KCB - លូកា ២


លូកា ២

កំណើត​ព្រះយេស៊ូ

នៅ​គ្រា​នោះ ព្រះចៅអធិរាជ​​អូគូស្ទ​ បាន​ចេញ​ព្រះរាជក្រឹត្យ​​មួយច្បាប់​ គឺ​ឲ្យធ្វើ​ជំរឿនប្រជាជន​​​​ទូទាំង​អាណាចក្រ។​ ការ​ធ្វើ​ជំរឿន​ប្រជាជន​​​​លើកទីមួយនេះ ​បានធ្វើទ្បើង​នៅ​អំឡុង​ពេល​ដែល​លោក​គីរេនាស​គ្រប់គ្រង​ស្រុក​ស៊ីរី។​ មនុស្ស​គ្រប់គ្នា​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​របស់​គេ ​រៀង​ៗខ្លួន​ដើម្បី​ចុះ​ឈ្មោះ​ ឯ​លោក​យ៉ូសែប​វិញ​ ក៏​​ចេញ​​ពី​ក្រុង​ណាសារ៉ែត​ ក្នុង​ស្រុកកាលីឡេឆ្ពោះទៅ​ភូមិ​​​​មួយ​ ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​​​ក្នុង​ស្រុកយូដា ឈ្មោះ​បេថ្លេហិម​ ព្រោះ​គាត់​ជា​សាច់ឈាម និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​​​ ដើម្បី​ចុះឈ្មោះ​ជាមួយ​នាងម៉ារា ជាគូដណ្ដឹង​របស់​គាត់ ដែល​កំពុង​មាន​ផ្ទៃពោះ។​ ខណៈពេល​ដែល​ពួកគេ​នៅ​ទីនោះ ក៏​ដល់​ពេល​នាង​គ្រប់​ខែ​ សម្រាល​​កូន​ ហើយនាងសម្រាល​បាន​ កូនប្រុស​ម្នាក់ជា​កូន​ច្បង រួច​បាន​រុំ​នឹង​សំពត់​​ដាក់​ផ្ដេក​ក្នុង​ស្នូក ព្រោះ​ក្នុង​ផ្ទះ​សំណាក់គ្មាន​កន្លែង​សម្រាប់​​​ពួកគេ​ទេ។​

ទេវតា​ប្រាប់​អ្នកគង្វាល​អំពីកំណើត​ព្រះយេស៊ូ

​នៅក្នុង​តំបន់​​ជាមួយ​គ្នា​នោះ មាន​ពួក​អ្នក​គង្វាល​​ចៀម ​កំពុង​យាម​​ចៀម​របស់​ពួកគេ​នៅ​កណ្ដាល​វាល​ទាំងយប់។​ ​មាន​ទេវតា​មួយ​រូប ​របស់ព្រះអ​ម្ចាស់​បាន​មកឈរ​ចំពោះមុខ​ពួកគេ​ ហើយ​សិរីរុងរឿង​​របស់​ព្រះអម្ចាស់ ​បាន​ចាំង​ចែង​ជុំវិញ​ពួកគេ ដូច្នេះ​ពួកគេ​ក៏​ភ័យ​ខ្លាច​ជាខ្លាំង ​១០ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​ពួកគេ​ថា​៖ «កុំ​ខ្លាច​អី​! ដ្បិត​មើល៍ ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​​ប្រាប់​អ្នករាល់គ្នា ជា​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ ​​ដែល​នឹង​មាន​ដល់​ប្រជាជន​ទាំង​អស់ ១១ដ្បិត​ថ្ងៃនេះព្រះអង្គ​សង្គ្រោះ​មួយ​​អង្គ ​ដែល​ជា​ព្រះគិ្រស្ដ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​​មក​ឯ​អ្នករាល់គ្នា​នៅក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​​ ១២ហើយ​នេះ​ជា​ ទី​សំគាល់​សម្រាប់​អ្នករាល់គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​បុត្រ​តូច​​ដែល​គេ​រុំនឹង​សំពត់​ ដាក់​ផ្ដេក​នៅ​ក្នុង​ស្នូក»។ ​១៣រំពេច​នោះ ​​មាន​ពលទេវតា​នៃស្ថានសួគ៌​ច្រើន​កុះករ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ​ជាមួយ​ទេវតា​នោះ​ថា​៖​ ១៤«សូមឲ្យព្រះជាម្ចាស់ ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ ប្រកប​ដោយសិរីរុងរឿង ហើយ​ក្ដី​សុខសាន្ដ ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។ ១៥កាល​ពួក​ទេវតា​បាន​ចាក​ចេញ​​ពី​ពួកគេ​ទៅឯ​ស្ថានសួគ៌​វិញ ពួក​អ្នកគង្វាល​ចៀម​ ក៏​និយាយ​គ្នា​ថា​៖ «តោះ​យើង​ទៅ​​ភូមិ​​បេថ្លេហិម​ ហើយ​មើល​ហេតុការណ៍​ ដែល​បាន​កើត​ឡើង​​នេះដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ដឹង»។​ ១៦ពួកគេ​ក៏​​ធ្វើដំណើរទៅ​ជា​ប្រញាប់​ ហើយ​ឃើញ​នាង​ម៉ារា លោក​យ៉ូសែប ព្រមទាំង​បុត្រ​តូច ​​ដែល​គេ​កំពុង​ដាក់​ផ្ដេក​​ក្នុង​ស្នូក។ ​១៧កាល​បាន​ឃើញ​ហើយ ពួកគេ​ក៏​រៀបរាប់​ពី​ពាក្យ​​ ដែល​ទេវតា​បានប្រាប់​ពួក​គេ​ឲ្យ​​ដឹង​អំពី​បុត្រ​តូច​នេះ​ ១៨ឯ​មនុស្ស​ទាំង​អស់​ដែល​​​បាន​ស្ដាប់ឮ ក៏​នឹកអស្ចារ្យ​ពី​សេចក្ដី​ ដែល​​ពួក​អ្នក​គង្វាល​​ចៀម​បាន​ប្រាប់​ពួកគេ ​១៩ប៉ុន្ដែ​នាង​​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក ហើយ​ពិចារណា​នៅក្នុង​ចិត្ដ។​ ២០ពួក​អ្នក​គង្វាល​ចៀម​បាន​វិល​​ទៅវិញ​ ទាំង​ថ្វាយ​សិរី​រុង​រឿង និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះការ​ទាំងអស់ ​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​ដូច​ដែល​ទេវតា​​បាន​ប្រាប់​ពួកគេ។​

