លូកា ៣
លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹករៀបចំដំណើររបស់ព្រះយេស៊ូ
៣នៅឆ្នាំទីដប់ប្រាំ នៃរាជ្យព្រះ ចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់ គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។ ២នៅគ្រាដែលលោកអាណាស និងលោកកៃផាជាសម្ដេចសង្ឃ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសំដែងមកដល់លោកយ៉ូហាន ជាកូនលោកសាការី នៅទីរហោឋាន ៣គាត់ក៏ទៅឯស្រុកទាំងអស់ ដែលនៅជុំវិញអូរយ័រដាន់ ទាំងប្រកាសប្រាប់អំពីពិធីជ្រមុជដែលជាភស្តុតាងបង្ហាញពីការប្រែចិត្ដ ដើម្បីទទួលបានការលើកលែងទោសបាប ៤ដូចដែលបានចែងទុកក្នុងបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ ផ្លូវរបស់ព្រះអង្គ ៥គ្រប់ទាំងជ្រលងភ្នំនឹងត្រូវលុបបំពេញ ហើយគ្រប់ទាំងភ្នំ និងទីទួលត្រូវពង្រាបឲ្យស្មើ ឯកន្លែងក្ងិចក្ងក់ត្រូវតម្រង់ ហើយផ្លូវរដិបរដុបត្រូវធ្វើឲ្យរាបស្មើ ៦នោះមនុស្សទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះ របស់ព្រះជាម្ចាស់។ ៧ដូច្នោះហើយលោកយ៉ូហាន ក៏និយាយទៅបណ្តាជន ដែលកំពុងចេញមកទទួលពិធីជ្រមុជទឹកពីគាត់ថា៖ «នែ ពូជពស់វែកអើយ! តើនរណាព្រមានឲ្យអ្នករាល់គ្នារត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ ដូច្នេះ?
៨ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសម នឹងការប្រែចិត្ដចុះ ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។ ៩ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះ រាល់ដើមឈើណាមិនបង្កើតផ្លែល្អ នឹងត្រូវកាប់បោះទៅក្នុងភ្លើង»។ ១០នោះបណ្តាជនក៏សួរទៅគាត់ថា៖ «ដូច្នេះតើយើងគួរធ្វើយ៉ាងដូចម្ដេច?» ១១គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។ ១២ពេលនោះពួកអ្នកទារពន្ធដារ បានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?» ១៣គាត់ប្រាប់ពួកគេថា៖ «មិនត្រូវទារពន្ធលើសចំនួន ដែលបានកំណត់ឲ្យអ្នករាល់គ្នាឡើយ»។ ១៤ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។ ១៥កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។ ១៦លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែ នឹងមានព្រះមួយអង្គយាងមក ដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័កិ្តសមនឹងស្រាយខ្សែស្បែកជើង ឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជ ឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។ ១៧ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ សំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោល ដោយភ្លើងដែលមិនចេះរលត់»។ ១៨គាត់បានប្រកាសដំណឹងល្អ និង បានទូន្មានជាច្រើនទៀត ដល់ប្រជាជនយ៉ាងដូច្នេះ។ ១៩កាលស្តេចត្រាញ់ហេរ៉ូឌ ត្រូវលោកយ៉ូហានស្ដីបន្ទោស ពីរឿងនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងឡាយដែលស្ដេចបានធ្វើ ២០នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
២១កាលប្រជាជនទាំងអស់គ្នា បានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ ២២ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏យាងចុះមកមានរូបរាងដូចជាសត្វព្រាប សណ្ឋិតលើព្រះអង្គ ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូ
២៣កាលព្រះយេស៊ូ ចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែប ជាកូនលោកហេលី២៤លោកហេលី ជាកូនលោកម៉ាថាត់ លោកម៉ាថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនលោកយ៉ូសែប ២៥លោកយ៉ូសែបជាកូនលោកម៉ាត់ធាស លោកម៉ាត់ធាសជាកូនលោកអេម៉ុស លោកអេម៉ុសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកៃ ២៦លោកណាកៃជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកសេម៉ី លោកសេម៉ីជាកូនលោកយ៉ូសិក លោកយ៉ូសិកជាកូនលោកយ៉ូដា ២៧លោកយ៉ូដា ជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ ជាកូនលោករេសា លោករេសា ជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិល ជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី ២៨លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើ ២៩លោកអ៊ើជាកូនលោកយ៉ូសេ លោកយ៉ូសេជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរិម លោកយ៉ូរិមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី ៣០លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយ៉ូណាម លោកយ៉ូណាម ជាកូនលោកអេលាគីម ៣១លោកអេលាគីមជាកូនលោកម៉េលាស លោកម៉េលាស ជាកូនលោកម៉ៃណាន លោកម៉ៃណាន ជាកូនលោកម៉ាតាថា លោកម៉ាតាថា ជាកូនលោកណាថាន់ លោកណាថាន់ជាកូនស្ដេចដាវីឌ ៣២ស្ដេចដាវីឌជាកូនលោកអ៊ីសាយ លោកអ៊ីសាយជាកូនលោកអូបិឌ លោកអូបិឌជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន ៣៣លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា ៣៤លោកយូដាជាកូនលោកយ៉ាកុប លោកយ៉ាកុបជាកូនលោកអ៊ីសាក លោកអ៊ីសាកជាកូនលោកអ័បា្រហាំ លោកអ័បា្រហាំជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ ៣៥លោកណាឃរ ជាកូនលោកសេរូក លោកសេរូកជាកូនលោករេហ៊ូ លោករេហ៊ូជាកូនលោកផាលេក លោកផាលេកជាកូនលោកហេប៊ើរ លោកហេប៊ើរជាកូនលោកសេឡា ៣៦លោកសេទ្បាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាក់សាឌ លោកអើប៉ាក់សាឌជាកូនលោកសិម លោកសិមជាកូនលោកណូអេ លោកណូអេជាកូនលោកឡាមេក ៣៧លោកទ្បាមេកជាកូនលោកមធូសាទ្បា លោកមធូសាទ្បាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារេឌ លោកយ៉ារេឌជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន ៣៨លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេត លោកសេតជាកូនលោកអ័ដាម ហើយលោកអ័ដាមជាកូនព្រះជាម្ចាស់។