ម៉ាថាយ ១៣
រឿងកសិករព្រោះគ្រាប់ពូជ
១៣នៅថ្ងៃនោះ ព្រះយេស៊ូ បានយាង ចេញពីផ្ទះទៅអង្គុយនៅក្បែរមាត់បឹង។ ២មានបណ្តាជនច្រើនកុះករ បានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្តាជនទាំងអស់ បានឈរនៅតាមមាត់បឹង។ ៣ព្រះអង្គមានបន្ទូលប្រាប់ពួកគេ អំពីសេចក្តីជាច្រើន ជារឿងប្រៀបប្រដូចថា៖ «មើល៍ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ ៤ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់ ៥ឯគ្រាប់ពូជខ្លះទៀត បានធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជនោះដុះឡើងយ៉ាងឆាប់ ពីព្រោះដីមិនជ្រៅ ៦ប៉ុន្ដែពេលថ្ងៃរះឡើង ពន្លកក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស។ ៧គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើង រួបរឹតគ្រាប់ពូជនោះ។ ៨ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ ៩អ្នកដែលមានត្រចៀក ចូរស្តាប់ចុះ!»
ហេតុដែលព្រះយេស៊ូប្រើរឿងប្រៀបប្រដូច
១០ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេ ជារឿងប្រៀបប្រដូចដូច្នេះ?» ១១ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌ បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ ១២ដ្បិតអ្នកណាដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង ១៣ហេតុនេះហើយបានជាខ្ញុំនិយាយនឹងគេជារឿងប្រៀបប្រដូច ដ្បិតគេមើល ប៉ុន្ដែមិនឃើញ ស្ដាប់ ប៉ុន្ដែមិនឮ និងមិនយល់ផង។ ១៤សេចក្តីដែលលោកអេសាយបានថ្លែងទុកមក បានសម្រេចតាមរយៈពួកគេហើយ គឺអ្នករាល់គ្នាស្ដាប់ឮ ប៉ុន្ដែមិនយល់ ហើយមើលឃើញ ប៉ុន្ដែ មិនដឹងសោះ។ ១៥ដ្បិតចិត្ដរបស់ប្រជាជននេះ បានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្តាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ត ហើយយើងនឹងប្រោសពួកគេឲ្យជា។ ១៦ភ្នែករបស់អ្នករាល់គ្នាមានពរណាស់ ដ្បិតបានមើលឃើញ ហើយត្រចៀកក៏ដូច្នេះដែរ ដ្បិតបានស្តាប់ឮ។ ១៧ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកអ្នកនាំព្រះបន្ទូល និងពួកមនុស្សសុចរិតជាច្រើន ចង់ឃើញអ្វី ដែលអ្នករាល់គ្នាឃើញ ប៉ុន្ដែមិនបានឃើញទេ ក៏ចង់ឮអ្វីដែលអ្នករាល់គ្នាឮដែរ ប៉ុន្ដែមិនបានឮឡើយ។
ព្រះយេស៊ូពន្យល់រឿងកសិករព្រោះគ្រាប់ពូជ
១៨ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបប្រដូច អំពីកសិករព្រោះគ្រាប់ពូជចុះ។ ១៩អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ២០អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ ២១ប៉ុន្ដែ គេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយ:ពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀត បៀនកើតឡើង ដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្តភ្លាម ២២ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្តែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្តិ បានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ ២៣ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីល្អ គឺជាអ្នកដែលឮព្រះបន្ទូលហើយក៏យល់ អ្នកនោះបង្កើតផល គឺឲ្យផលមួយជាមួយរយ ខ្លះហុកសិប ខ្លះទៀតសាមសិប»។
រឿងស្រូវ និងស្រងែ
២៤ព្រះអង្គលើកយក រឿងប្រៀបប្រដូចមួយទៀត ដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ ប្រៀបដូចជាបុរសម្នាក់ ដែលព្រោះពូជល្អទៅក្នុងស្រែគាត់ ២៥ក្រោយមក ពេលមនុស្សដេកលក់អស់ សត្រូវគាត់បានមកព្រោះស្រងែក្នុងចំណោមស្រូវនោះ ហើយក៏ចេញទៅ ២៦កាលស្រូវពន្លក ហើយចេញផ្លែ នោះស្រងែក៏លេចចេញមកដែរ ២៧ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់ស្រែថា លោក ម្ចាស់ តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមានមកពីណា? ២៨គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះតើលោកចង់ឲ្យយើង ទៅដកស្រងែទាំងនោះដែរឬទេ? ២៩គាត់និយាយថា កុំអី! ក្រែងលោពេលអ្នករាល់គ្នាដកស្រងែ ស្រូវក៏ដោយមកជាមួយដែរ។ ៣០ចូរទុកឲ្យវាដុះឡើងជាមួយគ្នា រហូតដល់ខែចម្រូតចុះ នៅពេលច្រូតខ្ញុំនឹងបា្រប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុន ចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។
