KCB - ម៉ាថាយ ២៣


ម៉ាថាយ ២៣

ព្រះយេស៊ូព្រមាន​ដល់​មេដឹកនាំ​សាសនា​

២៣បន្ទាប់មក​ ព្រះយេស៊ូ​មានបន្ទូល​​ទៅ ​បណ្តាជន និងពួក​សិស្ស​របស់​ព្រះអង្គ​ ថា​៖ «ពួក​​គ្រូវិន័យ​​​ និងពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​អង្គុយ​នៅ​កន្លែង ​របស់​​លោក​​ម៉ូសេ​​ ដូច្នេះ​ អ្វី​ៗ​ទាំងអស់​ដែល​ពួក​គេ​​ប្រាប់​ អ្នក​រាល់​គ្នា​ ចូរ​ធ្វើ និង​កាន់តាម​ចុះ ប៉ុន្ដែ​ កុំ​ត្រាប់​តាម​ការប្រព្រឹត្តិ​​របស់​ពួក​​គេ​ឡើយ​ ពីព្រោះ​ពួកគេ​បាន​តែ​​និយាយ ប៉ុន្តែ​មិន​ធ្វើ​ទេ​ ពួក​គេ​​ចង​បន្ទុក​ដែល​​ធ្ងន់ និង​​ពិបាកធ្វើ​តាម​ដាក់​លើ​ស្មា​មនុស្ស តែ​​​ពួក​គេ​​មិន​ព្រម​​យក​ម្រាមដៃ​របស់​​ពួក​គេ​​ ដក​បន្ទុក​ទាំងនោះ​ទេ​ ហើយ​ គ្រប់​​ការ​​ទាំងអស់​ ដែល​​ពួក​គេ​​ធ្វើ​ គឺ​​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​​ពួក​គេ​​ បាន​ពង្រីក​​ស្លាក​ ​ដែល​​​ពួក​គេ​ពាក់​ កាន់តែ​ធំ​ឡើងៗ​ ឯ​​រំយោល​​អាវ​​វិញ ​​កាន់​តែ​​វែង​ទៅ​ៗ​ដែរ។​ ពួក​គេ​​ចូល​ចិត្ត​​ អ​ង្គុយ​​​​មុខ​គេ​​ក្នុង​សាលា​ប្រជុំ​​ និងនៅ​កន្លែង​​កិត្ដិយសនៅ​ក្នុង​ពិធី​ជប់លៀង ​​ពួក​​គេ​​ចូលចិត្ត​ឲ្យគេ​គោរព​ នៅតាម​ទីប្រជុំជន និង​ឲ្យ​មនុស្ស​ហៅ​ពួក​គេ​​ថា លោកគ្រូ​ ប៉ុន្ដែ​ ចំពោះ​​អ្នករាល់គ្នា​វិញ កុំ​ឲ្យគេ​ហៅ​ថា គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់​គ្នា​មាន​​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំងអស់​គ្នា​ ជា​​បង​ប្អូន​នឹង​គ្នា​ កុំ​ហៅ​នរណា​ម្នាក់​នៅលើ​ផែនដី​នេះ ថា​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ ព្រោះ​ឪពុក​របស់​អ្នករាល់គ្នា​មាន​​តែ​ម្នាក់​​គត់​​ គឺ​​នៅ​ស្ថានសួគ៌​ ១០ហើយក៏​កុំ​​ឲ្យគេ​ហៅ​ថាម្ចាស់​ដែរ ដ្បិត​ម្ចាស់​របស់​អ្នករាល់គ្នា​មាន​​តែ​ម្នាក់​​​​គត់​​ គឺ​ព្រះគិ្រស្ដ​ ១១អ្នក​​ដែល​ធំជាងគេ​ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រលប់​ជា​អ្នកបម្រើ​អ្នក​រាល់​គ្នា​វិញ​ ១២ព្រោះ​អ្នក​ណា​លើក​តម្កើង​ខ្លួន ​នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នក​ណា​បន្ទាប​ខ្លួន​នឹង​​ត្រូវ​លើក​តម្កើង​​​វិញ។​

