KCB - លូកា ៤


លូកា ៤

អារក្ស​សាតាំង​ល្បួង​​​ព្រះយេស៊ូ​

ពេលនោះ​ព្រះយេស៊ូ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក៏​ត្រលប់​ពី​អូរ​យ័រដាន់​​​មកវិញ ហើយ​ព្រះវិញ្ញាណ​បាន​នាំព្រះអង្គ​​ទៅឯ​ទី​រហោឋាន​​ ដើម្បី​ឲ្យអារក្សសាតាំង​​​ល្បួង ​សែសិប​ថ្ងៃ ហើយក្នុង​​អំឡុង​ពេល​នោះ ព្រះអង្គ​មិន​បាន​បរិភោគ​​អ្វី​សោះ។​ កាល​រយ:ពេល​សែសិប​ថ្ងៃ​​នោះ​ បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​ឃ្លាន​ នោះ​អារក្សសាតាំង​​​ទូល​ព្រះអង្គ​ថា៖ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​បង្គាប់​ឲ្យថ្ម​នេះ​ត្រលប់ជា​នំប៉័ង​ទៅ» ប៉ុន្ដែ ​ព្រះយេស៊ូ​ មាន​​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្ដី​ចែង​ទុកមក​​ថា មនុស្ស​មិន​រស់​ដោយសារតែ​នំប៉័ង​ប៉ុណ្ណោះ​ទេ​» អារក្សសាតាំង​​​ក៏​នាំ​ព្រះអង្គ​ទៅ​ ហើយ​បង្ហាញ ​ឲ្យព្រះអង្គ​ឃើញនគរ​ទាំងអស់ ​នៅក្នុង​ពិភពលោក​​ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី​ ហើយ​អារក្សសាតាំង​​​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ឲ្យសិទ្ធិអំណាច ព្រមទាំង​សិរីរុងរឿង​នៃ​នគរ​ទាំងអស់​នោះ​​ដល់​អ្នក ដ្បិត​ទាំង​អស់នោះ​ ត្រូវបាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ហើយ​ ​ ខ្ញុំ​ចង់​ឲ្យទៅ​អ្នកណា​ក៏បាន​ ដូច្នេះ ប្រសិន​បើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ នោះ​អ្វីៗ​ទាំងអស់ ​នឹង​ត្រលប់ជា​​របស់​អ្នក​ហើយ»។​ ​ព្រះយេស៊ូ​មាន​បន្ទូល​​ឆ្លើយ​​ទៅ​​វា​​ថា៖ «មាន​សេចក្ដី​ចែង​ទុក​​មក​ថា អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​​ព្រះអង្គ​តែមួយ​ប៉ុណ្ណោះ» អារក្សសាតាំង​​ ​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម រួច​ដាក់​ព្រះអង្គ​នៅលើ​កំពូល​​ព្រះវិហារ ហើយ​​ទូល​ព្រះអង្គ​ថា៖ «បើ​អ្នក​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅក្រោម​ទៅ​ ១០ដ្បិត​មាន​សេចក្ដី​ចែង​ទុកមក​​ថា ព្រះ​អង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​​ដំណើរ​អ្នក ដើម្បី​ការពារ​អ្នក​ ១១ហើយ​ទេវតា​នឹង​ទ្រ​អ្នក ​នៅលើ​ដៃ ក្រែងលោ​ជើង​អ្នក​ទង្គិច​​នឹង​ថ្ម​»។​​ ១២ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ទៀត​ថា កុំ​ល្បួង​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក​ឡើយ»។​ ១៣កាល​​អារក្ស​សាតាំង​​​បាន​បញ្ចប់​​សេចក្ដីល្បួង​ទាំងអស់ ​សព្វ​គ្រប់​ហើយ វា​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ លុះ​ត្រា​តែ​មាន​ឱកាស​ទៀត។

កិច្ចការ​របស់​ព្រះយេស៊ូ​នៅ​ ស្រុកកាលីឡេ​

១៤ព្រះយេស៊ូ​យាងត្រលប់​ ទៅ​ស្រុក​កាលីឡេ​​វិញប្រកប​ដោយ​អំណាចរបស់​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ដល់​ស្រុក​​ទាំង​អស់​​នៅជុំវិញ។ ​១៥​ព្រះអង្គ​បាន​​បង្រៀន​នៅ​ក្នុង​សាលាប្រជុំ​​របស់​ពួកគេ ទាំង​ទទួល​បាន​ការ​សរសើរតម្កើង​ពី​ពួកគេ​ទាំង​អស់​គ្នា។

អ្នក​ក្រុងណាសារ៉ែតបដិសេធ ​ព្រះយេស៊ូ​

១៦បន្ទាប់មក ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យឡើង ​ព្រះ​អង្គ​បាន​ចូលទៅ​ក្នុង​សាលា​ប្រជុំ​​ នៅ​ថ្ងៃ​សប្ប័ទ​​តាម​ទម្លាប់​របស់ព្រះអង្គ​ ព្រម​ទាំង​​បាន​ក្រោក​អាន​បទគម្ពីរ ១៧ហើយ​គេ​បាន​យក​អត្ថបទ​គម្ពីរ​របស់​លោក​អេសាយ​ ដែល​​ជា​អ្នក​នាំ​ព្រះបន្ទូល​ ​ មក​ប្រគល់​ជូនព្រះអង្គ។​ កាល​បាន​លាអត្ថបទ​​ហើយ ព្រះអង្គ​រក​ឃើញ​កន្លែង​មួយ​ ​ដែល​ចែង​​ថា៖ ​១៨«ព្រះ​វិញ្ញា​ណ​​​​របស់​ព្រះអម្ចាស់បាន​​សណ្ឋិត​​លើ​ខ្ញុំ ពី​ព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ ដើម្បី​ប្រកាសដំណឹងល្អ​ដល់​ពួក​អ្នក​ក្រ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការប្រោសឲ្យ​ភ្លឺដល់​ពួក​មនុស្សខ្វាក់​ ហើយ​ឲ្យរំដោះ​អស់អ្នក ​ដែល​ត្រូវ​គេ​​សង្កត់​សង្កិន​ឲ្យមាន​សេរីភាព​ ១៩ព្រម​ទាំង​​ប្រកាស​ពី ឆ្នាំ​នៃ​សេចក្ដីមេត្ដារបស់​ព្រះអម្ចាស់»​ ២០ហើយ​ព្រះអង្គ​ក៏​មូរ​អត្ថបទ​គម្ពីរ​ប្រគល់ទៅឲ្យ​អ្នក​ថែរក្សា​វិញ​ នោះ​ភ្នែក​របស់​មនុស្ស​ទាំង​អស់​​ ក្នុង​សាលាប្រជុំ​​ បាន​សម្លឹង​មើល​​ព្រះអង្គ​គ្រប់ៗ​គ្នា។ ២១ព្រះ​អង្គ​ក៏​ចាប់ផ្តើម​មានបន្ទូល​ទៅ​ពួកគេថា៖ «ថ្ងៃនេះ​បទគម្ពីរ​ ដែល​អ្នករាល់គ្នាបាន​ឮ​នៅ​នឹង​ត្រចៀក បាន​សម្រេច​​ហើយ»។​​ ២២ពួកគេ​គ្រប់​គ្នា​បាន​សរសើរ​ព្រះអង្គ និង​នឹក​អស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​​​​របស់​ព្រះអង្គ​មក​ ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖ «តើ​អ្នកនេះ​មិនមែន​ជា​ កូន​​របស់​យ៉ូសែប​ទេ​ឬ​?» ២៣ព្រះអង្គ​ ក៏​មាន​បន្ទូល​​ទៅ​ពួកគេ​ថា៖ «អ្នក​រាល់​គ្នា​មុខជា​និយាយ​​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​​ថា គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​​ឮ​ថា ​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ ចូរ​ធ្វើ​នៅ​ទីនេះ​ ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​​ ២៤ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នាំ​ព្រះ​បន្ទូល​ មិន​បានទទួល​ការ​ស្វាគមន៍ នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ២៥ប៉ុន្ដែ​ខ្ញុំ​​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ពិត​ថា នៅ​ជំនាន់​លោក​អេលីយ៉ា មាន​ស្រ្តី​មេ​ម៉ាយ​​ជា​ច្រើននៅ​ក្នុង​អ៊ីស្រាអែល កាល​នោះ​មេឃ​រាំង​បី​ឆ្នាំ​ ប្រាំ​មួយខែ​ បណ្តាល​ឲ្យមាន​គ្រោះ​អត់​ឃ្លាន​ជា​ខ្លាំង​​នៅ​លើ​ទឹកដី​ទាំង​មូល ២៦ប៉ុន្ដែ​ព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលី​យ៉ា​ ឲ្យទៅ​ឯ​​អ្នក​ណាម្នាក់ ​ក្នុងចំណោម​ស្រ្តី​មេម៉ាយ​ទាំង​នោះ​​ទេ គឺ​ព្រះអង្គបាន​ចាត់​លោកឲ្យទៅ​ឯ​​ស្ដ្រី​​មេម៉ាយ​ម្នាក់​ នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។២៧ហើយ​​​នៅ​ជំនាន់​លោក​អេលីសេ ជា​អ្នក​នាំ​ព្រះបន្ទូល មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ប្រោស​​ឲ្យជា​ស្អាត​ទេ គឺ​មាន​​តែ​លោក​ណាម៉ាន ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»​។​ ២៨កាល​មនុស្ស​ទាំង​អស់​​ក្នុងសាលាប្រជុំ​​ បាន​​ឮ​សេចក្ដី​ទាំង​នេះក៏ពោរពេញ​ ដោយ​កំហឹង​យ៉ាង​ខ្លាំង ​២៩ហើយ​​ពួកគេ​បាន​ក្រោក​ឡើង​បណ្តេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុងដែល​ពួកគេ​បាន​សង់​នៅ​​លើ​ភ្នំ​ រួច​​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំនោះ ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​ ៣០តែ​​ព្រះអង្គ​បាន​យាង​កាត់​កណ្តាល​ចំណោម​ពួកគេ​​ចេញ​ទៅ។

