KCB - ម៉ាកុស ១០


ម៉ាកុស ១០

ការរៀប​ការ​ និង​ការលែងលះ

១០​បន្ទាប់​ពី​បាន​ចាក​ចេញ​ ពី​ទី​នោះ​ ព្រះ​អង្គក៏​​​មកដល់​​ស្រុក​​យូដា​​​ ដែល​​នៅ​ត្រើយ​ម្ខាង​​​​​អូរ​យ័រដាន់​ ហើយ​​បណ្ដាជនក៏​​ជួប​ជុំ​គ្នា​មក​ឯ​ព្រះ​អង្គ​ម្ដង​ទៀត​ ​ព្រះ​អង្គ​ក៏​​​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះ​អង្គ​ ​ពួក​អ្នក​ខាង​គណៈ​​ផារិស៊ី​​ ចូល​​មកល្បង​លព្រះអង្គ ដោយ​​​ទូល​សួរ​​​ថា៖ «បើ​ប្ដី​លែង​ប្រពន្ធ​ តើ​វិន័យ​​​អនុញ្ញាត​ដែរ​ឬ​ទេ?» ​​ព្រះ​អង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖​ «តើ​លោក​​​​ម៉ូសេ​ បង្គាប់​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ​?»​ពួកគេ​​និយាយ​ថា​៖​ «លោក​ម៉ូសេអនុញ្ញាត​​ឲ្យ​​​​ បុរស​សរសេរ​សំបុត្រ​លែង​លះ​​ រួច​លែង​ប្រពន្ធ» ​​ព្រះ​យេស៊ូ​​មាន​បន្ទូល​​ទៅ​ពួកគេ​ថា​៖​ «នោះ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង​រូស​ បាន​ជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​​​នេះ​ សម្រាប់​អ្នក​រាល់​គ្នា​តែ​​ព្រះជាម្ចាស់​បាន​បង្កើត​ពួកគេ​ជា​ប្រុស​ ជា​ស្រី តាំង​​ពី​​ដើម​កំណើត​ពិភពលោក​មកម្ល៉េះ​ ​ដោយ​ហេតុ​នេះ​​​​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពីឪពុក​ម្ដាយ​ ទៅ​រួម​រស់​ជាមួយប្រពន្ធ​​របស់​ខ្លួន​​​​ អ្នក​ទាំង​ពីរនឹង​ត្រលប់​​ជា​សាច់​តែ​មួយ​ ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀតទេ​ តែ​ជា​សាច់​តែ​មួយ​វិញ​ ដូច្នេះ​ ​កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»

១០​ពេលទៅដល់ផ្ទះ​ ពួកសិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​ អំពី​សេចក្ដី​នេះ​ ​១១​ព្រះ​អង្គ​មាន​បន្ទូល​ទៅគេថា​៖ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​​នឹង​ស្រ្តីម្នាក់​ទៀត នោះ​ផិត​ក្បត់​នឹង​ប្រពន្ធហើយ​ ១២​រី​ឯ​ប្រពន្ធ​លែង​ប្តី​ខ្លួន​ រួច​​រៀបការ​​នឹង​បុរស​​ម្នាក់​​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​

ព្រះ​យេស៊ូ​​​ប្រទានពរ​ដល់ក្មេង​ៗ

១៣​មាន​មនុស្ស​នាំ​ក្មេង​ៗ​​មក​ឯ​​ព្រះ​អង្គ​ ដើម្បី​ឲ្យ​​ព្រះ​អង្គ​ពាល់​ក្មេង​​ៗ​ទាំង​នោះ​ តែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ​ ១៤​កាល​​ទត​ឃើញដូច្នេះ​​ ព្រះ​យេស៊ូ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង​ ក៏​​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​​ឲ្យ​ក្មេង​ៗ​ទាំងនេះ​​មក​ឯ​​​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះ​ជា​ម្ចាស់​​​​ជា​របស់​មនុស្សដូច​ជា​ក្មេងៗ​ទាំង​​នេះ១៥​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​​ថា​​​ បើ​អ្នក​ណា​មិន​ទទួល​យក​​នគរ​ព្រះជាម្ចាស់​​ ដូច​ជា​កូន​ក្មេង​ នោះ​​​មិន​អាច​ចូល​​ក្នុង​នគរ​ព្រះជា​ម្ចាស់​បាន​ឡើយ»​ ១៦ព្រះ​អង្គ​បាន​លើក​ក្មេង​ៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើពួកគេ។​

