KCB - ម៉ាថាយ ២២


ម៉ាថាយ ២២

រឿង​ពិធី​ជប់​លៀង​មង្គល​ការ​ដ៏​ធំ​មួយ​

២២ព្រះ​យេស៊ូ​មាន​បន្ទូល​ ឆ្លើយ​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ថា​៖​ «នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា ​​ ស្តេច​មួយ​អង្គ​ដែល​រៀបចំ ​ពិធី​មង្គល​ការ​ឲ្យកូន​របស់​ខ្លួន​​ ស្ដេច​​បាន​ចាត់​ពួក​​បាវបម្រើ​​ឲ្យ​ទៅ​​ហៅ​ភ្ញៀវ​ ដែល​បាន​អញ្ជើញ​ឲ្យមក​ចូលរួម​​ពិធី​មង្គលការ​ ប៉ុន្តែ​ ពួក​គេ​​មិន​ចង់​មក​ទេ។​ ​​ស្ដេច​​ក៏​​ចាត់​ពួក​​បាវ​បម្រើ​​ផ្សេង​ទៀត​​ឲ្យ​ទៅ​ម្ដងទៀត​ ដោយ​មាន​បន្ទូល​​ថា ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ និងសត្វ​បំប៉នធាត់ៗ​បាន​​សម្លាប់​រួច​ហើយ​​ អ្វី​​ៗ​​ត្រូវ​បាន​​រៀបចំ​ជា​ស្រេច​​ សូម​អញ្ជើញ​មក​ចូលរួម​​ពិធីមង្គលការ​ចុះ។​​ ប៉ុន្ដែពួកភ្ញៀវ​​​មិន​ខ្វល់​ទេ​ ម្នាក់​ចេញ​ទៅ​ចម្ការ​របស់​ខ្លួន​​ ម្នាក់​ទៀត​ទៅ​ប្រកប​របរ​រកស៊ី​របស់​​ខ្លួន​​ ហើយ​អ្នក​ខ្លះ​ទៀត​ បាន​ចាប់​ពួក​​បាវបម្រើ​​ទាំងនោះ​ធ្វើ​បាប​ ហើយ​សម្លាប់​ចោល។​ ដូច្នេះ ស្ដេច​ក៏​​ខឹង​ ហើយ​បាន​ចាត់​ទាហានរបស់​​ខ្លួន​ ឲ្យ​ទៅ​កម្ទេច​​​ឃាតក​ទាំង​នោះ ទាំង​​ដុត​ក្រុង​របស់​​ពួក​គេ​ចោល​ផង​​ បន្ទាប់​មក ស្ដេច​​មាន​បន្ទូល​ទៅ​ពួក​​បាវបម្រើ​​របស់​​ខ្លួន​​ថា​ ពិធី​មង្គលការ​​​បាន​រៀបចំ​​រួច​ជា​ស្រេច​​​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​​បាន​​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្ដិសម​​នឹង​ចូលរួម​​ទេ​ ដូច្នេះ ចូរ​ទៅ​ផ្លូវ​បំបែក ហើយ​អញ្ជើញ​អស់​​អ្នកដែល​អ្នក​ជួប ​​ឲ្យមក​ចូលរួម​​ពិធី​មង្គល​ការ​ចុះ​​ ១០ពួក​​បាវបម្រើ​​ទាំងនោះ​ក៏​​បាន​ចេញទៅ​តាម​​ផ្លូវ​​​ ប្រមូល​មនុស្ស​គ្រប់គ្នា​ដែល​គេ​បាន​ជួប ​ទាំង​ល្អ ទាំង​អាក្រក់ ហើយ​ពិធី​មង្គល​ការ​​ក៏​​មាន​ភ្ញៀវ​ពេញ​ ១១កាល​​ស្ដេច​យាងមក​ជួប​ភ្ញៀវ​កំពុង​​អង្គុយ​​នៅតុអាហារ​​ នោះ​ស្ដេច​​បាន​ឃើញ​​បុរស​ម្នាក់ ​ដែល​​មិន​​បាន​​ស្លៀក​​សម្លៀកបំពាក់​សម្រាប់​​ពិធីមង្គលការ​ ១២ស្ដេច​​ក៏​មានបន្ទូល​ទៅ​គាត់​ថា​ សម្លាញ់​​អើយ!​ ដូច​ម្តេច​​បានជា​អ្នក​ចូលមក​ទីនេះ ដោយ​គ្មាន​សម្លៀក​បំពាក់​ សម្រាប់​​ពិធី​មង្គល​ការ​ដូច្នេះ? ​តែ​​បុរសនោះ​មិនចេញស្តីសោះ​ ១៣បន្ទាប់​មក ​​ស្ដេច​មានបន្ទូល​ទៅ​ពួក​​អ្នក​បម្រើ​​ថា​ ចូរ​ចង​ដៃ​ ចង​ជើង​អ្នកនេះ​ ហើយ​បោះ​វា​​ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​​ខាង​ក្រៅ​​ទៅ។​ នៅ​ទី​នោះ​​មាន​តែ​ការ​ទ្រហោយំ​ និងការសង្កៀត​ធ្មេញ​ ១៤ដ្បិត​ហៅ​បាន​ច្រើន​នាក់​​មែន ប៉ុន្ដែ​ជ្រើសរើស​បាន​តិចតួច​ទេ»។​

