងនាំគ្នាលុតជង្គង់នៅពីមុខព្រះអង្គ ដោយចំអកថា៖ «ថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!» ៣០ពួកគេនាំគ្នាស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះ វាយព្រះសិររបស់ព្រះអង្គ។ ៣១នៅពេល ចំអកឲ្យព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ បំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។
ការឆ្កាងព្រះយេស៊ូ
៣២ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។ ៣៣ពេលមកដល់កន្លែងមួយឈ្មោះ គាល់កូថា ដែលហៅថា តំបន់លលាដ៍ក្បាល ៣៤នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរ ដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។ ៣៥កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ ៣៦ហើយអង្គុយយាមព្រះអង្គនៅទីនោះ។ ៣៧ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។ ៣៨នៅពេលនោះ មានចោរពីរនាក់ត្រូវគេឆ្កាងជាមួយព្រះអង្គដែរ គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង។ ៣៩ពួកអ្នកដែលដើរកាត់ទីនោះ បានប្រមាថព្រះអង្គ ហើយគ្រវីក្បាល ៤០ទាំងនិយាយថា៖ «ឱ អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរចុះពីឈើឆ្កាងមក!» ៤១ពួកសម្ដេចសង្ឃ ជាមួយពួកគ្រូវិន័យ និងពួកចាស់ទុំ ក៏ចំអកឲ្យព្រះអង្គបែបដូច្នោះដែរ ថា៖ ៤២«វាសង្គ្រោះគេបាន ប៉ុន្ដែ សង្គ្រោះខ្លួនឯងមិនបានទេ ហើយវាជាស្ដេចអ៊ីស្រាអែល! ឲ្យវាចុះពីឈើឆ្កាងឥឡូវនេះមក នោះយើងនឹងជឿវា ៤៣វាទុកចិត្តលើព្រះជាម្ចាស់ ឥឡូវនេះ បើព្រះអង្គសព្វព្រះហឫទ័យនឹងវាមែន ទុកឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតវាបាននិយាយថា ខ្ញុំជាព្រះរាជបុត្រាព្រះជាម្ចាស់»។ ៤៤ឯពួកចោរដែលជាប់ឆ្កាងជាមួយព្រះអង្គ ក៏ប្រមាថព្រះអង្គដូចគ្នាដែរ។
ការសោយទិវង្គតរបស់ព្រះយេស៊ូ
៤៥ចាប់ពីម៉ោង ដប់ពីរថ្ងៃត្រង់ភាពងងឹតបានគ្របដណ្តប់លើតំបន់នោះទាំង មូលរហូតដល់ម៉ោងបីរសៀល ៤៦ហើយនៅប្រហែលម៉ោងបីរសៀល ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី?» ដែលមានន័យថា«ឱព្រះជាម្ចាស់នៃខ្ញុំ!ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំចោលដូច្នេះ?» ៤៧ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ» ៤៨ភ្លាមនោះ បុរសម្នាក់នៅក្នុងចំណោមពួកគេ បានរត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះ ដាក់នឹងដើមត្រែង ហុចឲ្យព្រះអង្គផឹក ៤៩តែអ្នកផ្សេងទៀតនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើល តើលោកអេលីយ៉ាមកសង្គ្រោះគាត់ដែរឬអត់»។ ៥០ព្រះយេស៊ូក៏ស្រែកដោយសំឡេងខ្លាំងៗម្ដងទៀត រួចបានប្រគល់វិញ្ញាណទៅ ៥១ពេលនោះ វាំងនននៅក្នុងព្រះវិហារ ស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោម ហើយផែនដីបានរញ្ជួយ ឯផ្ទាំងថ្មក៏ប្រេះ ៥២ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ ៥៣និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។ ៥៤កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូ ជាមួយគាត់ បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ពិតមែន»។ ៥៥នៅទីនោះមានស្រ្តីជាច្រើន ដែលបានតាមបម្រើព្រះយេស៊ូ ពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ ៥៦នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។
ការបញ្ចុះសពព្រះយេស៊ូ
៥៧លុះដល់ពេលល្ងាច បុរសអ្នកមានម្នាក់មកពីក្រុងអើរីម៉ាថេ ឈ្មោះយ៉ូសែប ជាសិស្សរបស់ព្រះយេស៊ូដែរនោះ បានមកដល់ ៥៨គាត់បានទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ ពេលនោះលោកពីឡាត់ ក៏បង្គាប់ឲ្យគេប្រគល់សពឲ្យ។ ៥៩លោកយ៉ូសែបបានយកសពរុំនឹងសំពត់ទេសឯកស្អាតមួយ ៦០ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ ៦១ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានអង្គុយនៅមុខផ្នូរទីនោះដែរ។
ពួកទាហានយាមផ្នូរព្រះយេស៊ូ
៦២នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំ ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ី បានជួបជុំគ្នាជាមួយលោកពីឡាត់ ៦៣ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយ កាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ ៦៤ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វា មកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយ នេះ មុខជាអាក្រក់ជាងលើកមុនទៅទៀត»។ ៦៥លោកពីឡាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាមានអ្នកយាមហើយ ចូរទៅយាមតាម ដែលអ្នករាល់គ្នាយល់ឃើញចុះ» ៦៦ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។