KCB - លូកា ៩


លូកា ៩

ព្រះយេស៊ូចាត់​សាវកទាំងដប់ពីរ

កាល​បាន​ហៅ​សាវក ​​ទាំង​ដប់ពីរ​ជុំគ្នា​ហើយ ព្រះអង្គ​បាន​ប្រទាន​ឲ្យពួកគេ​មាន​ឫទ្ធានុភាព និង​សិទ្ធិអំណាច ​លើ​ពួក​អារក្ស​​ទាំងអស់ ព្រមទាំង​ប្រោស​ជំងឺ​ផ្សេង​ៗ​ ឲ្យបាន​ជា​ ហើយ​ព្រះអង្គ​ក៏​ចាត់​ពួកគេ​ឲ្យចេញទៅប្រកាស​អំពី​នគរ​ព្រះជាម្ចាស់ និង​ប្រោស ​ពួក​អ្នកជំងឺ​ឲ្យ​បានជា។​ ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេលធ្វើដំណើរ​​ កុំ​យក​អ្វី​​ទៅជាមួយ​ឲ្យ​សោះ​ ទោះជា​ឈើច្រត់ ថង់យាម នំប៉័ង ឬ​ប្រាក់​ក្ដី ហើយ​​ម្នាក់ៗ​ មិន​ត្រូវ​មាន​អាវ​ពីរ​បន្លាស់​ទេ។ផ្ទះ​​ណា​ក៏ដោយ​ដែល​អ្នករាល់គ្នា​បាន​​​ចូល ចូរ​ស្នាក់​នៅ​ផ្ទះនោះរហូតដល់អ្នករាល់គ្នាចេញពីទី​នោះ​ ចំពោះអស់​​​​អ្នក​ដែល​មិន​ទទួល​អ្នក​រាល់​គ្នា ពេល​​ចេញ​ពី​ក្រុង​នោះ ចូរ​​រលាស់​ធូលីដី​ពី​ជើង​ របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួក​គេ»​ ពួកគេ​ក៏​ចេញទៅ និង​បាន​​ធ្វើ​ដំណើរ​​​ពី​​​ភូមិ​មួយ​ទៅ​​ភូមិ​​មួយ​​​ ប្រកាស​ដំណឹងល្អ និង​ប្រោស​ជំងឺ​​នៅគ្រប់​ទីកន្លែង​ឲ្យ​បានជា។

ស្ដេចហេរ៉ូឌចង់ជួបព្រះយេស៊ូ

កាល​ហេរ៉ូឌជា​ស្តេចត្រាញ់​​ ​បាន​​ឮ​អំពីហេតុ​ការណ៍​ទាំងឡាយ ​​ដែល​បាន​កើតឡើង ស្ដេច​ក៏​គិត​មិន​យល់​ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​​ថា លោក​យ៉ូហា​ន​​ត្រូវបាន​ប្រោស ឲ្យរស់​ពី​ស្លាប់​ឡើងវិញ​ អ្នក​ខ្លះ​ទៀត​ថា លោក​អេលីយ៉ា​បាន​លេចមក ប៉ុន្ដែ​​ពួក​អ្នក​ឯទៀត​ថា​ មាន​អ្នក​នាំ​ព្រះបន្ទូល​​ម្នាក់​នៅជំនាន់មុន​បាន ​រស់​ឡើង​វិញ។ រី​​ឯ​ស្ដេច​ហេរ៉ូឌវិញបាន​មាន​បន្ទូល​ថា​៖ «ខ្ញុំ​បាន​​កាត់ក​​លោក​យ៉ូហាន​ហើយ​ ចុះ​​តើ​​ម្នាក់​នេះ​ជា​​អ្នកណា បានជា​ខ្ញុំ​ឮ​ហេតុ​ការណ៍​អំពី​គាត់​យ៉ាង​ដូច្នេះ​?»​ ស្ដេច​ក៏​ចង់​ជួប​​​ព្រះអង្គ។

ព្រះយេស៊ូប្រទាន​​អាហារ​​​ដល់​មនុស្ស ប្រាំពាន់នាក់

១០ពេល​ពួក​សាវក ​​បាន​ត្រលប់​មកវិញ​ហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពី​អ្វី​ៗ​ដែល​ពួក​គេ​​បាន​ធ្វើ ហើយ​ព្រះអង្គ​ក៏​នាំ​ពួក​គេ​​ចេញ​ទៅ​​ដោយ​ឡែក ​​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។​ ១១ប៉ុន្ដែ​​ពេល​បណ្តាជន​បាន​ដឹង​ ក៏​​ទៅតាម​ព្រះអង្គ​ ហើយ​​​ព្រះ​អង្គ​​​​​បាន​​ស្វាគមន៍​ពួកគេ និង​​មាន​បន្ទូល​​ទៅ​ពួក​គេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នកដែល​​​ត្រូវការប្រោស​ឲ្យ​ជា ឲ្យបាន​ជាដែរ។​ ១២នៅពេល​​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ សាវក​​ទាំង​ដប់ពីរ​ បាន​ចូលមកជិត​ទូល​ព្រះ​អង្គ​​ថា​៖​ «សូម​រំសាយ​បណ្តាជន​ឲ្យ​ទៅ​ស្រុកភូមិ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ និងកន្លែង​ស្នាក់​នៅ ដ្បិត​កន្លែង​នេះ​នៅ​​ដាច់​ពី​គេ»។​ ១៣ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​​អ្នក​រាល់​គ្នា​ឲ្យអា​ហារ​​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ ​ពួកគេ​បាន​ទូលវិញ​ថា៖​ «យើង​មាន​​តែ​​​​​​នំបុ័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​​ប៉ុណ្ណោះ​ លុះ​ត្រា​តែយើងទៅ​ទិញអាហារ​ សម្រាប់​ប្រជាជន​ទាំង​​នេះ» ១៤ព្រោះ​មាន​មនុស្ស​ប្រុស ​ប្រហែល​ប្រាំ​ពាន់​​នាក់។ ព្រះអង្គ​មាន​បន្ទូល​​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា​៖​ «ចូរ​ឲ្យពួកគេ​អង្គុយ​​​ជា​ក្រុម​​ៗ​ ក្នុង​​មួយ​ក្រុម​ហាសិប​នាក់​​ចុះ»​។​ ១៥ពួក​គេ​​ក៏​​បាន​ធ្វើ​ដូច្នោះ​ ហើយ​មនុស្ស​ទាំងអស់​ក៏​អង្គុយចុះ។​ ១៦កាល​​ព្រះ​អង្គ​​​​បាន​​យក​​នំបុ័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​​នោះ​​មក ​​ ក៏​ងើយមើល​ទៅ​ស្ថានសួគ៌​ ទាំង​អរព្រះគុណ​សម្រាប់​​អាហារទាំងនោះ រួច​កាច់​ឲ្យ​ទៅ​​ពួក​សិស្ស​ ដើម្បី​រៀបចំ​នៅមុខ​បណ្តាជន។​ ១៧ពួក​គេក៏​​បានបរិភោគ ឆ្អែត​ស្កប់ស្កល់​គ្រប់​ៗ​គ្នា ហើយ​គេ​ប្រមូល​ចំណិត​នំប៉័ង នៅសល់​បាន​​​​ដប់​ពីរ​​​កន្រ្តក។

លោកពេត្រុសប្រកាស​​ថា ព្រះយេស៊ូ ជា​ព្រះមែស៊ី​

១៨នៅពេលមួយ​ កាល​​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅដាច់​ដោយឡែក ហើយ​​​ពួក​សិស្ស​របស់​ព្រះអង្គ ​បាន​នៅជាមួយ​ព្រះអង្គ ព្រះអង្គ​បាន​មាន​បន្ទូល​​សួរ​ពួកគេ​ថា៖ «តើ​បណ្តាជន​និយាយ​​ថា ​ខ្ញុំ​ជា​អ្នកណា?»​១៩ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖ «ជា​​លោក​​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​​ ប៉ុន្ដែ​អ្នក​​ឯ​ទៀត​ថា ជា​លោក​អេលីយ៉ា ហើយ​អ្នក​ផ្សេង​ទៀត​ថា ជា​អ្នកនាំព្រះបន្ទូល​​ម្នាក់ ​នៅ​ជំនាន់​មុនដែល​​​បាន​រស់ឡើងវិញ»។​​​ ២០ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖​ «ចុះ​​​អ្នករាល់គ្នា​វិញ​​ថា ​ខ្ញុំ​ជា​អ្នកណាដែរ​?» លោក​ពេត្រុស​​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគិ្រស្ដ​របស់​ព្រះ​ជា​​ម្ចាស់»។​