ពន្ធ​ដារ​​ព្រះ​ចៅ​​អធិរាជ​​ និងតង្វា​យ​ ​ព្រះជាម្ចាស់

១៥បន្ទាប់​មក ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​បាន​​ចេញ​ទៅ​ពិគ្រោះ​គ្នា​ ដើម្បី​ចាប់​កំហុស​ ពេល​ព្រះអង្គ​មាន​​បន្ទូល​​ ១៦ពួក​គេ​​ក៏​ចាត់​ សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​​ជាមួយ​ពួក​​អ្នកខាងគណៈហេរ៉ូឌ​ ​ទូល​ព្រះអង្គ​ថា​៖ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​​ពិត​ត្រង់​​ ហើយ​បង្រៀន​អំពី​​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅតាម​​សេចក្ដីពិត​ និង​មិន​ខ្វល់​ពី​អ្នក​ណា​ទេ ​ព្រោះ​​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​ ១៧ដូច្នេះ​សូម​ប្រាប់ ​យើងផងថា​​ លោក​គិត​​យ៉ាង​ដូចម្ដេច​ តើ​ការ​​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​​​នោះ​ តឹ្រមត្រូវតាម​វិន័យ​ដែរ​ឬ​ទេ?»​ ១៨ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​​ពី​បំណង​អាក្រក់​របស់​ពួក​គេ​ ក៏​មានបន្ទូល​ថា​៖ «មនុស្សមានពុត​អើយ! ហេតុអ្វី​ក៏​​​អ្នក​រាល់​គ្នា​​ល្បងល​​ខ្ញុំ​ដូច្នេះ?​ ១៩ចូរ​​បង្ហាញ​​កាក់​សម្រាប់​​បង់ពន្ធ​ឲ្យ​​​ខ្ញុំ​មើល៍» នោះ​គេ​ក៏​​យក​កាក់​មួយ​ឌេណារី​​​ មក​​ឲ្យ​ព្រះ​អង្គ​​ ២០រួច​ព្រះអង្គ​មាន​បន្ទូល ​ទៅ​ពួកគេ​ថា​៖ «តើ​រូប និងចំណារ​លើ​កាក់​នេះ​ ជា​របស់​នរណា?»​ ២១ពួក​គេ​​ទូល​ព្រះ​អង្គ​​ថា​៖ «ជា​របស់​ព្រះចៅអធិរាជ» នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​​ថា​៖ «ដូច្នេះ ចូរ​ឲ្យអ្វី​​ៗ​ដែល​ជា​​របស់​ព្រះ​ចៅ​អធិរាជ​​​ដល់​ព្រះ​ចៅ​អធិរាជ​​ រួច​​ថ្វាយ​អ្វីៗ​ដែល​ជា​​របស់​ព្រះជាម្ចាស់​​​ ដល់​​ព្រះ​ជាម្ចាស់ចុះ» ២២កាល​ឮ​ដូច្នេះ​ ​ពួក​គេ​​ក៏​នឹកអស្ចារ្យ ហើយក៏​​ចាកចេញ​ពី​ព្រះ​អង្គ​​ទៅ។​

