KCB - ម៉ាថាយ ១០


ម៉ាថាយ ១០

ព្រះយេស៊ូចាត់​សាវក​ទាំង​ដប់​ពីរ​ចេញ​ធ្វើ​ការ​

១០កាល​​ព្រះអង្គ​ហៅ​សិស្ស​ ទាំង​ដប់ពីរ ​មក​​ហើយ​ ព្រះអង្គ​ក៏​​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិអំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​​​ ដើម្បី​បណ្ដេញ​ពួក​វា និងប្រោស​ជំងឺ​រោគា​គ្រប់យ៉ាង​​ឲ្យ​បានជា។​ សាវក​ទាំង​ដប់ពីរ​មាន​​ឈ្មោះ​ដូច​​ត​ទៅ​​ ទីមួយ​លោក​ស៊ីម៉ូន​ ហៅ​ពេត្រុស និង​លោកអនទ្រេជា​ប្អូន​របស់​គាត់​​​​ រួចមាន​កូន​របស់លោកសេបេដេ​ គឺ​​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​​របស់គាត់​ ហើយ​មាន​លោក​ភីលីព លោក​បារថូឡូមេ លោក​ថូម៉ាស លោក​ម៉ាថាយ​ជា​អ្នកទារ​ពន្ធដារ​​ លោក​យ៉ាកុប​ជា​កូន​របស់លោក​​អាល់ផាយ​ លោក​ថាដេ​ លោក​​ស៊ីម៉ូន ​ជា​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត ​ជា​អ្នក​ក្បត់​ព្រះអង្គ​ផងដែរ។​

ព្រះ​យេស៊ូ​បាន​ចាត់​សាវក​​​​ទាំង​ដប់ពីរ​នេះ​ឲ្យ​ចេញ​ទៅ​ដោយ​បង្គាប់​ថា៖ «ចូរ​​ កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ហើយ​កុំ​ចូល​ក្នុង​ក្រុង​​ពួក​សាម៉ារី​ ផ្ទុយ​ទៅ​វិញ​​ ចូរ​ទៅ​រករាស្ដ្រ​​អ៊ីស្រាអែល​ ដែលជា​​ចៀម​​វង្វេង​របស់​​ព្រះជាម្ចាស់​ ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា នគរ​ស្ថានសួគ៌​​នៅ​ជិត​បង្កើយ​ ចូរ​ប្រោស​អ្នកឈឺ​ឲ្យ​បានជា​ មនុស្ស​ឃ្លង់​​ឲ្យជាស្អាត​​ មនុស្ស​ស្លាប់​ឲ្យរស់វិញ និង​​ត្រូវ​បណ្តេញ​អារក្ស​​​ផង។ អ្នក​រាល់​គ្នា​បាន​ទទួល​ ដោយ​ឥតគិតថ្លៃ ក៏​ត្រូវ​ឲ្យដោយ​ឥតគិតថ្លៃ​ដែរ។​ កុំ​យក​មាសបា្រក់ ឬលុយកាក់​ដាក់​​ក្នុង​ខ្សែ​ក្រវាត់​​​អ្នករាល់គ្នា​ ១០ហើយកុំ​យក​ថង់យាម​ អាវ​ពីរ​បន្លាស់​ ស្បែក​ជើង​ ឬឈើ ច្រត់​ទៅ​ជាមួយ​ឡើយ​​ ព្រោះ​អ្នកធ្វើការ​ស័ក្ដិសម​​នឹង​ទទួល​បាន​​ជំនួយ។ ​១១ពេល​អ្នករាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា ឬភូមិ​​ណាក៏ដោយ​ ចូរ​សួររក​អ្នក​ដែល​ស័ក្ដិសម​​​នៅ​ក្នុង​​ក្រុង ​​ឬ​​ភូមិ​នោះ​​ ចូរ​នៅ​ទីនោះ​រហូត​ដល់​​​ពេល​ អ្នករាល់គ្នា​ចាកចេញ ១២ហើយ​​ពេល​ចូល​ទៅ​ក្នុង​​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​​ផ្ទះ​នោះផង។​​ ១៣បើ​ផ្ទះ​នោះ​ស័ក្ដិសម​​មែន​ ចូរ​ឲ្យសេចក្តី​សុខសាន្ត​របស់​អ្នក​រាល់​គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​ តែ​​បើ​ផ្ទះនោះ​មិន​ស័ក្ដិសម​​​​ទេ​ ចូរ​​ឲ្យ​សេចក្ដី​​សុខ​សាន្ដមាន​ដល់​អ្នករាល់​គ្នា​វិញ។ ១៤បើ​គ្មាន​​អ្នកណា​ទទួល ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​​ ពេល​​ចេញ​ពី​ផ្ទះ ឬក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​​​​ របស់អ្នក​រាល់គ្នា​ចុះ ១៥ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា នៅ​​​ថ្ងៃ​​ជំនុំជម្រះ​​ ក្រុង​សូដុម​ និង​ក្រុង​​កូម៉ូរ៉ា​ងាយទ្រាំ​ជាង​ក្រុង​នោះទៅ​​ទៀត។​

១៦ខ្ញុំ​ចាត់​អ្នក​រាល់​គ្នាឲ្យ​ទៅ​ ដូចជា​សត្វ​ចៀម ​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​ ១៧ប៉ុន្ដែ​​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​ប្រគល់​​អ្នក​រាល់​គ្នា​ទៅ​ក្រុម​បឹ្រក្សា​កំពូល​​​ ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​​ខ្សែតី​​ ក្នុង​សាលា​ប្រជុំ​​របស់​ពួកគេ​ ១៨ហើយ​ដោយ​​​ព្រោះខ្ញុំ គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ ទៅ​ចំពោះមុខ​ពួក​​អាជ្ញាធរ​ និងស្ដេច ដើម្បី​ធ្វើ​បន្ទាល់​​ដល់​ពួកគេ និង​ដល់​សាសន៍​ដទៃ។​​ ១៩ប៉ុន្ដែ​ពេល​គេ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ ចូរ​​កុំ​ព្រួយ​​បារម្ភ​​ថា ​ត្រូវ​និយាយ​អ្វី​​ ឬនិយាយ​បែប​ណា​​ឲ្យ​​សោះ​ ព្រោះ​ព្រះ​ជាម្ចាស់​​នឹង​​ប្រទាន​ឲ្យអ្នក​រាល់​គ្នា​នូវ​​អ្វី​ ដែល​​អ្នក​​រាល់​គ្នា​​ត្រូវ​​និយាយ​​នៅ​វេលា​នោះ​ ២០ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ជា​អ្នក​និយាយ​ទេ គឺ​​ព្រះវិញ្ញាណ​​​ព្រះវរបិតារបស់​អ្នក​រាល់គ្នា មានបន្ទូលនៅក្នុង​អ្នក​រាល់​គ្នា​វិញ។ ​​២១បង​ប្អូន​នឹង​ប្រគល់​បងប្អូន​របស់​​ខ្លួន​​ទៅ​ឲ្យ​គេ​​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​​ឲ្យគេ​សម្លាប់​​ ហើយ​កូន​នឹង​បះបោរ​​ទាស់​នឹង​​ឪពុក​ម្ដាយ​ ព្រមទាំង​ប្រគល់​​ឲ្យ​គេ​សម្លាប់។ ​២២មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នករាល់គ្នា​ ដោយ​ព្រោះ​​ឈ្មោះ​ខ្ញុំ ប៉ុន្ដែ​អ្នក​ណា​ ដែល​ស៊ូទ្រាំ​ដល់​ទីបំផុត​​នឹង​បាន​ទទួល​​សេចក្ដី​សង្គ្រោះ ២៣ពេល​គេ​បៀត​បៀន​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុង​មួយ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា រហូត​ដល់​កូន​មនុស្ស​​មក​វិញ​ អ្នក​រាល់​គ្នា​ដើរ​មិន​អស់​ក្រុង​ទាំង​​ឡាយ​​​ក្នុង​ស្រុក​អ៊ីស្រាអែលផង។​

២៤សិស្ស​មិនដែល​លើ​គ្រូ​ទេ​ ហើយ​បាវ​បម្រើ​​ ក៏​​មិនដែល​លើ​ចៅហ្វាយ​ដែរ​​ ២៥ដ្បិត​​ពេល​សិស្ស​បាន​​ដូចជា​គ្រូ ហើយ​បាវ​បម្រើ​​បាន​​ដូចជា​ចៅ​ហ្វាយ​ នោះ​ល្មម​ហើយ។​ ​ប្រសិនបើ​គេ​ហៅ​មេ​គ្រួសារ​​ថា អារក្ស​បេលសេប៊ូល​​ទៅ​ហើយ ចុះ​ទម្រាំ​បើ​សមាជិក​គ្រួសារ​វិញ​ ​គេ​​ហៅ​​លើស​​នោះ​​អម្បាល​មាន​ទៅទៀត។​

