ម៉ាថាយ ២៤
ព្រះយេស៊ូប្រាប់មុនអំពីការបំផ្លាញ ព្រះវិហារ
២៤កាល ព្រះយេស៊ូកំពុងយាងចេញពី ព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គ ក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។ ២ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ថ្មដែលត្រួតលើគ្នានៅទីនេះ នឹងត្រូវរើចោលគ្មានសល់ឡើយ»។
ព្រះយេស៊ូបង្រៀនពីទីសំគាល់ថ្ងៃចុងក្រោយ
៣កាលព្រះអង្គអង្គុយ នៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?» ៤ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណា បោកបញ្ឆោតអ្នករាល់គ្នាបានឡើយ ៥ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយថា ខ្ញុំនេះហើយជាព្រះគិ្រស្ដ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ ៦អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែ ចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់ទីបញ្ចប់ទេ ៧ដ្បិតជនជាតិមួយនឹងក្រោកឡើង ទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង ៨ទាំងអស់នេះជាការចាប់ផ្តើម នៃទុក្ខវេទនាដ៏សម្បើម ដូចស្ដ្រីហៀបនឹងសម្រាលកូន ៩បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ១០នៅពេលនោះ មនុស្សជាច្រើននឹងជំពប់ដួល ពួកគេក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក។ ១១អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើន នឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ ១២ព្រោះតែសេចក្តីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើន នឹងរសាយទៅ ១៣តែអ្នកដែលស៊ូទ្រាំដល់ទីបំផុត អ្នកនោះនឹងទទួលបាន សេចក្ដីសង្គ្រោះ។ ១៤ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះនឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
១៥ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។ ១៦នៅពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ១៧ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរ ពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។ ១៨កុំឲ្យអ្នកនៅស្រែចម្ការបកក្រោយទៅយកអាវគាត់ឲ្យសោះ។ ១៩នៅគ្រានោះ ពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនាណាស់។ ២០ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នា កើតឡើងនៅរដូវ រងា ឬថ្ងៃសប្ប័ទឡើយ ២១ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោករហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ ២២ហើយដរាបណា ព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់ អ្នកដែលព្រះអង្គបានជ្រើសរើស ២៣នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នករាល់គ្នាថា មើល៍ នែ ព្រះគិ្រស្ដនៅទីនេះ ឬនៅទីនោះ ចូរកុំជឿឲ្យសោះ ២៤ព្រោះពួកមនុស្ស ដែលក្លែងជាព្រះគិ្រស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។ ២៥មើល៍ ខ្ញុំបានបា្រប់អ្នករាល់គ្នាជាមុនរួចហើយ ២៦ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់នោះ កុំជឿឲ្យសោះ ២៧ដ្បិតកូនមនុស្សនឹងមក ដូចជា ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតដល់ទិសខាងលិច ២៨ទីណាមានសាក សពសត្វត្មាតប្រមូលផ្ដុំគ្នានៅទីនោះ។
ការយាងមកលើកទីពីររបស់ព្រះយេស៊ូគ្រិស្ដ
២៩ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាម ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ។ ៣០នៅពេលនោះ ទីសំគាល់របស់កូនមនុស្ស នឹងលេចមកនៅលើមេឃ ឯកុលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខ ហើយពួកគេនឹងឃើញកូនមនុស្សមក នៅលើពពកនាអាកាសប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។ ៣១លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នកដែល លោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាងទៀត។ ៣២ចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ហើយស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្ដៅជិតមកដល់ហើយ ៣៣ដូច្នេះកាលណាអ្នករាល់គ្នា ឃើញហេតុការណ៍ទាំងអស់នេះ កើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ។ ៣៤ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែ ហេតុការណ៍ ទាំងអស់នេះកើតឡើងសិន។ ៣៥ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
គ្មានអ្នកណាដឹងពីពេលវេលាដែល ព្រះយេស៊ូត្រលប់មកវិញ
៣៦ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា ៣៧ដ្បិតនៅសម័យលោកណូអេ មានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។ ៣៨សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ៣៩គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។ ៤០នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ ៤១ឯស្រ្តីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។ ៤២ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ ៤៣ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ ៤៤ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។
ព្រះយេស៊ូប្រទានរង្វាន់ដល់អស់អ្នកស្មោះត្រង់
៤៥ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំង ឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យ ពួកគេតាមពេលវេលា? ៤៦មានពរហើយ បាវបម្រើណា ដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើយ៉ាងដូច្នោះ ៤៧ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា គាត់នឹងតែងតាំងអ្នកនោះ ឲ្យមើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់ ៤៨ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ នោះវាគិតក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកណាស់ ៤៩នោះវាក៏ចាប់ផ្តើមវាយបាវបម្រើឯទៀតៗជាគូកនរបស់វា ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹក ៥០ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ ៥១ចៅហ្វាយនឹងកាត់វាជាពីរកំណាត់ រួចដាក់វាឲ្យនៅរួមជាមួយនឹងពួកមនុស្សមានពុត ហើយនៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ។