KCB - ម៉ាកុស ១៣


ម៉ាកុស ១៣

សញ្ញាសំគាល់គ្រាចុង​ក្រោយ

១៣​ពេលព្រះ​អង្គ​ យាង​ ចេញ​ពី​ព្រះ​វិហារ​មក​ សិស្ស​ព្រះ​អង្គ​ម្នាក់​ បាន​ទូល​ទៅ​ព្រះ​អង្គ​ថា​៖​ «លោក​គ្រូ​ មើលហ្ន៎ ថ្ម​ និង​អគារ​នោះ​ធំអស្ចារ្យ​ណាស់​!» ព្រះយេស៊ូ​មាន​​បន្ទូល​ទៅ​សិស្ស​នោះ​ថា​៖​ «តើ​អ្នក​ឃើញ​អគារ​ធំៗ​ទាំង​នោះ​​ដែរ​ឬ​​ទេ​?​ ថ្ម​ដែល​​ត្រួត​លើ​គ្នា​នៅទី​នោះ​ទាំង​អស់​ នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»​ ​កាល​​ព្រះ​អង្គ​​អង្គុយ​នៅ​​​លើ​ភ្នំ​ដើម​អូលីវ​​​ ទល់​មុខ​ព្រះ​វិហារ​ លោក​​ពេត្រុស​ លោក​​យ៉ាកុប​ លោកយ៉ូហាន​ និង​លោក​​អនទ្រេ​​បាន​​សួរ​ព្រះអង្គ​ដោយ​ឡែក​​ថា​៖​ ​«សូម​បា្រប់​យើង​​ខ្ញុំ​ផង​​ តើ​ការ​ទាំង​នេះនឹង​​កើត​ឡើង​នៅ​ពេល​​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​​ បម្រុង​នឹង​បាន​សម្រេច?»​ ព្រះ​​យេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​​អ្នក​ណា បោក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ​ ​ដ្បិត​មនុស្ស​​ជា​ច្រើន​នឹង​មកក្នុង​​​ឈ្មោះ​ខ្ញុំ​ ហើយ​​​និយាយ​ថា​​ ខ្ញុំ​នេះ​ហើយ ពួកគេ​នឹង​​បោក​​បញ្ឆោត ​​មនុស្ស​ជា​ច្រើន ​នៅ​ពេល​​អ្នក​រាល់​គ្នា​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ នោះ​កុំ​ជ្រួល​ច្របល់​អី​ ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទីបញ្ចប់​ទេ ​​ព្រោះ​ជន​ជាតិ​​​មួយ​នឹង​ក្រោក​ឡើង​ ទាស់​នឹង​ជន​ជាតិ​​មួយ​ ហើយ​ប្រទេស​​មួយ​ទាស់​នឹង​ប្រទេស​​មួយ​ ​ព្រម​ទាំង​មាន​ការ​រញ្ជួយ​ដី​ច្រើនកន្លែង​ និង​​មាន​គ្រោះ​អត់​ឃ្លាន ទាំង​អស់​នេះ​ ជា​ការ​ចាប់​ផ្ដើម​នៃ​ទុក្ខ​វេទនាដ៏​សម្បើម​​ ដូច​ស្រ្តី​ហៀប​នឹង​សម្រាល​កូន​ ​​ប៉ុន្ដែ​អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពី​ព្រោះ​ពួកគេ​​នឹង​ប្រគល់​អ្នក​រាល់​គ្នា​​ ទៅ​ឲ្យ​ក្រុម​បឹ្រក្សា​កំពូល រួច​គេ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​​ប្រជុំ​​​​​ អ្នក​រាល់​​គ្នា​នឹង​ឈរ​ធ្វើជា​​បន្ទាល់​នៅ​​​មុខ​ចៅហ្វាយ​ក្រុង​ និង​ស្ដេច​ ​ដោយ​ព្រោះ​ខ្ញុំ ​១០​រី​ឯ​ដំណឹង​ល្អ​ត្រូវ​ផ្សាយ​ដល់​គ្រប់​ជន​ជាតិ​​ទាំង​អស់​ ជា​មុន​សិន ១១​ប៉ុន្ដែ​ពេល​គេ​នាំ​អ្នករាល់​គ្នា​ទៅ​ នោះ ​ចូរ​កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​អ្វី​ដែល​អ្នករាល់គ្នា​​​ត្រូ​វ​និយាយ​ឡើយ​ ដ្បិត​នៅ​ពេល​នោះ​ អ្នក​រាល់​គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​ ហើយ​មិន​មែន​អ្នក​រាល់​គ្នា​ជា​អ្នក​និយាយ​​ទេ ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ​ ​១២​បងប្អូន​នឹង​ប្រគល់​បងប្អូន​របស់​ខ្លួន ​​ទៅ​ឲ្យ​គេ​សម្លាប់​​ ឪពុក​នឹង​ប្រគល់​​កូន​ទៅ​ឲ្យ​គេ​សម្លាប់​​ ហើយ​កូន​​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ និង​​​សម្លាប់​ពួក​គេ​ ​១៣​ហើយមនុស្ស​​នឹង​ស្អប់​អ្នក​រាល់គ្នា ​​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​ណា​​ដែល​ស៊ូទ្រាំ​ដល់​ទី​​បំផុត​ នឹង​បាន​ទទួល​​សេចក្ដី​សង្គ្រោះ​​ ១៤​នៅ​ពេល​អ្នក​រាល់គ្នា​​​ ឃើញ​អំពើ​បំផ្លិចបំផ្លាញ​ដ៏​លាមក​កើត​ឡើង​ នៅ​កន្លែង​​ដែល​មិន​គួរ​មាន​ ​សូម​ឲ្យ​អ្នក​អាន​​​​យល់​ចុះ​ គឺ​ពេលនោះ​​ ចូរ​​ឲ្យ​​អ្នក​​​ស្រុក​យូដា​​​​ភៀស​ខ្លួនទៅ​ភ្នំចុះ ​១៥ហើយ​​កុំ​ឲ្យ​​អ្នក​នៅ​លើ​ដំបូល​​​ផ្ទះ​​​​ចុះ​មក​ក្រោម​ ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះគាត់​ឡើយ ​១៦​និង​​កុំឲ្យ​អ្នក​​នៅ​ស្រែ​ចម្ការ ​បក​ក្រោយ​ទៅ​យក​​អាវ​របស់​គាត់​ឲ្យ​សោះ​ ​១៧​ប៉ុន្ដែពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និងពួក​​ស្ដ្រី​កំពុង​បំបៅ​កូន​ នឹង​​វេទនា​នៅ​គ្រា​នោះ ១៨ដូច្នេះ​ ចូរ​អធិស្ឋាន​ កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា​​ឡើយ​ ​១៩​ព្រោះ​​នៅ​គ្រា​នោះ​នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនាបែប​នេះ​​ឡើយ​ ចាប់​តាំង​ពី​កំណើត​ពិភព​លោក​ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​​រហូត​ដល់​ពេល​នេះ ​២០​ដរាប​ណា​ ព្រះ​អម្ចាស់​មិន​បង្រួញ​ថ្ងៃទាំង​នោះ​ឲ្យ​ខ្លី​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះ​អង្គ​បង្រួញ​ថ្ងៃទាំង​នោះ​ សម្រាប់អស់​​អ្នក​ដែល​​ព្រះ​អង្គ​បាន​ជ្រើស​រើស ​២១​នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរ​ណា​ម្នាក់​​បា្រប់​អ្នក​ថា​៖ «មើល​នែ! ​ព្រះ​គិ្រស្ដ​នៅទីនេះ​ ព្រះ​គិ្រស្ដ​នៅទី​នោះ»​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​ ​២២​ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះ​គិ្រស្ដ​ និងពួក​​អ្នក​នាំ​ព្រះ​បន្ទូល​​ ​​ក្លែង​ក្លាយ​ជា​ច្រើននឹងក្រោក​​​ឡើង​​ ហើយ​ពួក​គេ​នឹង​សំដែង​ទី​សំគាល់​ និង​ការ​អស្ចារ្យ ដើម្បីបោក​បញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស ប្រសិនបើ​អាចធ្វើបាន ២៣​ដូច្នេះ​ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ ព្រោះ​ខ្ញុំ​បាន​បា្រប់​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ជាមុន​រួច​​ហើយ ​២៤​ប៉ុន្ដែ​​​ក្រោយ​គ្រា​ទុក្ខ​វេទនា​​ទាំង​នោះ​ ដួងអាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀតទេ ​២៥​ឯ​​ផ្កាយ​ទាំង​ឡាយ​​​​​នឹង​ធ្លាក់​ចុះពី​លើ​មេឃ​ ហើយ​អំណាច​​នៅ​ស្ថាន​សួគ៌​​​ ​នឹង​រង្គោះរង្គើ ​២៦​បន្ទាប់​មក​ ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស​ មក​នៅលើ​ពពក​ប្រកប​ដោយ​​អំណាច​ និង​​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​ ​២៧​នៅ​ពេល​នោះ​ លោក​​នឹង​ចាត់ពួក​ទេវតា​ឲ្យ​ប្រមូល​​​អ្នក​ ដែល​លោក​​ជ្រើស​​រើស​ទាំង​បួន​ទិស​ គឺ​​ពី​ចុង​បំផុត​នៃ​ផែន​ដី​ រហូត​ដល់​ជើង​មេឃ​ ​២៨ហើយ​ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​​ចុះ​ កាល​ណា​មែក​វា​ទន់​ ស្លឹក​វា​លាស់​ឡើង នោះ​អ្នករាល់​គ្នា​ដឹង​ថា រដូវក្ដៅ​ជិត​មក​ដល់​ហើយ ២៩ដូច្នេះ​ ពេល​អ្នក​រាល់​គ្នា​ឃើញ​ ហេតុ​ការណ៍​ទាំង​នោះ​​កើត​ឡើង​ នោះ​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​វេលា​កាន់​តែ​កៀក​បំផុត​ហើយ​​ ​៣០​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជាបា្រកដ​ថា ​មនុស្ស​ជំនាន់​នេះ​នឹងមិន​ស្លាប់​អស់​ឡើយ​ លុះ​ត្រា​តែហេតុការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​​ ៣១​ផ្ទៃ​មេឃ​ និង​ផែន​ដី​នឹង​រលាយ​បាត់​​ទៅ​ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​​បាត់​​សោះឡើយ​