ពួក​អ្នកខាង​គណ:សាឌូស៊ី​ល្បង​ល​ ព្រះយេស៊ូ

២៣នៅ​ថ្ងៃ​នោះ ពួក​​អ្នកខាងគណៈសាឌូស៊ី​​ដែល​និយាយ​ថា​ គ្មាន​ការរស់ឡើងវិញ បាន​ចូល​មក​ជិត​​​ព្រះ​អង្គ​​សួរ ២៤ថា​៖ ​«លោក​គ្រូ លោក​ម៉ូសេ​និយាយ​ថា ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ស្លាប់​ទៅ​ ដោយ​​គ្មាន​កូនសោះ​ នោះ​ប្អូន​ប្រុស​របស់​គាត់​ ត្រូវ​យក​​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​​ ២៥ឥឡូវ​​នេះ​ ក្នុង​​ចំណោម​​យើង​ខ្ញុំ​ មាន​បង​ប្អូនប្រុស​​ប្រាំ​ពីរ​​​នាក់ ​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​​ រួច​ក៏​​ស្លាប់​ទៅ ហើយ​បន្សល់​​ប្រពន្ធ​ទុក​ឲ្យប្អូន​ប្រុស​របស់​គាត់​ ដោយ​​គ្មាន​កូន​សោះ​ ២៦ប្អូន​ប្រុស​ទីពីរ​ ប្អូនប្រុស​​ទី​បី​​ រហូត​ដល់​ប្អូន​ប្រុស​​ទី​ប្រាំពីរ​ក៏​ដូចគ្នា​ដែរ។​ ២៧​​នៅ​ទី​បំផុត​ស្ត្រី​​នោះ​ក៏​ស្លាប់​ទៅ។​ ២៨ដូច្នេះ ​នៅ​ពេល​​​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​បងប្អូន​ប្រុស​​ ទាំង​​ប្រាំពីរ​នាក់​នេះ? ដ្បិត​ពួក​គេ​​ទាំង​អស់​គ្នា​បាន​យក​នាង​ធ្វើ​​ជា​​ប្រពន្ធ» ២៩ព្រះ​យេស៊ូ​​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ពួក​​លោក​​​យល់ច្រឡំ​​ហើយ ព្រោះ​​ពួក​​លោក​​មិន​យល់​​បទ​គម្ពីរ​ និង​​អំណាច​របស់​ព្រះជាម្ចាស់​ ៣០ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្តែ​ពួក​គេ​​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ​​ ៣១ទាក់​ទង​​នឹង​​ការ​ដែល​​មនុស្ស​ស្លាប់​រស់​​ឡើង​វិញ​ តើ​ពួក​​​លោក​​មិន​បាន​អាន​ទេ​ឬ អំពីសេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​​លោក​​ថា​ ៣២យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក និងជា​ព្រះ​របស់​យ៉ាកុប?​ ដូច្នេះ ​ព្រះជាម្ចាស់​មិន​មែន​ជា​​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជាព្រះ​របស់​មនុស្ស​រស់»។​ ៣៣កាល​​បណ្តាជន​​ស្តាប់​ឮដូច្នេះ​ ក៏​នឹក​អស្ចារ្យ​​ពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ។​

