KCB - លូកា ២១


លូកា ២១

តង្វាយ​របស់ស្ដ្រី​មេម៉ាយ​ម្នាក់​

២១ពេល​នោះ​ ព្រះអង្គ​ ក្រឡេក​ឃើញ​​ពួក​អ្នក​មាន​ កំពុង​ដាក់​តង្វាយ​របស់​​ពួកគេ​ទៅ​ក្នុង​ហិប​តង្វាយ​ ហើយ​ព្រះអង្គ​ក៏​ឃើញ​ស្ដ្រី​មេ​ម៉ាយ​ក្រីក្រ​ម្នាក់ ​កំពុង​ដាក់​កាក់​ពីរ​ឡិបតា​​ទៅ​ក្នុង​ហិប​នោះ​ដែរ។​ ព្រះអង្គ​ក៏​មាន​បន្ទូល​​ថា​៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ដ្រី​មេម៉ាយ​កី្រក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ ​ច្រើន​ជាង​​មនុស្ស​គ្រប់​គ្នា​​ ព្រោះ​មនុស្ស​ទាំង​នោះ ​​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ ទោះ​បើ​នាង​ក្រីក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​​​អ្វី​ៗ​ទាំង​អស់ ​ដែល​នាង​មាន​ដល់​ព្រះជា​ម្ចាស់»។​

ព្រះយេស៊ូ​ប្រាប់​ជាមុន​អំពី​ការ​បំផ្លាញ​ព្រះវិហារ​

កាល​អ្នក​ខ្លះ​ កំពុង​និយាយ​អំពី​ព្រះ​​វិហារ​ដែល​បាន​តុបតែង​​ដោយ​ថ្ម​ប្រណិត និង​តង្វាយ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា​៖​ «អ្វី​​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នៅ​ថ្ងៃ​មក​ដល់​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»

ទី​​​សំគាល់​​នៃ​គ្រា​ចុងក្រោយ​

ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖«លោក​គ្រូ តើ​ការ​ទាំង​នេះ​នឹង​​កើត​ឡើង​​នៅ​ពេល​ណា​? នៅ​ពេល​ការ​ទាំង​នេះ​ជិត​កើត​ឡើង តើ​នឹង​មាន​ទី​សំគាល់​អ្វីខ្លះ​?»​ ព្រះអង្គ​មាន​បន្ទូល​ថា​៖ «ចូរ​​ប្រយ័ត្នអ្នករាល់គ្នាកុំ​ចាញ់បោក​គេ​​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​ នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ ហើយ​និយាយ​ថា ខ្ញុំ​នេះ​ហើយ ឬ​ពេល​វេលា​ជិត​ដល់​ហើយ នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យសោះ។​ ពេល​​ណា​អ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម និង​ចលាចល ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវតែ​កើត​ឡើង​ជា​មុន ប៉ុន្ដែ​មិន​ទាន់​ដល់​ទី​បញ្ចប់​​ភ្លាមទេ»។​​ ១០រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា​៖ «ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង ​ទាស់​នឹង​ជន​ជាតិ​មួយ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ១១ព្រម​ទាំង​មាន​ការ​រញ្ជួយដី​ធំ​ៗ គ្រោះ​អត់ឃ្លាន និង​​ជំងឺ​រាតត្បាត​នៅ​តាម​កន្លែង​ផ្សេង​ៗ ព្រម​ទាំង​មាន​ហេតុ​​ការណ៍​តក់​ស្លុត និង​ទី​សំគាល់​ធំ​​ៗពី​លើ​មេឃ​ផង។ ១២ប៉ុន្ដែនៅ​មុន​សេចក្ដី​ទាំង​អស់​នេះ ពួកគេ​នឹង​ចាប់​អ្នក​រាល់​គ្នា បៀត​បៀន​អ្នក​រាល់​គ្នា ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​សាលា​​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់​គ្នា ទាំង​នាំ​ទៅ​ឲ្យស្ដេច និង​ពួក​អភិបាល​ ព្រោះតែ​ឈ្មោះ​ខ្ញុំ​ ១៣តែ​ពេល​វេលា​នោះ​ត្រលប់​ជា​ឱកាស​សម្រាប់​​​​អ្នករាល់គ្នាធ្វើ​​​ទី​បន្ទាល់​​​វិញ។ ​ ១៤ដូច្នេះ​ចូរ​ចាំ​ទុក​​ក្នុង​ចិត្ដ​របស់​អ្នក​រាល់​គ្នា​ចុះ កុំ​រៀបចំ​ការពារ​ខ្លួន​ជា​មុន​ឲ្យសោះ​ ១៥ដ្បិត​ខ្ញុំ​នឹង​ឲ្យអ្នក​រាល់​គ្នា​មាន​ថ្វីមាត់ ព្រម​ទាំង​បា្រជ្ញា​ ដែល​គូ​វិវាទ​ទាំងអស់​មិន​អាច​ត​តាំង ឬជំទាស់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។​ ១៦ប៉ុន្ដែ​ សូម្បីតែ​ឪពុក​ម្ដាយ បង​ប្អូន សាច់​ញាតិ និង​មិត្តភក្តិក៏​ក្បត់​នឹង​អ្នក​រាល់​គ្នា​ដែរ ហើយ​ពួក​គេ​នឹង​សម្លាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ១៧ហើយ​មនុស្ស​ទាំង​អស់ ​នឹង​ស្អប់​អ្នក​រាល់​គ្នាដោយ​ព្រោះតែ​ឈ្មោះ​ខ្ញុំ ១៨ប៉ុន្ដែ ​សូម្បីតែ​សក់​មួយ​សរសៃ ​​លើ​ក្បាល​​អ្នក​រាល់​គ្នាក៏​មិន​បាន​វិនាស​ឡើយ។​ ១៩ដោយ​សារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​ ២០ប៉ុន្ដែ​នៅ​ពេល​អ្នក​រាល់​គ្នា​ឃើញ​ កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ចូរ​ដឹង​ថា សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ ​​ជិត​មក​ដល់​ហើយ។​ ២១ពេល​នោះ ចូរ​ឲ្យពួក​អ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​​ភ្នំចុះ​ ឯ​ពួក​អ្នក​នៅ​កណ្ដាល​ក្រុង​ ចាក​ចេញ​ពី​ក្រុង​នោះ ហើយ​កុំ​ឲ្យពួក​អ្នក​នៅ​ស្រែ​ចម្ការ ​​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យសោះ ២២ពី​ព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង​សឹក ដើម្បី​ធ្វើ​ឲ្យសេចក្ដី​ទាំង​អស់​ ​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​ ២៣ស្រ្ដី​មាន​ផ្ទៃ​ពោះ និង​ ស្រ្ដី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់​នៅ​គ្រា​នោះ ព្រោះ​សេចក្ដី​ទុក្ខ​ព្រួយ​ដ៏​សម្បើម​នឹង​មាន​នៅ​លើ​ទឹកដី​នេះ ហើយ​កំហឹង​ក៏​ធ្លាក់​លើ​ប្រជាជន​នេះ ២៤ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​ ២៥នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ដួង​អាទិត្យ លោក​ខែ និងផ្កាយ ហើយ​ជន​ជាតិ​​នា​នា​នៅ​លើ​ផែនដី​នេះ​ នឹង​មាន​សេចក្ដី​ថប់​បារម្ភ ទាំង​ទ័ល​ប្រាជ្ញា​ដោយ​​សារ​សំឡេង​សន្ធឹក​សមុទ្រ និង​ទឹក​រលក ២៦មនុស្ស​នឹង​ស្រយុត​ចិត្ដ​ដោយ​សារ​ការ​ភ័យ​ខ្លាច និងការ​ទន្ទឹង​រង់ចាំ​ហេតុ​ការណ៍​ ដែល​នឹង​កើត​ឡើង​នៅ​លើ​ពិភព​លោក​ ដ្បិត​អំណាច​នៅ​ស្ថានសួគ៌​ នឹង​​រង្គោះ​រង្គើ ២៧ពេល​នោះ ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​​​យាងមក​​នៅ​លើ​ពពក ​ប្រកប​ដោយ​អំណាច និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​ ២៨នៅ​ពេល​ហេតុ​ការណ៍​ទាំង​នេះ​ ចាប់​ផ្ដើម​កើត​ឡើង ចូរ​អ្នក​រាល់​គ្នា​ក្រោក​ឈរ​ ងើយ​ក្បាល​របស់​អ្នក​រាល់​គ្នា​ឡើង ព្រោះ​សេចក្តី​ប្រោស​លោះ ​សម្រាប់​អ្នក​រាល់​គ្នា​​ជិត​មក​ដល់​ហើយ»