ពិធី​កាត់​ស្បែក​ និងការ​ថ្វាយ​ ទារក​យេស៊ូ

២១លុះ​គ្រប់​បាំ្របី​ថ្ងៃ​ សម្រាប់​ធ្វើ​ពិធី​កាត់​ស្បែក​​បុត្រ​តូច​ គេ​បាន​ដាក់ឈ្មោះ​បុត្រ​តូច​នោះថា យេស៊ូ ជាឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​ មុន​ពេល​​មានកំណើត​ក្នុង​ផ្ទៃ។​ ២២ដល់​ពេល​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​​ទៅតាម​ក្រឹត្យ​វិន័យ របស់​​លោក​ម៉ូសេ ពួក​គេ​ក៏​នាំយក​បុត្រ​តូច​​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់ ២៣គឺ​ដូចដែល​មាន​សេចក្ដីចែងទុក​ក្នុង​គម្ពីរវិន័យ​ របស់​ព្រះអម្ចាស់​ថា គ្រប់​កូន​ប្រុស​ ដែល​កើត​ពី​ផ្ទៃ​មុនដំបូង​ នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​​សម្រាប់​ព្រះអ​ម្ចាស់​​​ ២៤ហើយ​តាម​សេចក្ដី​ដែល​បាន​ចែង​​ទុក​ក្នុង​គម្ពីរវិន័យ​​របស់​ព្រះអម្ចាស់​ គឺ​ត្រូវ​ថ្វាយ​លលក​មួយគូ ឬ​ព្រាប​​ជំទើរ​ពីរ​​ជា​យញ្ញ​បូជា។