ព្រះយេស៊ូ​បណ្ដេញ​អារក្ស​

៣១​ព្រះអង្គ​ បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​​នៅ​ថ្ងៃសប្ប័ទ។ ៣២ពួក​អ្នកស្ដាប់​​​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​​​ ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ ប្រកបដោយ​សិទ្ធិ​អំណាច។​ ៣៣នៅ​​ក្នុង​សាលា​ប្រជុំ​ ​​មាន​បុរស​ម្នាក់​ ដែល​មាន​វិញ្ញាណ​អាក្រក់​​របស់​អារក្ស​ចូល គាត់​បាន​ស្រែក​ដោយ​សំឡេង​​ខ្លាំង​ៗ​ថា៖​ ៣៤«ព្រះយេស៊ូ​អ្នក​ក្រុង​ណា​សា​រ៉ែត​​អើយ តើ​យើង និង​ព្រះអង្គ​មានរឿង​ហេតុ​អ្វី​នឹងគ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​ ៣៥ព្រះ​យេស៊ូ​​បន្ទោស​វា​ថា​៖ «ស្ងៀម​ ហើយ​ចេញ​ពី​បុរសនេះ​ទៅ​!»​​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​​ទៅកណ្តាល​ចំណោម​ហើយ វា​ក៏​ចេញ​ពី​គាត់​ ដោយមិន​បាន​ធ្វើ​ឲ្យគាត់​ឈឺចាប់​ឡើយ។​ ៣៦​ពួកគេ​គ្រប់គ្នា​មាន​សេចក្តី​កោត​ស្ញប់ស្ញែង​ ក៏​​និយាយ​គ្នា​ថា៖ «តើ​ពាក្យសំដី​នេះ​ជា​អ្វី បានជា​លោកបញ្ជា​​ពួក​វិញ្ញាណ​​អាក្រក់​ ដោយ​សិទ្ធិអំណាច និង​ឫទ្ធានុភាព ហើយ​ពួកវា​ក៏​ចេញមកដូច្នេះ?» ៣៧ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទីកន្លែង​នៅ​​ស្រុកជុំវិញ។

ព្រះយេស៊ូប្រោសមនុស្ស​​នៅក្រុង ​​កាពើណិម​

៣៨កាល​បាន​ក្រោកឡើង​ ចេញពី​សាលាប្រជុំ ព្រះអង្គ​ក៏​ចូល​ទៅក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ ម្តាយក្មេក​របស់​លោក​ស៊ីម៉ូន ​កំពុង​មាន​ជំងឺ​​គ្រុន​ជាខ្លាំង ​ពួកគេ​ក៏​អង្វរ​ព្រះអង្គ ​ឲ្យប្រោស​គាត់។​ ៣៩ព្រះអង្គ​ក៏​ឈរជិត​​គាត់ ស្តី​បន្ទោស​ដល់​ជំងឺ​គ្រុន នោះ​ជំងឺ​គ្រុន​​ក៏​បាត់​ទៅ​ ហើយភ្លាម​នោះ ​គាត់​​ក្រោកឡើង​បម្រើ​ពួកគេ។​ ៤០នៅពេ​ល​ថ្ងៃ​លិច អស់​អ្នក ដែល​មាន​បងប្អូន មាន​ជំងឺ​រោគា​ផ្សេង​​ៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំងនោះ​ មក​ឯ​ព្រះអង្គ ហើយ​​ព្រះអង្គ​បាន​ប្រោស​ពួកអ្នកជំងឺ​ឲ្យ​ជាសះស្បើយ​ ដោយ​ដាក់​ព្រះហស្ដ​​​លើ​ពួកគេ​ម្នាក់ម្តង​ៗ។ ​​៤១​ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖ «ព្រះអង្គជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់» ប៉ុន្ដែ​ព្រះអង្គ​បាន​ស្តី​បន្ទោស​​ពួកវា មិន​អនុញ្ញាត​ឲ្យពួកវា​និយាយ​ទេ ពីព្រោះ​ពួកវា​ស្គាល់​ថា ​ព្រះអង្គ​ជា​ព្រះគិ្រស្ដ។

ព្រះយេស៊ូ​ប្រកាស​នៅក្នុង​ ស្រុកកាលីឡេ​

៤២លុះ​ព្រឹក​ឡើង​ ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​​មួយ ហើយ​​បណ្តាជន​បាន​តាមរក​ព្រះអង្គ កាល​​ពួកគេ​បាន​មក​ជួប​​ព្រះអង្គហើយ ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យចាកចេញ​ពី​ពួកគេ។​ ៤៣ព្រះអង្គ​​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ខ្ញុំ​ ដែល​ត្រូវ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ដល់​ក្រុង​ដទៃ​​ទៀត​ដែរ​ ដ្បិត​ព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំ​មក​​ដើម្បី​ការ​នេះ​ឯង»៤៤ព្រះអង្គ​ក៏​ប្រកាស​​​នៅ​ក្នុង​សាលាប្រជុំ​​ នានា​របស់ជនជាតិ​​យូដា។

លូកា ៤