ព្រះយេស៊ូប្រាប់ឲ្យ​ដឹងជា​មុន​អំពី​ការ​សោយ​ទិវង្គត​ និងការរស់ឡើងវិញ ​របស់​ព្រះអង្គ​

២១ប៉ុន្ដែ ​ព្រះអង្គ​បាន​ព្រមាន​​​ពួកគេ​ដោយ​បង្គាប់ ​​មិន​ឲ្យបា្រប់​អ្នកណា​ម្នាក់​ពី​ការ​នេះ​ទេ​ ២២ព្រះ​អង្គ​​មានបន្ទូល​ថា​៖ «កូន​មនុស្ស​​ត្រូវតែ​ទទួល​រង​ទុក្ខ​​ជាច្រើន ​ត្រូវ​​ពួក​ចាស់ទុំ ពួក​សម្ដេចសង្ឃ​ និង​​ពួក​គ្រូ​វិន័យ​ជំទាស់​ ​និង​សម្លាប់ ហើយ​លោក​នឹង​​រស់​ឡើងវិញនៅថ្ងៃទីបី»។​

អ្នកដែល​អាច​ធ្វើ​ជាសិស្សរបស់ ព្រះយេស៊ូ

២៣ព្រះអង្គ​ បាន​មានបន្ទូល​ទៅ​គេ​ទាំងអស់​គ្នាថា៖ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ អ្នកនោះ​ត្រូវ​លះ​​បង់​​​​ខ្លួនឯង លី​ឈើ​ឆ្កាង​របស់​ខ្លួន​រាល់​​ថ្ងៃ មក​​តាម​ខ្ញុំ​ចុះ ២៤ដ្បិត​អ្នកណា ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នកនោះ​​នឹង​​បាត់​​​ជីវិត​ទៅ ប៉ុន្ដែ​​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន​​ដោយ​​ព្រោះ​ខ្ញុំ អ្នកនោះ​នឹងបាន​ជីវិត​​វិញ។​ ២៥​​បើ​​មនុស្ស​ម្នាក់ទទួលបាន​ពិភពលោក​ទាំង​មូល តែ​​ត្រូវ​វិនាស ឬ​បាត់បង់​ជីវិត​ខ្លួន តើ​មាន​ប្រយោជន៍​​​​អ្វី​​? ២៦ដ្បិត​អ្នកណា​ខ្មាស​គេ​ដោយ សារ​​​​​ខ្ញុំ និង​ពាក្យ​​​របស់​ខ្ញុំ កូន​មនុស្ស​​នឹង​ខ្មាស​ដោយសារ​​អ្នក​នោះ​វិញ នៅ​ពេល​ដែល​លោក​មក ​នៅក្នុង​សិរី​រុងរឿង​​របស់​លោក និង​របស់ព្រះវរបិតា ព្រម​ទាំង​​ពួក​​ទេវតា​បរិសុទ្ធ។ ២៧ខ្ញុំ​បា្រប់​អ្នករាល់គ្នា​ជា​បា្រកដ​ថា មាន​អ្នកខ្លះ​ក្នុង​ចំណោម​​ពួក​អ្នក​កំពុង​ឈរ​នៅទីនេះ​ នឹង​​មិន​ស្គាល់​សេចក្តីស្លាប់​​ឡើយ លុះត្រាតែ​ឃើញ​នគរ​ព្រះជាម្ចាស់»

សិរីរុងរឿង​​របស់ព្រះយេស៊ូ

២៨ប្រហែល​ជា​​​​បាំ្របី​ថ្ងៃក្រោយពី​បាន​មាន​បន្ទូល​​អំពី​​សេចក្ដី​​​ទាំងនេះ​ ព្រះ​អង្គ​​​​បាន​នាំ​លោកពេត្រុស លោក​យ៉ូហាន និង​ លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ​ជាមួយដើម្បី​អធិស្ឋាន។​ ២៩ពេល​ព្រះអង្គ​កំពុង​​​អធិស្ឋាន ព្រះភក្ដ្រ​​របស់​ព្រះអង្គ​ក៏​​​ផ្លាស់ប្រែ អាវ​របស់​ព្រះអង្គ​ប្រែជា​ស​​ភ្លឺ​​​ចាំង​​ ៣០ហើយ​មើល៍ មាន​បុរស​ពីរ​នាក់​កំពុង​​​សន្ទនា​​ជាមួយ​ព្រះអង្គ គឺ​ជា​លោក​ម៉ូសេ និង​លោក​អេលីយ៉ា​​​ ៣១ដែលបាន​លេចមក​ក្នុង​សិរីរុងរឿង​ ទាំង​​និយាយ​ពី​​ការសោយ​ទិវង្គត​របស់​ព្រះអង្គ ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។​​៣២លោក​​ពេត្រុស និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់​បាន​ងងុយ​ដេក​​យ៉ាងខ្លាំង ប៉ុន្ដែ​កាល​​ពួក​គេ​​​ភ្ញាក់ឡើង ក៏​ឃើញ​​សិរីរុងរឿង​​របស់​ព្រះអង្គ និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​​ជាមួយ​ព្រះអង្គ។​​ ៣៣កាល​​អ្នកទាំងពីរនោះ​ ចាកចេញ​ពី​ព្រះអង្គ​ទៅ លោកពេត្រុស​ បាន​ទូល​ទៅ​ព្រះយេស៊ូ​ថា៖​ «លោកគ្រូ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ សូម​ឲ្យយើង​ធ្វើ​​រោង​បីទៅ​​ គឺ​​មួយ​សម្រាប់​លោក មួយ​សម្រាប់​​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​​លោក​​អេលីយ៉ា» ប៉ុន្ដែ​គាត់​មិន​ដឹង​អំពីអ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។ ៣៤ពេល​គាត់​​កំពុង​​ទូល​ពី​សេចក្ដី​ទាំងនេះ មាន​ពពក​លេច​មក​គ្រប​បាំង​​ពួកគេ​ ហើយ​ពួក​គេ​​ភ័យ​ខ្លាច ​នៅពេល​ចូល​ទៅ​ក្នុង​ពពក​នោះ។ ៣៥រួច​មាន​សំឡេង​​ចេញ​ពី​ពពក​មក​ថា៖ «នេះ​ជា​​បុត្រ​របស់​យើង​ដែល​យើង​​បាន​ជ្រើសរើស ចូរ​ស្តាប់តាម​ព្រះអង្គ​ចុះ​!»​ ៣៦ក្រោយ​​​​មាន​សំឡេង​​នោះ​​ ឃើញ​តែ​ព្រះយេស៊ូ​មួយ​អង្គ​​​​​​ប៉ុណ្ណោះ ហើយ​ពួក​គេ​​ក៏​ស្ងាត់​មាត់ រួច​នៅ​គ្រា​នោះ​ ពួកគេ​មិន​​​បានប្រាប់​​អ្វី​ដល់​អ្នកណា​ម្នាក់​ឡើយអំពី​ហេតុ​ការណ៍​​ដែល ​ពួកគេ​បាន​ឃើញ។

ព្រះយេស៊ូបណ្ដេញ​អារក្ស​ចេញ​ពី​ ក្មេង​ប្រុស​

៣៧ថ្ងៃ​បន្ទាប់​ ពេល​​ពួកគេ​ចុះ​​ពី​ភ្នំ​មក​ បណ្តាជន​​ច្រើនកុះករ បាន​មកជួប​ព្រះអង្គ​ ៣៨ហើយ​មើល៍ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​​បណ្តាជន​ មក​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​សូមអង្វរ សូម​មើល​កូនប្រុស​របស់​ខ្ញុំ​​​ផង​ ព្រោះ​វា​ជា​កូន​តែមួយ​របស់​​ខ្ញុំ​ ៣៩ដ្បិត​មាន​វិញ្ញាណ​​មួយចូល​ក្នុង​វា ហើយ​ស្រែកឡើង​ភ្លាម​ រួច​ផ្ដួល​កូន​ខ្ញុំឲ្យដួល​ប្រកាច់​ប្រកិន​​ បែកពពុះ​មាត់ ហើយ​វា​ញាំញី​កូនរបស់ខ្ញុំ​មិនងាយ​ចេញ​ឡើយ។ ៤០ខ្ញុំ​​​​បាន​​​អង្វរ​ពួក​សិស្ស​របស់​​លោក​ ឲ្យពួកគេ​បណ្ដេញ​​វិញ្ញាណ​​នោះ​​​ចេញ​ដែរ​ ប៉ុន្ដែ​ពួក​គេ​មិន​​​អាច​​ធ្វើបានសោះ»។​ ៤១ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ឱ ជំនាន់​មនុស្ស​​គ្មាន​ជំនឿ និង​មាន​ចិត្ដវៀច​អើយ! តើ​​​ឲ្យ​ខ្ញុំ​​​​​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ឲ្យខ្ញុំ​ទ្រាំ​ នឹង​អ្នក​រាល់​គ្នា​ដល់​ពេលណា? ចូរ​​នាំ​កូន​ប្រុស​​​របស់​អ្នក​មក​ទីនេះ!»​ ៤២ពេល​កូននោះ​កំពុង​ចូលមកជិត​​នៅឡើយ អារក្ស​​បាន​ធ្វើ​ឲ្យ​ដួល​​ប្រកាច់ប្រកិន ហើយ​ព្រះយេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​​នោះ ទាំង​​​​ប្រោស​ក្មេង​នោះ​​ឲ្យ​​បាន​​ជា រួច​ប្រគល់​ឲ្យទៅ​ឪពុក​របស់​វាវិញ។

