KCB - ម៉ាថាយ ២៦


ម៉ាថាយ ២៦

មេ​ដឹក​នាំសាសនា​រៀប​ផែន​​ការ​សម្លាប់ព្រះយេស៊ូ​

២៦កាល​ព្រះយេស៊ូ​ បាន បញ្ចប់​ព្រះ​បន្ទូល​ទាំង​អស់​នេះ​ហើយ​​ ព្រះអង្គ​ក៏​​មានបន្ទូល​ទៅ​ពួក​​សិស្ស​របស់​ព្រះអង្គ​ថា៖ «អ្នករាល់គ្នា​ដឹង​ថា ​​ពីរ​ថ្ងៃ​ទៀត​ ដល់​ថ្ងៃ​​បុណ្យ​រំលង​ហើយ​ ឯកូន​មនុស្ស​​វិញ​​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​​ឆ្កាង​ដែរ»។​ នៅ​ពេល​នោះ​ ​ពួក​សម្ដេចសង្ឃ​ ​និងពួក​ចាស់ទុំ​​របស់​​​ប្រជាជន ​បាន​​ប្រមូល​​ផ្ដុំ​គ្នា​​នៅក្នុង​ផ្ទះ​របស់​សម្ដេចសង្ឃ​​ម្នាក់​ ឈ្មោះ​កៃផា​ ពួកគេ​បាន​ពិភាក្សា​​​គ្នា​ ដើម្បី​ចាប់​ព្រះយេស៊ូ​​ដោយ​​​ឧបាយ​កល​ រួច​សម្លាប់​ព្រះអង្គ ប៉ុន្ដែ​ពួកគេ​និយាយ​ថា​៖ «កុំ​ធ្វើ​នៅ​​​ក្នុងពេល​បុណ្យ​អី​​ ក្រែង​លោ​កើតមាន​ចលាចល​ក្នុងចំណោម​​ប្រជាជន»។​