ព្រះយេស៊ូបង្រៀន​អំពីបញ្ញត្ដិ​សំខាន់ជាងគេ​

៣៤ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ឮ​ថា ព្រះ​អង្គ​​បាន​ធ្វើ​ឲ្យពួក​អ្នក​ខាង​គណៈ​សាឌូស៊ីស្ងាត់​មាត់​ នោះ​ក៏​មក​ជួបជុំ​គ្នា​ ៣៥ហើយ​មាន​​ម្នាក់​ នៅ​ក្នុង​ចំណោម​​​ពួក​គេ ​​​ជា​អ្នក​ជំនាញ​ច្បាប់​បាន​សួរ​ល្បង​ព្រះ​អង្គ​​ថា​៖​ ៣៦«លោក​គ្រូ តើ​នៅ​ក្នុង​គម្ពីរវិន័យ​ បញ្ញត្ដិ​មួយណា​សំខាន់ជាងគេ​​?» ​ ៣៧ព្រះ​អង្គ​​មាន​បន្ទូល​​ទៅ​គាត់​ថា​៖ «អ្នក​​ត្រូវ​​ស្រឡាញ់​​​​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក​ឲ្យអស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង និងអស់​ពី​គំនិត​របស់​​អ្នក​​​ ៣៨នេះ​ហើយ​​ជា​​បញ្ញត្ដិ​ទីមួយ​ និង​សំខាន់ជាងគេ​​ ៣៩ឯ បញ្ញត្តិ​ទីពីរ​ក៏​សំខាន់​​ដូចគ្នា​​ គឺ​អ្នក​​ត្រូវ​​ស្រឡាញ់​​​​អ្នក​ជិត​ខាង​​របស់​អ្នក ​ឲ្យដូចជា​ខ្លួន​ឯង​ ៤០គម្ពីរវិន័យ​ និង​ពាក្យ​​របស់​អ្នកនាំ​ព្រះ​បន្ទូល​​ទាំងអស់ ​ផ្អែក​លើ​​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​

ព្រះយេស៊ូមាន​បន្ទូលអំពីព្រះមែស៊ី​

៤១ហើយ​កាល​​ពួក​អ្នក​ ខាង​គណៈ​ ផារិស៊ី​​កំពុង​​ជួបជុំ​គ្នា​ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​សួរ​ពួក​គេ​​ ៤២ថា​៖ «តើ​ពួក​​លោក​​គិត​យ៉ាង​ដូច​ម្ដេច​អំពី​​ព្រះ​គិ្រស្ដ​​? តើ​ព្រះ​អង្គ​​ជា​​ពូជពង្ស​​​នរណា?» គេ​ទូល​ព្រះ​អង្គ​​ថា​៖ «ជា​ពូជពង្ស​​ដាវីឌ»​ ៤៣ព្រះ​អង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖«ចុះ​​ហេតុ​ដូច​ម្ដេច​​​ បាន​​​ជា​ដាវីឌ​ហៅ​ព្រះ​អង្គ ដោយ​​ព្រះ​វិញ្ញាណ​​ថា ​ព្រះអម្ចាស់​ ដូច្នេះ ដ្បិត​​ដាវីឌ​​ផ្ទាល់​និយាយ​​ថា ​​​៤៤ព្រះអ​ម្ចាស់​មានបន្ទូល​មក​កាន់​​ ព្រះអម្ចាស់​របស់​​ខ្ញុំ​ថា ​ចូរ​អង្គុយ​​នៅ​ខាងស្ដាំ​យើងរហូតដល់​យើង​ដាក់​ខ្មាំងសត្រូវ​របស់​អ្នក​​នៅ​ក្រោម​ជើង​របស់អ្នក​​​ ៤៥ដូច្នេះ បើ​ដាវីឌ​ហៅ​ព្រះ​អង្គ​​ថា​ ​ព្រះអម្ចាស់​ តើ​​ព្រះ​អង្គ​​ជា​​ពូជពង្ស​​ដាវីឌ​​​​ យ៉ាង​ដូចម្ដេច​ទៅ​?» ៤៦គ្មាន​នរណា​ អាច​ឆ្លើយ​នឹង​​ព្រះ​យេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់ ហើយ​ក៏​​គ្មាន​នរណា​ហ៊ាន​ សួរ​ព្រះ​អង្គ​​ទៀត​ដែរ​ ​ចាប់​តាំង​​ពី​​ថ្ងៃ​នោះ​មក។

ម៉ាថាយ ២២