លូកា ១
លូកា
អារម្ភកថា
១មានមនុស្សជាច្រើន បានព្យាយាមចងក្រងរឿងរ៉ាវ អំពីហេតុការណ៍ទាំងឡាយ ដែលបានសម្រេចនៅក្នុងចំណោមយើង ២គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែក តាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង ៣ដូច្នេះលោកថេវភីលជាទីគោរព ដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថា ជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក ៤ដើម្បីឲ្យលោកដឹងថា សេចក្ដីទាំងឡាយ ដែលលោកបានរៀន មក នោះ ជាការពិតប្រាកដ។
ការប្រាប់ឲ្យដឹងជាមុនអំពីកំណើត លោកយ៉ូហាន
៥នៅសម័យស្ដេចហេរ៉ូឌ ជាស្តេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិតជាពូជពង្សរបស់លោកអើរ៉ុន ៦ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ ៧ប៉ុន្តែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្រ្តីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។ ៨ថ្ងៃមួយជាវេនក្រុមរបស់គាត់ ហើយគាត់ត្រូវបំពេញតួនាទីជាសង្ឃនៅចំពោះព្រះជាម្ចាស់ ៩ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃ ដើម្បីចូលដុតគ្រឿងក្រអូប ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ១០នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករ បានអធិស្ឋានទាំងអស់គ្នា នៅខាងក្រៅ ១១នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។ ១២កាលលោកសាការីឃើញ គាត់ក៏តក់ស្លុត ហើយមានសេចក្ដីភ័យខ្លាច ១៣ប៉ុន្ដែទេវតានោះ បាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់ បានស្ដាប់ឮ សេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិត ជាប្រពន្ធរបស់អ្នក នឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថា យ៉ូហាន។ ១៤កូននោះនឹងត្រលប់ជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ ១៥ដ្បិតកូននោះនឹងត្រលប់ជា មនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីនៅក្នុងផ្ទៃម្ដាយមក។ ១៦កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើន ឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ ១៧ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និង ពួកមនុស្សមិនស្ដាប់បង្គាប់មកឯបា្រជ្ញារបស់មនុស្សសុចរិត ដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេច សម្រាប់ព្រះអម្ចាស់»។ ១៨លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំ ក៏មានវ័យចាស់ជរាដែរ» ១៩ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាពី្រយ៉ែល ជាអ្នកឈរនៅក្នុងព្រះ វត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក ប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។ ២០មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេ រហូតដល់ថ្ងៃ ដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំ ដែលនឹងសម្រេចតាមពេលកំណត់»។ ២១រីឯប្រជាជន ដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ ២២ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។ ២៣លុះក្រោយពេលបានបំពេញ កិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ ២៤ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖ ២៥«ព្រះអម្ចាស់បានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គបានទត ដោយសន្ដោសដកយកសេចក្តីអាម៉ាស់របស់ខ្ញុំ ចេញពីក្នុងចំណោមមនុស្ស»។
ការប្រាប់ឲ្យដឹងជាមុនអំពីកំណើត ព្រះយេស៊ូ
២៦ដល់ខែទីប្រាំមួយព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែល ឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេ ដែលមានឈ្មោះថាណាសារ៉ែត ២៧គឺទៅឯស្រ្តីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះ ឈ្មោះម៉ារា។ ២៨កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱ នាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។ ២៩នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះ ថា តើមានន័យដូចម្ដេច។ ៣០ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់ ៣១មើល៍នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថា យេស៊ូ ៣២កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានបល្ល័ង្ករបស់ស្តេចដាវីឌ ដែលជាដូនតាឲ្យទៅព្រះអង្គ ៣៣រួចព្រះអង្គនឹងគ្រប់គ្រង លើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។ ៣៤ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្តេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?» ៣៥ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុត នឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធ ដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ៣៦ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាង ក៏មានគភ៌ជាកូនប្រុសម្នាក់ដែរក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ ៣៧ដ្បិតគ្មានអ្វី ដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ៣៨នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។
នាងម៉ារាសួរសុខទុក្ខនាងអេលីសាបិត
