លូកា ៨
ស្ត្រីជាច្រើនឧបត្ថម្ភកិច្ចការរបស់ ព្រះយេស៊ូ
៨ក្រោយមក ព្រះអង្គបានយាង ពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ ទាំងបង្រៀន និងប្រកាសដំណឹងល្អ អំពីនគរព្រះជាម្ចាស់ ឯសាវកទាំងដប់ពីរ បាននៅជាមួយព្រះអង្គដែរ ២ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជា ពីជំងឺផ្សេងៗនិងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារា ហៅថាអ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរ បានចេញពីនាង ៣និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសា ជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវក ដោយទ្រព្យសម្បត្ដិរបស់ពួកគេ។
រឿងអ្នកព្រោះគ្រាប់ពូជ
៤ពេលបណ្តាជនច្រើនកុះករ និងពួកអ្នកនៅក្រុងផ្សេងៗ ប្រមូលផ្ដុំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចថា៖ ៥«មានកសិករម្នាក់ ចេញទៅព្រោះគ្រាប់ពូជរបស់គាត់ ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វលើអាកាសបានមកចឹកស៊ីអស់។ ៦ខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម ៧គ្រាប់ពូជខ្លះទៀត ក៏ធ្លាក់ទៅលើដីមានបន្លា ហើយក៏ដុះឡើងជាមួយបន្លាដែលបានរួបរឹតវា។ ៨រីឯគ្រាប់ពូជខ្លះទៀត ធ្លាក់លើដីល្អក៏ដុះឡើង បង្កើតផលបានមួយជាមួយរយ»។ ក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏បន្លឺសំឡេងថា៖ «អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»៩ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះ មានន័យដូចម្ដេច?» ១០ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃ តាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
ការពន្យល់អំពីរឿងអ្នកព្រោះគ្រាប់ពូជ
១១រឿងប្រៀបប្រដូចនេះ មានន័យដូចតទៅ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ១២គ្រាប់ពូជលើផ្លូវជាអស់ អ្នកដែលបានឮព្រះបន្ទូល រួចអារក្សសាតាំងក៏មកឆក់យកព្រះបន្ទូលនោះពីចិត្ដរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ និងបានសង្គ្រោះឡើយ។ ១៣គ្រាប់ពូជលើថ្ម ជាអស់អ្នកដែលនៅពេលបានឮព្រះបន្ទូល ក៏ទទួលយកដោយអំណរ តែអ្នកទាំងនេះគ្មានឫសទេ ពួកគេជឿបានតែមួយរយៈ ហើយនៅពេលមានសេចក្ដីល្បួង ពួកគេក៏បោះបង់ចោល។ ១៤គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះ ជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែ ដោយសារតែសេចក្ដីខ្វល់ខ្វាយទ្រព្យសម្បត្តិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។ ១៥គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
រឿងអំពីចង្កៀង
១៦គ្មានអ្នកណាអុជចង្កៀង ហើយយកក្រឡគ្រប ឬដាក់នៅក្រោមគ្រែទេ គឺគេដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យពួកអ្នកចូលមកបានមើលឃើញពន្លឺ។ ១៧ដ្បិតគ្មានការលាក់កំបាំងអ្វី ដែលនឹងមិនសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹង និងយកមកបើកចំហដែរ។ ១៨ដូច្នេះចូរប្រយ័ត្នចំពោះរបៀប ដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកណាដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាន នឹងត្រូវដកយកពីអ្នកនោះវិញ សូម្បីតែអ្វីដែលអ្នកនោះគិតថា មានផង»។
បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ
១៩ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក ២០រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។ ២១ប៉ុន្ដែ ព្រះអង្គ មានបន្ទូលឆ្លើយទៅពួកគេថា៖ «អ្នកណា ដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម អ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
ព្រះយេស៊ូធ្វើឲ្យព្យុះស្ងប់
២២នៅថ្ងៃមួយ ព្រះអង្គបានយាងចុះទូកជាមួយពួកសិស្ស និងបានមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ។ ២៣កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។ ២៤ពួកគេបានចូលមកជិត ដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។ ២៥ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេក៏នឹកអស្ចារ្យ ទាំងកោតខ្លាច និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាបានជាសូម្បីតែខ្យល់ និងទឹកស្ដាប់បង្គាប់លោកពេលលោកបញ្ជា?»
