លូកា ១៦
រឿងមេការដ៏ទុច្ចរិត
១៦ព្រះយេស៊ូ មានបន្ទូលទៅ ពួកសិស្ស របស់ព្រះអង្គទៀតដែរថា៖ «បុរស អ្នកមានម្នាក់ មានមេការម្នាក់ដែលត្រូវបានគេប្ដឹងថា បានបង្ហិនទ្រព្យសម្បត្ដិរបស់គាត់។ ២ដូច្នេះ គាត់ក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។ ៣មេការនោះក៏គិតក្នុងចិត្ដថា តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ព្រោះចៅហ្វាយរបស់ខ្ញុំដកយកតួនាទីមើលការខុសត្រូវ ពីខ្ញុំវិញហើយ? ខ្ញុំគ្មានកម្លាំងកាប់គាស់ទេ ហើយបើសុំទានក៏ខ្មាសគេដែរ។ ៤ខ្ញុំដឹងហើយថា ខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនោះ ដើម្បីនៅពេលណា លោកដកខ្ញុំពីតួនាទីមើលការខុសត្រូវ មនុស្សមុខជាស្វាគមន៍ខ្ញុំ នៅក្នុងផ្ទះរបស់ពួកគេមិនខាន។ ៥គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់ម្នាក់ម្ដងៗមក រួចសួរទៅអ្នកទីមួយថា តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន? ៦អ្នកនោះប្រាប់ថាប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះ សរសេរដាក់ថាហាសិបធុងជាប្រញាប់។ ៧គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញតើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថា ប៉ែតសិប។ ៨ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។ ៩ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្តភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្តភក្តិអាចស្វាគមន៍អ្នករាល់គ្នា មកក្នុងលំនៅអស់កល្បជានិច្ច។ ១០អ្នកណាដែលស្មោះត្រង់ក្នុងការតូច នោះក៏ស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូច នោះក៏ទុច្ចរិតក្នុងការធំដែរ។ ១១ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយនឹង ទ្រព្យសម្បត្ដិលោកិយផង តើអ្នកណានឹងទុកចិត្ដអ្នករាល់គ្នាជាមួយទ្រព្យសម្បត្ដិពិតប្រាកដ? ១២ហើយប្រសិនបើអ្នករាល់គ្នា មិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នា ទៅអ្នករាល់គ្នាបាន? ១៣គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬក៏ស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត ឯអ្នករាល់គ្នាវិញ មិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ»។ ១៤កាលពួកអ្នកខាងគណៈផារិស៊ី ដែលស្រឡាញ់លុយ បានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ ១៥ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថា សុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។ ១៦ដ្បិតគម្ពីរវិន័យ និងអ្នកនាំព្រះបន្ទូលទាំងអស់បានថ្លែងទុកអំពីការនេះរហូតដល់ជំនាន់លោកយ៉ូហាន ប៉ុន្ដែ ចាប់ពីនោះមក គេប្រកាស អំពីនគរព្រះជាម្ចាស់វិញ ហើយមនុស្សគ្រប់គ្នា កំពុងខំប្រឹងចូលទៅក្នុងនគរនោះ។ ១៧ផ្ទៃមេឃ និងផែនដី ងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយ នៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។ ១៨អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការនឹងស្រ្ដីម្នាក់ទៀត នោះផិតក្បត់ហើយ ឯបុរសណាដែលរៀបការនឹងស្រ្ដីប្ដីលែង នោះក៏ផិតក្បត់ដែរ។
រឿងអ្នកមាន និងឡាសារ
១៩មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿង ជារៀងរាល់ថ្ងៃ។ ២០មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់ នៅមាត់ទ្វាររបស់អ្នកមាននោះ។ ២១គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។ ២២ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់ ២៣ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក ២៤គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។ ២៥លោកអ័ប្រាហាំក៏ប្រាប់គាត់វិញថា កូនអើយ! ចូរចាំថា កូនបានទទួលរបស់ល្អៗរួចហើយកាលកូននៅមានជីវិត ឯឡាសារវិញអភ័ព្វណាស់ ប៉ុន្ដែឥឡូវនេះគាត់ត្រូវទទួលសេចក្ដីក្សេមក្សាន្ដនៅទីនេះ ឯកូនវិញត្រូវរងទុក្ខវេទនា។ ២៦លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះ ពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។ ២៧អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង ២៨ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀតដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែ ង លោ ពួកគេមកកន្លែងរងទារុណកម្មនេះដែរ។ ២៩ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។ ៣០គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។ ៣១ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។