លូកា ២៤
ការរស់ឡើងវិញរបស់ព្រះយេស៊ូ
២៤នៅព្រឹកព្រលឹមនាថ្ងៃទី មួយនៃសប្តាហ៍ ពួកគេក៏នាំយកគ្រឿងក្រអូប ដែលពួកគេបានរៀបចំមកឯផ្នូរ ២ពួកគេបានឃើញថ្មត្រូវបានប្រមៀលចេញពីផ្នូរ ៣ពេលពួកគេចូលទៅ មិនបានឃើញសពព្រះអម្ចាស់យេស៊ូទេ ៤ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។ ៥ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះ ប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នា រកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦ដ្បិតព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទេ! ចូរចាំព្រះអង្គមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច កាលនៅស្រុកកាលីឡេ ៧គឺមានបន្ទូលថា កូនមនុស្សនឹងត្រូវគេប្រគល់ ទៅក្នុងដៃរបស់ពួកមនុស្សបាប រួចត្រូវគេឆ្កាង ប៉ុន្ដែនៅថ្ងៃទីបីនឹងរស់ឡើងវិញ»។ ៨ពួកគេក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអង្គ ៩ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះ ដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។ ១០ពួកស្រ្តីដែលបានប្រាប់ហេតុការណ៍ទាំងនោះ ដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្តាយរបស់លោកយ៉ាកុប ព្រមទាំងស្ត្រីផ្សេងទៀតដែលនៅជាមួយពួកគេ។ ១១ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាង ដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។ ១២លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញ ដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។
ព្រះយេស៊ូបង្ហាញខ្លួននៅភូមិអេម៉ោស
១៣ហើយមើល៍ នៅថ្ងៃដដែលនោះមានពីរនាក់ ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយ ឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែល ដប់មួយគីឡូម៉ែត្រ ពីក្រុងយេរូសាឡិម ១៤ហើយពួកគេនិយាយគ្នា អំពីហេតុការណ៍ទាំងឡាយ ដែលបានកើតឡើង ១៥ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិត ធ្វើដំណើរជាមួយពួកគេដែរ ១៦តែភ្នែករបស់ពួកគេត្រូវបានខ្ទប់មិនឲ្យស្គាល់ព្រះអង្គទេ។ ១៧ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្តើរ និយាយគ្នាបណ្តើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់ ១៨ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិមហើយមិនដឹងហេតុការណ៍ ដែលបានកើតឡើង នៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?» ១៩ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាច ទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្តិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់ ២០ប៉ុន្ដែ យ៉ាងដូចម្ដេចបានជា ទាំងពួកសម្តេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក ២១ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គ ដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ ២២មានពួកស្រ្តីខ្លះ នៅក្នុងចំណោមយើងបានធ្វើឲ្យ យើងឆ្ងល់ដែរ គឺកាលពួកគេបានទៅឯផ្នូរពីព្រលឹម ២៣មិនបានឃើញសពលោកទេ ពួកគេបានមកបា្រប់ទៀតថា បានឃើញពួកទេវតា លេចមកប្រាប់ថា លោកនៅរស់ទេ។ ២៤មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកនៅជាមួយយើង បានចេញដំណើរទៅឯផ្នូរ ហើយក៏ឃើញដូចជាស្ដី្រទាំងនោះនិយាយមែន គឺពួកគេមិនបានឃើញលោកទេ»។ ២៥ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដី ដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ! ២៦តើព្រះគ្រិស្ដមិនត្រូវរងទុក្ខវេទនាទាំងនោះទេឬ ដើម្បីចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ?» ២៧រួចព្រះអង្គ ក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេ រហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។ ២៨កាលពួកគេធ្វើដំណើរមកជិតដល់ភូមិនោះហើយ ព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ ២៩ប៉ុន្ដែ ពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។ ៣០កាលព្រះអង្គអង្គុយ នៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំបុ័ងមកប្រទានពររួចកាច់ឲ្យទៅពួកគេ ៣១ពេលនោះភ្នែករបស់ពួកគេ ត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។ ៣២ពួកគេបាននិយាយគ្នាថា៖ «តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូល មកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?» ៣៣ពេលនោះពួកគេក្រោកឡើង ត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេ កំពុងជួបជុំគ្នា ៣៤និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។ ៣៥ពួកគេក៏ពន្យល់បា្រប់ពីហេតុការណ៍ នៅតាមផ្លូវ និងពីរបៀប ដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។
ព្រះយេស៊ូបង្ហាញខ្លួនដល់ពួកសិស្ស
៣៦ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្តាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ» ៣៧ពួកគេក៏ខ្លាចញ័ររន្ធត់ ព្រោះពួកគេគិតថា ជួបខ្មោច។ ៣៨ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នា មានចិត្តសង្ស័យដូច្នេះ? ៣៩ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាជាខ្ញុំ ហើយចូរមើល និងពាល់ខ្ញុំចុះ ព្រោះខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។ ៤០កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ដ និងបាទាឲ្យពួកគេឃើញ។ ៤១ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នា មានអាហារនៅទីនេះដែរឬទេ?» ៤២ពួកគេក៏ឲ្យតី្រអាំងមួយដុំដល់ព្រះអង្គ ៤៣ហើយព្រះអង្គក៏ យកមកបរិភោគនៅចំពោះមុខពួកគេ ៤៤រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។ ៤៥បន្ទាប់មក ព្រះអង្គក៏បើកគំនិតរបស់ពួកគេ ឲ្យយល់បទគម្ពីរទាំងនោះ ៤៦ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ពីការសោយទិវង្គតឡើងវិញ នៅថ្ងៃទីបី ៤៧ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គ អំពីការប្រែចិត្ដ សម្រាប់ការលើកលែងទោសបាប ដល់ជនជាតិទាំងអស់ ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ ៤៨ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ ៤៩មើល៍ ខ្ញុំបានប្រគល់ សេចក្តីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុង រហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ ដោយអំណាចពីស្ថានលើ»។
ព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌វិញ
៥០ព្រះអង្គក៏នាំពួកគេចេញ ទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដ ប្រទានពរដល់ពួកគេ។ ៥១កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅ ឯស្ថានសួគ៌វិញ។ ៥២ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ៥៣និងបាននៅក្នុងព្រះវិហារថ្វាយព្រះពរព្រះជាម្ចាស់ជានិច្ច៕