បុរស​​អ្នកមានជួប​ព្រះយេស៊ូ​

១៧​កាល​ព្រះ​អង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះ​អង្គ និង​ទូល​សួរ​ថា​៖​ «លោក​គ្រូ​ល្អ​អើយ​!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច ​ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ ទុក​ជា​មរតក​?»​ ​១៨​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​ គ្មាន​នរណា​​ម្នាក់​ល្អ​ទេ​ លើក​លែង​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គគត់១៩​អ្នក​ស្គាល់​បញ្ញត្ដិ​​​​ហើយ​​ថា​ កុំសម្លាប់​ កុំ​ផិត​ក្បត់​ កុំ​លួច ​កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ​ កុំគៃ​បន្លំ​​ និង​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក» ​២០​គាត់​ទូល​ព្រះ​អង្គ​ថា​៖​ «លោក​គ្រូ​ ខ្ញុំ​បាន​ធ្វើ​តាម​​បញ្ញត្តិ​ទាំង​នេះ​ តាំង​ពី​ខ្ញុំ​​វ័យ​ជំទង់​ម៉្លេះ»​ ​២១ប៉ុន្ដែ​ព្រះ​អង្គ​មើល​ទៅ​គាត់​ ដោយក្ដី​ស្រឡាញ់ និង​មាន​​បន្ទូល​ទៅ​គាត់​ថា​៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់ទ្រព្យ​សម្បត្តិ​ ដែល​អ្នក​មាន​ទាំង​ឡាយ​​ ហើយឲ្យ​​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​​ចូរ​មក​តាម​ខ្ញុំ​ចុះ»២២​ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ត​ ដោយ​សារ​ឮ​ព្រះ​បន្ទូល​នេះ​ ហើយ​​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ ២៣​ពេល​ព្រះ​យេស៊ូ​មើល​​ជុំ​វិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះ​អង្គ​ថា៖​ «អ្នកមានពិបាក​នឹង​ចូលទៅ​​​ក្នុង​នគរ​ព្រះជាម្ចាស់​​ណាស់»២៤ពួក​សិស្ស​ឆ្ងល់​នឹង​​ព្រះបន្ទូល​ព្រះ​អង្គ​ ប៉ុន្ដែ​ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ទៀត​ថា​៖​ «កូន​អើយ​!​ ការ​ចូល​ក្នុង​នគរ​​ព្រះជាម្ចាស់​​​​នោះ​ពិបាក​ណាស់​​​​ ២៥​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​​ នោះ​​ងាយ​ស្រួល​ជាង​អ្នក​មាន​ ចូល​​ក្នុង​នគរ​ព្រះ​ជាម្ចាស់ ទៅ​ទៀត»​ ២៦ពួក​គេ​​កាន់​តែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​​​​ថា​៖​ «បើដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​​សង្គ្រោះ​បាន​?» ២៧​ប៉ុន្ដែ​ ព្រះ​យេស៊ូ​​​ទត​ទៅ​ពួកគេ ​ហើយ​មាន​បន្ទូល​ថា​៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​​ទេ​ ប៉ុន្ដែ​ព្រះ​ជាម្ចាស់​អាច​ធ្វើ​បាន​ ព្រោះ​ព្រះជាម្ចាស់​ អាច​ធ្វើ​គ្រប់ការ​ទាំង​អស់​បាន» ២៨​លោក​ពេត្រុស​ ចាប់​ផ្ដើម​ទូល​ព្រះ​អង្គ​ថា​៖​ «មើល៍​​ យើង​បាន​លះបង់​អ្វី​ៗ​ទាំង​អស់​​ ហើយ​ដើរតាមលោក»​​ ២៩​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា​ គ្មានអ្នក​ណា​ដែល​ព្រម​លះ​បង់​ផ្ទះ​សំបែង​ ​កូន​ ឪពុក​ម្ដាយ​ បង​ប្អូន​ប្រុស​សី្រ​ ស្រែ​ចម្ការ​ ព្រោះ​យល់​ដល់​ខ្ញុំ​ និង​ដំណឹង​ល្អ ៣០​មិន​ទទួល​បាន​មួយ​ជាមួយ​រយនោះ​ទេ​ គឺ​នៅ​​ពេល​នេះ​ទទួល​បាន​ផ្ទះ​​សំបែង​​ បង​ប្អូន​ប្រុសសី្រ ម្ដាយកូន និង​ស្រែ​ចម្ការ​ ព្រម​ជាមួយ​នឹង​ការ​បៀត​បៀន ​ហើយនៅ​លោក​ខាង​មុខ ​នឹង​បាន​ទទួល​​ជីវិត​​អស់​កល្ប​ជា​និច្ច ជាមិន​ខាន ​៣១​ហើយ​​មនុស្ស​​ជា​ច្រើនដែល​នៅ​មុខ​គេនឹង​ត្រលប់​​ជាក្រោយ​គេ​បង្អស់​ រីឯ​អ្នក​នៅ​ក្រោយ​គេ​បង្អស់​ នឹង​បាន​នៅ​មុខ​គេ​​វិញ»

