KCB - ម៉ាកុស ៣


ម៉ាកុស ៣

ព្រះយេស៊ូ​​ប្រោស​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​​នៅ​ថ្ងៃ​សប្ប័ទ​

ព្រះ​អង្គ​បានយាង​ចូល​សាលា​ ប្រជុំ​​​ម្ដង​ទៀត​ ហើយ​នៅ​ទី​នោះ ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង គេ​​​តាម​មើ​ល​ព្រះ​អង្គ​ ដើម្បី​ចោទ​ប្រកាន់​​​ព្រះ​អង្គ​​ ក្រែង​លោ​ព្រះ​អង្គ​ប្រោស​​​បុរស​​នេះ​ឲ្យ​បាន​ជា​នៅថ្ងៃសប្ប័ទ​​ ហើយ​ព្រះអង្គ​​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា​៖​ «ចូរ​​​​​ក្រោក​​​ឡើង​នៅ​កណ្ដាល​ចំណោម​​នេះ»រួច​ព្រះ​អង្គ​មាន​​បន្ទូល​ទៅ​គេ​ថា​៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​​​ វិន័យ​អនុញ្ញាត​ឲ្យ​​ធ្វើ​ការ​ល្អ​ ឬធ្វើការ​អាក្រក់​?​ ឲ្យ​សង្គ្រោះ​ជីវិត ឬ​​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម ព្រះ​អង្គ​ក៏​ទតមើលជុំវិញ​​ទាំង​ក្រេវក្រោធ​ និង​សោកសៅ​ចំពោះ​ចិត្ដ​រឹងរូស​របស់​គេ​ ​ព្រះ​អង្គ​​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា​៖​ «ចូរ​លាត​ដៃអ្នក​ចុះ!» គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​​ អ្នក​ខាង​គណៈ​​ផារិស៊ី​​​​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិ​គ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​​ហេរ៉ូឌ​​ ដើម្បី​​រក​វិធី​សម្លាប់​ព្រះអង្គ។​

មនុស្ស​ជា​ច្រើន​កុះករ​ដើរ​តាម ​ព្រះ​យេស៊ូ​​​

ព្រះ​យេស៊ូ​បាន​ចាក​ចេញ​ ជាមួយ​សិស្សរបស់ព្រះអង្គ​ទៅឯបឹង​​​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ មក​ពី​ស្រុក​កាលីឡេ​​បាន​ដើរតាមព្រះអង្គ​ ក៏​មាន​មនុស្ស​មក​ពី​ស្រុក​យូដា​​ ក្រុង​យេរូសាឡិម​ ស្រុក​អេ​ដំ​​​ ស្រុក​នៅ​ឯនាយ​​អូរ​យ័រដាន់​ ​ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទី​រ៉ុស​ និង​ក្រុង​ស៊ីដូន​​​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះ​អង្គ​​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំង​ឡាយ​ ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ ព្រះ​អង្គមាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​​រៀប​ចំ​ទូក​មួយ​សម្រាប់​ព្រះ​អង្គ​ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា ​ចោម​រោម​ព្រះ​អង្គ ១០ដោយ​ព្រោះ​​តែ ​ព្រះ​អង្គ​បាន​ប្រោស​​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា​ នោះ​អ្នក​​ជំងឺ​ទាំង​​ឡាយ ​​ក៏​នាំ​គ្នា​សំរុក​ចូល​មក​ពាល់​ព្រះ​អង្គ ១១នៅ​ពេល​ពួក​វិញ្ញាណ​អាក្រក់​​​បាន​ឃើញ​ព្រះ​អង្គ​ ពួកវាក្រាប​ចុះ​នៅ​ចំពោះ​ព្រះអង្គ​ ទាំង​ស្រែក​ឡើង​ថា៖​ «ព្រះ​​អង្គ​​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ជាម្ចាស់» ១២ប៉ុន្ដែ​ ព្រះអង្គ​បាន​ហាម​ពួក​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​បា្រប់​គេ​ថា​ ព្រះ​អង្គ​ជា​អ្នក​ណា​​ឡើយ។

