ម៉ាថាយ ២០
រឿងកម្មករចម្ការទំពាំងបាយជូរ
២០ដ្បិត នគរស្ថានសួគ៌ ប្រៀបដូចជា ម្ចាស់ចម្ការម្នាក់ដែលចេញទៅពីព្រលឹម ដើម្បីជួលកម្មករ ឲ្យមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់២កាលបានព្រមព្រៀងជាមួយពួកកម្មករថា ឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។ ៣នៅពេលគាត់ចេញទៅ នៅប្រហែលម៉ោងប្រាំបួនព្រឹក គាត់ឃើញអ្នកផ្សេងទៀតឈរទំនេរនៅតាមផ្សារ ៤គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲ្យឈ្នួលត្រឹមត្រូវ។ ៥ពួកគេក៏ទៅ។ គាត់ក៏ចេញទៅម្ដងទៀត នៅប្រហែលម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល គាត់ក៏ធ្វើដូចពីមុន។ ៦នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ? ៧ពួកគេប្រាប់គាត់ថា ព្រោះគ្មានអ្នកណាជួលយើង។ គាត់ក៏ប្រាប់ពួកគេវិញថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ។ ៨លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់ រហូតដល់អ្នកមកមុនបង្អស់។ ៩ពួកអ្នកដែលមកនៅម៉ោងប្រហែលប្រាំល្ងាច ម្នាក់ៗទទួលបានមួយឌេណារី។ ១០ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្តែ ម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។ ១១ពួកគេទទួលយក ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការ ១២ថាពួកអ្នកមកក្រោយ បង្អស់ទាំងនេះ ធ្វើការបានតែមួយម៉ោងទេ ប៉ុន្តែ លោកឲ្យឈ្នួលដល់ពួកគេស្មើនឹងយើងដែលទ្រាំធ្វើការធ្ងន់ ហាលថ្ងៃហាលក្តៅពេញមួយថ្ងៃ។ ១៣ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេ ថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ? ១៤ចូរយកឈ្នួលរបស់អ្នក ហើយចេញទៅ! ខ្ញុំចង់ឲ្យឈ្នួលដល់អ្នកមកក្រោយបង្អស់នេះស្មើនឹងអ្នកដែរ។ ១៥តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្តិរបស់ខ្ញុំដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ? ១៦ដូច្នេះ អ្នកនៅក្រោយបង្អស់ នឹងត្រលប់ជានៅមុខគេ ឯអ្នកនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់វិញ»។
ព្រះយេស៊ូមានបន្ទូលប្រាប់ឲ្យដឹងជាមុនម្ដងទៀតអំពីការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះអង្គ
១៧កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គបាននាំសិស្សទាំងដប់ពីរ ទៅដាច់ឡែកពីគេ ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ១៨«មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្តេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក ១៩ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្តែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
សំណួមពររបស់ម្ដាយលោកយ៉ាកុប និងលោកយ៉ូហាន
២០បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់ បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ ២១ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ខ្ញុំសូមឲ្យលោកសន្យាថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះ នឹងបានអង្គុយក្បែរលោក នៅក្នុងនគររបស់លោក គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង»។ ២២ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។ ២៣ព្រះអង្គ ក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។ ២៤ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ទាស់ចិត្ដនឹងបងប្អូនពីរនាក់នោះ ២៥ប៉ុន្ដែព្រះយេស៊ូបានហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងរបស់សាសន៍ដទៃ ត្រួតត្រាលើពួកគេ ហើយពួកអ្នកធំ ក៏ប្រើសិទ្ធិអំណាចលើពួកគេដែរ ២៦ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំ ក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជា អ្នកបម្រើអ្នករាល់គ្នាវិញ ២៧រួចអ្នកណាដែលចង់ធ្វើជាទីមួយ នៅក្នុងចំណោមអ្នករាល់គ្នា អ្នកនោះក៏ត្រូវធ្វើជា បាវបម្រើរបស់អ្នករាល់គ្នាដែរ ២៨ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួន ទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ភ្នែកពីរនាក់
២៩កាលពួកគេចេញពី ក្រុងយេរីខូរ នោះមានបណ្តាជនច្រើនកុះករ បានដើរតាមព្រះអង្គ ៣០ហើយមើល៍ មានមនុស្សខ្វាក់ពីរនាក់ កំពុងអង្គុយក្បែរផ្លូវ ពេលឮថាព្រះយេស៊ូកំពុងយាងកាត់ ក៏ស្រែកឡើងថា៖ «ឱ ព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាយើងផង!» ៣១ប៉ុន្ដែ បណ្តាជនបានបន្ទោសអ្នកទាំងពីរនោះឲ្យពួកគេនៅស្ងៀម ប៉ុន្ដែពួកគេស្រែកថែមទៀតថា៖ «ឱ ព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាយើងផង!» ៣២ព្រះយេស៊ូក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើពួកអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» ៣៣ពួកគេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបើកភ្នែករបស់យើងឲ្យបានភ្លឺផង» ៣៤ដោយព្រះយេស៊ូមានក្ដីអាណិតអាសូរ ក៏ពាល់ភ្នែករបស់ពួកគេ។ រំពេចនោះ ពួកគេក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គទៅ។