លូកា ៦
ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
៦នៅថ្ងៃសប្ប័ទមួយកាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គ បានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ ២ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» ៣ប៉ុន្ដែព្រះយេស៊ូ មានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នា មិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌបានធ្វើ នៅពេលដែលស្ដេច និងគូកនកំពុងឃ្លានទេឬ? ៤គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគលើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង» ៥រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
ព្រះយេស៊ូប្រោសបុរសស្វិតដៃនៅថ្ងៃសប្ប័ទ
៦នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះមានបុរសម្នាក់ស្វិតដៃខាងស្ដាំ។ ៧ពួកគ្រូវិន័យ និង ពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទ ដើម្បីរកលេសចោទប្រកាន់ព្រះអង្គ ៨ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្តាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង ៩រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?» ១០កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។ ១១ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វី ដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។
ព្រះយេស៊ូជ្រើសរើសសាវកទាំងដប់ពីរ
១២នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេល ពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់ ១៣លុះព្រឹកឡើងព្រះអង្គបានហៅសិស្សរបស់ព្រះអង្គមក ហើយក៏រើសដប់ពីរនាក់ ចេញពីពួកគេ ព្រះអង្គហៅអ្នកទាំងនេះថាជា សាវក ១៤គឺមានលោកស៊ីម៉ូន ដែលព្រះអង្គហៅថា ពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ ១៥លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនដែលហៅថា អ្នកជាតិនិយម ១៦លោកយូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលត្រលប់ជាជនក្បត់។
ព្រះយេស៊ូបង្រៀន និងប្រោសឲ្យជា
១៧កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករ ដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រ នៃក្រុងទីរ៉ុស និងក្រុងស៊ីដូន ១៨គឺមកដើម្បីស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ ក៏បានជា ១៩ហើយបណ្តាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។
ព្រះយេស៊ូមានបន្ទូលអំពីព្រះពរ
២០ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។
២១មានពរហើយអស់អ្នក ដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។
២២អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់ អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះ របស់អ្នករាល់គ្នាឲ្យ អាក្រក់ដោយព្រោះកូនមនុស្ស
២៣ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំ នៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេ ក៏បានប្រព្រឹត្ដចំពោះ អ្នកនាំព្រះបន្ទូល ដោយរបៀបនេះដែរ។
សេចក្ដីវេទនារបស់មនុស្សអាត្មានិយម
២៤ប៉ុន្ដែវេទនាដល់អ្នករាល់គ្នា ដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដ របស់អ្នករាល់គ្នារួចហើយ។
២៥វេទនាដល់អ្នករាល់គ្នា ដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។
២៦វេទនាហើយ នៅពេលមនុស្សទាំងអស់និយាយល្អ ពីអ្នករាល់គ្នា ព្រោះដូនតារបស់ពួកគេ ក៏បានប្រព្រឹត្ដនឹង អ្នកនាំព្រះបន្ទូលក្លែងក្លាយដោយរបៀបនេះដែរ។
ព្រះយេស៊ូបង្រៀនឲ្យស្រឡាញ់សត្រូវ
