ម៉ាកុស ៦
អ្នកក្រុងណាសារ៉ែតបដិសេធព្រះយេស៊ូ
៦ព្រះអង្គក៏ចេញពីទីនោះយាង ចូលទៅក្នុងស្រុករបស់ព្រះអង្គ ហើយពួកសិស្ស ក៏មកតាមព្រះអង្គដែរ ២លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀន នៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងស្ដាប់បាននឹកអស្ចារ្យក្នុងចិត្ត ទាំងនិយាយថា៖ «តើអ្នកនេះចេះសេចក្ដីទាំងនេះពីណាមក? ម្ដេចក៏អ្នកនេះមានបា្រជ្ញាម្ល៉េះ ហើយការអស្ចារ្យបែបនេះកើតពីដៃគាត់ទៀត! ៣តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារា ជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនសី្ររបស់គាត់ មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្តនឹងព្រះអង្គ៤ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកនាំព្រះបន្ទូល បានទទួលការគោរពនៅគ្រប់ទីកនែ្លង លើកលែងតែនៅស្រុកកំណើត និងក្នុងគ្រួសារសាច់ញាតិគាត់ប៉ុណ្ណោះ» ៥ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានទេ ក្រៅពីដាក់ដៃលើអ្នកជំងឺពីរបីនាក់ ឲ្យបានជាប៉ុណ្ណោះ ៦ព្រះអង្គឆ្ងល់ពីភាពគ្មានជំនឿរបស់ពួកគេ ហើយក៏យាងទៅបង្រៀនក្នុងភូមិទាំងឡាយដែលនៅជុំវិញនោះ។
ព្រះយេស៊ូចាត់សាវកទាំងដប់ពីរ
៧ព្រះអង្គហៅសិស្សទាំងដប់ពីរនាក់មក ហើយប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ រួចក៏ចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ៨ព្រះអង្គបង្គាប់ពួកគេថា៖ «ពេលធ្វើដំណើរ ក្រៅពីឈើច្រត់ កុំយកអ្វីទៅជាមួយឲ្យសោះ គឺមិនត្រូវយកនំបុ័ង ថង់យាម និងដាក់លុយនៅក្នុងខ្សែក្រវាត់ឡើយ ៩តែត្រូវពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ» ១០ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ចូរស្នាក់នៅផ្ទះដែលអ្នករាល់គ្នាបានចូល រហូតដល់ចាកចេញពីទីនោះ ១១ឯកន្លែងណាដែលមិនទទួល ឬមិនស្ដាប់អ្នក ចូររលាស់ធូលីដីពីបាតជើងអ្នក ពេលចេញពីទីនោះ ទុកជាទីបន្ទាល់ដល់គេ» ១២ដូច្នេះពួកគេក៏ចេញទៅ និងប្រកាសឲ្យមនុស្សប្រែចិត្ដ ១៣និងបណ្ដេញវិញ្ញាណអាក្រក់ជាច្រើន ទាំងចាក់ប្រេងលើអ្នកជំងឺជាច្រើន ឲ្យបានជា។
គេកាត់កលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
១៤ស្ដេចហេរ៉ូឌបានឮពីការនេះ ដ្បិតព្រះនាមព្រះអង្គល្បីល្បាញ ហើយគេនិយាយថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក បានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយ បានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់» ១៥ប៉ុន្ដែ អ្នកខ្លះនិយាយថា៖ «ជាលោកអេលីយ៉ា» អ្នកខ្លះទៀតនិយាយថា៖ «ជាអ្នកនាំព្រះបន្ទូលម្នាក់ ក្នុងចំណោមអ្នកនាំព្រះបន្ទូលជំនាន់មុន» ១៦កាលស្ដេចហេរ៉ូឌឮពីការនេះ ក៏មានបន្ទូលថា៖ «លោកយ៉ូហានដែលខ្ញុំបានកាត់កនោះបានរស់ឡើងវិញហើយ» ១៧ដ្បិតស្ដេចហេរ៉ូឌផ្ទាល់បានចាត់គេ ឲ្យចាប់ចងលោកយ៉ូហានដាក់គុក ដោយសារស្ដេចបានរៀបការជាមួយនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ដែលត្រូវជាប្អូនរបស់ស្ដេច ១៨ប៉ុន្ដែ លោកយ៉ូហានបានទូលស្ដេចហេរ៉ូឌ ថា៖ «វាមិនតឹ្រមត្រូវទេ ដែលព្រះអង្គយកប្រពន្ធរបស់ប្អូនខ្លួនឯងនោះ» ១៩នាងហេរ៉ូឌាសក៏ចងគំនុំនឹងលោកយ៉ូហាន ហើយចង់សម្លាប់គាត់ តែនាងមិនអាចធ្វើបាន ២០ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយ ព្រះអង្គស្ដាប់គាត់ទាំងពេញចិត្តយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្តយ៉ាងខ្លាំងដែរ។
២១កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀង ឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ ២២កូនស្រីនាងហេរ៉ូឌាសក៏ចូលមករាំថ្វាយ ហើយធ្វើឲ្យស្ដេចហេរ៉ូឌ និងភ្ញៀវដែលរួមតុជាមួយពេញចិត្ដយ៉ាងខ្លាំង ស្ដេចក៏មានបន្ទូលទៅនាងថា៖ «នាងចង់បានអ្វី ចូរសុំយើងចុះ យើងនឹងឲ្យនាង» ២៣ព្រះអង្គបានស្បថយ៉ាងម៉ឺងម៉ាត់ថា៖ «អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀង ក៏ដោយ» ២៤នាងក៏ចេញទៅសួរម្តាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្តាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក» ២៥ភ្លាមនោះនាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ» ២៦ពេលនោះ ស្ដេចប្រែជាព្រួយចិត្តយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យា នៅចំពោះមុខភ្ញៀវ ដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ ២៧ដូច្នេះស្តេចក៏ចាត់ពេជ្ឈឃាដភ្លាម ទាំងបញ្ជាឲ្យនាំយកក្បាលលោកយ៉ូហានមក ពេជ្ឈឃាដក៏ចេញទៅ កាត់កគាត់នៅក្នុងគុក ២៨រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្តាយនាង ២៩ពេលសិស្សរបស់គាត់ឮដូច្នេះ ក៏មកយកសពគាត់ ទៅបញ្ចុះក្នុងផ្នូរ។
