លូកា ១៨
រឿងស្ត្រីមានចិត្ដតស៊ូ
១៨ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយអំពីភាពចាំបាច់ ដែលត្រូវអធិស្ឋានជានិច្ច ទាំងមិនត្រូវរសាយចិត្ដ ២ថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនកោតក្រែងមនុស្សណាដែរ។ ៣នៅក្នុងក្រុងនោះ ក៏មានស្រ្ដីមេម៉ាយម្នាក់ ចេះតែមករកគាត់ទាំងនិយាយថា សូមលោករកយុត្តិធម៌ពីគូវិវាទរបស់ខ្ញុំ ឲ្យខ្ញុំផង។ ៤ក្នុងមួយរយៈពេលនោះ ចៅក្រមមិនព្រមទេ ប៉ុន្ដែក្រោយមក គាត់បានគិតនៅក្នុងចិត្ដថា ទោះបីខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់ ឬមិនកោតក្រែងមនុស្សណាមែនក៏ដោយ ៥ប៉ុន្ដែដោយព្រោះ ស្រ្ដីមេម៉ាយនេះចេះតែមករំខានខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាងម្ដងចុះ បើមិនដូច្នោះទេ ខ្ញុំមុខជាធុញទ្រាន់នឹងការដែលនាងចេះតែមកមិនខាន»។ ៦ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ «ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនេះនិយាយចុះ ៧ដូច្នេះតើព្រះជាម្ចាស់ មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំងដែលអំពាវនាវទៅព្រះអង្គទាំងយប់ ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ? ៨ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គមុខជារកយុត្ដិធម៌សម្រាប់ពួកគេ ដោយរួសរាន់ ប៉ុន្ដែកាលណាកូនមនុស្សមកដល់ តើលោកនឹងឃើញជំនឿនៅលើផែនដីឬទេ?»
រឿងអ្នកខាងគណៈផារិស៊ី និងអ្នកទារពន្ធដារ
៩ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៀតនេះទៅអ្នកខ្លះ ដែលគិតថា ខ្លួនឯងសុចរិត ហើយមើលងាយអ្នកដទៃថា៖ ១០«មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។ ១១អ្នកខាងគណៈផារិស៊ី បានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ ដែលខ្ញុំមិនដូចជាមនុស្សដទៃទៀត ដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើ យ ក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។ ១២ខ្ញុំបានតមអាហារពីរដង ក្នុងមួយសប្តាហ៍ ខ្ញុំថ្វាយមួយភាគដប់គ្រប់របស់ទាំងឡាយដែលខ្ញុំរកបាន។ ១៣ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ាន ងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយ ទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។ ១៤ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលម្នាក់នេះទៅដល់ផ្ទះវិញ គាត់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ មិនមែនអ្នកខាងគណៈផារិស៊ីម្នាក់នោះទេ ដ្បិតអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួន នឹងត្រូវលើកតម្កើងវិញ»។
ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
១៥ពួកគេនាំក្មេងៗ មកឯព្រះអង្គដែរ ដើម្បីឲ្យព្រះអង្គពាល់ពួកវា ប៉ុន្ដែពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីបន្ទោសអ្នកទាំងនោះ ១៦ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ ១៧ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា អ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់ដូចជាកូនក្មេង អ្នកនោះមិនអាចចូល ទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។
បុរសអ្នកមានជួបព្រះយេស៊ូ
១៨មានអ្នកគ្រប់គ្រងម្នាក់ បានសួរព្រះអង្គថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?» ១៩ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថា ល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។ ២០អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក» ២១ប៉ុន្ដែគាត់ទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះ តាំងពីខ្ញុំនៅវ័យជំទង់ម៉្លេះ» ២២ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ» ២៣ពេលបានឮសេចក្ដីទាំងនេះ គាត់ប្រែជាព្រួយចិត្ដណាស់ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
ទ្រព្យសម្បត្ដិ និងនគរព្រះជាម្ចាស់
២៤កាលព្រះយេស៊ូ ឃើញគាត់ប្រែជាព្រួយចិត្ដដូច្នេះ ក៏មានបន្ទូលថា៖ «អ្នកមាន ពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់ ២៥ដ្បិតសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលក្នុង នគរព្រះជាម្ចាស់ទៅទៀត» ២៦ពួកអ្នកដែលឮក៏ទូលសួរថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» ២៧ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។ ២៨លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក» ២៩ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា គ្មានអ្នកណាដែលលះបង់ផ្ទះសំបែង ប្រពន្ធកូន ឪពុកម្ដាយ បងប្អូនព្រោះយល់ដល់នគរព្រះជាម្ចាស់ ៣០មិនបានទទួលច្រើនលើសលប់នៅពេលនេះទេ ហើយនៅគ្រាមកដល់នឹងទទួលបានជីវិតអស់កល្បជានិច្ចទៀតផង»។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនជាលើកទីបីអំពីការសោយទិវង្គតរបស់ព្រះអង្គ
៣១កាលព្រះអង្គ នាំសាវកទាំងដប់ពីរទៅជាមួយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានចែងទុកអំពីកូនមនុស្ស នឹងបានសម្រេច។ ៣២ដ្បិតពួកគេនឹងប្រគល់លោក ឲ្យពួកសាសន៍ដទៃដើម្បីឲ្យពួកគេចំអក ធ្វើបាប ស្ដោះទឹកមាត់ដាក់ ៣៣វាយនឹងខ្សែតី ហើយសម្លាប់ ប៉ុន្ដែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ៣៤ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដី ដែលព្រះអង្គ បាន មានបន្ទូលទេ។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់
៣៥កាលព្រះអង្គយាង ជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ ៣៦ពេលឮបណ្ដាជន កំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វី ដែលកើតឡើងនេះ ៣៧ពួកគេបា្រប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ» ៣៨គាត់ក៏ស្រែកថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង» ៣៩ពួកអ្នកដើរនៅខាងមុខ បានបន្ទោសគាត់ឲ្យ នៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្តាដល់ខ្ញុំផង!»។ ៤០ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំ មនុស្សខ្វាក់នោះ មកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖ ៤១«តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!» ៤២ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ៤៣ភ្លាមនោះគាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គ ទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។