ព្រះយេស៊ូប្រាប់ឲ្យ​ដឹងជា​មុន​ម្ដងទៀត​​​អំពី​ការ​សោយ​ទិវង្គតរបស់​ព្រះអង្គ​

៤៣មនុស្ស​ទាំងអស់​បាន​នឹកអស្ចារ្យ​ចំពោះ​អំណាច​​របស់​ព្រះជាម្ចាស់ ហើយ​កាល​មនុស្ស​ទាំង​អស់​កំពុង​ស្ងើចសរសើរ​ចំពោះ​ការ​ទាំងឡាយ​​ ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​​ព្រះអង្គ​ថា៖​ ៤៤«ចូរអ្នករាល់​គ្នា​ផ្ទៀង​ត្រចៀក​ស្តាប់ ​ពាក្យ​ទាំង​នេះ​​ចុះ​! ដ្បិត​​កូន​មនុស្ស​​ នឹងត្រូវ​គេ​ប្រគល់​ទៅក្នុង​ដៃ​របស់​មនុស្ស»។​​ ៤៥តែ​ពួកគេ​មិនយល់​ព្រះបន្ទូល​​នេះ​ទេ ដ្បិត​ត្រូវបាន​លាក់​បាំង​​ពី​ពួកគេ ដើម្បី​មិន​ឲ្យ​​យល់​ពី​សេចក្ដីនេះ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​​ទូលសួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។

អ្នកធំ​ជាង​គេ​នៅ​ក្នុងនគរ​ព្រះជាម្ចាស់

៤៦មាន​​​ការប្រកែក​គ្នា ​កើតឡើង​ក្នុងចំណោម​ពួក​សិស្ស​ គឺ​ថា ​តើ​អ្នកណា​ជា​អ្នក​ធំជាងគេ​ ក្នុង​ចំណោម​​ពួកគេ។​ ៤៧​កាល​ព្រះយេស៊ូ​ជ្រាប​​ គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ ព្រះ​អង្គ​​​​ក៏​​យក​ក្មេង​តូច​ម្នាក់​​ឲ្យមក​​​ឈរ​​ក្បែរ​ព្រះអង្គ​ ៤៨រួច​ព្រះអង្គ​បាន​មាន​បន្ទូល​​ទៅ​ពួកគេ​ថា៖​ «អ្នក​ណា​​ដែល​ទទួល​ក្មេង​តូច​​​នេះ ​ក្នុង​ឈ្មោះ​​ខ្ញុំ នោះគឺ​ទទួល​ខ្ញុំ ហើយអ្នកណា​ទទួល​ខ្ញុំ នោះ​គឺ​ទទួល​ព្រះ​អង្គ ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ដ្បិត​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ចំណោម​​អ្នក​ទាំង​​អស់គ្នា​ គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ»

ការ​ប្រើ​ព្រះនាម​ព្រះយេស៊ូ

៤៩លោក​យ៉ូហានទូល​ឆ្លើយ​ថា៖ ​«លោកគ្រូ យើង​​​​​បាន​ឃើញ​មនុស្ស​ម្នាក់​​បណ្ដេញ​​អារក្ស​​ដោយ​​ឈ្មោះ​​របស់​លោក ហើយ​យើង​បាន​ឃាត់​​គាត់ ព្រោះ​គាត់​មិន​បាន​ដើរតាម​ជាមួយ​យើង​ទេ»។ ៥០ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់អី ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នករាល់គ្នា នោះ​​នៅ​ខាង​​អ្នករាល់គ្នា​ហើយ»។​

