ម៉ាកុស ៩
៩ព្រះអង្គមានបន្ទូល ទៅគេទៀតថា៖«ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា អ្នកខ្លះកំពុងឈរនៅទីនេះ នឹងមិនស្លាប់ទេ លុះត្រាបានឃើញនគរព្រះជាម្ចាស់មកប្រកបដោយអំណាច»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
២ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងបែ្លកនៅចំពោះមុខពួកគេ ៣ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះ អាចធ្វើឲ្យសដូច្នោះបានឡើយ ៤ហើយលោកអេលីយ៉ា និងលោកម៉ូសេបានលេចមកឲ្យពួកគេឃើញ ពួកគាត់ទាំងពីរកំពុងនិយាយនឹងព្រះយេស៊ូ ៥លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀត សម្រាប់លោកអេលីយ៉ា» ៦ដ្បិតគាត់មិនដឹងថា ត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំង ៧នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ» ៨ភ្លាមនោះ ពួកគេមើលជុំវិញខ្លួន ហើយមិនបានឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូមួយអង្គគត់ ដែលនៅជាមួយពួកគេ ៩ហើយពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះអង្គបង្គាប់ពួកគេមិនឲ្យនិយាយបា្រប់អ្នកណាម្នាក់អំពីអ្វីដែលពួកគេបានឃើញឡើយ លើកលែងតែនៅពេលកូនមនុស្សរស់ពីស្លាប់ឡើងវិញ។ ១០ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ត និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច? ១១ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ា ចាំបាច់ត្រូវមកមុនដូច្នេះ?» ១២ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្តារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុក អំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង ១៣ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រពឹ្រត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
ព្រះយេស៊ូបណ្ដេញវិញ្ញាណអាក្រក់ចេញពីក្មេងប្រុសម្នាក់
១៤ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្សកំពុងសួរដេញដោលពួកគេ ១៥ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្តយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ ១៦ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?» ១៧នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល ១៨ហើយ នៅពេលណាវាចូលកូនខ្ញុំម្តងៗ វាផ្តួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន» ១៩ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!» ២០គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង២១ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះ តាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម្ល៉េះ ២២វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំ ដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង» ២៣ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចឬ? គ្រប់ការទាំងអស់នឹងបានសម្រេច សម្រាប់អ្នកជឿ» ២៤ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង» ២៥ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត» ២៦វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ ២៧តែព្រះយេស៊ូបានចាប់ដៃក្មេងនោះឲ្យក្រោកឈរឡើង ហើយវាក៏ឈរឡើង។
២៨ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ហើយពួកសិស្សព្រះអង្គបានសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីពួកយើងមិនអាចបណ្ដេញវិញ្ញាណនោះ ឲ្យចេញបាន?» ២៩ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្មានអ្វីអាចបណ្ដេញវិញ្ញាណប្រភេទនេះបានទេ លើកលែងតែតាមរយៈការអធិស្ឋាន»។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនម្តងទៀតអំពីការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះអង្គ
៣០ពួកគេធ្វើដំណើរចាកចេញពីទីនោះ ឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ ៣១ដ្បិតព្រះអង្គបានបង្រៀនសិស្សព្រះអង្គដោយមានបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក លុះគេបានសម្លាប់ហើយ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ» ៣២ប៉ុន្ដែពួកគេមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានសួរព្រះអង្គដែរ។
អ្នកធំជាងគេនៅក្នុងនគរព្រះជាម្ចាស់
៣៣ពួកគេក៏មកដល់ក្រុងកាពើណិម ហើយនៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គបានសួរពួកគេថា៖ «តើអ្នករាល់គ្នាសួរដេញដោលគ្នា នៅតាមផ្លូវអំពីអ្វី?»៣៤ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមក នៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ ៣៥ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា» ៣៦ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ រួចលើកពក្មេងនោះ និងមានបន្ទូលទៅគេថា៖ ៣៧«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ អ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
ការប្រើព្រះនាមព្រះយេស៊ូ
៣៨លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់ កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង» ៣៩តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់ អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ ៤០ដ្បិតអ្នកណាមិនប្រឆាំងយើង អ្នកនោះនៅខាងយើងហើយ ៤១បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគិ្រស្ដ ខ្ញុំបា្រប់អ្នកជាបា្រកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ ៤២ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង ៤៣ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរក ដែលមានភ្លើងមិនចេះរលត់ [៤៤ជាកន្លែង ដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់] ៤៥ហើយបើជើងអ្នក បណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។ [៤៦ជាកន្លែង ដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់] ៤៧បើភ្នែកខាងណាមួយរបស់អ្នក បណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់ មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក [៤៨ជាកន្លែង ដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់] ៤៩ព្រោះមនុស្សគ្រប់គ្នានឹងប្រៃ ដោយសារភ្លើង ៥០អំបិលល្អទេ ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន និងនៅជាមួយគ្នាដោយសុខសាន្ដចុះ»។