ម៉ាកុស ១១
ការយាងចូលដ៏មានជ័យជម្នះទៅក្នុងក្រុងយេរូសាឡិម
១១ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់ ២ទាំងមានបន្ទូលទៅពួកគេថា៖ «ចូរទៅក្នុងភូមិនៅទល់មុខអ្នក ពេលចូលទៅដល់ក្នុងភូមិភ្លាម អ្នកនឹងឃើញកូនលាមួយក្បាល ដែលគេចងទុកមិនទាន់មានមនុស្សណា ជិះនៅឡើយ ចូរស្រាយវា ហើយដឹកវាមក ៣ប្រសិនបើអ្នកណានិយាយមកអ្នកថា ហេតុអ្វីធ្វើដូច្នេះ? ចូរបា្រប់គេថា ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងបញ្ជូនវាមកទីនេះវិញភ្លាម» ៤ពួកគេក៏ចេញទៅ ហើយបានឃើញកូនលាមួយក្បាល ដែលគេចងទៅនឹងទ្វារនៅតាមផ្លូវ រួចពួកគេក៏ស្រាយវា ៥អ្នកខ្លះឈរនៅទីនោះនិយាយទៅពួកគេថា៖ «អ្នកស្រាយកូនលានេះធ្វើអ្វី?» ៦អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានបា្រប់ ហើយពួកគេក៏អនុញ្ញាតឲ្យ ៧អ្នកទាំងពីរនោះដឹកកូនលាមកឯព្រះយេស៊ូ ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គក៏អង្គុយលើកូនលានោះ ៨មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ ៩អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយ បានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់ ១០សូមថ្វាយព្រះពរដល់នគរហ្លួងដាវីឌ ជាឪពុករបស់យើង ដែលនឹងមកដល់ ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត»។ ១១ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានី ជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
ព្រះយេស៊ូសំអាតព្រះវិហារ
១២លុះថ្ងៃបន្ទាប់ពេលពួកគេចាកចេញពីក្រុងបេថានី ព្រះអង្គក៏ឃ្លាន ១៣កាលបានឃើញដើមល្វា មានស្លឹកពីចម្ងាយ ព្រះអង្គក៏ទៅមើល ក្រែងលោ រកបានផ្លែខ្លះនៅលើដើមនោះ តែពេលមកដល់ ព្រះអង្គឃើញថា ក្រៅពីស្លឹក គ្មានអ្វីសោះ ព្រោះមិនទាន់ដល់រដូវល្វានៅឡើយ ១៤ព្រះអង្គមានបន្ទូលទៅដើមល្វាថា៖ «ដរាបតទៅ គ្មានអ្នកណាបរិភោគផ្លែរបស់ឯងទៀតទេ» ហើយពួកសិស្សព្រះអង្គក៏បានស្ដាប់ឮដែរ។ ១៥ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរ នៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប ១៦ហើយព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សែងទំនិញឆ្លងកាត់ព្រះវិហារទេ ១៧ទាំងមានបន្ទូលបង្រៀនពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកទេឬអីថា ដំណាក់របស់យើងត្រូវហៅថាដំណាក់សម្រាប់ជនជាតិទាំងអស់អធិស្ឋាន? ប៉ុន្តែ អ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះត្រលប់ជាសំបុកចោរវិញ» ១៨កាលសម្ដេចសង្ឃ និងគ្រូវិន័យបានឮដូច្នេះ ពួកគេក៏រកមធ្យោបាយសម្លាប់ព្រះអង្គ តែពួកគេខ្លាច ព្រោះបណ្តាជនទាំងអស់កំពុងតែនឹកអស្ចារ្យ ក្នុងចិត្ដអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ ១៩ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។
ដើមល្វាក្រៀមស្វិត
២០លុះព្រលឹមឡើង កាលពួកគេទៅជិតដើមល្វា ក៏ឃើញវាក្រៀមស្វិតរហូតដល់ឫស ២១កាលលោកពេត្រុសនឹកចាំ ក៏ទូលព្រះអង្គថា៖ «លោកគ្រូ មើលចុះ ដើមល្វា ដែលលោកដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ» ២២ព្រះយេស៊ូមានបន្ទូលតបទៅពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ ២៣ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ ប៉ុន្ដែជឿថាអ្វីដែលគាត់និយាយ នឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់ ២៤ដូច្នេះខ្ញុំបា្រប់អ្នករាល់គ្នាថា អ្វីៗដែលអ្នករាល់គ្នាអធិស្ឋានសុំ ទាំងជឿថានឹងទទួលបាន នឹងបានសម្រេចដល់អ្នករាល់គ្នា ២៥ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ [២៦ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែង ចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
ការចោទសួរអំពីសិទិ្ធអំណាចរបស់ ព្រះយេស៊ូ
២៧រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ ២៨ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?» ២៩ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ សូមពួកលោកឆ្លើយនឹងខ្ញុំ នោះខ្ញុំនឹងបា្រប់ពួកលោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។ ៣០តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង» ៣១ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោក មិនជឿលោកយ៉ូហាន? ៣២តើយើងគួរនិយាយថាមកពីមនុស្សឬ?» (ពួកគេខ្លាចពួកបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថា ជាអ្នកនាំព្រះបន្ទូលពិតបា្រកដ) ៣៣ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំក៏មិនបា្រប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសារសិទ្ធិអំណាចអ្វី»។