២៧ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាដែលកំពុងស្តាប់ថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយចូរធ្វើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ២៨ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។ ២៩ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀត ឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។ ៣០ចូរឲ្យដល់អស់អ្នក ដែលសុំពីអ្នកចុះ ហើយអ្នក ដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ ៣១បើអ្នករាល់គ្នា ចង់ឲ្យមនុស្សប្រព្រឹត្ដចំពោះអ្នករាល់គ្នាយ៉ាងណា ចូរប្រពឹ្រត្ដចំពោះគេយ៉ាងនោះដែរ។ ៣២បើអ្នករាល់គ្នាស្រឡាញ់មនុស្ស ដែលស្រឡាញ់អ្នករាល់គ្នា តើអ្នកមានគុណបំណាច់អ្វី? ព្រោះសូម្បីតែពួកមនុស្សបាបក៏ស្រឡាញ់មនុស្ស ដែលស្រឡាញ់ពួកគេដែរ ៣៣ដ្បិតបើអ្នករាល់គ្នាធ្វើល្អចំពោះតែមនុស្ស ដែលធ្វើល្អនឹងអ្នករាល់គ្នា តើអ្នករាល់គ្នាមានគុណបំណាច់អ្វី? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូចគ្នាដែរ ៣៤ហើយបើអ្នករាល់គ្នាសង្ឃឹមថា នឹងទទួលបានមកវិញ ពីអស់អ្នកដែលអ្នករាល់គ្នាឲ្យខ្ចី តើអ្នករាល់គ្នាមានកិតិ្ដយសអ្វី? សូម្បីតែពួកមនុស្សបាបក៏ឲ្យគ្នាគេខ្ចីដើម្បីទទួលបានគ្រប់ចំនួនវិញដែរ។ ៣៥ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថា បានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។ ៣៦ចូរមានសេចក្ដីមេត្ដាករុណា ដូចដែលព្រះវរបិតារបស់អ្នករាល់គ្នាមានក្ដីមេត្ដាករុណាដែរ។
ព្រះយេស៊ូបង្រៀនកុំឲ្យថ្កោលទោស
៣៧ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្តន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នា ក៏មិនទទួលការផ្តន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យ គេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។ ៣៨ចូរឲ្យចុះ នោះនឹងឲ្យដល់អ្នករាល់គ្នាវិញ គេនឹងវាល់បំពេញ ដាក់ក្នុងថ្នក់របស់អ្នករាល់គ្នាយ៉ាងល្អ ទាំងញាត់រលាក់ឲ្យហូរហៀរ ព្រោះអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យវិញតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់»។
៣៩ព្រះអង្គក៏មានបន្ទូលទៅគេ ជារឿងប្រៀបប្រដូចមួយដែរថា៖ «តើមនុស្សខ្វាក់ អាចនាំផ្លូវមនុស្សខ្វាក់បានមែនឬ? តើមិនធ្លាក់រណ្តៅទាំងពីរនាក់ទេឬ? ៤០សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នា ដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។ ៤១ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិត ក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែ មិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនឯងយ៉ាងដូច្នេះ? ៤២ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួន យ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱ មនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
ព្រះយេស៊ូបង្រៀនអំពីដើមឈើ និងផលផ្លែ
៤៣ដ្បិតគ្មានដើមឈើល្អណា ឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ ៤៤ព្រោះគេស្គាល់ដើមឈើនីមួយៗ ដោយសារផ្លែរបស់វា ដ្បិតគេមិនដែលបេះផ្លែល្វា ពីដើមបន្លា ឬបេះផ្លែទំពាំងបាយជូរ ពីគុម្ពបន្លាទេ។ ៤៥មនុស្សល្អបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អនៃចិត្តរបស់គេ ឯមនុស្សអាក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ ពីកំណប់ដ៏អាក្រក់នៃចិត្ដរបស់គេដែរ ព្រោះមាត់និយាយតាមសេចក្ដីហូរហៀរនៃចិត្ត។
ព្រះយេស៊ូបង្រៀនអំពីគ្រឹះពីរយ៉ាង
៤៦ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំ ថាព្រះអម្ចាស់អើយ! ព្រះអម្ចាស់អើយ! ប៉ុន្ដែ មិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូច្នេះ? ៤៧ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គ្រប់គ្នាដែលមកឯខ្ញុំ ឮពាក្យខ្ញុំ ហើយប្រព្រឹត្តតាមពាក្យទាំងនោះ អ្នកនោះប្រៀបបាននឹងមនុស្សបែបណា ៤៨គឺប្រៀបបាននឹងមនុស្សម្នាក់កំពុងសង់ផ្ទះ ដែលគាត់បានជីកដីលុងយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ ពេលទឹកជំនន់បានមកដល់ ខ្សែទឹកបានបោកបក់ផ្ទះនោះ ប៉ុន្ដែមិនអាចឲ្យផ្ទះនោះរង្គើបានឡើយ ព្រោះផ្ទះនោះសង់នៅលើគ្រឹះមាំ។ ៤៩អ្នកដែលឮពាក្យខ្ញុំ ហើយមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដីដោយគ្មានគ្រឹះ ពេលខ្សែទឹកបោកបក់ផ្ទះនោះ វាក៏ដួលរលំភ្លាម ហើយសេចក្ដីអន្ដរាយនៃផ្ទះនោះធំសម្បើម»។