៣៩នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំ ដោយប្រញាប់ប្រញាល់ សំដៅទៅក្រុងមួយ ក្នុងស្រុកយូដា ៤០រួចនាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី ហើយបានជម្រាបសួរនាងអេលីសាបិត។ ៤១ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ៤២រួចនាងក៏ស្រែក ដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នក គឺជាព្រះពរហើយ ៤៣តើនេះកើតឡើងចំពោះខ្ញុំ យ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំ មកឯខ្ញុំដូច្នេះ? ៤៤ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នក បានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបម្រះដោយអំណរ ៤៥ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់ បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
ចម្រៀងនាងម៉ារា
៤៦រួចនាងម៉ារាតបថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ ៤៧ហើយវិញ្ញាណខ្ញុំ សប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ៤៨ដ្បិតព្រះអង្គ បានទតសណ្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ ៤៩ព្រោះព្រះដ៏មានអំណាច បានធ្វើការអស្ចារ្យដល់ខ្ញុំ ហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ ៥០សេចក្ដីមេត្ដាករុណារបស់ព្រះអង្គមានដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គរហូតតរៀងទៅ ៥១ព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ ដោយព្រះហស្ដរបស់ព្រះអង្គ ហើយកំចាត់កំចាយអំនួតចេញពីក្នុងចិត្ដគំនិតរបស់មនុស្ស ៥២ព្រះអង្គទម្លាក់ស្ដេចពីបល្ល័ង្ករបស់គេ ហើយលើកតម្កើងអ្នកទន់ទាប ៥៣ហើយបំពេញអស់អ្នកស្រេកឃ្លាន ដោយសេចក្ដីល្អ និងបញ្ចូនអ្នកមានឲ្យទៅ ដោយដៃទទេ ៥៤ដោយនឹកចាំពីសេចក្ដីមេត្តាករុណា ព្រះអង្គជួយអ៊ីស្រាអែល ជាបាវបម្រើរបស់ព្រះអង្គ ៥៥ដូចដែលព្រះអង្គបានមានបន្ទូល នឹងដូនតារបស់យើង គឺលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់រហូតតរៀងមក»។ ៥៦នាងម៉ារាបានស្នាក់នៅជាមួយ នាងអេលីសាបិត ប្រហែលបីខែ ហើយក៏ត្រលប់ទៅផ្ទះរបស់នាងវិញ។
កំណើតរបស់លោកយ៉ូហាន
៥៧កាលនាងអេលីសាបិត គ្រប់ខែ សម្រាលកូន នាងក៏សម្រាលបានកូនប្រុសម្នាក់។ ៥៨ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់ បានសំដែងសេចក្ដីមេត្ដាករុណា ដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។ ៥៩លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមក ដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការីតាមឈ្មោះរបស់ឪពុក ៦០ប៉ុន្ដែម្ដាយរបស់ទារកនោះឆ្លើយថា៖ «ទេ ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។ ៦១ពួកគេនិយាយទៅនាងថា៖ «គ្មានអ្នកណាម្នាក់ក្នុងចំណោមសាច់ញាតិអ្នក មានឈ្មោះហ្នឹងទេ» ៦២ហើយពួកគេធ្វើសញ្ញាសួរទៅឪពុករបស់ទារកនោះថា តើគាត់ចង់ដាក់ឈ្មោះអ្វី។ ៦៣គាត់ក៏សុំក្តារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។ ៦៤រំពេចនោះមាត់ និងអណ្ដាតរបស់គាត់បានហើបឡើង គាត់ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់ ៦៥ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្តី រន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះ នៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។ ៦៦អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។
លោកសាការីថ្លែងព្រះបន្ទូល
៦៧ឯលោកសាការី ជាឪពុកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ថ្លែងព្រះបន្ទូលថា៖ ៦៨«សូមឲ្យព្រះអម្ចាស់ជា ព្រះនៃអ៊ីស្រាអែល ប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្តីប្រោសលោះ សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច ៦៩ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង នៅក្នុងពូជពង្សរបស់ដាវីឌជាបាវបម្រើរបស់ព្រះអង្គ ៧០ដូច ដែលព្រះអង្គ បានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក ៧១គឺជាសេចក្តីសង្គ្រោះឲ្យផុតពីខ្មាំងសត្រូវរបស់យើង និងពីដៃរបស់មនុស្សទាំងអស់ដែលស្អប់យើង ៧២ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណា ដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ ៧៣ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័បា្រហាំ ជាដូនតារបស់យើង គឺប្រោសប្រទានឲ្យ យើង ៧៤ផុតពីដៃខ្មាំងសត្រូវទាំងឡាយរបស់យើង ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច ៧៥ដោយសេចក្តីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមាន របស់ព្រះអង្គអស់មួយជីវិតរបស់យើង។ ៧៦ឱ ទារកតូចអើយ! អ្នកនឹងត្រូវគេហៅដែរថា ជាអ្នកនាំព្រះបន្ទូលរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតអ្នកនឹងទៅមុខមុនព្រះអម្ចាស់ ដើម្បីរៀបចំដំណើររបស់ព្រះអង្គ ៧៧និងផ្តល់ការយល់ដឹងដល់ប្រជាជនរបស់ព្រះអង្គ អំពីសេចក្តីសង្គ្រោះ ដោយការលើកលែងទោសបាបរបស់ពួកគេ ៧៨ទៅតាមព្រះហឫទ័យមេត្តាករុណា របស់ព្រះជាម្ចាស់នៃយើង ដែលជាការបំភ្លឺពីស្ថានសួគ៌ មកប្រោសយើង ៧៩ដើម្បីបំភ្លឺដល់អស់អ្នកដែលនៅក្នុងសេចក្ដីងងឹត និងអស់អ្នកដែលអង្គុយក្រោមស្រមោលនៃសេចក្ដីស្លាប់ ហើយដើម្បីនាំជើងយើង ទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ដ»។ ៨០ទារកនោះបានចម្រើនវ័យឡើង ព្រមទាំងមានភាពមាំមួនខាងវិញ្ញាណ ហើយគាត់បានរស់នៅក្នុងទីរហោឋានរហូតដល់ថ្ងៃ ដែលគាត់បានបង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែល។