លូកា ១១
ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន
១១ថ្ងៃមួយកាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហាន បានបង្រៀនពួកសិស្សរបស់គាត់ដែរ»។ ២ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរនិយាយថា ឱ ព្រះវរបិតាអើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គ បានបរិសុទ្ធ សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់។
៣សូមប្រទានអាហារប្រចាំថ្ងៃ ដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
៤សូមលើកលែងទោសបាប របស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏បានលើកលែងទោសដល់អស់អ្នក ដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយកុំបណ្តោយឲ្យយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ»។
៥ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «សន្មតថា ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានសម្លាញ់ ហើយអ្នកនោះបានមករកសម្លាញ់របស់ខ្លួន ទាំងកណ្ដាលអធ្រាត្រ និងបាននិយាយថា សម្លាញ់អើយ! ឲ្យខ្ញុំខ្ចីនំបុ័ងបីដុំមក ៦ដ្បិតសម្លាញ់ខ្ញុំម្នាក់ បានធ្វើដំណើរមកលេងខ្ញុំ ហើយខ្ញុំគ្មានអ្វីរៀបចំទទួលគាត់ទេ។ ៧សម្លាញ់នោះក៏តបពីខាងក្នុងមកវិញថា កុំរំខានខ្ញុំអី ទ្វារក៏បានបិទរួចហើយ ឯកូនៗរបស់ខ្ញុំ នៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកយកអ្វីឲ្យអ្នកបានទេ។ ៨ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយ ក៏គង់តែអ្នកនោះក្រោកឡើងយកឲ្យគាត់តាមសេចក្ដីត្រូវការ ដោយព្រោះការទទូចសុំរបស់គាត់ដែរ។ ៩ដូច្នេះខ្ញុំបា្រប់អ្នករាល់គ្នាថា ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។ ១០ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ ១១តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ? ១២ឬឲ្យខ្យាដំរីដល់កូន ពេលកូនសុំពងមាន់ដែរឬទេ? ១៣ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះព្រះវរបិតារបស់អ្នករាល់គ្នា ដែលនៅស្ថានសួគ៌ នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នក ដែលសុំពីព្រះអង្គលើសជាងនេះទៅទៀត!»
ព្រះយេស៊ូ និងអារក្សបេលសេប៊ូល
១៤ព្រះយេស៊ូ កំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្តាជននឹកអស្ចារ្យ ១៥ប៉ុន្ដែមានអ្នកខ្លះ ក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្ស ដោយសារមេអារក្សបេលសេប៊ូលទេតើ» ១៦អ្នកខ្លះទៀតល្បងលព្រះអង្គ ដោយរកទីសំគាល់នៃស្ថានសួគ៌ពីព្រះអង្គ ១៧ប៉ុន្ដែកាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ឯគ្រួសារណាបែកបាក់គ្នា នោះដួលរលំហើយ១៨បើអារក្សសាតាំងបែកបាក់គ្នាវា តើនគររបស់ពួកវា នឹងស្ថិតស្ថេរយ៉ាងដូចម្តេចបាន? ដ្បិតអ្នករាល់គ្នានិយាយថា ខ្ញុំបណ្ដេញពួកអារក្ស ដោយសារអារក្សបេលសេប៊ូល ១៩ហើយបើខ្ញុំបណ្ដេញពួកអារក្ស ដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជា ចៅក្រមរបស់អ្នករាល់គ្នា ២០ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្ស ដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់ បានមកដល់អ្នករាល់គ្នាហើយ។ ២១នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។ ២២ប៉ុន្ដែនៅពេល មនុស្សខ្លាំងជាងគាត់មកយកឈ្នះលើគាត់ អ្នកនោះនឹងដកយកអាវុធជាទីទុកចិត្ដរបស់គាត់ចេញ រួចក៏យករបស់ ដែលប្លន់បានទៅចែកគ្នាទៀតផង។ ២៣អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។២៤ពេលវិញ្ញាណអាក្រក់ ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញ ដែលអញបានចេញមកនោះវិញ ២៥ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង ២៦នោះវាក៏ទៅនាំ វិញ្ញាណប្រាំពីរទៀត ដែលអាក្រក់ជាងវា ចូលទៅនៅទីនោះ ដូច្នេះ ស្ថានភាពក្រោយរបស់មនុស្សនេះ នឹងអាក្រក់ជាងមុនទៅទៀត»។ ២៧នៅពេល ព្រះអង្គកំពុងមានបន្ទូលពីសេចក្តីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជន ទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។ ២៨ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
ទីសំគាល់នៃលោកយ៉ូណាស