ព្រះយេស៊ូទទួល​ប្រេង​ក្រអូប​នៅ​​​ ក្រុងបេថានី​

ពេល​ព្រះយេស៊ូ​កំពុង​គង់​នៅ​ក្នុងផ្ទះ​របស់​​លោក​ស៊ីម៉ូន ​ជា​មនុស្ស​ឃ្លង់​​នៅ​​ក្រុង​​បេថានី​​ នោះ​​​ស្ដ្រី​ម្នាក់​បាន​ចូលមកជិត​​ព្រះអង្គ ដោយ​មាន​​​​កាន់​ប្រេង​ក្រអូប​មួយ​ដប ​ដ៏​​​មាន​តម្លៃ​បំផុត​​ផង។ នាង​​​​ក៏​ចាក់​​ប្រេងក្រអូប​នោះ​​ លើ​ព្រះ​សិរ​​ ​របស់ព្រះអង្គ​ ពេល​ព្រះអង្គ​​កំពុង​អង្គុយ​នៅ​តុ​អាហារ។​ ពេល​ពួក​សិស្ស​ឃើញដូច្នេះ​ ក៏​និយាយ ​ទាំង​ខឹង​ថា​៖ «ម្ដេច​​បង្ហិន​ដូច្នេះ​? ដ្បិត​ប្រេង​នេះអាច​លក់​បាន​ថ្លៃ ហើយ​អាច​​​ចែកទានដល់​​អ្នកក្រ​បាន»។​ ១០កាល​​ព្រះយេស៊ូ​ជ្រាប​ហើយ​​ ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ហេតុ​អ្វី​អ្នករាល់គ្នា​បង្ក​រឿង ​នឹង​ស្ដ្រី​នេះ​ដូច្នេះ​? គឺ​នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​​​​​ខ្ញុំ។​ ១១​ដ្បិត​​​អ្នកក្រ​តែង​នៅ​ជាមួយ​​​អ្នករាល់គ្នា​​ជានិច្ច​ ឯ​ខ្ញុំ​វិញ​​មិន​នៅ​ជាមួយ​អ្នក​រាល់​គ្នា​រហូត​ទេ​ ១២ប៉ុន្ដែ​​​ស្រ្តី​នេះ​បាន​ចាក់​ប្រេង​ក្រអូប​​នេះ ​លើ​ខ្លួន​ខ្ញុំ ដើម្បី​រៀបចំ​បញ្ចុះសព​របស់​​ខ្ញុំ ​​១៣ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​​ជា​បា្រកដ​​ថា នៅក្នុង​ពិភព​លោក​​ទាំង​មូល​ នៅ​ទីណា​​​ក៏​ដោយ​​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​​និយាយ​អំពី​​អ្វីដែល​ស្រ្តី​ម្នាក់​​នេះ​បាន​ធ្វើ​ដែរ​​ ដើម្បី​​ជា​ការរំឭក​ដល់​នាង»។​ ១៤នៅពេល​នោះ​សាវក​​ម្នាក់​ក្នុង​ចំណោម​សាវក​​ទាំង​ដប់ពីរ​ ឈ្មោះ​យូដាស​​អ៊ីស្ការីយ៉ុត ​បាន​ទៅ​ជួប​​ពួក​សម្ដេច​សង្ឃ​ ១៥ប្រាប់​ថា​៖ «ខ្ញុំ​នឹង​​ប្រគល់​គាត់​ឲ្យពួក​លោក​​ តើ​ពួកលោកនឹង​​ឲ្យអ្វី​ខ្ញុំ​?» ពួក​គេ​​ក៏​​​ឲ្យគាត់​សាម​សិប​​កាក់​​​ប្រាក់។​ ​១៦​តាំងពី​ពេលនោះ​មក គាត់​ក៏​រក​ឱកាស ​ដើម្បី​ប្រគល់​ព្រះអង្គឲ្យពួកគេ។​

យូដាស​អ៊ីស្ការីយ៉ុត​យល់​ព្រម​ក្បត់​ ព្រះយេស៊ូ

១៧នៅ​ថ្ងៃ​ទីមួយ​ នៃ​ថ្ងៃ​បុណ្យនំបុ័ងឥតមេ ​​ពួក​សិស្ស​បាន​ចូលមកជិត​​​​ព្រះយេស៊ូ​ទូល​សួរ​ថា​៖ «តើ​លោក​ចង់​ឲ្យ យើង ​​រៀប​ចំ​ឲ្យ​​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅទីណា​?»​ ១៨ព្រះអង្គ​មាន​​បន្ទូល​ថា​៖ «ចូរ​ទៅ​ឯបុរស​​ម្នាក់​នៅក្នុង​ក្រុង ហើយ​​ប្រាប់​គាត់​ថា លោកគ្រូ​និយាយ​ថា​ ពេល​កំណត់​របស់​ខ្ញុំ​ជិតដល់ហើយ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលងជាមួយ​​​ពួកសិស្ស​របស់​ខ្ញុំ​នៅ​កន្លែង​​អ្នក»។​ ១៩ពួក​សិស្ស​ក៏​​ធ្វើ​ ដូច​ដែល​ព្រះយេស៊ូ​បានបង្គាប់ ហើយ​ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង។​ ២០លុះ​​ដល់​ពេលល្ងាច ព្រះអង្គ​ក៏​បាន​​អង្គុយ​នៅ​តុ​អាហារ​​ជាមួយ​​សាវក​​ទាំង​ដប់​ពីរ​ ២១ហើយ​ពេល​ពួកគេ​កំពុង​បរិភោគ ព្រះអង្គ​មានបន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាបា្រកដ​ថា ក្នុង​ចំណោម​អ្នករាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»​។​ ២២ពួក​សិស្ស​​កើតទុក្ខយ៉ាង​​ខ្លាំង​ ហើយ​ចាប់ផ្ដើម​ទូលសួរ​​ព្រះអង្គ​​ម្នាក់​​ម្ដងៗ​ថា​៖ «ព្រះអម្ចាស់​អើយ! មិនមែន​ខ្ញុំ​ទេ មែនទេ​?»​ ២៣ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​​ពួក​គេ​ថា​៖​ «គឺ​​អ្នក​ដែល​យក​ដៃ ​ជ្រលក់​​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នក​នោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​ ២៤ដ្បិត​កូន​មនុស្ស​​ត្រូវ​ទៅ​ ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​​​ក្បត់​​កូន​មនុស្ស ហើយ​ជា​ការ​ប្រសើរជាង​ ​បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​ ២៥នោះ​យូដាស ​ជា​អ្នក​ក្បត់​ព្រះអង្គ​ បាន​​​ទូល​តប​ថា​៖ «លោកគ្រូ​ ​តើជាខ្ញុំឬ?»​ ព្រះអង្គ​ក៏​មានបន្ទូល​​ទៅ​គាត់​ថា​៖ «អ្នក​​និយាយ​ត្រូវហើយ»​។​

អាហារ​ចុង​ក្រោយ​របស់​ព្រះអម្ចាស់​

២៦កាល​​ពួកគេ​កំពុង​បរិភោគ នោះ​​ព្រះយេស៊ូ​បាន​​យក​នំបុ័ង​មក​ ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យពួក​សិស្ស​ ទាំង​មាន​បន្ទូល​​ថា​៖ «ចូរ​ទទួល​​ ហើយ​បរិភោគ​ចុះ នេះ​ជា​​រូបកាយ​របស់​ខ្ញុំ»​ ២៧បន្ទាប់​មក​ ព្រះ​អង្គ​យក​ពែង​មក​អរព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​​ដល់​ពួក​គេ ​ទាំង​មាន​បន្ទូល​ថា​៖ «ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ​ ២៨ដ្បិត​នេះ​ជា​​ឈាម​របស់​ខ្ញុំ​ គឺ​​ជា​​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង ​ដែល​​​បាន​បង្ហូរ​ ដើម្បី​លើក​លែងទោស​បាប​ដល់​មនុស្ស​ជាច្រើន។​ ២៩ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពី​ពេលនេះ​តទៅ​​ ខ្ញុំ​នឹង​​មិន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ទៀត​​​​ទេ រហូត​ដល់​ថ្ងៃ​ ដែល​ខ្ញុំ​នឹង​ផឹក​វា​​ជាថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​នគរ​ព្រះវរបិតា​របស់​ខ្ញុំ»។​ ៣០ក្រោយ​ពី​​ ច្រៀង​ចម្រៀង​សរសើរតម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​

អូលីវ។​

ព្រះយេស៊ូប្រាប់​​ឲ្យដឹង​​មុន​ថា​​ លោកពេត្រុស​នឹង​បដិសេធ​ព្រះអង្គ​​

៣១ក្រោយមក​ ​ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «យប់​នេះ ដោយព្រោះ​​ខ្ញុំ​ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់ដួល​ ដ្បិត​មាន​​សេចក្ដីចែង​​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នកគង្វាល​ ហើយ​ហ្វូង​​ចៀម​នឹង​ខ្ចាត់ខ្ចាយ​ទៅ​ ៣២ប៉ុន្ដែបន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​​មុន​អ្នក​រាល់​គ្នា»។​ ៣៣លោក​ពេត្រុស​ ទូល​​​ទៅ​ព្រះអង្គ​ថា​៖ «ទោះជា​​មនុស្ស​គ្រប់​គ្នា​ជំពប់ដួល​ ក៏ដោយ​​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​ ៣៤ព្រះយេស៊ូ​ក៏​​មានបន្ទូល​ទៅ​គាត់​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​បា្រកដ​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បីដង​ថា ​មិន​ស្គាល់​ខ្ញុំ» ៣៥នោះ​លោកពេត្រុស​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ ​«ទោះបី​​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​​​លោក​​ក៏​ដោយ​ ក៏​ខ្ញុំ​​មិន​​បដិសេធ​​លោក​​ជា​​ដាច់​ខាត»។​​ ពួក​សិស្ស​​ទាំងអស់​គ្នា​ក៏​និយាយ​ដូច្នោះ​ដែរ។​