ពួកសាម៉ារីមិនស្វាគមន៍ព្រះយេស៊ូ

៥១កាល​ជិតដល់​ថ្ងៃ ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​​ទៅ​ស្ថានសួគ៌​​​​​ ព្រះអង្គ​​ក៏​​​យាង​តម្រង់ទៅ​ ក្រុង​យេរូសាឡិម។ ​៥២ព្រះអង្គ​បាន​ចាត់​អ្នក​នាំ​សារឲ្យ​ទៅ​​មុន​ព្រះអង្គ ពួក​គេ​​​ក៏​ចេញទៅ និង​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ពួក​សាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ។​ ៥៣ប៉ុន្ដែ​ពួកសាម៉ារី​មិន​បាន​ទទួល​ព្រះអង្គ​ទេ ព្រោះ​គោលដៅ​របស់​ព្រះអង្គ គឺ​កំពុង​យាងទៅ​ក្រុង​យេរូសាឡិម។​ ៥៤កាល​លោក​​យ៉ាកុប និង​លោក​យ៉ូហាន​ ជា​សិស្ស​​បាន​ឃើញ​ហើយ ក៏​ទូល​ថា៖​ «ព្រះ​អម្ចាស់​អើយ! តើ​ព្រះអង្គ​ចង់​ឲ្យយើង​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​ពួកគេ​ដែរឬ​ទេ?» ៥៥ប៉ុន្ដែ​ព្រះអង្គ​បាន​​​​​បែរ​មក ​បន្ទោស​ពួក​សិស្ស [ថា៖ «អ្នករាល់គ្នា​មិន​ដឹង​ថា ​ខ្លួនឯង​មាន​វិញ្ញាណ​បែបណា​ទេ​ ៥៦ដ្បិត​កូន​មនុស្ស​​មិនបានមក ដើម្បី​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺដើម្បី​សង្គ្រោះ​ពួកគេវិញ»] រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។

តម្លៃ​នៃ​ការដើរតាមព្រះយេស៊ូ

៥៧ពេល​ពួកគេ​ កំពុង​ធ្វើដំណើរ​តាម​ផ្លូវ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ដើរតាម​លោក ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​ ៥៨ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖​ «សត្វកញ្ជ្រោង​មាន​រូង ឯ​សត្វស្លាប​លើ​មេឃ​មាន​សំបុក ប៉ុន្ដែ​កូន​មនុស្ស​ គ្មាន​កន្លែង​សម្រាប់​ដាក់​​ក្បាល​កើយ​ឡើយ»។​​ ៥៩ព្រះអង្គ​មានបន្ទូល​ទៅ​ម្នាក់​ទៀតថា៖ «ចូរ​មកតាម​ខ្ញុំ​ចុះ» ប៉ុន្ដែ​អ្នកនោះ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ! សូម​អនុញ្ញាត​ឲ្យខ្ញុំ​ ទៅ​បញ្ចុះ​សព​​ឪពុក​របស់ខ្ញុំ​ជាមុនសិន» ៦០ប៉ុន្ដែ​ព្រះអង្គមានបន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ឲ្យមនុស្ស​ស្លាប់​បញ្ចុះ​​គ្នា​គេ​ចុះ រីឯ​អ្នក​​វិញ ចូរ​ទៅ​ផ្សាយ​ពី​នគរ​ព្រះជាម្ចាស់​ចុះ»។ ​៦១មាន​ម្នាក់​ទៀត​ទូល​ដែរ​ថា៖ «ព្រះអម្ចាស់​អើយ! ខ្ញុំ​នឹង​ដើរតាម​ព្រះអង្គ ប៉ុន្ដែ​សូម​​អនុញ្ញាត​ឲ្យខ្ញុំ ​លា​ពួក​អ្នក​ផ្ទះ​របស់​ខ្ញុំ​សិន»។​ ៦២ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «អ្នក​ដែល​ដាក់​ដៃ​​លើ​នង្គ័ល ហើយ​មើល​ទៅ​អ្វី​ៗ​នៅខាងក្រោយ មិន​សម​នឹង​នគរ​ព្រះជាម្ចាស់​​​​ឡើយ»។​

លូកា ៩