ម៉ាថាយ ១៩
ការរៀបការ និងការលែងលះ
១៩កាលព្រះយេស៊ូ មានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់ ២នោះមានបណ្តាជនច្រើនកុះករ បានមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសពួកគេឲ្យបានជានៅទីនោះ។ ៣ពួកអ្នកខាងគណៈផារិស៊ីបានចូលមកជិត ល្បងលព្រះអង្គ ដោយទូលសួរថា៖ «តើវិន័យអនុញ្ញាតដែរឬទេ បើបុរសលែងប្រពន្ធដោយហេតុផលណា ក៏ដោយនោះ?» ៤ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាប្រុស ជាស្រីតាំងពីដើមដំបូងមក?»៥ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ៦ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ ប៉ុន្តែ ជាសាច់តែមួយវិញ ហើយមិនត្រូវឲ្យមនុស្សបំបែកអ្វី ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ» ៧ពួកគេទូលព្រះអង្គថា៖ «បើដូច្នោះ ហេតុអ្វីបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ រួចឲ្យលែងប្រពន្ធដូច្នេះ?»។ ៨ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្តរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជា ពីដើមដំបូងមិនមានដូច្នេះក្តី ៩ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។ ១០ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្តីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង» ១១ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូប អាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ ១២ដ្បិតមនុស្សខ្លះ ជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀតជាមនុស្សកម្រៀវ ដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវ ដែលក្រៀវខ្លួនឯង ដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះអ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។
ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
១៣បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។ ១៤ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យ ក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង» ១៥កាលព្រះអង្គដាក់ព្រះហស្ដលើក្មេងៗរួចហើយ ក៏យាងចេញពីទីនោះទៅ។
បុរសអ្នកមានជួបព្រះយេស៊ូ
១៦មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?» ១៧ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ» ១៨គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ ១៩ចូរគោរពឪពុកម្តាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចខ្លួនឯង»២០កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្តីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?» ២១ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នក ហើយឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។ ២២ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្តិច្រើន។
ទ្រព្យសម្បត្ដិ និងសេចក្ដីសង្គ្រោះ
២៣ព្រះយេស៊ូ ក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា អ្នកមានពិបាកនឹងចូលទៅក្នុង នគរស្ថានសួគ៌ណាស់ ២៤ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាង អ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត» ២៥ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្តីសង្រ្គោះបាន?» ២៦ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញ អាចធ្វើគ្រប់ការទាំងអស់បាន»។
២៧បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?» ២៨ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នា ជាបា្រកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្ក ដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំ នឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធ ទាំងដប់ពីររបស់អ៊ីស្រាអែលដែរ ២៩ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្តាយ កូន ឬ ស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញ មួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។ ៣០មនុស្សជាច្រើនដែលនៅមុខគេ នឹងត្រលប់ជាក្រោយបង្អស់ ឯអ្នកនៅក្រោយបង្អស់នឹងនៅមុខគេវិញ។