គ្មាននរណាដឹង​ពី​ថ្ងៃ​ និង​ពេ​លចុងក្រោយ

៣២​ឯ​ពេល​វេលា​ និង​ថ្ងៃកំណត់​ ក្រៅ​ពី​ព្រះវរ​បិតា​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​​ សូម្បី​តែ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ ឬ​​កូន​មនុស្ស។ ​៣៣​ដូច្នេះ​ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ ត្រូវ​ប្រុងស្មារតី​ ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ ពេល​នោះ​ចំ​ពេល​ណា​ទេ​ ៣៤​គឺ​ដូច​ជា​បុរស​ម្នាក់​​ចេញ​ពី​ផ្ទះ ធ្វើ​ដំណើរ​​ទៅ​ ហើយ​ឲ្យ​សិទ្ធិ​អំណាច​ដល់​បា​វ​បម្រើ​របស់​គាត់​ម្នាក់ៗ​ធ្វើ​ការ​របស់​​គេ​រៀងៗ​ខ្លួន​ ទាំង​​បង្គាប់​អ្នក​យាម​ទ្វារ​ឲ្យ​ប្រុង​ស្មារតី​ ​៣៥​ដូច្នេះ​ អ្នក​រាល់​គ្នា​ត្រូវ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ ម្ចាស់​ផ្ទះ​នឹង​មក​​នៅ​ពេល​ណា​ទេ​ ទោះជា​ពេល​ល្ងាច​ ពេល​​​យប់​អធ្រាត្រ​ ពេល​មាន់​រងាវ​ ឬ​ពេល​ពឹ្រក​ព្រលឹម​ក្ដី​ ​៣៦​ក្រែង​លោ​គាត់​មក​ដល់​ភ្លាម ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​ដេកលក់​ ៣៧​ហើយ​អ្វី​ៗ​ដែល​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ ខ្ញុំ​ក៏​បា្រប់​មនុស្ស​គ្រប់​គ្នា​ដែរ​ថា​ ​ត្រូវ​ប្រុង​ស្មារតី»។​

ម៉ាកុស ១៣