ព្រះយេស៊ូអធិស្ឋានក្នុងសួន​ គែតសេម៉ានី​

៣៦ក្រោយមក​​ ព្រះយេស៊ូ​ជាមួយពួកសិស្ស​​បាន​មក​ដល់​កន្លែង​មួយ​ដែល​មាន​​ឈ្មោះ​​ថា​​ សួន​គែតសេម៉ានី​ ​ព្រះអង្គក៏​​មានបន្ទូល​ទៅ​ពួក​គេ​ថា​៖ «ចូរ​អង្គុយ​នៅទីនេះ​ចុះ​ នៅពេល​​ខ្ញុំ​ទៅ​អធិស្ឋាន​នៅទីនោះ»។​ ៣៧ព្រះ​អង្គ​យក​លោក​ពេត្រុស និង​ កូនប្រុស​ទាំង​​ពីរ​នាក់​របស់លោក​សេបេដេ​​​ទៅ​ជា​មួយ ហើយ​ព្រះអង្គ​ចាប់ផ្ដើម​មាន​​​​ទុក្ខព្រួយ​ និង​ពិបាកចិត្តយ៉ាងខ្លាំង។​ ៣៨ព្រះអង្គ​មានបន្ទូល​ទៅ​អ្នកទាំង​បី​​នោះ​ថា​៖ «ខ្ញុំ​ព្រួយចិត្ត​ខ្លាំងណាស់​​ ស្ទើរ​ស្លាប់​ទៅហើយ​ ចូរ​នៅ​ទីនេះ​ជាមួយ​ខ្ញុំ ហើយ​ប្រុង​ស្មារតី​ឡើង»។​ ៣៩កាល​យាងទៅមុខ​​បាន​បន្ដិច ព្រះអង្គ​ក៏​ក្រាប​​ផ្កាប់​​មុខ​ចុះ ហើយ​អធិស្ឋាន​ថា​៖ «ឱ ព្រះវរបិតា​របស់​ខ្ញុំ​អើយ! ប្រសិនបើ​អាច​ សូម​ឲ្យពែង​នេះ​រំលងផុត​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​​របស់​​ខ្ញុំ​ឡើយ​​ គឺ​តាម​បំណង​របស់ព្រះអង្គ​វិញ» ៤០រួច​ព្រះអង្គ​យាង​មក​ឯ​ពួក​សិស្សវិញ​ ក៏​​ឃើញ​ពួកគេ​ដេកលក់​អស់​ នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «តើពួក​​អ្នក​ទ្រាំ​នៅជាមួយ​ខ្ញុំ ​ដោយ​មិនដេក​តែ​មួយ​ម៉ោង​មិន​បានទេ​ឬ? ​៤១ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​​ ដើម្បី​កុំ​ឲ្យធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​​ ៤២ព្រះអង្គ​ក៏​យាង​ទៅ​ម្ដងទៀត​​ ហើយ​អធិស្ឋានជាលើក​ទីពីរ​​ថា​៖ «ឱ ព្រះវរបិតា​របស់​ខ្ញុំ​អើយ! ប្រសិន​បើ​​​ខ្ញុំ​ត្រូវ​តែ​​​ផឹកពី​ពែង​​នេះ​ ដោយ​ចៀស​ពុំ​រួច​មែន​​​ សូម​ឲ្យសម្រេច​​តាមបំណង​​ព្រះអង្គ​ចុះ» ៤៣ពេល​​​​ព្រះអង្គ​យាងមក​វិញ ក៏​ឃើញ​ពួក​គេ​ដេកលក់​ទៀត ព្រោះ​ពួកគេ​បើក​ភ្នែក​មិនរួច​ ៤៤ព្រះ​អង្គ​ក៏​​យាង​ចេញ​​ពី​ពួកគេ​ម្ដង​​ទៀត​ ហើយ​មាន​បន្ទូល​​អធិស្ឋាន​ជា​លើក​ទីបី​​តាម​​ពាក្យ​ដដែល។​ ៤៥ក្រោយ​​​មក​ ព្រះអង្គ​ក៏​យាងមក​ឯ​ពួក​សិស្សវិញ​ ហើយ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នា​នៅ​ដេក​ និង​សម្រាក​​ដល់​ពេល​ណា​ទៀត​ មើល៍ ជិតដល់​ពេលកំណត់​ហើយ​ កូន​មនុស្ស​​នឹង​​ត្រូវ​​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​​ពួកមនុស្ស​បាប ៤៦ចូរ​ក្រោក​ឡើង យើងនាំគ្នា​​ទៅ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់ហើយ»​។​