៣១ព្រះអង្គលើកយក រឿងប្រៀបប្រដូចមួយទៀត ដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់មូតា ដែលមនុស្សយកទៅដាំក្នុងចម្ការរបស់គាត់ ៣២គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាស មកអាស្រ័យនៅតាមមែករបស់វា»។
៣៣ព្រះអង្គមានបន្ទូលទៅពួកគេ ជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្រ្តីម្នាក់ យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះ ធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
ព្រះយេស៊ូប្រើរឿងដើម្បីសម្រេចតាមបទគម្ពីរ
៣៤ព្រះយេស៊ូមានបន្ទូលបា្រប់បណ្តាជនពីសេចក្តីទាំងអស់នេះ ជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូចព្រះអង្គមិនបានមានបន្ទូលនឹងបណ្តាជនឡើយ ៣៥ដើម្បីឲ្យសម្រេចសេចក្ដី ដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយ ជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពី សេចក្ដីដែលបានលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក»។
ព្រះយេស៊ូពន្យល់អំពីរឿងស្រូវ និងស្រងែ
៣៦បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្តាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូច អំពីស្រែមានស្រងែផង»។ ៣៧ព្រះអង្គមានបន្ទូលឆ្លើយថា៖ «អ្នកព្រោះពូជល្អ គឺជាកូនមនុស្ស ៣៨ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះ ជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញ ជាកូននៃអារក្សសាតាំង។ ៣៩សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។ ៤០ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ ៤១គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោក ឲ្យទៅប្រមូលអស់ទាំងអ្វីៗ ដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យ ចេញពីនគររបស់លោក ៤២ទេវតានឹងបោះអ្នកទាំងនោះ ទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ ៤៣ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្តាប់ចុះ។
រឿងកំណប់ដ៏មានតម្លៃ និងគជ់ដ៏មានតម្លៃ
៤៤នគរស្ថានសួគ៌ ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែ ដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។
៤៥ម្យ៉ាងទៀតនគរស្ថានសួគ៌ ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកគជ់ដ៏ល្អប្រណិត ៤៦ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។
រឿងសំណាញ់ចាប់ត្រី
៤៧ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ៤៨ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗគេបោះចោល។ ៤៩នៅចុងបញ្ចប់នៃពិភពលោក នឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ ចេញពីក្នុងចំណោមមនុស្សសុចរិត ៥០រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះ ទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
៥១តើអ្នករាល់គ្នា យល់សេចក្តីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ»៥២ព្រះអង្គមានបន្ទូលទៅគេទៀត ថា៖ «ដូច្នេះគ្រូវិន័យគ្រប់គ្នា ដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មី ទាំងចាស់ ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
៥៣កាលព្រះយេស៊ូ មានបន្ទូលអំពីរឿងប្រៀបប្រដូច ទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។
អ្នកក្រុងណាសារ៉ែតបដិសេធ ព្រះយេស៊ូ
៥៤កាលយាងដល់ស្រុករបស់ព្រះអង្គ ព្រះអង្គក៏បានបង្រៀនអ្នកស្រុក ក្នុងសាលាប្រជុំរបស់ពួកគេ ធ្វើឲ្យអ្នកស្រុកនឹកអស្ចារ្យក្នុងចិត្ដ ទាំងនិយាយថា៖ «អ្នកនេះមានបា្រជ្ញា និងការអស្ចារ្យបែបនេះមកពីណា? ៥៥តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ៥៦តើប្អូនស្រីរបស់គាត់មិនបាននៅជាមួយយើង ទាំងអស់គ្នាទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្តីទាំងអស់នេះមកពីណា?» ៥៧គេក៏ទាស់ចិត្តនឹងព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលសេចក្ដីគោរព នៅគ្រប់ទីកន្លែងលើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ»។ ៥៨ដោយព្រោះតែ ភាពគ្មានជំនឿរបស់ពួកគេ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ។