ម៉ាថាយ ១
ម៉ាថាយ
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូ
១កំណត់ត្រាវង្សត្រកូល របស់ព្រះយេស៊ូគ្រិស្ដដែលជាពូជពង្សរបស់ស្ដេចដាវីឌ និងលោកអ័ប្រាហាំ:
ពីជំនាន់លោកអ័ប្រាហាំដល់ស្ដេចដាវីឌ
២លោកអ័បា្រហាំបង្កើតលោកអ៊ីសាកលោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ៣លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស ឯលោកពេរេស បង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោករ៉ាម ៤លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោក អ័មីណាដាប់ បង្កើតលោកណាសូន លោកណាសូន បង្កើត លោកសាលម៉ូន ៥លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ
ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូន
៦លោកអ៊ីសាយ បង្កើតស្ដេចដាវីឌ ស្ដេចដាវីឌ និងប្រពន្ធលោកអ៊ូរី បង្កើតស្តេចសាឡូម៉ូន ៧ស្តេចសាឡូម៉ូនបង្កើតស្តេចរេហូបោម ស្ដេចរេហូបោមបង្កើតស្តេចអ័ប៊ីយ៉ា ស្តេចអ័ប៊ីយ៉ាបង្កើតស្តេចអេសា ៨ស្តេចអេសាបង្កើតស្តេច យ៉ូសាផាត ស្តេចយ៉ូសាផាតបង្កើតស្តេចយ៉ូរាម ស្តេចយ៉ូរាមបង្កើតស្តេចអូសៀស ៩ស្តេចអូសៀស បង្កើតស្តេចយ៉ូថាម ស្តេចយ៉ូថាមបង្កើតស្តេចអេហាស ស្តេចអេហាសបង្កើតស្តេចអេសេគាស ១០ស្តេចអេសេគាស បង្កើតស្តេចម៉ាណាសេ ស្តេចម៉ាណាសេ បង្កើតស្តេចអាំម៉ូន ស្តេចអាំម៉ូន បង្កើតស្តេចយ៉ូសៀស ១១ស្តេចយ៉ូសៀសបង្កើតស្តេចយេកូនាស និងបងប្អូនរបស់ព្រះអង្គ នៅគ្រាមានការនិរទេសទៅស្រុកបាប៊ីឡូន
ពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដ
១២ក្រោយការនិរទេសទៅ ស្រុកបាប៊ីឡូន ស្តេចយេកូនាសបង្កើតលោកសាលធា លោកសាលធាបង្កើតលោកសូរ៉ូបាបិល ១៣លោកសូរ៉ូបាបិលបង្កើតលោកអ័ប៊ីយ៉ុឌ លោកអ័ប៊ីយ៉ុឌបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ ១៤លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយ៉ុឌ ១៥លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប ១៦លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគិ្រស្ដ» ១៧ដូច្នេះ ចាប់ពីជំនាន់លោកអ័បា្រហាំ មកដល់ជំនាន់ស្ដេចដាវីឌ ទាំងអស់មានដប់បួនជំនាន់ ពីជំនាន់ស្តេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូន មានដប់បួនជំនាន់ ហើយពីជំនាន់និរទេសទៅស្រុកបាប៊ីឡូន ដល់ជំនាន់ព្រះគិ្រស្ដមានដប់បួនជំនាន់។
កំណើតព្រះយេស៊ូ
១៨កំណើតរបស់ព្រះយេស៊ូគិ្រស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ១៩ឯលោកយ៉ូសែបប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្តលែងលះនាងដោយសម្ងាត់ ២០ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្ដិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារា ធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាង កើតពីព្រះវិញ្ញាណបរិសុទ្ធទេ ២១នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹង សង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។ ២២ការទាំងនេះកើតឡើងដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ ២៣«មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង» ២៤បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាម ដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ ២៥ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»