លូកា ២២
យូដាសព្រមក្បត់ព្រះយេស៊ូ
២២នៅពេលពិធីបុណ្យនំបុ័ងឥតមេដែលហៅថា ពិធីបុណ្យរំលងជិតមកដល់ ២ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។ ៣អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ៤គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយ ដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។ ៥ពួកគេត្រេកអរណាស់ ហើយបានយល់ព្រមឲ្យប្រាក់គាត់ ៦ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គ នៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។
ការរៀបចំពិធីបុណ្យរំលង
៧ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេជាថ្ងៃ ដែលគេត្រូវថ្វាយយញ្ញបូជា ជាកូនចៀមសម្រាប់ពិធីបុណ្យរំលង ៨ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលង ដើម្បីឲ្យពួកយើងបានបរិភោគ» ៩ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?» ១០ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល ១១ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំ ក្នុងថ្ងៃបុណ្យរំលងនៅឯណា? ១២គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញ បន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។ ១៣អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។
ព្រះយេស៊ូបរិភោគអាហារជាលើកចុងក្រោយជាមួយសិស្សទាំងដប់ពីរ
១៤លុះដល់ពេលវេលា ព្រះអង្គក៏អង្គុយនៅតុអាហារ ជាមួយពួកសាវករបស់ព្រះអង្គ ១៥ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា ១៦ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលង នេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់» ១៧រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ ១៨ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។ ១៩បន្ទាប់មក ព្រះអង្គយកនំបុ័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។ ២០ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មី ដោយនូវឈាមខ្ញុំដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា ២១ប៉ុន្ដែមើល៍ ដៃរបស់អ្នកក្បត់ខ្ញុំ ក៏ដាក់នៅលើតុអាហារជាមួយខ្ញុំដែរ ២២ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្តី ដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។ ២៣ពួកគេក៏ចាប់ផ្តើម សួរដេញដោលគ្នាអំពីអ្នកដែលបម្រុងធ្វើដូច្នេះ។
ពួកសិស្សជជែកគ្នាអំពីអ្នកណាធំជាងគេ
២៤ពេលនោះ ក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នក ដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ ២៥ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានា គ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ ២៦ប៉ុន្ដែអ្នករាល់គ្នាវិញមិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ ២៧ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នក ដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា ២៨ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង ២៩ដូច្នេះព្រះវរបិតារបស់ខ្ញុំ ឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ ៣០ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
ព្រះយេស៊ូប្រាប់ថា ពេត្រុសបដិសេធព្រះអង្គ
៣១ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍ អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ ៣២ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។ ៣៣ប៉ុន្ដែ លោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។ ៣៤ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំបា្រប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ៣៥រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់បា្រក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។ ៣៦ព្រះអង្គមានបន្ទូល ទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់បា្រក់ ចូរយកទៅ ហើយអ្នកណាមានថង់យាម ក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ ៣៧ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុក អំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំ ឈានដល់ការសម្រេចហើយ»។ ៣៨ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។
ព្រះយេស៊ូអធិស្ឋានលើភ្នំដើមអូលីវ
៣៩កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។ ៤០ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង» ៤១រួចព្រះអង្គក៏ចេញពីពួកគេ ចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់អធិស្ឋានថា៖ ៤២«ឱ ព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ» ៤៣នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ ៤៤ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាម កំពុងស្រក់មកលើដី។ ៤៥កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ដោយព្រោះសេចក្ដីសោកសៅ ៤៦ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង»។
យូដាសក្បត់ព្រះយេស៊ូដោយថើប
៤៧កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវក ទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។ ៤៨ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្ស ដោយការថើបឬ?» ៤៩ពេលពួកអ្នកនៅជុំវិញ ឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?» ៥០ស្រាប់តែមានមនុស្សម្នាក់ ក្នុងចំណោមពួកគេបានកាប់បាវបម្រើ របស់សម្តេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។ ៥១ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។ ៥២ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្តេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ? ៥៣ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុងព្រះវិហារ អ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ ប៉ុន្ដែឥឡូវនេះជាពេលវេលារបស់អ្នករាល់គ្នា និងជាសិទ្ធិអំណាចនៃសេចក្តីងងឹត»។
លោកពេត្រុសបដិសេធព្រះយេស៊ូ
៥៤ពួកគេក៏ចាប់ព្រះអង្គ បណ្ដើរទៅផ្ទះរបស់សម្តេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។ ៥៥ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។ ៥៦កាលស្រីបម្រើម្នាក់ បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» ៥៧ប៉ុន្ដែ គាត់បដិសេធថា៖ «នែនាង! ខ្ញុំមិនស្គាល់ម្នាក់នោះទេ»។ ៥៨បន្តិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!» ៥៩ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ» ៦០ប៉ុន្ដែ លោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម ៦១ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។ ៦២គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
ព្រះយេស៊ូត្រូវគេចំអក និងវាយដំ
៦៣ពួកមនុស្ស ដែលកំពុងយាមព្រះយេស៊ូបានចំអកឲ្យព្រះអង្គ ទាំងវាយដំ ៦៤និងបានបិទមុខព្រះអង្គ ហើយសួរថា៖ «ទាយទៅមើល៍ តើអ្នកណាវាយឯង?» ៦៥ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។
ព្រះយេស៊ូជួបក្រុមប្រឹក្សាកំពូល
៦៦លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួក សម្តេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គ ទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖ ៦៧«បា្រប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំបា្រប់ពួកលោក ក៏ពួកលោកមិនជឿ ៦៨ហើយទោះបីខ្ញុំសួរពួកលោកវិញ ក៏ពួកលោកមិនព្រមឆ្លើយដែរ ៦៩ប៉ុន្ដែ ពីពេលនេះទៅកូនមនុស្សនឹងអង្គុយនៅកន្លែងមានអំណាច គឺខាងស្ដាំនៃព្រះជាម្ចាស់» ៧០ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើ ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» ៧១ពួកគេក៏និយាយថា៖ «តើយើង នៅត្រូវការសាក្សីធ្វើអ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»