២៩កាលបណ្តាជនកំពុងជួបជុំគ្នាច្រើនឡើងៗ ព្រះអង្គចាប់ផ្តើមមានបន្ទូលថា៖ «ជំនាន់នេះជាជំនាន់អាក្រក់ណាស់ គេស្វែងរកតែទីសំគាល់ទេ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ៣០ដ្បិតលោកយ៉ូណាសបានត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណា កូនមនុស្សក៏នឹងត្រលប់ជាទីសំគាល់មួយដល់ជំនាន់នេះជាយ៉ាងនោះដែរ។ ៣១នៅគ្រាជំនុំជម្រះ ម្ចាស់ក្សតី្រភាគខាងត្បូង នឹងក្រោកឡើងជាមួយនឹងមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្តេចសាឡូម៉ូន តែម្នាក់ដែលវិសេសជាងស្តេចសាឡូម៉ូន នៅទីនេះស្រាប់ហើយ។ ៣២នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះគេបានប្រែចិត្ដ ពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែ ម្នាក់ដែលវិសេសជាងលោកយ៉ូណាស នៅទីនេះស្រាប់ហើយ។
ការទទួលយកពន្លឺ
៣៣គ្មានអ្នកណា អុជចង្កៀងដាក់នៅទីកំបាំង ឬនៅក្រោមថាំងទេ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចមើលឃើញពន្លឺនោះ។ ៣៤ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺ ប៉ុន្ដែពេលភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកនឹងត្រលប់ជាងងឹតសូន្យសុង។ ៣៥ដូច្នេះចូរពិចារណាចុះ ដើម្បីកុំឲ្យពន្លឺនៅក្នុងអ្នកប្រែជាសេចក្ដីងងឹត ៣៦ហើយបើរូបកាយទាំងមូលរបស់អ្នកភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះរូបកាយទាំងមូលក៏ភ្លឺដូចជានៅពេលដែលពន្លឺចង្កៀង បំភ្លឺអ្នកដែរ»។
ព្រះយេស៊ូរិះគន់ពួកមេដឹកនាំសាសនា
៣៧ពេលព្រះអង្គកំពុងមានបន្ទូលមានអ្នកខាងគណៈផារិស៊ីម្នាក់បានទូលសូមឲ្យព្រះអង្គបរិភោគអាហារ ជាមួយគាត់ព្រះអង្គក៏ចូលទៅ អង្គុយនៅតុអាហារ។
៣៨ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាត នៅមុនពេលបរិភោគអាហារ។ ៣៩ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាអ្នកខាងគណៈផារិស៊ីសំអាតពែង និងចានតែខាងក្រៅ ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាវិញ ពេញដោយសេចក្ដីលោភលន់ និងសេចក្ដីអាក្រក់។ ៤០ពួកមនុស្សល្ងង់អើយ! ព្រះដែលបានបង្កើតខាងក្រៅ តើព្រះអង្គមិនបង្កើតខាងក្នុងដែរទេឬ? ៤១ដូច្នេះចូរយករបស់នៅខាងក្នុងមកចែកទាន នោះរបស់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។ ៤២វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ី ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម រមៀត និងបន្លែគ្រប់មុខ ប៉ុន្ដែអ្នករាល់គ្នាល្មើសលើសេចក្ដីយុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវប្រព្រឹត្ដតាមសេចក្ដីទាំងនេះ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវល្មើសនឹងសេចក្ដីទាំងនេះដែរ។ ៤៣វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។ ៤៤វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរ ដែលគេមើលមិនដឹង ហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន» ៤៥មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់ បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ» ៤៦ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកធ្ងន់ ដែលពិបាកធ្វើតាមលើមនុស្ស ប៉ុន្ដែអ្នករាល់គ្នាវិញ មិនបានយកម្រាមដៃណាមួយមកប៉ះ បន្ទុកទាំងនេះសោះឡើយ។ ៤៧វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូប របស់ពួកអ្នកនាំព្រះបន្ទូល ដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។ ៤៨ដូច្នេះ អ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាក៏យល់ស្របនឹង អំពើរបស់ដូនតាអ្នករាល់គ្នាដែរ គឺដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ ឯអ្នករាល់គ្នាវិញសង់ស្ដូបឲ្យពួកគេ។ ៤៩ដូច្នេះហើយព្រះជាម្ចាស់ក៏បានមានបន្ទូល ដោយព្រះប្រាជ្ញាញាណថា យើងនឹងចាត់ពួកអ្នកនាំព្រះបន្ទូល និងពួកសាវកឲ្យទៅឯពួកគេ ប៉ុន្ដែពួកគេនឹងសម្លាប់ ហើយបៀតបៀនអ្នកខ្លះ ក្នុងចំណោមអ្នកទាំងនោះ ៥០ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ ដែលត្រូវបានកម្ចាយ តាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ ៥១គឺចាប់ពីឈាមរបស់លោកអេបិល រហូតដល់ឈាមរបស់លោកសាការីដែលត្រូវបានសម្លាប់ នៅចន្លោះកន្លែងថ្វាយតង្វាយ និងដំណាក់របស់ព្រះជាម្ចាស់។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះ នឹងត្រូវទារពីជំនាន់នេះវិញ។ ៥២វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាបានដកយកកូនសោនៃចំណេះដឹង រួចអ្នករាល់គ្នាមិនចូលទេ ថែមទាំងរារាំងអ្នកដែលកំពុងចូលទៀតផង»។
៥៣ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្តើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន ៥៤ហើយលបចាប់កំហុសនូវអ្វីដែលព្រះអង្គមានបន្ទូល។