ការ​ចាប់​ខ្លួន​ព្រះយេស៊ូ

៤៧កាល​ព្រះអង្គ​កំពុង​​​មាន​បន្ទូល​នៅ​ឡើយ​ នោះ​​យូដាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ក៏​មក​ដល់​ ហើយ​មាន​បណ្តាជន​ជា​ច្រើន​ប្រដាប់​​ដោយ​​ដាវ និងដំបង​មក​ជាមួយ​គាត់​ដែរ​​ អ្នក​​ទាំង​នោះ​​មកពី​ខាង​​ពួក​សម្ដេច​សង្ឃ​ និង​ពួក​​ចាស់ទុំ​របស់​​ប្រជាជន។​ ៤៨អ្នក​ក្បត់​​ព្រះអង្គ​ម្នាក់​​នោះ ​​បាន​ឲ្យសញ្ញា​ដល់​ពួក​គេ​ ដោយ​​និយាយ​​ថា​៖ «ខ្ញុំ​ថើប​អ្នក​ណា​ គឺ​អ្នក​នោះ​ហើយ​ ចូរ​ចាប់​គាត់​ចុះ»​ ៤៩​គាត់​​ចូល​មក​ជិត​ព្រះ​យេស៊ូ​ភ្លាម ហើយទូល​ថា​៖ «ជម្រាប​សួរ​​​លោក​គ្រូ» រួច​ក៏​ថើប​ព្រះអង្គ។​ ៥០ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «សម្លាញ់​​អើយ​​! អ្នក​មក​ដើម្បី​អ្វី​ ចូរ​ធ្វើចុះ» បន្ទាប់​មក​ ពួក​គេ​ក៏​ចូល​មក​ជិត​ ហើយ​លូក​ដៃ​ចាប់​ព្រះ​យេស៊ូ​ ៥១នោះ​មាន​​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះ​យេស៊ូបាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន​ កាប់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​ ៥២ពេល​នោះ​ ព្រះ​យេស៊ូ​​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​ទុក​ដាវ​របស់​អ្នក ​ទៅ​​ក្នុងកន្លែង​របស់​​វា​​វិញ​ទៅ​ ដ្បិត​អស់​អ្នក​ដែល​រើស​យក​ដាវ នឹង​ស្លាប់​ដោយ​ដាវ​ ៥៣ឬមួយ​អ្នក​គិត​ថា​ នៅ​ពេល​នេះ​ ខ្ញុំ​មិន​អាច​សុំ​ព្រះវរបិតា​របស់​ខ្ញុំ ​ឲ្យ​ព្រះ​អង្គ​​ប្រទាន​ពួក​ទេវតា​លើស​ពី​ ដប់ពីរ​កង​ដល់​​ខ្ញុំ​​​បាន​ទេ​ឬ?​ ៥៤បើ​ធ្វើ​ដូច្នេះ តើ​បទ​គម្ពីរ​ដែល​ចែង​​ថា ត្រូវ​តែ​កើត​ឡើង​ដូច្នេះ​ នឹង​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្តេច​?»​​

