ម៉ាថាយ ១៨
ពួកសិស្សចង់ដឹងថា អ្នកណាធំជាងគេបំផុត
១៨នៅគ្រានោះ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលថា៖ «ដូច្នេះ តើអ្នកធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា?» ២ព្រះអង្គក៏ហៅក្មេងម្នាក់ ហើយដាក់ក្មេងនោះនៅចំកណ្តាលពួកគេ ៣រួចមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដ និងត្រលប់ដូចជាកូនក្មេងទេនោះ អ្នករាល់គ្នាមិនអាចចូលទៅក្នុងនគរស្ថានសួគ៌ បានជាដាច់ខាត ៤ដូច្នេះ អ្នកណាបន្ទាបខ្លួនដូចក្មេងនេះ អ្នកនោះជាអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌ ៥ហើយបើអ្នកណាទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ ៦ប៉ុន្ដែ បើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះ ជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលាមកចងនឹងក របស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង ៧វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្តីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្តីនោះត្រូវតែកើតមាន ប៉ុន្តែវេទនាដល់មនុស្សណា ដែលនាំឲ្យកើតមានសេចក្ដីនោះ ៨ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្ប ដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ៩ប្រសិនបើភ្នែករបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញពីអ្នក ហើយបោះចោលទៅ ដ្បិតបើអ្នកចូលក្នុងជីវិតអស់កល្ប ដោយមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកទាំងសងខាង ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងនរក។
រឿងចៀមវង្វេង
១០ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ ទេវតារបស់ពួកគេតែងតែឃើញព្រះភក្រ្តព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។ ១១ដ្បិតកូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង ១២តើអ្នករាល់គ្នាគិតយ៉ាងដូចម្តេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ? ១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើគាត់រកចៀមនោះឃើញវិញ គាត់ត្រេកអរចំពោះចៀមនោះជាងចៀមកៅសិបប្រាំបួន ដែលមិនវង្វេងនោះទៅទៀត។ ១៤ព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ក៏ដូច្នោះដែរ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ ត្រូវវិនាសឡើយ។
ព្រះយេស៊ូបង្រៀនអំពីការកែលំអ បងប្អូន
១៥បើបងប្អូនរបស់អ្នក ប្រព្រឹត្តបាបចំពោះអ្នក ចូរទៅប្រាប់គាត់អំពីកំហុសនោះក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក អ្នកនឹងចំណេញបានបងប្អូន របស់អ្នកមកវិញ ១៦ប៉ុន្ដែបើគាត់មិនព្រមស្តាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរបីនាក់ បញ្ជាក់ផ្ទាល់មាត់ ពីពាក្យសំដីទាំងឡាយនោះ។ ១៧បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។ ១៨ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា អ្វីក៏ដោយដែលអ្នករាល់គ្នាចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នករាល់គ្នាស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ ១៩ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងឲ្យពួកគេបានសម្រេចជាមិនខាន ២០ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងឈ្មោះខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ»។
រឿងបាវបម្រើដែលមិនចេះលើកលែងទោស
២១បន្ទាប់មកលោកពេត្រុសបានចូលមកជិតព្រះអង្គ ទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យ គាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?» ២២ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្តែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។ ២៣ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជា ស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ ២៤កាលស្តេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ ដែលជំពាក់មួយម៉ឺនឋាឡាន់មក ២៥ប៉ុន្ដែដោយព្រោះអ្នកនោះគ្មានអ្វីសង ស្តេចក៏បញ្ជាឲ្យលក់គាត់ និងប្រពន្ធកូនរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន ដើម្បីសងបំណុល ២៦បាវបម្រើនោះ ក៏ក្រាបថ្វាយបង្គំស្តេច ទូលថា សូមមេត្តាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ ដល់ព្រះអង្គវិញ។ ២៧ដោយមានសេចក្ដីអាណិតអាសូរដល់បាវបម្រើនោះ ស្តេចក៏លែងគាត់ ព្រមទាំងលុប បំណុលទាំងឡាយចោល ទាំងអស់។ ២៨ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ ជាគូកនដែលបានជំពាក់គាត់ មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក! ២៩បាវបម្រើ ជាគូកននោះ បានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ ៣០ប៉ុន្ដែគាត់មិនព្រមទេ បែរជាយកអ្នកនោះទៅដាក់គុករហូតដល់សងអ្វីៗដែលជំពាក់នោះអស់។ ៣១នៅពេលបាវបម្រើជាគូកនផ្សេងទៀត បានឃើញហេតុការណ៍ដែលកើតឡើង ក៏មិនសប្បាយចិត្តជាខ្លាំង ហើយមករៀបរាប់ប្រាប់ស្តេចអំពីហេតុការណ៍ទាំងអស់ ដែលបានកើតឡើង។ ៣២ស្តេចក៏ហៅអ្នកនោះមក រួចមានបន្ទូលទៅគាត់ថា នែ៎ បាវបម្រើអាក្រក់អើយ! ខ្ញុំបានលុបបំណុលទាំងឡាយរបស់អ្នកចោលទាំងអស់ ដោយព្រោះអ្នកបានអង្វរខ្ញុំ។ ៣៣តើអ្នកក៏មិនគួរមេត្តាដល់បាវបម្រើ ជាគូកនរបស់អ្នក ដូចជាយើង បានមេត្តាដល់អ្នកដែរទេឬ? ៣៤ស្តេចខឹងបាវបម្រើនោះណាស់ ក៏ប្រគល់គាត់ ឲ្យទៅអ្នកធ្វើទារុណកម្ម រហូតដល់គាត់សងអ្វីៗ ដែលជំពាក់នោះអស់។ ៣៥បើម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាមិនលើកលែងទោស ដល់បងប្អូនរបស់ខ្លួនដោយអស់ពីចិត្តទេ ព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌នឹងធ្វើចំពោះអ្នករាល់គ្នាយ៉ាងដូច្នោះដែរ»។