រឿង​ដើមល្វា​

២៩ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​​មួយ​ថា​៖ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​អស់​ចុះ៣០ពេល​ណា ​ឃើញ​ស្លឹក​​វា​លាស់​ឡើងហើយ នោះ​អ្នក​រាល់​គ្នា​ដឹង​ដោយ​ខ្លួន​ឯង​ថា រដូវ​​ក្ដៅ​ជិត​មក​ដល់​ហើយ។​ ៣១ឯ​អ្នក​រាល់​គ្នា​វិញក៏​ដូច្នេះ​ដែរ ពេល​ណា​អ្នក​រាល់​គ្នា ​ឃើញ​ហេតុ​ការណ៍​ទាំង​នេះ​កើត​ឡើង ចូរ​ដឹង​ថានគរ​ព្រះជាម្ចាស់​នៅ​ជិត​បង្កើយ ៣២ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ លុះត្រាតែ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន ៣៣ផ្ទៃ​មេឃ និងផែនដី​នឹង​រលាយ​បាត់​ទៅ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​ នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។ ៣៤ដូច្នេះ ​ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់​គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់​គ្នា​ភ្លាមៗ​ដូច​ជា​អន្ទាក់​ ៣៥ដ្បិត​ថ្ងៃ​នោះ​ នឹង​ធ្លាក់​មក​លើ​មនុស្ស​ទាំង​អស់ ​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ ​ផែន​ដី​​ទាំង​មូល​ ៣៦ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រុង​ស្មារតី ​ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ អ្នក​រាល់​គ្នា​ អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់នេះ​ដែល​​នឹង​កើត​ឡើង ហើយ​ឈរ​នៅ​ចំពោះ​មុខ​ កូន​មនុស្ស​បាន»​។​ ៣៧ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ ​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំមួយ​ឈ្មោះ​ថា ភ្នំ​ដើម​អូលីវ​​ ៣៨រី​ឯ​ប្រជាជន​ទាំង​អស់​គ្នា​វិញ ក្រោក​តាំង​ពី​ព្រលឹម ​ទៅ​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ​ដើម្បី​ស្ដាប់​ព្រះអង្គ។

លូកា ២១