ព្រះយេស៊ូ​ជ្រើស​រើស​សាវក​ទាំង​ដប់​ពីរ​

១៣បន្ទាប់​មក ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះ​អង្គ​ពេញចិត្ដ​ ពួក​គេក៏​បាន​មក​ឯ​ព្រះ​អង្គ ១៤​​រួច​ព្រះ​អង្គ​បាន​តែង​​​តាំង​ដប់​ពីរ​នាក់ ​ហៅ​ថា​សាវក​​​​ ដើម្បី​ឲ្យ​នៅ​ជាមួយ​ព្រះ​អង្គ​ និង​ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​ចាត់​គេ​ចេញ​ទៅ​ប្រកាស ១៥ទាំង​ឲ្យ​គេ​មាន​​សិទ្ធិ​អំណាច​ប្រោស​​ជំងឺ​​​ និង​បណ្ដេញ​អារក្ស​​​ផង ១៦​ព្រះ​អង្គបាន​តែង​តាំង​សាវក​ទាំង​ដប់ពីរ​ ដូច​តទៅ​ គឺ​ ព្រះអង្គដាក់​ឈ្មោះ​ឲ្យ​​លោក​​ស៊ីម៉ូនថា​ «ពេត្រុស»​ ១៧ហើយ​​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន ​ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​​ មាន​​ន័យ​ថា «កូន​ផ្គរ​លាន់»​ ១៨និង​លោក​អនទ្រេ​ លោក​ភីលីព លោក​បារថូឡូ​មេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​​យ៉ាកុប​ ជា​កូន​អាល់​ផាយ​ លោក​ថាដេ លោក​ស៊ីម៉ូន ​ជា​អ្នក​ជាតិ​និយម​​​ ១៩ព្រមទាំង​​យូដាស​​អ៊ី​ស្ការី​យ៉ុ​ត​​​ជា​អ្នក​ក្បត់​ព្រះ​អង្គ​ផងដែរ។

បែកបាក់គ្នា​មិន​អាចនៅ​ស្ថិត​ស្ថេរ​បាន​ទេ​

២០ព្រះ​អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​​ ហើយ​បណ្ដាជន ​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ និងពួក​សិស្ស​មិន​អាច​បរិភោគ​បាន​ ២១ហើយ​នៅ​ពេល​ដែល​បងប្អូន​​ព្រះ​អង្គ​ បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​​មក​ចាប់​ព្រះ​អង្គ​ ពី​ព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។ ២២រីឯ​គ្រូ​វិន័យ​​ ​ដែល​ចុះ​មក​ពី​ក្រុងយេរូសាឡិម​​​ បាននិយាយ​ថា «អ្នកនេះមានអារក្ស​បេ​សេប៊ូល​​​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​​​អារក្ស​ដោយ​សារ​មេ​អារក្ស»​ ​២៣ព្រះ​អង្គ​បាន​ហៅ​គេ​មក​ ហើយ​​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​​ប្រដូច​​​ថា​៖ «តើ​អារក្ស​សាតាំង​​​​ អាច​បណ្ដេញ​អារក្ស​សាតាំង​ ដូច​ម្ដេចកើត ២៤ហើយ​ប្រ​សិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​​ នគរ​​នោះ​​មិន​អា​ច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ ២៥​បើ​គ្រួសា​រ​មួយ​បែក​បាក់​គ្នា​​ គ្រួសារ​​នោះ​ ក៏​មិនអាច​នៅស្ថិត​ស្ថេរ​បាន​ដែរ ២៦​បើ​អារក្ស​សាតាំង​ក្រោកឡើង​ទាស់ទែង​នឹង​ខ្លួន​វា​ នោះ​វា​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​ គឺមុខជា​​វិនាស​ជា​មិន​ខាន​ ២៧គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​បាន​ទេ​ លុះ​​ត្រា​តែ​គេចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន ២៨ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​​​ថា​ គ្រប់​ទាំង​​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះ​ជាម្ចាស់​​ អាច​ទទួលបាន​ការ​លើក​លែង​​ទោស​​ ២៩ប៉ុន្ដែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​​​ មិន​អាច​ទទួល​បាន​​ការ​លើក​លែង​ទោស ​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»៣០ព្រះអង្គ​​មាន​បន្ទូល​ដូ​ច្នេះ​ ដោយ​​ព្រោះ​គេ​​និយាយ​​​ថា​ ព្រះ​អង្គ​មាន​វិញ្ញាណ​អាក្រក់​​ចូល។

បងប្អូន​​ពិត​ប្រាកដ​របស់ព្រះយេស៊ូ

៣១បន្ទាប់​មក​ ម្តាយ​ និង​បង​ប្អូនរបស់​​ព្រះយេស៊ូ​​បាន​មក​ឈរ​នៅ​ខាង​ក្រៅចាត់ឲ្យ​​គេ​ទៅ​ហៅ​ព្រះ​អង្គ​​ ៣២បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះ​អង្គ​ ​គេ​ទូល​ព្រះ​អង្គ​ថា៖​ «មើល៍​​ ម្ដាយ​ និង​បងប្អូន​លោក​កំពុង​តែ​រក​លោក ​នៅ​ខាងក្រៅ»​ ៣៣ព្រះ​អង្គ​​មាន​បន្ទូល​ឆ្លើយ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ និងជា​បងប្អូន​របស់ខ្ញុំ?»​ ៣៤ព្រះ​អង្គ​បាន​ទត​មើល​មនុស្ស​ ដែល​​អង្គុយ​នៅ​ជុំវិញព្រះ​អង្គ​ រួច​មាន​បន្ទូល​ថា​៖ ​«អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និងជា​បង​ប្អូនរបស់​ខ្ញុំ ៣៥ដ្បិត​អ្នក​ណា​ដែល​ធ្វើ​តាមបំណង​​​ព្រះ​ជាម្ចាស់ ​អ្នក​នោះហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូនប្រុសស្រីរបស់​​​ខ្ញុំ»

ម៉ាកុស ៣