ព្រះ​យេស៊ូ​​​ប្រាប់​ឲ្យ​ដឹង​ជាមុន​ជា​លើក​ទីបី​អំពី​ការសោយទិវង្គត​របស់​​ព្រះ​អង្គ​​

៣២​កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​​យេរូសាឡិម​​ ​ព្រះ​យេស៊ូ​​នាំ​មុខ​ពួកគេ​ រីឯអ្នក​​ដែល​ដើរ​តាម​ព្រះ​អង្គ​បាន​តក់​ស្លុត​ និង​​ភ័យ​ខ្លាច​​ជា​ខ្លាំង​ រួច​​ពេល​ប្រមូល​សាវក​​ ទាំង​ដប់​ពីរ​មក​​ម្ដង​ទៀតហើយ​ ​ព្រះ​អង្គក៏​ចាប់​ផ្តើម​​មាន​បន្ទូល​បា្រប់​ពួកគេអំពី​អ្វី​​ៗដែល​នឹង​កើត​ចំពោះ​ព្រះ​អង្គ​ថា​៖ ៣៣​«មើល៍​​ យើង​កំពុង​ឡើង​​ទៅ​ក្រុង​យេរូសាឡិម រីឯ​កូន​មនុស្ស​​​​នឹង​ត្រូវ​គេ​ប្រគល់​ ឲ្យ​​​​ទៅពួក​សម្ដេច​សង្ឃ​​​​និង​គ្រូ​វិន័យ​​​ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​​​ រួច​​ប្រគល់​​លោក​​ឲ្យ​ទៅ​សាសន៍​ដទៃ​​ ​៣៤​ហើយ​ពួកគេ​​នឹង​ចំអក​​ឲ្យ​​​លោក​ ស្ដោះ​ទឹក​មាត់​ដាក់​លោក​ វាយ​នឹង​ខ្សែ​តី​​ រួច​សម្លាប់​លោក​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​ លោក​​នឹង​រស់​ឡើង​វិញ»។​

សំណូម​របស់លោក​​យ៉ាកុប និង​​លោក​យ៉ូហាន

៣៥​លោក​យ៉ូហាន​ និងលោក​​​យ៉ាកុប ជា​កូន​លោក​​​សេបេដេ​បាន​មក​រក​ព្រះ​អង្គ​​ និង​​ទូល​​ព្រះអង្គ​ថា​៖​ «លោក​គ្រូ​ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង» ​៣៦​ព្រះ​អង្គ​​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក​?»​ ៣៧​ពួកគេ​ឆ្លើយ​​ថា​៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង» ៣៨ព្រះ​យេស៊ូ​​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ ទទួល​ពិធី​ជ្រមុជដែល​ខ្ញុំ​ទទួលបាន​ដែរ​ឬ​ទេ​?» ៣៩​ពួក​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​​អាច​ទទួល​បាន»​ ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា​៖ ​«អ្នក​​​នឹង​ផឹក​ពី​ពែង​ដែល​​ខ្ញុំ​ផឹក​ ​ហើយទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន​ ​៤០​ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់តែ​អ្នក​ដែលព្រះ​ជាម្ចាស់​បាន​រៀប​ចំ​ ទុក​ឲ្យ​ប៉ុណ្ណោះ»​ ៤១ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ចាប់​ផ្ដើម​ទាស់​ចិត្ដ​​នឹង​លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ ៤២​ព្រះ​យេស៊ូ​ហៅ​ពួកគេមក​ រួច​​មាន​បន្ទូល​​​ថា​៖ ​«អ្នក​រាល់​គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់ទុក​ជា​អ្នក​គ្រប់គ្រង​​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​គេ​​ ហើយ​ពួក​អ្នក​ធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​​គេ​ដែរ ៤៣​ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​វិញ​ មិនមែន​ដូច្នោះ​ឡើយ​​ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​​ចំណោម​អ្នក​រាល់​គ្នា​ អ្នក​នោះ​​ត្រូវធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ ៤៤​ហើយ​អ្នក​ណា​ចង់​​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​​បម្រើ​មនុស្ស​គ្រប់​គ្នា​ ៤៥​ដ្បិត​សូម្បី​តែ​កូន​មនុស្ស​​​​ ក៏​មិនបាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ សម្រាប់មនុស្ស​​ជា​ច្រើន​​ផង»។​

បុរស​ខ្វាក់បារទីមេបាន​ភ្លឺភ្នែក​ឡើង​វិញ

៤៦​ពួក​គេ​មក​ដល់​ក្រុង​យេរីខូរ​​​​ ហើយ​​ពេល​​ព្រះ​អង្គ​ និង​ពួក​សិស្ស​រួម​ជា​មួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​​ នោះ​មាន​អ្នក​សុំ​ទាន​ម្នាក់ ខ្វាក់​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​ កំពុងតែ​អង្គុយ​នៅ​ចិញ្ចើម​​ផ្លូវ ៤៧​ហើយ​ពេល​​ឮ​ថា​ នោះ​ជា​ព្រះយេស៊ូ​អ្នកក្រុង​ណាសារ៉ែត​​​​ គាត់​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖​ «ព្រះ​យេស៊ូ​ជា​ពូជពង្ស​​ដាវីឌ​​​​អើយ​!​ សូម​មេត្ដា​ខ្ញុំ​ផង​!» ​៤៨​មនុស្ស​ជា​ច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា​៖ «ព្រះយេស៊ូ​ ជា​ពូជ​ពង្ស​​​​ដាវីឌ​​​អើយ​!​ សូម​មេត្ដា​ខ្ញុំ​ផង​!»​ ៤៩ព្រះ​យេស៊ូ​​ក៏​​ឈប់​​ និង​មាន​បន្ទូល​ថា​៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​​និយាយ​ទៅ​គាត់​ថា​៖​ «ចូរ​អរ​សប្បាយ​ ហើយ​​ក្រោក​ឈរ​​​ឡើង​ លោក​ហៅ​​អ្នក​​​ហើយ» ​៥០​គាត់​ក៏​បោះ​​អាវ​គាត់​ចោល​​ លោត​ឡើង​ ហើយ​ក៏​​មក​ឯ​ព្រះយេស៊ូ ៥១​ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​តប​ទៅ​គាត់​ថា​៖ «តើ​​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើអ្វីឲ្យ​​អ្នក​?»​ បុរស​ខ្វាក់​នោះ​​ទូល​ទៅ​ព្រះ​អង្គ​ថា​៖​ «លោក​​​គ្រូ​​អើយ​!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង» ៥២​ព្រះ​យេស៊ូ​មាន​បន្ទូល​​ទៅ​គាត់​ថា​៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​ បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយហើយ» ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះ​អង្គ​នៅ​តាម​ផ្លូវ។​

ម៉ាកុស ១០