ម៉ាថាយ ២៥
រឿងស្ដ្រីព្រហ្មចារីដប់នាក់
២៥ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។ ២ក្នុងចំណោមពួកគេ ប្រាំនាក់ល្ងង់ និងប្រាំនាក់ទៀតឆ្លាត។ ៣ពួកស្ដ្រីល្ងង់បានយកចង្កៀងរបស់ពួកគេទៅ ប៉ុន្ដែមិនបានយកប្រេង ទៅជាមួយពួកគេទេ ៤ផ្ទុយទៅវិញ ពួកស្ដ្រីឆ្លាតបានយកប្រេងនៅក្នុងដប ទៅជាមួយចង្កៀងរបស់ពួកគេដែរ។ ៥កាលកូនកំលោះក្រមកដល់ពេក ពួកនាងក៏ងងុយដេក ហើយដេកលក់អស់ទៅ។ ៦លុះដល់ពាក់កណ្តាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ ៧នៅពេលនោះ ពួកនាងក៏ភ្ញាក់ពីដេកទាំងអស់គ្នា ហើយរៀបចំចង្កៀងរៀងៗខ្លួន។ ៨ពួកស្ដ្រីល្ងង់បាននិយាយទៅពួកស្ដ្រីឆ្លាតថា សូមរំលែកប្រេងរបស់អ្នករាល់គ្នាឲ្យយើងផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ ៩ប៉ុន្ដែពួកស្ដ្រីឆ្លាតបានតបវិញថា ប្រេងប្រាកដជាមិនគ្រប់គ្រាន់សម្រាប់ពួកយើង និងអ្នករាល់គ្នាទេ ដូច្នេះ ចូរពួកនាងទៅឯអ្នកលក់ ហើយទិញប្រេងសម្រាប់ខ្លួនឯងចុះ។ ១០ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាត ដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។ ១១ក្រោយមក ពួកស្ដ្រីល្ងង់ក៏មកដល់ដែរ និងបាននិយាយថា លោកម្ចាស់! លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង ១២ប៉ុន្ដែគាត់តបទៅវិញថា ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ។ ១៣ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
រឿងបាវបម្រើឧស្សាហ៍ និងបាវបម្រើកម្ជិល
១៤ព្រោះការនេះប្រៀបដូចជា បុរសម្នាក់ដែលត្រូវធ្វើដំណើរ និងបានហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់ទ្រព្យសម្បត្ដិ របស់គាត់ឲ្យពួកគេ។ ១៥គាត់បានឲ្យបាវបម្រើម្នាក់ៗ ទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ គឺម្នាក់ប្រាំឋាឡាន់ ម្នាក់ពីរឋាឡាន់ និងម្នាក់ទៀតមួយឋាឡាន់ រួចគាត់ក៏ចេញដំណើរទៅ ១៦ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត ១៧ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ធ្វើដូច្នោះដែរ គឺបានចំណេញពីរឋាឡាន់ទៀត ១៨ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់ បានយកលុយម្ចាស់របស់គាត់ ទៅជីកដីកប់ទុក ១៩លុះអស់រយ:ពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះ ក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ ២០ម្នាក់ដែលបានទទួលប្រាំឋាឡាន់ បាននាំយកប្រាំឋាឡាន់ទៀត ចូលមកជិត ប្រាប់ថា លោកម្ចាស់អើយ! ប្រាំឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញប្រាំឋាឡាន់ទៀត ២១ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់ លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នក ឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ ២២ឯម្នាក់ដែលបានទទួលពីរឋាឡាន់ ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត ២៣ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ ២៤ម្នាក់ដែលបានទទួលមួយឋាឡាន់បានចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ខ្ញុំដឹងថា លោកជាមនុស្សតឹងតែង គឺលោកច្រូតពីកន្លែង ដែលលោកមិនបានព្រោះ និងប្រមូលពីកន្លែង ដែលលោកមិនបានពង្រាយ ២៥ដូច្នេះ ខ្ញុំខ្លាច ខ្ញុំក៏យកលុយមួយឋាឡាន់របស់លោកនោះ ទៅកប់ទុកក្នុងដី នេះនែ៎ សូមលោកយករបស់លោកវិញចុះ។ ២៦ម្ចាស់របស់គាត់តបទៅគាត់វិញថា បាវបម្រើអាក្រក់ និងខ្ចិលអើយ! ឯងក៏ដឹងដែរថា ខ្ញុំច្រូតពីកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលខ្ញុំមិនបានពង្រាយ។ ២៧បើដូច្នោះ ម្ដេចក៏ឯងមិនយកលុយរបស់ខ្ញុំទៅចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងទទួលបានលុយរបស់ខ្ញុំ ព្រមទាំងការប្រាក់ផង ២៨ដូច្នេះចូរយកមួយឋាឡាន់ពីគាត់ ហើយឲ្យទៅអ្នកដែលមានដប់ឋាឡាន់ចុះ ២៩ដ្បិតអស់អ្នកដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង ៣០រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
ព្រះយេស៊ូជំនុំជម្រះមនុស្សគ្រប់គ្នា
៣១ពេលកូនមនុស្សមក នៅក្នុងសិរីរុងរឿងរបស់លោកជាមួយនឹងពួកទេវតាទាំងអស់ នោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក ៣២ហើយជនជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅចំពោះមុខលោក រួចលោកនឹងញែកពួកគេចេញពីគ្នា ប្រៀបដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ ៣៣លោកនឹងដាក់ចៀមនៅខាងស្ដាំលោក ឯពពែនៅខាងឆ្វេងលោក។ ៣៤នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅ ពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីដើមកំណើតពិភពលោក ទុកជាមរតកចុះ ៣៥ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាឲ្យខ្ញុំផឹក ហើយកាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាបានស្វាគមន៍ខ្ញុំ ៣៦កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាបានស្លៀកពាក់ឲ្យខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកជួបខ្ញុំ ៣៧ពួកអ្នកសុចរិតនឹងទូលតបវិញថា ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឲ្យព្រះអង្គបរិភោគ កាលយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬ បានឲ្យព្រះអង្គផឹក កាលយើងខ្ញុំបានឃើញព្រះអង្គស្រេក ពីកាលណា? ៣៨តើយើងខ្ញុំបានស្វាគមន៍ព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គជាអ្នកក្រៅ ឬបានស្លៀកពាក់ឲ្យព្រះអង្គ កាលព្រះអង្គនៅអាក្រាត ពីកាលណា? ៣៩តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា? ៤០ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ការដែលអ្នករាល់គ្នា បានធ្វើដូច្នេះសម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
៤១ព្រះអង្គនឹងមានបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដែរថា អស់អ្នកត្រូវបណ្តាសា ចូរចេញពីខ្ញុំ ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំសម្រាប់អារក្សសាតាំង និងពួកទេវតារបស់វាចុះ ៤២ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគ ហើយកាលខ្ញុំស្រេក អ្នករាល់គ្នាមិនបានឲ្យខ្ញុំផឹក ៤៣កាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាមិនបានស្វាគមន៍ខ្ញុំ កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាមិនបានស្លៀកពាក់ឲ្យខ្ញុំ ហើយកាលខ្ញុំឈឺ និងជាប់គុក អ្នករាល់គ្នា មិនបានមកសួរសុខទុក្ខខ្ញុំទេ ៤៤ពេលនោះ ពួកគេនឹងទូលតបដែរថា ព្រះអម្ចាស់អើយ! តើកាលយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកក្រៅ ឬ នៅអាក្រាត ឈឺ ឬជាប់គុកនោះ យើងខ្ញុំមិនបានបម្រើព្រះអង្គ ពីកាលណា? ៤៥ព្រះអង្គនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ការដែលអ្នករាល់គ្នាមិនបានធ្វើដូច្នេះ សម្រាប់អ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះក៏មិនបានធ្វើសម្រាប់ខ្ញុំដែរ ៤៦អ្នកទាំងនោះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច ឯពួកអ្នកសុចរិតទទួលបានជីវិតអស់កល្បជានិច្ច»។