៥៥នៅ​ពេល​នោះ​ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្តាជន​ថា​៖ «តើ​អ្នក​​រាល់​​គ្នា​មក​តទល់​នឹង​ចោរ​​ឬ​អី​ បានជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​​អ្នក​រាល់​គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ៥៦ប៉ុន្ដែ​ការ​​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​​សម្រេច​តាម​បទ​គម្ពីរ​របស់​​អ្នក​នាំ​ព្រះបន្ទូល» ​ពេល​នោះ ពួក​សិស្ស​​ក៏​រត់​គេច​ខ្លួន​​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​

ព្រះយេស៊ូនៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល​

៥៧​ពួក​អ្នក​ដែល​ចាប់​ព្រះ​យេស៊ូ​ ក៏​នាំ​ព្រះអង្គ​ទៅ​ឯ​សម្ដេច​សង្ឃ​​កៃផា​ ជា​កន្លែង​ដែល​ពួក​គ្រូវិន័យ​​ និងពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា។ ​៥៨​លោក​ពេត្រុស​​បាន​ដើរតាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​​សម្ដេច​សង្ឃ​​​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​​ពួក​អ្នក​បម្រើការ​​ នៅ​ខាង​ក្នុង​​ដើម្បី​មើល​​លទ្ធផល។ ៥៩ពួក​សម្ដេច​សង្ឃ​​ និង​ក្រុម​បឹ្រក្សា​កំពូល​​​ទាំង​មូល ​បាន​រក​ភស្តុតាង​​ក្លែងក្លាយ​​ប្រឆាំង​ព្រះ​យេស៊ូ ដើម្បី​អាច​សម្លាប់​​ព្រះអង្គ​បាន​ ៦០ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​​ ទោះ​បី​​​មាន​សាក្សី​​​ក្លែងក្លាយ​ជា​ច្រើន​បាន​ចូល​មក​​ក៏​ដោយ។​ នៅ​​ទី​បំផុត ក៏​​មាន​ពីរ​នាក់​​បាន​ចូល​មក​ ៦១និយាយ​​ថា​៖ «ម្នាក់​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​​បំផ្លាញ​ ព្រះវិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​​សង់​ឡើង​វិញ​ក្នុង​​រយៈ​ពេល​​បី​ថ្ងៃ»។​ ៦២សម្ដេច​សង្ឃ​​ក៏​ក្រោកឈរ​​ឡើង ​និយាយ​ទៅ​ព្រះអង្គ​ថា​៖ «តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​​ ដែល​អ្នក​ទាំង​នេះ​​បានចោទ ប្រកាន់​អ្នក​ទេ​ឬ?» ៦៣​ព្រះ​យេស៊ូ​នៅ​​ស្ងៀម សម្ដេច​សង្ឃ​​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា​៖ «ខ្ញុំ​សូម​ឲ្យ​​​អ្នក​ស្បថ​​នឹង​ព្រះជាម្ចាស់​ ដ៏​មាន​​ព្រះជន្ម​រស់​ ចូរ​​អ្នក​ប្រាប់​យើង​មក​​ តើ​អ្នក​ជា​ព្រះគិ្រស្ដ ដែល​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ជា​ម្ចាស់​មែន​ឬ​​?»​ ៦៤នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «លោក​និយាយ​ត្រូវ​ហើយ​​ តែ​​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ ចាប់ពី​ពេល​នេះ​​​តទៅ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​​អង្គុយ​នៅ​ខាងស្ដាំ​ព្រះ​​ជាម្ចាស់​​ដ៏​មាន​​អំណាច​​ ហើយ​មក​​ជាមួយ​​ពពកលើ​មេឃ»។​ ៦៥ពេល​នោះ​ សម្ដេច​​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​​និយាយ​ថា​៖ «វា​​​​ប្រមាថ​ព្រះជាម្ចាស់​ហើយ តើ​​យើង​នៅ​​ត្រូវការ​សាក្សី​ធ្វើ​អ្វីទៀត​?​ ពេល​នេះ​ អ្នក​រាល់​គ្នា​បាន​ស្ដាប់​​ឮពាក្យ​ប្រមាថ​ ដល់​ព្រះ​ជា​ម្ចាស់​​​ហើយ​ ៦៦តើ​អ្នក​រាល់​គ្នា​គិត​​យ៉ាង​ដូច​ម្ដេច​ដែរ?» ពួកគេ​​តប​​វិញ​​ថា​៖ «វា​សម​តែ​ស្លាប់» ៦៧បន្ទាប់​មក​ ពួក​គេ​​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​ភក្រ្ដ​​ព្រះអង្គ​ ដាល់​​ព្រះអង្គ​ ហើយ​ទះ​កំផ្លៀង​ព្រះអង្គ​ ៦៨ទាំង​​និយាយ​​ថា​៖ «ព្រះគ្រិស្ដ​អើយ!​​ ទាយ​ប្រាប់​យើង​​មើល៍​​ តើ​អ្នក​ណា​វាយ​ឯង​?»​​

លោកពេត្រុស​បដិសេធ​ព្រះយេស៊ូ

៦៩ពេល​លោក​ពេត្រុស ​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ ​​មាន​សី្រ​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​ អ្នក​ស្រុក​​កាលីឡេ​​ដែរ»​ ៧០ប៉ុន្ដែ ​លោក​ពេត្រុស​បដិសេធ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់គ្នា​ថា៖ «ខ្ញុំ​មិន​ដឹង​ថា អ្នក​កំពុង​និយាយ​អំពី​អ្វី​ទេ»។​ ៧១ពេល​​ចេញ​ទៅ​ក្រៅ​ដល់​មាត់​ទ្វារ មាន​ស្រី​​ម្នាក់​ទៀត​បាន​ឃើញ​គាត់ ក៏​ប្រាប់​ពួក​​អ្នក​នៅ​ទីនោះ​ថា៖​ «ម្នាក់​នេះ​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​​ដែរ» ៧២​នោះ​លោក​ពេត្រុស ​បាន​បដិសេធ ដោយ​ស្បថ​ម្ដង​ទៀត​​ថា​៖ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​​នោះ​ទេ»​ ៧៣បន្តិច​ក្រោយ​មក ពួក​អ្នក​កំពុង​​ឈរ​ ក៏​ចូល​មក​ជិត​លោក​ពេត្រុសនិយាយ​ថា​៖ «ប្រាកដ​ណាស់​ អ្នក​ជា​ម្នាក់ ​​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ​ ព្រោះ​សូម្បីតែ​សំឡេង​​របស់​អ្នក​ក៏​​បញ្ជាក់​ច្បាស់​ដែរ»​ ៧៤​ពេល​នោះ លោក​​ពេត្រុស​ក៏​ចាប់​ផ្តើម​ប្រមាថ​ ទាំង​ស្បថ​ថា​៖ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ» ស្រាប់​តែ​មាន់​រងាវ​ឡើង។ ៧៥លោក​ពេត្រុសក៏​​​​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះ​យេស៊ូ​ ដែល​​មាន​បន្ទូល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង»។​ ​គាត់​ក៏​ចេញ​ទៅ​ក្រៅ ទាំង​​ទ្រហោ​យំ​យ៉ាង​​ក្ដុកក្ដួល។

ម៉ាថាយ ២៦