២៦ដូច្នេះ​ កុំ​ខ្លាច​ពួកគេ​អី ​ព្រោះ​គ្មាន​ការ​​លាក់​កំបាំង​​ណា​ ដែល​មិន​បាន​បើក​សំដែង​ឲ្យឃើញ​​​​នោះ​​ឡើយ​​ ហើយ​គ្មាន​​អាថ៌​កំបាំង​​អ្វី ​​ដែល​​មិន​​​​បាន​ឲ្យ​គេ​​ដឹង​​ដែរ។​ ២៧អ្វី​ៗ​ដែល​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​នៅ​ទីងងឹត​ ចូរ​អ្នក​រាល់​គ្នា​​​និយាយ​នៅ​ទីភ្លឺ​ ហើយ​អ្វី​ៗ ​ដែល​អ្នក​រាល់​គ្នា​ស្ដាប់​ឮនឹង​ត្រចៀក ​ចូរ​​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​ ២៨ចូរ​កុំ​ខ្លាច​អ្នក ​ដែល​សម្លាប់​បាន​តែ​​រូបកាយ ប៉ុន្ដែ​មិន​អាច​សម្លាប់​ព្រលឹង​បានឲ្យសោះ​ ផ្ទុយ​ទៅ​វិញ ​ចូរ​កោតខ្លាច​ព្រះ​អង្គ​​ដែល​អាច​បំផ្លាញ​ ទាំង​រូបកាយ ទាំង​ព្រលឹង​នៅក្នុង​ស្ថាន​នរក។ ​២៩តើ​ចាប​ពីរ​មិនមែន​ថ្លៃ​មួយ​សេន​ទេឬ ប៉ុន្ដែ​គ្មាន​ចាប​​ណា​​មួយ​ធ្លាក់​ដល់​ដី ​ដោយ​​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ មិន​​ដឹង​​នោះ​ឡើយ​​ ៣០ហើយ​សូម្បីតែ​សក់​ក្បាល​អ្នករាល់គ្នា​ ក៏​ព្រះ​អង្គ​​ដឹង​ចំនួន​ទាំង​អស់​ដែរ

៣១ដូច្នេះ កុំ​ខ្លាច​អី ដ្បិត​អ្នករាល់គ្នា​មាន​តម្លៃ​លើស​​​សត្វ​ចាបទៅ​ទៀត។​

៣២អស់​​អ្នក ​ដែល​ទទួលស្គាល់​ខ្ញុំ​នៅ​​មុខ​មនុស្ស ខ្ញុំ​នឹង​ទទួលស្គាល់​អ្នកនោះ​​នៅ​មុខ​​​ព្រះវរបិតា​របស់​ខ្ញុំ ​ដែល​​គង់​នៅ​ស្ថានសួគ៌​​វិញ​ដែរ។ ​៣៣​អ្នក​ណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅមុខ​ព្រះវរបិតា​របស់​ខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​ ៣៤ចូរ​កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​នាំ​យកក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដីសុខសាន្ដ​ទេ គឺ​នាំ​​ដាវ​វិញ​​​ ៣៥ព្រោះ​ខ្ញុំ​មក​បំបែក​​កូនប្រុស​ពី​ឪពុក កូន​ស្រី​ពី​ម្តាយ ហើយ​​​កូនប្រសាស្រី​ពី​ម្តាយ​ក្មេក​​ ៣៦​ឯ​សត្រូវ​របស់​​អ្នក​នោះ​ គឺ​ជា​សមាជិក​​គ្រួសារ​របស់​អ្នក​នោះឯង។​ ​​៣៧អស់​អ្នក​ដែល​ស្រឡាញ់​​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​​កូនប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ នោះ​ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ។​ ៣៨អស់​អ្នក​ ដែល​មិន​លី​ឈើ​ឆ្កាង​របស់ខ្លួន​មក​តាម​ខ្ញុំ នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ។​ ៣៩អស់​អ្នក​ដែល​រក​ជីវិត​ នឹង​បាត់​ជីវិត តែ​អស់​​អ្នក​ដែល​បាត់​​ជីវិត​ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​​ជីវិត​វិញ។​

៤០អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា​ នោះ​ក៏​ទទួល​ខ្ញុំ​ដែរ ​ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​ក៏​ទទួល​ព្រះជាម្ចាស់​ ដែល​ចាត់​ខ្ញុំ​ឲ្យ មក​ដែរ។​ ៤១អ្នក​ណា​ដែល​ទទួល​អ្នកនាំព្រះបន្ទូល​​ ដោយ​ឈ្មោះ​អ្នក​នាំ​ព្រះបន្ទូល​ នឹង​ទទួល​បាន​រង្វាន់​របស់​​អ្នកនាំ​ព្រះបន្ទូល។ ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត​ ដោយ​ឈ្មោះ​មនុស្ស​សុចរិត​ នឹង​ទទួល​បាន​រង្វាន់​ របស់មនុស្ស​សុចរិត។​​ ៤២​អ្នក​ណា​​​ឲ្យទឹក​ត្រជាក់​​​ តែមួយ​កែវ​ដល់​ ក្មេង​ម្នាក់ ​ក្នុង​​ចំណោម​​ក្មេង​​ទាំង​នេះ​​ផឹក​ ដោយ​នូវ​ឈ្មោះ​​​ជា​​សិស្ស​​របស់ខ្ញុំ​ នោះ​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់គេ​​ឡើយ»

ម៉ាថាយ ១០