១៣វេទនា​ដល់​អ្នក​រាល់​គ្នា​ហើយ ពួកគ្រូវិន័យ​​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បាន​​បិទ​នគរ​ស្ថានសួគ៌​ នៅ​ចំពោះ​មុខ​មនុស្ស អ្នក​រាល់​គ្នា​មិន​ចូល​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យមនុស្ស​ ដែល​​កំពុង​​ចូល​នោះ​​ ចូល​​ទៀត​ផង។​ ១៤វេទនា​ដល់​អ្នក​រាល់​គ្នា​ ពួក​​គ្រូ​វិន័យ​ និងពួក​​អ្នកខាង​គណៈផារិស៊ី​​ ជា​មនុស្ស​មានពុត​អើយ! ដ្បិត​អ្នករាល់គ្នា​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​ស្រ្តី​មេម៉ាយ ហើយ​ធ្វើ​ពុត​​ជា​អធិស្ឋាន​យូរ ហេតុ​នេះ​អ្នករាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស ​ធ្ងន់​ធ្ងរ​​ជាងគេ។​ ១៥វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​គ្រូវិន័យ​​ និងពួក​អ្នកខាងគណៈផារិស៊ី​​ ជា​មនុស្ស​មាន​ពុត​​អើយ! ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរ​តាម​​ផ្លូវ​​គោក​​ និង​ផ្លូវ​​ទឹក​ ដើម្បី​ធ្វើ​ឲ្យមនុស្ស​ម្នាក់​ ត្រលប់ជា​អ្នកកាន់​សាសនា​ រួច​ពេល​គេ​ត្រលប់ជា​អ្នក​កាន់​សាសនា​​ហើយ​​ អ្នករាល់គ្នា​ធ្វើ​ឲ្យគេ​ត្រលប់​ជា​អ្នក​ធ្លាក់​​នរក ​លើស​​អ្នករាល់គ្នា​ទ្វេដង​​ ១៦វេទនា​ដល់​អ្នករាល់គ្នា​ហើយ អ្នកនាំផ្លូវ​កង្វាក់​​អើយ! ដ្បិត​អ្នករាល់គ្នា​​និយាយ​ថា​ អ្នក​ណា​ស្បថ​នឹង​ព្រះ​វិហារ សម្បថ​នោះ​គ្មានន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​​ព្រះ​វិហារ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​​ ១៧មនុស្ស​កង្វាក់​​ល្ងង់​​អើយ​! តើ​មួយ​ណា​វិសេសជាង​ ជា​មាស ឬជា​ព្រះវិហារ ដែល​​ធ្វើ​​ឲ្យ​មាស​ទៅ​ជាបរិសុទ្ធ​?​ ១៨ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មានន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​​ ១៩មនុស្ស​កង្វាក់​​អើយ! តើ​មួយ​ណា​វិសេសជាង​ ជា​តង្វាយ ឬកន្លែង​ថ្វាយ​តង្វាយ​ ដែល​​ធ្វើ​​ឲ្យ​តង្វាយ​​ទៅ​ជា​បរិសុទ្ធ​?​ ២០ដូច្នេះ​ អ្នក​ដែល​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ គឺ​ស្បថ​នឹង​កន្លែង​ថ្វាយតង្វាយ​ ព្រមទាំង​របស់​ទាំង​អស់​​នៅ​លើ​​នោះ​ហើយ​ ២១ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះវិហារ គឺ​ស្បថ​នឹង​ព្រះ​វិហារ ព្រមទាំង​ព្រះអង្គ​​ដែល​គង់​​ក្នុង​នោះ​ហើយ​​ ២២អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រមទាំង​ព្រះ​អង្គ ​​ដែល​គង់​នៅ​លើ​នោះ​ហើយ។​ ២៣វេទនា​ដល់​អ្នករាល់​គ្នា​ហើយ ពួក​គ្រូវិន័យ​​ និងពួក​អ្នក​ខាង​គណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​​អើយ! ដ្បិត​​អ្នក​រាល់គ្នា ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​​ ទាំង​ជីរ​អង្កាម​ ជីរនាងវង​ និងម្អម ប៉ុន្តែ​អ្នករាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាពសំខាន់​ជាង​នេះ​នៅក្នុង​គម្ពីរ​វិន័យ ​គឺ​យុត្ដិធម៌ សេចក្ដីមេត្ដាករុណា​ និង​ជំនឿ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ ហើយ​ក៏​​មិន​​ត្រូវ​​ធ្វេស​ប្រហែស ​​នឹង​សេចក្ដី​​ទាំងនេះ​​​ដែរ។​ ២៤អ្នក​នាំ​ផ្លូវ​កង្វាក់​​អើយ! អ្នករាល់គ្នា​ស្រង់​មូស​ ​ប៉ុន្ដែ ​លេប​អូដ្ឋ​ទៅ​វិញ។​ ២៥វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ ពួក​​គ្រូវិន័យ​​ និងពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ ជា​មនុស្ស​មានពុត​អើយ! ដ្បិត​អ្នករាល់គ្នា​សំអាត​ពែង និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាងក្នុង​វិញ​​ ពេញ​ដោយ​ការលោភលន់​ និងការ​បណ្ដោយ​តាម​តណ្ហារបស់​ខ្លួន​ ២៦ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ដ៏​​កង្វាក់​​អើយ! ចូរ​សំអាត​ខាងក្នុង​ពែង​ជាមុនសិន​ នោះ​ទើប​ខាងក្រៅ​បាន​ស្អាត​ដែរ។​ ២៧វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​​គ្រូវិន័យ​​ និងពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ ​ជា​មនុស្ស​មានពុត​អើយ! ដ្បិត​អ្នករាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ ដែល​លាប​ពណ៌​ស​ពី​ខាងក្រៅ​ មើល​ទៅ​​ពិតជា​​ស្អាត​មែន ប៉ុន្ដែ ​ខាង​ក្នុង​​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​ភាព​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ២៨ហើយអ្នករាល់គ្នា​ក៏​ដូច្នោះ​​ដែរ​ នៅ​ចំពោះ​​មុខ​​មនុស្ស ​មើលទៅ​សុចរិត​ពី​ខាងក្រៅ​មែន ប៉ុន្ដែ​​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​​ ២៩វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​គ្រូវិន័យ​​ និងពួក​អ្នកខាងគណៈផារិស៊ី​​ ជា​មនុស្ស​មានពុត​អើយ! ដ្បិត​អ្នករាល់គ្នា​សង់​ផ្នូរ​ របស់​​អ្នកនាំ​ព្រះបន្ទូល​ ​រួច​តុបតែង​ស្ដូប ​របស់​​ពួក​​មនុស្ស​សុចរិត​ ៣០ហើយ​និយាយ​ថា​​ ប្រសិន​​បើ​យើង​បាន​នៅ​ជំនាន់​ដូនតា​របស់​យើង នោះ​យើង​​មិន​រួមគំនិត​ជាមួយ​ពួក​​គាត់​ សម្លាប់​ពួក​អ្នក​​នាំ​ព្រះ​បន្ទូល​​ទេ ​ ៣១ដូច្នេះ ​អ្នករាល់គ្នា​ធ្វើ​បន្ទាល់​​ដោយ​ខ្លួន​ឯង​ហើយ​​ថា​ អ្នក​រាល់​គ្នា​​ជា​កូនចៅ​​​ពួកអ្នក ​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះ​បន្ទូល​​ ៣២ចូរ​​អ្នករាល់គ្នា​សម្រេច​​អ្វី​​ៗ​​ ដែល​​ដូនតា​របស់​អ្នករាល់គ្នា​បាន​​ធ្វើ​​ចុះ។​ ៣៣ឱ​ ពួក​​​ពូជ​​ពស់​វែក​អើយ! តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ការ​ជំនុំ​ជម្រះ​​ឲ្យ​ធ្លាក់​​នរក​ យ៉ាងដូចម្តេច​បាន? ​៣៤ហេតុ​​នេះ​ហើយ ខ្ញុំ​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​​ ពួក​​អ្នក​មាន​​ប្រាជ្ញា​​ និងពួក​គ្រូវិន័យ​​ ឲ្យ​មក​ឯអ្នក​រាល់​គ្នា​ ប៉ុន្ដែ​​​​អ្នកខ្លះ​ ត្រូវ​អ្នក​រាល់​គ្នា​សម្លាប់​ និង​ឆ្កាង​ ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​អ្នករាល់គ្នាវាយ​នឹង​​​​ខ្សែតី​​ នៅ​ក្នុង​សាលា​ប្រជុំ​​របស់​អ្នក​រាល់​គ្នា​ ព្រម​ទាំង​បៀតបៀន​ពួក​គេ​​ពី​ក្រុង​មួយ​ដល់​​ក្រុង​មួយ។ ៣៥ដូច្នេះ​ឈាម​របស់​​មនុស្ស​សុចរិត​ទាំងអស់ ​ដែល​ត្រូវ​បាន​កម្ចាយ​​នៅ​លើ​ផែនដី​នេះ​មុខ​ជា​​​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​មិនខាន​​ ចាប់​ពី​ឈាម​របស់​​លោក​អេបិល ​ជា​មនុស្ស​​សុចរិត​ រហូត​ដល់​ឈាម​របស់​​លោក​សាកា​រី ​​​ជា​​កូនរបស់​​លោក​បារ៉ាគា​​ ដែល​អ្នក​រាល់​គ្នា​ បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ និង​កន្លែង​​ថ្វាយ​​តង្វាយ។​ ៣៦ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាបា្រកដ​ថា សេចក្តី​ទាំង​អស់​​នេះ​នឹង​ធ្លាក់មក​លើមនុស្ស​​ជំនាន់​នេះ។​

ព្រះយេស៊ូស្រណោះ​​​ក្រុងយេរូសាឡិម

៣៧ឱ ក្រុង​​យេរូសាឡិម ក្រុង​យេរូសាឡិម​ ដែល​​​​បាន​សម្លាប់​អ្នកនាំព្រះបន្ទូល​​ និង​បាន​គប់​ដុំ​​ថ្ម​ទៅ​លើ​ពួក​​អ្នកដែល​បាន​​ចាត់​ឲ្យមក​​ឯ​អ្នក​​អើយ! ​​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់​អ្នក​ប៉ុន្មានដង​មក​ហើយ​ គឺ​ដូចជា​មេមាន់​ប្រមូល​កូន​របស់​​វា​​មក​​ក្រុង​នៅ​ក្រោម​​ស្លាប ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ​ ៣៨មើល៍ ផ្ទះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​​ទុក​​ចោល​ស្ងាត់​ជ្រងំ​ ៣៩ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​ ចាប់ពី​ពេលនេះ​ត​ទៅ រហូត​ទាល់​តែ​​អ្នក​រាល់គ្នា​និយាយ​ថា​ សូម​ថ្វាយ ​ព្រះ​ពរ​​ព្រះ​អង្គ ​​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»

ម៉ាថាយ ២៣