ព្រះយេស៊ូប្រទានអាហារមនុស្ស ប្រាំពាន់នាក់
៣០កាលពួកសាវកមកជួបជុំគ្នា នៅចំពោះព្រះយេស៊ូ គេក៏ទូលប្រាប់ព្រះអង្គពីអ្វីៗដែលគេបានធ្វើ និងបានបង្រៀន ៣១ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាមកកន្លែងមួយ ស្ងាត់ដាច់ពីគេ ដើម្បីឲ្យខ្លួនអ្នករាល់គ្នាបានសម្រាកបន្ដិច» ព្រោះមនុស្សចេញចូលច្រើនពេក រកតែពេលបរិភោគក៏មិនបាន ៣២ដូច្នេះ គេក៏ធ្វើដំណើរតាមទូក ទៅកន្លែងមួយស្ងាត់ដាច់ពីគេ ៣៣ប៉ុន្ដែពេលបណ្តាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែង ដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្តាជនបានទៅដល់មុន ៣៤ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្តអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រោះពួកគេដូចជាចៀម ដែលគ្មានអ្នកគង្វាល ដូច្នេះ ព្រះអង្គក៏ចាប់ផ្តើមបង្រៀនគេអំពីសេចក្ដីជាច្រើន។ ៣៥ពេលនោះជិតយប់ហើយ ពួកសិស្សក៏មករកព្រះអង្គ ទូលថា៖«កន្លែងនេះនៅដាច់ពីគេ ពេលនេះជិតយប់ទៅហើយ ៣៦សូមរំសាយពួកគេឲ្យទៅស្រុកភូមិនៅជុំវិញ ដើម្បីទិញអាហារបរិភោគដោយខ្លួនគេ» ៣៧ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» គេក៏ទូលព្រះអង្គវិញថា៖ «តើយើងយកប្រាក់ពីររយឌេណារីទៅទិញនំប៉័ងឲ្យគេបរិភោគឬ?» ៣៨ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?» ពេលដឹងហើយ គេទូលព្រះអង្គថា៖ «យើងមាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ» ៣៩ព្រះអង្គក៏បង្គាប់គេគ្រប់គ្នាឲ្យអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី ៤០ហើយពួកគេអង្គុយជាក្រុមៗ ដែលមានគ្នាមួយរយនាក់ ឬហាសិបនាក់ ៤១បន្ទាប់ពីយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយមក ព្រះអង្គក៏ងើយមើលទៅឯស្ថានសួគ៌ទាំងអរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅសិស្ស ដើម្បីរៀបចំនៅមុខគេ ហើយចែកត្រីពីរនោះដល់គេទាំងអស់គ្នាដែរ។
៤២ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា ៤៣បន្ទាប់មក ពួកគេប្រមូលចំណិតនំបុ័ង និងតី្រនៅសល់បានដប់ពីរកន្ត្រកពេញៗ ៤៤មនុស្សដែលបានបរិភោគនំបុ័ង មានបុរសចំនួនប្រាំពាន់នាក់។
ព្រះយេស៊ូយាងដើរលើទឹកបឹង
៤៥ភ្លាមនោះព្រះអង្គតឿនសិស្សរបស់ព្រះអង្គឲ្យចុះទូក ឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅក្រុងបេតសៃដាមុន ហើយទីបំផុតព្រះអង្គក៏រំសាយបណ្ដាជន ៤៦កាលព្រះអង្គមានបន្ទូលលាពួកគេហើយ ក៏យាងទៅភ្នំដើម្បីអធិស្ឋាន។ ៤៧ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង ៤៨ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ ៤៩ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង ៥០ព្រោះពួកគេគ្រប់គ្នាខ្លាច ពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ» ៥១ព្រះអង្គក៏ឡើងទូកជាមួយពួកគេ ហើយខ្យល់បានស្ងប់ទៅ រីឯពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង។ ៥២ដោយព្រោះចិត្តគេរឹងរូស ពួកគេមិនយល់អំពីរឿងនំបុ័ងទេ។
ការប្រោសឲ្យជានៅតំបន់គេនេសារ៉ែត
៥៣ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ ៥៤ពេលពួកគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម ៥៥ពួកគេរត់ទៅគ្រប់ទីកន្លែង ក្នុងតំបន់ទាំងមូល ហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល ទៅកន្លែងដែលគេឮថា ព្រះអង្គនៅ ៥៦ពេលព្រះអង្គ ទៅដល់ទីណាក៏ដោយ មិនថានៅក្នុងភូមិ ស្រុក ឬក្រុងទេ ពួកគេបានដាក់អ្នកជំងឺនៅតាមផ្លូវ ហើយអង្វរព្រះអង្គឲ្យពួកគេពាល់ តឹ្រមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ក៏បានជាសះស្បើយ។