លោកស៊ីម្មាន​ថ្លែង​ព្រះបន្ទូល

២៥មើល៍ នៅ​ក្រុង​យេរូសាឡិម​​មាន​បុរស​ម្នាក់​ ឈ្មោះ​ស៊ីម្មាន​ ជា​មនុស្ស​សុចរិត ហើយជា​អ្នកគោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ គាត់​កំពុង​រង់ចាំ​ការ​សម្រាល​ទុក្ខ​សម្រាប់​​អ៊ីស្រាអែល​ ហើយ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ បាន​សណ្ឋិត​លើ​គាត់។​ ២៦ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​បើកសំដែង​​​​ឲ្យគាត់​ដឹង​ថា គាត់​នឹង​​មិន​ជួប​សេចក្តីស្លាប់​ឡើយ​ មុន​ពេល​បាន​ឃើញ​ព្រះគិ្រស្ដ​​របស់​ព្រះអម្ចាស់។​ ២៧ព្រះ​វិញ្ញាណ បាន​នាំ​គាត់​​​ចូល​មក​ក្នុង​ព្រះ​វិហារ​ ពេល​ដែលឪពុកម្ដាយ ​បាន​នាំ​បុត្រ​តូច​​យេស៊ូ​ចូល​មក​ក្នុង ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​​​​ក្នុង​គម្ពីរ​វិន័យ​ សម្រាប់​បុត្រ​តូច។​​​ ២៨លោក​ស៊ីម្មាន ​បាន​ទទួល​យក​​បុត្រ​តូច​នោះ​មកបី​នៅក្នុង​ដៃ ហើយ​គាត់​បាន​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ ដោយ​​និយាយ​​ថា​៖ ២៩«ឱ​​ ព្រះអម្ចាស់​អើយ​! សូម​ដកយក​បាវបម្រើ​របស់​ព្រះអង្គ​ ទៅ​ក្នុង​សេចក្ដីសុខសាន្ដ​ ​នៅ​ពេល​ឥឡូវ​នេះតាម​ព្រះបន្ទូល​របស់​ព្រះ​អង្គ​ចុះ។​ ៣០ដ្បិត​​ភ្នែក​របស់ខ្ញុំ បាន​​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះអង្គ ៣១ដែល​ព្រះអង្គ​បាន​ផ្ដល់ឲ្យនៅ​ចំពោះ​​មុខ​ប្រជា​ជន​ទាំងអស់​ ៣២គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍ដទៃ និង​​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ ដែល​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ»។​ ៣៣ឪពុក​ម្ដាយ​របស់​​​បុត្រតូច​នឹកអស្ចារ្យ​ ពី​សេចក្ដី​ទាំងឡាយ​​ដែល​បាន​ពោល​អំពី​ព្រះអង្គ។​ ៣៤លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ និង​បាន​​និយាយ​ទៅ​នាងម៉ារា ​ជា​ម្ដាយ​ថា​៖ «មើល៍ កូន​នេះ​ត្រូវបាន​កំណត់​សម្រាប់​ការ​ជំពប់ដួល និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល ហើយ​ជា​ទីសំគាល់​ដែល​​ត្រូវ​គេ​ប្រឆាំង​ ៣៥ឯ​អ្នក​វិញ​ នឹង​មាន​ដាវ​មួយ​ចាក់ទម្លុះ​ព្រលឹង​របស់អ្នក ​ដើម្បី​ឲ្យ​ចិត្ដគំនិត​របស់​មនុស្ស​​​ជាច្រើន​ បានសំដែង​​​ចេញ​ពី​ខាង​ក្នុងមក»។​

នាង​អាណថ្លែង​ព្រះបន្ទូល

៣៦មាន​អ្នកនាំព្រះបន្ទូល ស្រី​ម្នាក់​ ឈ្មោះ​អាណ​ ជា​កូនស្រី​របស់​លោក​ ផាញូអែល​មកពី​កុល​សម្ព័ន្ធ​​អេស៊ើរ។​ ស្ដ្រីម្នាក់​នេះ ​មាន​វ័យ​ចាស់​ជរា​​ទៅ​ហើយ ក្រោយពី​វ័យក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ​ ៣៧រួច​គាត់​ក៏​នៅ​មេម៉ាយ​ រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ គាត់​មិនដែល​ចាក​ចេញ​​ពី​ព្រះ​វិហារ​ឡើយ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​​តម​អាហារ​ និង​អធិស្ឋាន​ផង។ ៣៨​នៅវេលា​នោះ គាត់​​បាន​មកក្បែរ ហើយ​អរព្រះគុណ​ព្រះជាម្ចាស់ និង​បាន​ប្រកាស​ប្រាប់អំពី​ព្រះអង្គដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹងរង់ចាំ ​សេចក្តី​ប្រោសលោះ​របស់​ក្រុងយេរូសាឡិម។​

គ្រួសារ​ព្រះយេស៊ូ​ត្រលប់​មក​ ក្រុងណាសារ៉ែត​

៣៩កាល​​ធ្វើ​តាម​គម្ពីរ​​វិន័យ​​របស់​ព្រះអម្ចាស់​សព្វគ្រប់​ហើយ ពួកគេ​ក៏​វិលត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ គឺ​ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត​ ជា​ក្រុង​​របស់​ពួកគេ។​ ៤០កុមារ​យេស៊ូបាន​ចម្រើន​វ័យឡើង ទាំងមាន​កម្លាំង​មាំមួន ​ពោរពេញ​ដោយ​​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារ​នោះ។​

កុមារ​យេស៊ូនិយាយ​ជាមួយ​ពួក​គ្រូ​​

៤១ជារៀងរាល់​ឆ្នាំ ​ឪពុក​​ម្ដាយ​​​របស់​កុមារ​យេស៊ូ​ បាន​ធ្វើដំណើរ​ទៅ​ក្រុង​​យេរូសាឡិម​​ដើម្បី​​ធ្វើ​ពិធីបុណ្យ​រំលង។​ ៤២លុះ​ព្រះយេស៊ូ​ ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ពួកគេ​ក៏​ឡើងទៅ​ តាម​ទំនៀម​ទម្លាប់​នៃ​ពិធីបុណ្យ។​ ៤៣​កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ ​ពួកគេ​ក៏​វិលត្រល​ប់​ទៅវិញ ឯ​កុមារ​​យេស៊ូនៅក្នុង​ក្រុង​យេរូសាឡិម​​​នៅឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​ ៤៤ព្រោះ​ស្មានថា​ ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួនធ្វើ​ដំណើរ។​ កាល​ពួកគេ​​ធ្វើ​ដំណើរបាន​មួយ​ថ្ងៃ ពួកគេ​ក៏​តាម​រក​ព្រះអង្គ ក្នុងចំណោម​សាច់ញាតិ និង​ពួក​អ្នក​ស្គាល់​​គ្នា​ ៤៥ប៉ុន្ដែ​ពេល​​រក​​មិន​ឃើញ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូ​សាឡិម​​វិញដើម្បីតាមរក​ព្រះអង្គ។ ៤៦​បី​ថ្ងៃ​ក្រោយមក​ ពួកគេ​បាន​រក​ឃើញ​​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ ​កំពុង​អង្គុយ​ស្ដាប់​ និងសួរ​សំណួរ​នៅកណ្ដាល​ចំណោម​ពួក​គ្រូ។ ៤៧អស់​​អ្នកដែល​បាន​ស្តាប់​ព្រះអង្គ​ បាន​នឹកអស្ចារ្យ​ពី​តម្រិះប្រាជ្ញានិង​ចម្លើយ​របស់​ព្រះអង្គ។ ៤៨កាល​​​ឪពុក​ម្ដាយបាន​ជួប​ព្រះអង្គ​ហើយ ក៏​ភាំង​ស្មារតី រួច​ម្ដាយ​​​សួរ​ថា​៖ «កូន​អើយ! ហេតុអ្វី​ បាន​ជា​​កូន​ធ្វើ​យ៉ាង​ដូច្នេះ​​ចំពោះ​ឪពុក​ម្ដាយ​​ មើល៍ ម្ដាយ និង​ឪពុក​របស់​កូន​បាន​តាមរក​កូន​ ទាំង​ព្រួយ​ចិត្ដ»។ ៤៩ប៉ុន្ដែ ​ព្រះយេស៊ូ​​ក៏​មានបន្ទូល​ទៅ​ឪពុក​ម្ដាយ​​ថា​៖ «ហេតុអ្វី​បានជា​ពុកម៉ែ​តាម​រក​​ខ្ញុំ​ដូច្នេះ តើ​ពុកម៉ែ​មិន​ដឹង​ទេ​ឬថា ខ្ញុំ​ត្រូវ​នៅ​ជាប់​ក្នុង​កិច្ចការ ​នៃព្រះវរបិតា​របស់​ខ្ញុំ​?» ៥០ពួកគេ​មិន​យល់​ពាក្យ​សំដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​​ ទៅ​ពួកគេ​ទេ។​ ៥១បន្ទាប់​​មក ព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ ជា​មួយ​​ឪពុកម្ដាយ​វិញ ហើយ​ព្រះអង្គ​បាន​ស្ដាប់បង្គាប់​ពួកគេ ឯម៉ារា​​ បាន​រក្សា​ហេតុ​ការណ៍​ទាំងអស់​ទុក​ក្នុង​ចិត្ដ។​ ៥២ព្រះយេស៊ូ​​កាន់​តែ​ចម្រើនវ័យ​ឡើង​ទាំង​រូបកាយ និង​បា្រជ្ញា ហើយបាន​ជាទី​គាប់ ​ព្រះហឫទ័យ​ព្រះជាម្ចាស់ និង​ចិត្ដ​មនុស្សផង។

លូកា ២