លូកា ១៤
ការពិភាក្សាអំពីថ្ងៃសប្ប័ទ
១៤នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាង ទៅបរិភោគអាហារនៅផ្ទះរបស់អ្នកដឹកនាំខាងគណៈផារិស៊ីម្នាក់ ពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់ ២ហើយមើល៍ នៅចំពោះព្រះភក្រ្ដព្រះអង្គ មានបុរសម្នាក់មានជំងឺទាច។ ៣ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជា នៅថ្ងៃសប្ប័ទដែរឬទេ?»៤ប៉ុន្ដែ ពួកគេនៅស្ងៀម ដូច្នេះព្រះអង្គក៏ចាប់គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចក៏ឲ្យគាត់ចេញទៅ។ ៥បន្ទាប់មក ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានកូនម្នាក់ ឬគោមួយក្បាល ធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ តើមិនស្រង់វាភ្លាមៗទេឬ?» ៦ពួកគេមិនអាច ឆ្លើយតបនឹងសំណួរទាំងនេះបានឡើយ។
សេចក្ដីបង្រៀនអំពីការបន្ទាបខ្លួន
៧កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើស កន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖ ៨«ពេលអ្នកណាម្នាក់អញ្ជើញអ្នកទៅពិធីមង្គលការ ចូរអ្នកកុំអង្គុយនៅកន្លែងកិត្ដិយសអី ក្រែងលោអ្នកនោះបានអញ្ជើញ អ្នកមានកិត្ដិយសជាងអ្នកមកដែរ។ ៩ពេលនោះ អ្នកដែលបានអញ្ជើញអ្នក និងភ្ញៀវនោះនឹងមកប្រាប់អ្នកថា សូមឲ្យកន្លែងនេះទៅគាត់ នោះអ្នកមុខជាបានកន្លែងនៅខាងក្រោយបំផុត ទាំងអាម៉ាស់មុខមិនខាន។ ១០ដូច្នេះពេលគេអញ្ជើញអ្នកទៅបរិភោគ អាហារ ចូរអង្គុយនៅកន្លែងខាងក្រោយបំផុត ដើម្បីពេលណាអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា សម្លាញ់អើយ! សូមឡើងមកកន្លែងកិត្ដិយស នោះអ្នកមុខជាខ្ពស់មុខនៅចំពោះមុខភ្ញៀវទាំងឡាយ ដែលអង្គុយរួមតុជាមួយអ្នកមិនខាន ១១ដ្បិតអ្នកណាលើកតម្កើងខ្លួន នឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួន នឹងត្រូវលើកតម្កើងវិញ»។ ១២ព្រះអង្គបានមានបន្ទូលទៅអ្នកដែលអញ្ជើញព្រះអង្គដែរថា៖ «ពេលអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ចូរកុំអញ្ជើញមិត្ដភក្ដិ បងប្អូន សាច់ញាតិ ឬអ្នកជិតខាងរបស់អ្នកដែលជាអ្នកមានឡើយ ក្រែងលោពួកគេនឹងអញ្ជើញអ្នកដូច្នេះដែរ ហើយវាក៏ត្រលប់ជាការតបស្នងចំពោះអ្នកវិញ។ ១៣ប៉ុន្ដែពេលអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញអ្នកក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់វិញ ១៤នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
រឿងពិធីជប់លៀងដ៏ធំមួយ
១៥ពេលឮសេចក្ដីទាំងនេះ ភ្ញៀវម្នាក់ក្នុងចំណោម ពួកភ្ញៀវអង្គុយរួមតុជាមួយព្រះអង្គបានទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់» ១៦តែព្រះអង្គបានមានបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់ រៀបចំពិធីជប់លៀងពេលល្ងាចដ៏ធំមួយ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើន ១៧លុះដល់ពេលម៉ោងអាហារពេលល្ងាច គាត់បានចាត់បាវបម្រើរបស់គាត់ឲ្យទៅប្រាប់ពួកភ្ញៀវ ដែលបានអញ្ជើញថា សូមអញ្ជើញមក ដ្បិតអ្វីៗបានរៀបចំរួចរាល់ហើយ! ១៨ប៉ុន្ដែភ្ញៀវទាំងអស់ បានចាប់ផ្តើមដោះសាបន្ដបន្ទាប់គ្នា គឺអ្នកទីមួយប្រាប់បាវបម្រើនោះថា ខ្ញុំបានទិញចម្ការមួយកន្លែង ហើយខ្ញុំត្រូវទៅមើលចម្ការ សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង។ ១៩ម្នាក់ទៀតប្រាប់ថា ខ្ញុំបានទិញគោប្រាំនឹម ហើយខ្ញុំត្រូវទៅសាកទឹមពួកវា សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង ២០ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។ ២១កាលបានមកដល់ហើយ បាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់ ពីសេចក្ដីទាំងនេះ ពេលនោះម្ចាស់ដំណាក់ខឹងណាស់ ក៏ប្រាប់ទៅបាវបម្រើរបស់គាត់ថា ចូរចេញទៅតាមផ្លូវទាំងធំ ទាំងតូចក្នុងក្រុងជាប្រញាប់ ហើយចូរនាំអ្នកក្រ មនុស្សពិការ មនុស្សខ្វាក់ និងមនុស្សខ្វិនមកទីនេះចុះ។ ២២បន្ទាប់មកបាវបម្រើនោះបានប្រាប់ថា លោកម្ចាស់ អ្វីដែលលោកបានបង្គាប់ បានធ្វើរួចហើយ ប៉ុន្ដែនៅមានកន្លែងសល់ទៀត ២៣ចៅហ្វាយក៏បា្រប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ ២៤ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នក ដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេល ល្ងាចរបស់ខ្ញុំឡើយ!»
ការលះបង់នៅក្នុងការដើរតាម ព្រះយេស៊ូ
២៥មានបណ្ដាជនច្រើនកុះករបានមកជាមួយព្រះអង្គ ហើយព្រះអង្គបានបែរមកមានបន្ទូលនឹងពួកគេថា៖ ២៦«បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជា សិស្សរបស់ខ្ញុំបានឡើយ ២៧ហើយអ្នកណា មិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះក៏មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ ២៨ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថា មានគ្រប់គ្រាន់ នឹងធ្វើឲ្យរួចរាល់ឬអត់? ២៩ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើម ចំអកឲ្យជាមិនខាន ៣០ទាំងនិយាយថា អ្នកនេះចាប់ផ្ដើមសាងសង់បាន ប៉ុន្ដែមិនអាចធ្វើរួចរាល់។ ៣១ពេលស្ដេចមួយអង្គ ទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់ អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ ដែលកំពុងមកច្បាំងនោះបាន? ៣២បើមិនបានទេ ស្ដេចនោះនឹងចាត់ទូតឲ្យទៅ សុំចរចារកសន្ដិភាព នៅពេលដែលស្តេចមួយទៀតនៅឆ្ងាយនៅឡើយ។ ៣៣ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ ៣៤អំបិលល្អទេ ប៉ុន្ដែបើអំបិលប្រែជាបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យវាប្រៃវិញបាន? ៣៥វាគ្មានប្រយោជន៍អ្វីទៀតឡើយ ទោះជាប្រើសម្រាប់ដី ឬជីក៏ដោយ គឺមានតែបោះចោលទៅក្រៅ។ អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»