ព្រះយេស៊ូបណ្ដេញអារក្សពីបុរសម្នាក់
២៦ពួកគេក៏ឆ្លងទូក មកដល់តំបន់របស់ពួកគេរ៉ាស៊ីន ដែលនៅទល់មុខស្រុកកាលីឡេ។ ២៧កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀក សម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។ ២៨ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូល ដោយសំឡេងខ្លាំងៗថា៖ «ឱ ព្រះយេស៊ូដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គកុំធ្វើទារុណកម្មខ្ញុំអី»។ ២៩ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។ ៣០ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់ ៣១ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។ ៣២នៅទីនោះមានជ្រូកមួយហ្វូងធំ កំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គ សុំឲ្យព្រះអង្គអនុញ្ញាតឲ្យ ពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ ៣៣ពួកអារក្សក៏ចេញពីបុរសនោះ ចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។ ៣៤ពេលពួកអ្នកចិញ្ចឹមជ្រូក បានឃើញហេតុកាណ៍កើតឡើង ក៏រត់គេចខ្លួនអស់ ហើយបានរៀបរាប់រឿងនេះនៅតាមក្រុង និងជនបទនានា ៣៥ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់ កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។ ៣៦ពួកអ្នកដែលបានឃើញ ក៏រៀបរាប់បា្រប់ពួកគេពីរបៀបដែលបុរសមានអារក្សចូល ត្រូវបានប្រោសឲ្យជា។ ៣៧អ្នកទាំងអស់ដែលនៅជុំវិញ តំបន់របស់ពួកគេរ៉ាស៊ីន បានសុំឲ្យព្រះអង្គ ចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះ ព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។ ៣៨បុរសដែលពួកអារក្សបានចេញនោះ បានអង្វរសុំនៅជាមួយព្រះអង្គ ប៉ុន្ដែព្រះអង្គបានចាត់គាត់ឲ្យទៅវិញ ដោយមានបន្ទូលថា៖ ៣៩«ចូរត្រលប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់អំពីការទាំងអស់ ដែលព្រះជាម្ចាស់ បានធ្វើសម្រាប់អ្នក»។ គាត់ក៏ចេញ ទៅពាសពេញក្រុងទាំងមូល ប្រកាសប្រាប់អំពីការទាំងអស់ ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់។
ព្រះយេស៊ូប្រោសឲ្យជាដោយសារជំនឿ
៤០ពេល ព្រះយេស៊ូត្រលប់មកវិញ មនុស្សច្រើនកុះករ បានស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ ដ្បិតពួកគេគ្រប់គ្នាបានទន្ទឹងចាំព្រះអង្គ ៤១ហើយមើល៍ មានបុរសម្នាក់ ឈ្មោះយៃរ៉ូសបានមក ម្នាក់នេះជាប្រធានសាលាប្រជុំ គាត់បានក្រាបនៅទៀបបាទាព្រះយេស៊ូ ទាំងអង្វរសុំឲ្យព្រះអង្គយាងទៅផ្ទះរបស់គាត់ ៤២ព្រោះកូនស្រីតែមួយរបស់គាត់ ដែលមានអាយុប្រហែលដប់ពីរឆ្នាំ ជិតស្លាប់ហើយ ប៉ុន្ដែពេលព្រះអង្គកំពុងយាងទៅ បណ្ដាជនបានប្រជ្រៀតព្រះអង្គ ៤៣ហើយមានស្ដ្រីម្នាក់ មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយ ទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់ អាចព្យាបាលនាងជាឡើយ។ ៤៤កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។ ៤៥ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នា កំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក» ៤៦ប៉ុន្ដែ ព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់ បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។៤៧កាលស្ដ្រីនោះដឹងថា នាងលាក់មិនជិត ក៏មកក្រាបទាំងភ័យញ័រនៅពីមុខព្រះអង្គ ហើយនាងរៀបរាប់ប្រាប់នៅចំពោះមុខមនុស្សទាំងអស់អំពីមូលហេតុ ដែលនាងបានពាល់ព្រះអង្គ និងអំពីរបៀបដែលនាងបានជាភ្លាមៗ ៤៨រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យ អ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។ ៤៩ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី» ៥០ប៉ុន្ដែពេលព្រះយេស៊ូឮ ក៏ឆ្លើយទៅលោកយៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះនាងនឹងបានជា»។ ៥១ពេលមកដល់ផ្ទះនោះ ព្រះអង្គមិនបានអនុញ្ញាតឲ្យអ្នកណា ចូលទៅខាងក្នុងជាមួយព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ ៥២មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ៥៣ពួកគេក៏សើចចំអកឲ្យព្រះអង្គ ដោយដឹងថា នាងបានស្លាប់ហើយ ៥៤ប៉ុន្ដែព្រះអង្គបានចាប់ដៃរបស់នាង ទាំងស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង» ៥៥វិញ្ញាណរបស់នាង ក៏ត្រលប់មកវិញ ហើយនាងបានក្រោកឈរភ្លាម ព្រះអង្គក៏បង្គាប់ឲ្យផ្ដល់អាហារឲ្យនាងបរិភោគ។ ៥៦ឪពុកម្ដាយរបស់នាង មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ប៉ុន្ដែព្រះអង្គបានបង្គាប់ពួកគេ កុំឲ្យប្រាប់អ្នកណាម្នាក់អំពីហេតុការណ៍ដែលបានកើតឡើងនេះ។